ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នកជំនាញ​និង​អ្នកកាសែត ប្រតិកម្ម​នឹង​ការថ្លែង​របស់​អភិបាល​ខេត្តកំពត​អំពី​ការរឹតត្បិត​សេរីភាព


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការ​ថ្លែង​កាល​ពី​ពេល​ថ្មីៗនេះរបស់​អភិបាល​ខេត្ត​កំពត​ ដែល​ជា​អតីត​អភិបាល​ខេត្ត​ពោធិ៍សាត់​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ​បានរង​ការ​រិះគន់​ពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន ​អ្នក​ជំនាញ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អ្នក​សារ​ព័ត៌មាន។ ​

នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ លោក ម៉ៅ ធនិន​ អភិ​បាល​ខេត្ត​កំពត​ និង​ជា​ក្មួយ​ប្រសា​ថ្លៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​មន្ទីរ​ព័ត៌​មានត្រួត​ពិនិត្យ​ការ​ចូល​មក​យក​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពត។ ​ហើយ​លោក​ ក៏​បាន​ព្រមាន​អ្នក​សារព័ត៌មាន​ផង​ដែរ ​ដែល​លោក​ថា ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស ​និង​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ។​

លោក​ថ្លែង​ថា៖ ​«បង​សុំ​បញ្ជា​ត្រង់​ទៅ​មន្ទីរ​ព័ត៌​មាន​ គ្រប់​ស្ថាប័ន​នៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន​ទាំង​អស់​ចុះ​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យរបស់​មន្ទីរ​ព័ត៌មាន ​គ្រប់​គ្រង​ឲ្យ​បាន ​តើ​មាន​ស្ថាប័ន​ព័ត៌​មាន​ប៉ុន្មាន?​ ប៉ុន្មាន​ស្ថាប័ន​ដែល​ចុះ​មក​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត? ទាន់? ​អត់​មាន​ចេះ​តែ​សរសេរ...​ហើយ​មក​និយាយ ​មក​បោក។ ​ស្តាប់​ម៉ាយប់ៗ​ក៏​ខ្ញុំ​ចង់​វិល​ដែរ»។ ​

លោក ​ម៉ៅ ធនិន ​ដែល​ទើប​ចូល​កាន់​តំណែង​ជា​អភិ​បាល​ខេត្ត​កំពត ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២១​ បាន​ថ្លែង​បន្ត​ថា៖​ «អ្នក​ដែល​មាន​សិទ្ធិ​មក​ប្រើ​ប្រាស់ ​ធ្វើ​ការងារ​យក​ព័ត៌​មាន​នៅ​ក្នុង​ខេត្ត ​ត្រូវ​ឆ្លង​កាត់​មន្ទីរ​ព័ត៌មាន​ គ្រប់​គ្រង​ឲ្យ​បាន​មុខ​សញ្ញា​នេះ។ ​ទាន់​ហេ៎? ​ចុះ​ទៅ​ណា? កន្លែង​ណា?​ ត្រូវ​តែ​ដឹង។ ​ទាន់​ទេ? ​ហើយ​ត្រូវ​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់​ទៅ​អាជ្ញា​ធរ​ដែន​ដី​របស់​យើង​ថា​ ថ្ងៃ​នេះ​ព័ត៌មាន​មាន​ប៉ុន្មាន​ស្ថាប័ន​ចុះ​ទៅ​ស្រុក​នេះ?»​

ការ​លើក​ឡើង​របស់​អភិបាល​ខេត្ត​កំពតនេះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌មាន​២នាក់​មក​ពី​ស្ថាប័ន ​LSN TV ​ដែល​បាន​ផ្សព្វផ្សាយ​ផ្ទាល់​នៅ​ខាង​មុខ​សាលា​ខេត្ត​ទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី ​និង​ការ​ឃាត់​ខ្លួន​ពលរដ្ឋ ​ដែល​ពួកគេ​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ឲ្យ​មាន​ការ​ដោះលែង។ ​អ្នក​កាសែត​២​នាក់​នោះ ​ត្រូវ​បាន​ចោទ​ពីបទ​ញុះ​ញង់​ដោយ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍ ​និង​បរិហារ​បង្កាច់​កេរ្តិ៍។ ​

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ ផ្តល់បទសម្ភាសន៍ជាមួយវីអូអេ នៅចុងបញ្ចប់នៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ (សឹង សុផាត/វីអូអេ)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ ផ្តល់បទសម្ភាសន៍ជាមួយវីអូអេ នៅចុងបញ្ចប់នៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ (សឹង សុផាត/វីអូអេ)

ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​អនុវត្ត​វិជ្ជា​ជីវៈ ​និង​សេរី​ភាព​សារព័ត៌មាន ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​លោក​ ខៀវ កាញារីទ្ធ ​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ​បាន​លើក​ឡើង​អំពី​ការ​ថ្លែង​របស់​អភិបាល​ខេត្ត​មួយ​រូប ​ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ឡើយ។ ​លោក​បញ្ជាក់​ថា​ ការ​ថ្លែង​នេះ​ ជា​ការ​បំពាន​សេរី​ភាព​របស់​អ្នក​សារ​ព័ត៌មាន។​ លោក​បន្ថែម​ថា ​អ្នក​សារព័ត៌មាន ​មិន​គួរ​ត្រូវ​បាន​ឃាត់​ខ្លួន ​នៅ​ពេល​ចុះ​ទៅ​ផ្សព្វផ្សាយ​ខាង​មុខ​សាលា​ខេត្ត​ឡើយ។​

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា៖​ «ថ្ងៃ​មុន​ខ្ញុំ​ឃើញ​គេ​ចាប់​អ្នក​កាសែត​២​នាក់​ ដែល​ថត ​Live [ផ្សាយ​បន្ត​ផ្ទាល់] ​នៅ​មុខ​សាលា​ខេត្ត។ ខុស​ហើយ!​ អ្នក​កាសែត​គេ​អាច​ថត​បាន​ លើក​លែង​តែ​អ្នក​ឯង​សរសេរ​ប្រាប់​ថា ​ហាម​ថត ​ហើយ​ហាម​ថត​ហ្នឹង​ ត្រូវ​មាន​មូលហេតុ​ស្រួល​បួល​ទៀត។​ បើ​ថត​មុខ​សាលា​ខេត្ត​ម៉េច​មិន​ឲ្យ​គេ​ថត?​ ចាប់​នោះ​ គឺ​ខុស​គឺ​ការ​បំពាន​ហើយ។ អ៊ីចឹង​រដ្ឋបាល​យើង​តែង​តែ​មាន​ការ​បំពាន​ខុស​ញឹក​ដែរ។ យើង​អត់​យល់!​ ឬ​ដូច​អភិបាល​ខេត្ត​មួយ​បាន​និយាយ​ថា​ អ្នក​កាសែត​ទៅ​ណា​ត្រូវ​រាយ​ការណ៍​ ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​កន្លែង​ហ្នឹង​ដើម្បី​ឲ្យ​គេ​ដឹង​ គេ​អី។ មិន​មែន​អ៊ីចឹង​ទេ!»​

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​សិទ្ធិ​សេរី​ភាព​ដើរ​ហើរ​របស់​ប្រជាពលរដ្ឋ ​ដូច​មាន​ចែង​ក្នុង​មាត្រា​៤០​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដោយ​លោក​បាន​គូស​បញ្ជាក់​ថា អ្នក​សារព័ត៌មាន ​អាច​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ ​ដោយ​មិន​បាច់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត​បាន​នៅ​ឡើយ​ទេ។​

លោក ​ម៉ិច ដារ៉ា ​អ្នក​សារព័ត៌មាន​ម្នាក់​របស់​ស្ថាប័ន​ព័ត៌មាន​វីអូឌី ​ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​សុក្រ​ថា​ លោក​ក៏​ធ្លាប់​ជួប​ប្រទះ​បទពិសោធន៍​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាមទារ​លិខិត​បេសកកម្ម ​នៅ​ពេល​លោក​ទៅ​យក​ព័ត៌មាន​ ដែល​វា​បង្ក​ការ​លំបាក​ដល់​លោក​ក្នុ​ង​ការ​យក​ព័ត៌មាន។ ​លោក​បន្ថែម​ថា​ ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មុន​ពេល​ទៅ​យក​ព័ត៌មាន​អាច​បង្ក​«ហានិ​ភ័យ»​ដល់​ប្រភព​ផ្តល់ព័ត៌មាន​របស់​លោក ​ជា​ពិសេស​សម្រាប់​ព័ត៌មាន​បែប​ស៊ើប​អង្កេត។​

លោក​មាន​ប្រសាសន៍​ថា៖​ «គ្រាន់​តែ​ខ្ញុំ​យល់​ថា​ ការ​លើក​ឡើង​របស់​គាត់​ អភិបាល​ខេត្ត​កំពត ​ប្រហែល​ជា​គាត់​អត់​ដែល​ធ្លាប់​យល់​ដឹង​ពី​វិស័យ​សារព័ត៌មាន​អ៊ីចឹង​ណា៎។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​លើក​ឡើង​បែប​ហ្នឹង​ដែល​ថា ​អ្នក​សារព័ត៌មាន​ត្រូវ​ជូន​ដំណឹង​អី​អ៊ីចឹង។ ដូច​យើង​ដឹង​ស្រាប់​ហើយ ​ពេល​យើង​ជា​អ្នក​សារ​ព័ត៌​មាន​ត្រូវ​យក​ព័ត៌មាន​គឺ​យើង​ទៅ ​ពុំ​អាច​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ នៅ​ពេល​ដែល​យើង​ចុះ​ទៅ​យក​ព័ត៌មាន​បាន​នោះ​ទេ»។​

លោក​ ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(CamboJA)​យល់​ថា​ ការ​ទាមទារ​របស់​អាជ្ញាធរ​ដែល​តម្រូវ​ឲ្យ​អ្នក​សារព័ត៌​មាន​ជូន​ដំណឹង ​និង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មុន​ចុះ​យក​ព័ត៌មាន​ជា​ទំនោរ​នៃ​ការ​រឹត​ត្បិត​ចំពោះ​ការ​អនុវត្ត​កិច្ច​ការងារ​របស់​អ្នក​សារ​ព័ត៌មាន។ ​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ដូចជា​អ្នក​សារ​ព័ត៌មាន​គាត់​មិន​អាច​ទៅ​ស្នើ​សុំ​ការ​អនុញ្ញាត​ ការ​ជម្រាប​ជូន​ពេល​ដែល​គាត់​[អ្នក​សារព័ត៌មាន]​ចុះ​ទៅ​យក​ព័ត៌មាន​ទេ។​ ប្រសិន​បើ​ករណី​គាត់​សរសេរ​ព័ត៌មាន​ករណី​នៅ​ក្នុង​រឿង​ពាក់​ព័ន្ធ​នឹង​រឿង​សមត្ថកិច្ច​ ឬ​ពាក់​ព័ន្ធអី​យើង​អាច​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​សម្រាប់​កិច្ច​ការងារ​របស់​ពួក​គាត់​ដែរ។ អ៊ីចឹង​ការ​លើក​ឡើង​របស់​គាត់ ​អភិបាល​ខេត្ត​កំពត ​ជា​រឿង​មួយ​ដែល​មិន​អាច​អនុវត្ត​បាន​ទេ​សម្រាប់​ស្ថាន​ភាព​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​ ជា​ពិសេស​ គឺ​យើង​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី ​ហើយ​ដែលសិទ្ធិ ​និង​សេរីភាព​ជា​មូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ចាំ​បាច់​ក្នុង​ការ​គោរព»។ ​

ចំណែក​លោក ​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ហៅ​កាត់​ថា ​CCIM ​ប្រាប់​វីអូអេ​ថា​ ការ​លើក​ឡើង​របស់​អភិបាល​ខេត្ត​កំពត​ទាក់ទិន​នឹង​ការ​តម្រូវ​ឲ្យ​មាន​ការ​ជូន​ដំណឹង​មុន ​និង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មុន​នឹង​ចុះ​យក​ព័ត៌មាន​ជា​ការ​រំលោភ​លើ​សេរី​ភាព​សារ​ព័ត៌មាន​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ភាព​សារព័ត៌មាន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ធម្មតា​នៅ​ពេល​ដែល​យើង​រាយ​ការណ៍​មុន ​ប្រាប់​គេ​[អាជ្ញាធរ]​ថា​ ទៅ​ណា​ទៅ​ណី​អ៊ីចឹង​ ​វា​នាំ​ឲ្យ​មាន​ការ​រៀប​ចំ​[របស់​អាជ្ញាធរ]​ដែល​ធ្វើ​ឲ្យ​គាត់​មិ​ន​អាច​រាយ​ការណ៍​ពី​ទិដ្ឋភាព ​ឬ​ក៏​ការណ៍​ពិត​ទេ...​អ៊ីចឹង​ឧទាហរណ៍​ថា​ មាន​ចំណុច​អវិជ្ជមាន ​ឬ​រឿង​អសកម្ម​ណាមួយ​ដែល​កំពុង​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ​គាត់​មាន​ពេល​ក្នុង​ការ​រៀប​ចំ​ទុក​មុន»។ ​

គួរ​បញ្ជាក់​ថា​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤៤​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ក្នុង​សន្ទស្សន៍​សេរី​ភាព​សារព័ត៌មាន​ឆ្នាំ​២០២១​ ដែល​ជា​ចំណាត់​ថ្នាក់​មិន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ២០២០​មក។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders)។ ​សេរី​ភាព​សារព័ត៌​មាន​ត្រូវ​បាន​រិះគន់​ថា​ បន្ត​ធ្លាក់​ចុះ​ក្រោយ​មាន​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ ​និង​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧៕

XS
SM
MD
LG