ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ធំៗ​ទាំងពីរ​ដក​ឃ្លា​ទៅ​ពិចារណា​ក្រោយ​ពី​កិច្ច​ប្រជុំ​ថ្ងៃទី​ពីរ


លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន សែន ចាប់​រលាក់​ដៃ​គ្នា នៅ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទីពីរ​របស់​អស់​លោក នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក ហ៊ុន សែន ចាប់​រលាក់​ដៃ​គ្នា នៅ​មុន​កិច្ចប្រជុំ​កំពូល​លើក​ទីពីរ​របស់​អស់​លោក នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ។
ភ្នំពេញ៖ កិច្ចប្រជុំ​ឈាន​ដល់​ថ្ងៃទី​ពីរ​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ភាគី​នយោបាយ​ទាំងពីរ បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​ថា​ គណបក្ស​ទាំង​ពីរ​នឹងអាច​ឈាន​ទៅរក​ចំណុច​ត្រូវរ៉ូវ​គ្នា​នា​ពេល​អនាគត​ឆាប់ៗ​នេះ​ ​ដើម្បី​ទំលុះ​ទំលាយ​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អ្នក​នាំពាក្យ​នៃ​គណបក្ស​ទាំង​ពីរ​ក្រោយ​ពី​កិច្ច​ប្រជុំ។​

គណបក្ស​ប្រឆាំង​និង​គណបក្ស​គ្រប់​គ្រង​អំណាច បាន​បើក​កិច្ច​ប្រជុំ​នៅឯ​មន្ទីរ​រដ្ឋ​សភា​ជាតិ​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ​ ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​អត្ថាធិប្បាយ​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។​

កិច្ច​ប្រជុំ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើឡើង​ដោយ​បិទទ្វារ​ដដែល។​ ក្រុម​អ្នក​កាសែត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ថត​យក​រូប​ភាព​នៃ​មេដឹក​នាំ​កំពូលៗ​របស់​គណបក្ស​ទាំង​ពីរ​ រយៈ​ពេល​៥​នាទី។​

ក្រោយ​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង​បីម៉ោង​មន្ត្រី​អ្នក​នាំពាក្យ​នៃ​កិច្ច​ប្រជុំ​ទាំង​ពីរ​ គឺ​លោក​ ប្រាក់​ សុខុន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ យឹម សុវណ្ណ​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា ​គណបក្ស​ទាំង​ពីរ​បាន​យល់​គ្នា​ជាច្រើន​និង​អាចឈាន​ទៅ​រក​ចំណុច​បញ្ចប់​វិបត្តិ​នយោបាយ។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ​ភាគី​ទាំងពីរ​កំពុង​ប្រឹង​ប្រែង​កាត់​បន្ថយ​ជម្លោះ​ឱ្យ​កាន់​តែ​តូចទៅ​ៗ ​ហើយ​ឥឡូវ​កាន់​តែ​ខិត​ជិត​រក​គ្នា​ហើយ​ក៏ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ ដោយ​សារ​តែ​វា​មាន​ស្ថាប័ន​ច្រើន​ក្នុង​ការ​កែទម្រង់​របស់​ប្រទេស​ជាតិ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​សន្និសីទ​កាសែត​លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​ថា៖

«ការ​ជជែក​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ ហើយ​នឹង​ជជែក​គ្នា​រក​គន្លឹះ​ណា​មួយ​ដែល​គណបក្ស​ទាំង​ពីរ​ អាច​ទទួល​យក​បាន​ក្នុង​ការ​កែទម្រង់​ស្ថាប័ន​ជាតិ»។​

កិច្ច​ប្រជុំ​ថ្ងៃ​ទីពីរ​នេះ​ មិនមាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ដូច​កាល​ពី​ថ្ងៃ​ច័ន្ទ​ទេ​ ហើយ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​នៃ​មេដឹកនាំ​ទាំង​ពីរ​ មិន​ទាន់​កំណត់​ជួប​គ្នា​សារ​ជាថ្មី​នៅ​ពេល​ណាទេ។​

លោក​ប្រាក់​ សុខុន​ រដ្ឋលេខាធិការ​នៃ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ​បើទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​ឯក​ភាព​គ្នា​១០០%​ក៏ដោយ​ក៏​គណបក្ស​ទាំង​ពីរ​បាន​ត្រូវ​គ្នា​លើ​ចំណុច​មួយ​ចំនួន។​ លោក​មិន​បាន​បញ្ជាក់​ថា ​ចំណុច​មួយ​ចំនួន​នោះ​មាន​អ្វី​ខ្លះ​ទេ ​ដោយ​លោក​គ្រាន់​តែ ​បាន​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​សុំ​ដក​ឃ្លា​សិន​ដើម្បី​សុំ​ទៅ​ពិភាក្សា​គ្នា​ផ្ទៃ​ក្នុង​ហើយ​នឹង​វិល​ត្រឡប់​មក​ជួប​គ្នា​វិញ​នៅ​ពេល​ណា​មាន​ការ​ឯកភាព​ស្រុះ​ស្រួល​គ្នា ​ឬ ក៏​រក​ឃើញ​រូប​មន្ត​ណា​មួយ​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ទាំង​ឡាយ​ទាក់​ទឹន​បញ្ហា​ដែល​នៅ​សេស​សល់។​

ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ត្រង់​ចំណុច​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្រោយ​ពេល​បោះ​ឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​សង្គម​ស៊ីវិល​តែ​សំណើ​នេះ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​បដិសេធ។​

កិច្ច​ប្រជុំ​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​បើទោះបី​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ មិន​បាន​លទ្ធផល​ក៏ដោយ​ក៏​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​មិន​ឱ្យ​មាន​អំពើ​ហិង្សា​គ្រប់​រូប​ភាព​តាម​ព្រះតម្រិះ​របស់​ព្រះ​មហា​ក្សត្រ​និង​កែ​ទម្រង់​គ.ជ.ប។​

លោក​ យឹម​ សុវណ្ណ​មាន​ប្រសាសន៍​ថា ​កំណែទម្រង់​គ.ជ.ប ​គឺ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​តែ​ម្តង។ លោក​និយាយ​ថា៖​

«អញ្ចឹង​វាមាន​តាំង​ពី​សមាភាព​គជប​ វាមាន​តាំង​ពី​ច្បាប់​មួយ​ចំនួន​ វាមាន​តាំង​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​និង​បញ្ចូល​បច្ចេក​វិទ្យា​ទំនើប​ដែល​ធ្វើ​យ៉ាងណា​កុំឱ្យ​ការ​បោះឆ្នោត​ហ្នឹង​មាន​បញ្ហា​ដូច​កន្លង​មក​ទៀត»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​សល់​តែមួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ​ការ​បើក​សម័យ​ប្រជុំ​រដ្ឋសភា​នីតិ​កាល​ទី​៥​ក្រោយ​ពីការ​បោះ​ឆ្នោត​ក្រោម​អធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ ​នឹង​ចាប់​ផ្តើម។​

គណបក្ស​សង្គ្រោះជាតិ​នៅ​បញ្ជាក់​ជំហរ​ថា ​មិន​ចូល​រួម​ប្រជុំ​ជាលើក​ដំបូង​តាម​ការ​កោះ​អញ្ជើញ​ពី​ព្រះ​មហា​ក្សត្រ​ទេ ​ដរាប​ណា​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​មិន​ទាន់​បានដោះ​ស្រាយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG