ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា ​សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មាន​វិបត្តិ​កូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​មនុស្នើ​ ស្នើ​ឲ្យ​មាន​ការ​ពង្រីក​លំហ​សេរីភាព​សារ​ព័ត៌មាន​បន្ថែម​ទៀត​នៅ​កម្ពុជា​ ក្រោយ​ពី​មាន​ការ​ថ្លែង​សរសើរ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ចំពោះ​ភាព​សកម្ម​របស់​អ្នក​សារ​ព័ត៌មាន​ និង​ស្ថាប័នព័ត៌មាន​ក្នុង​ស្រុក​ដែល​ធ្វើ​សេចក្តី​រាយ​ការណ៍ពាក់ព័ន្ធ​នឹង​វិធានការ​ឆ្លើយ​តប​នានា​របស់​រដ្ឋាភិបាល​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩។​

នៅ​ក្នុង​សារ​លិខិត​ដែល​ធ្វើ​ឡើង​បី​ថ្ងៃ​មុន​ការ​ប្រារព្ធ​វេទិកា​និពន្ធ​នាយក​សារ​ព័ត៌មាន​កម្ពុជា​ស្តីពី​«កូវីដ១៩៖​ បញ្ហា ប្រឈម​ និង​ឱកាស​សម្រាប់​អ្នក​សារ​ព័ត៌មាន»​ នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​លោក​ ហ៊ុន សែន​ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ភាព​សកម្ម​របស់​អ្នក​កាសែត​ និង​អង្គភាព​សារ​ព័ត៌មាន​ ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព័ត៌មាន​បាន​រហ័ស​ ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​និង​ស្វែងយល់​ពី​សភាព​ការណ៍​ពិត​នៅ​កម្ពុជា ​និង​នៅ​លើ​សាកល​លោក ​ក៏​ដូចជា វិធាន​ការ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក៏​បាន​សង្កត់​ធ្ងន់​ថា ​កិច្ច​សហការ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​មិន​ពិត​ និង​ព័ត៌មាន​ក្លែងក្លាយ ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ក្នុង​ការ​លើក​កម្ពស់​ភាព​ជា​ដៃ​គូ​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ដើម្បី​រក្សា​«សន្តិភាព ​និង​ការ​អភិវឌ្ឍ»​ផង​ដែរ។​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ​ខេមបូចា​ លោក​ ណុប វី​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​កន្លង​មក​ អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​រឹតត្បិត​ផ្សេងៗ​ក៏​ដូចជា​ចំណាត់​ការ​ផ្លូវ​ច្បាប់​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ​ ខណៈ​លោក​លើក​ឡើង​ថា​ ច្បាប់​ស្តីពី​សេរីភាព​សារ​ព័ត៌មាន​នៅ​មិន​ត្រូវ​បាន​ប្រកាន់​ខ្ជាប់​បាន​ពេញ​លេញ​នៅ​ឡើយ។​

លោក​បាន​ថ្លែង​ថា៖​ «ការ​រឹតត្បិត​នេះ​គឺ​ យើង​ឃើញ​មាន​រហូត​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ហ្នឹង​ គឺ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ទៅ​ទៀត។ ​ក្រៅ​ពី​នេះ​ទៀត​យើង​ឃើញ​ថា ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ក៏​ទទួល​រង​នូវ​ការ​ដក​អាជ្ញា​បណ្ណ​ពី​ខាង​ក្រសួង​ព័ត៌មាន​ដែរ។ ​នេះ ​គឺ​ជា​ការ​រឹតត្បិត​មួយ​ដែល​យើង​ឃើញ​ថា ​ខាង​សមត្ថកិច្ច​ក៏​ដូចជា​ ក្រសួង​យើង​មិន​បាន​អនុវត្ត​នូវជា​ពិសេស​ ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ហ្នឹង​ គឺ​យើង​មិន​មាន​ការ​យក​មក​អនុវត្ត​ទេ​នៅ​ក្នុង​អំឡុង​ពេល​ហ្នឹង​»។

ដំណាល​គ្នា​នេះ​ដែរ ​លោក​ ណុប វី ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ និង​ការ​គាំទ្រ​ក៏​ដូចជា​ការ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ​សហការ​ និង​ផ្តល់​ជា​ការ​គាំពារ​ផ្នែក​សុវត្ថិភាព ​និង​សន្តិសុខ​ដល់​អ្នក​សារ​ព័ត៌មាន​ផង​ដែរ។​

បើ​តាម​សមាគម​ខេមបូចា​ ក្នុង​រយៈ​ពេល​១០​ខែ​ចុង​ក្រោយ​ គឺ​គិត​ពី​ខែ​មករា​ដល់​ខែ​តុលា​ ឆ្នាំ​២០២១​ មាន​អ្នក​កាសែត​ចំនួន ​៨១​នាក់​ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​យាយី ​ដែល​ក្នុង​នោះ​ ពួកគេ​បាន​រង​អំពើ​ហិង្សា​២០​ករណី​ ការ​គំរាម​កំហែង​១៦​ករណីប្រឈម​នឹង​វិធានការ​តុលាការ​ ៨ ​ករណី​ និង​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សួរនាំ​ចំនួន​ ៦ ​ករណី​ក្នុង​នោះ​ មាន​ស្ត្រី​ម្នាក់​ផង​ដែរ។​

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​សឹង សែនករុណា​ សង្កេត​ឃើញ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ នៅ​បន្ត​ធ្លាក់​ចុះ​ បន្ទាប់​ពី​ស្ថានភាព​នយោបាយ​ចាប់​ផ្តើម​មាន​ភាព​អាប់អ៊ួរ។​

លោក​ថ្លែង​ថា៖​ «អ្នក​សារ​ព័ត៌មាន​ដែល​គាត់​ជា​អ្នក​សារ​ព័ត៌មាន​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ សរសេរ​ពី​ភាព​អសកម្ម​របស់​មន្រ្តី​អាជ្ញាធរ​មួយ​ចំនួន​ហ្នឹង ​នៅ​រង​ការ​រឹតត្បិត​នៅ​ឡើយ​ នៅ​រង​ការ​រើសអើង​នៅ​ឡើយ។ ​ហើយ​នៅ​ទីតាំង​មួយ​ចំនួន ​មិន​បាន​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​បាន​ចូល​យក​ព័ត៌មាន​អី​ជា​ដើម​អ៊ីចឹង​ទៅ។ ​នេះ​ គឺ​ជា​អ្វី​ដែល​យើង​បាន​កត់​សម្គាល់»។ ​

ស្រប​ពេល​ដូច​គ្នា​នេះ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រឹតត្បិត​ និង​ការ​រើស​អើង​អ្នក​សារ​ព័ត៌មាន​ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​បើក​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ឡើង​វិញ​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ បន្ទាប់​ពី​មាន​ការ​បង្រ្កាប​កាល​ពី​ពេល​កន្លង​មក​នោះ។​

វីអូអេ​ មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​មាស សុភ័ណ្ឌ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

គួរ​បញ្ជាក់​ថា ​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៤៤ ​ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨០​ក្នុង​សន្ទស្សន៍​សេរី​ភាព​សារ​ព័ត៌មាន​ឆ្នាំ​២០២១​ ដែល​ជា​ចំណាត់​ថ្នាក់​មិន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក។​ នេះ ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders)។ ​សេរីភាព​សារ​ព័ត៌មាន​ ត្រូវ​បាន​រិះគន់​ថា ​បន្ត​ធ្លាក់​ចុះ​ក្រោយ​មាន​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ ​និង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG