ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិ​មនុស្ស ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​បទឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន


រូបឯកសារ៖ ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​បញ្ឈប់​អ្នកសារព័ត៌មាន មិនឱ្យ​ចូលផ្លូវ​ដែល​ត្រូវបាន​បិទ​នៅ​ជិត​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​នៅ​ជាយក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​បញ្ឈប់​អ្នកសារព័ត៌មាន មិនឱ្យ​ចូលផ្លូវ​ដែល​ត្រូវបាន​បិទ​នៅ​ជិត​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​នៅ​ជាយក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​និង​បណ្តុំ​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​៥៦​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អំពាវនាវ​រួមគ្នា​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ បញ្ឈប់​ការ​យាយីសារ​ព័ត៌មាន​ឯករា​ជ្យ​ និង​ផ្តល់​សេរី​ភាព​ពេញលេញដល់​ពួកគេ។

ពួកគេ​លើក​ឡើង​បែប​នេះ​ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ដើម្បី​អបអរទិវា​អន្តរ​ជាតិ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន។ អង្គការ​សមាគម​ចំនួន​៥៧ ក្នុង​នោះ​មាន​អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch) អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) សមាគម​អាដហុក និង​សមាគមតំណាង​ពលរដ្ឋ​រងគ្រោះ​ដោយការ​រំលោភ​សិទ្ធិ​ដីធ្លីជា​ដើម។

ពួកគេបានស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើ​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ថា ​«គ្មាន​មូលដ្ឋាន​ និងដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ»។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍ អ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់​១៣​នាក់​ បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​ច្បាប់​ ក្នុង​នោះ​ មាន​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​អំពើ​ចារកម្ម​ចំពោះ​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​មាន​លក្ខណៈ​រិះគន់​តាម​បណ្តាញ​អ៊ីនធឺណេត កាសែត​ ​និង​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ក្រោម​ចំណង​ជើង​ថា «រដ្ឋា​ភិបាល​កម្ពុជា​គួរ​ឈប់​បំបិទ​សំឡេង​អ្នកកាសែត​និង​អង្គ​ភាព​សារព័ត៌មាន» ពួកគេ​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នកកាសែត​ដែល​ត្រូវបាន​ឃុំ​ខ្លួន​ដោយ​គ្មាន​ហេតុផល​ និង​ផ្តល់​មក​វិញ​នូវ​អាជ្ញាបណ្ណ​ផ្សព្វ​ផ្សាយ​ព័ត៌មាន។

សេចក្តីថ្លែង​ការណ៍​រួម​បន្ថែម​ថា​៖«រដ្ឋាភិបាល​គួរតែ​លុប​ចោល​ ឬ​ជា​ពិសេស​ធ្វើ​វិសោធនកម្ម​ច្បាប់​រឹត​ត្បិត​ដែល​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សេរីភាព​សម្តែង​មតិ...រដ្ឋាភិបាល​គួរ​តែ​ផ្តល់​អាជ្ញាបណ្ណ​នៃ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ឡើង​វិញ​ ហើយបញ្ឈប់​ការ​លុបចោល​អាជ្ញា​បណ្ណ​របៀប​នេះ​ នៅ​ពេល​អនាគត»។

រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)
រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)

ពួកគេ ​បាន​ពណ៌នា​ពី​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន លោក ​រស់​ សុឃិត បន្ទាប់​ពី​ចាង​ហ្វាង​កាសែត​ឈ្មោះ​«ជាតិ​ខ្មែរ» ​រូប​នេះ​ បាន​អធិប្បាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ពាក់​ព័ន្ធនឹង​ផែន​ការ​រៀប​ចំ​ការ​បន្ត​វេន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​វិបត្តិ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា និង​ការ​ចាប់​ខ្លួន​លោក ​សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​គេហទំព័រ​ ឬទ្ធី​សែន ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​សហគមន៍​កសិ​កម្ម និង​មន្ត្រី​មាន​អំណាច។ ​អ្នក​ទាំង​ពីរ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

រូបឯកសារ៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បង់កក្រមា ត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (រូបថតពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
រូបឯកសារ៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បង់កក្រមា ត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (រូបថតពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ តុលាការ​ខេត្ត​កំពង់​ឆ្នាំង នឹង​បើក​សវនាការ​ជំនុំ​ជម្រះលើ​លោក សុខ ឧត្តម នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ចំណែក​សាល​ក្រម​លើ​លោក រស់ សុឃិត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០​២០​នេះ។

រូបផ្គុំ៖ (ពីឆ្វេង) ​លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ដែលជាអតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី និងអ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី​ RT​ (Russia Today)លោក​រ៉ាត់ រត្នមុនី។ (វីអូអេ និងហ្វេសប៊ុក)
រូបផ្គុំ៖ (ពីឆ្វេង) ​លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ដែលជាអតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី និងអ្នក​បកប្រែ​ឲ្យ​សារ​ព័ត៌មាន​រុស្ស៊ី​ RT​ (Russia Today)លោក​រ៉ាត់ រត្នមុនី។ (វីអូអេ និងហ្វេសប៊ុក)

អង្គការ​ទាំង​នោះក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​លោក​ រ៉ាត់​ រ័ត្នមុនី​ អ្នក​បក​ប្រែ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ Russia Today និង​លោក សុវណ្ណ រិទ្ធី អតីត​និពន្ធនាយក​របស់​សារព័ត៌មាន​អន​ឡាញ​ TVFB និង​សំណុំ​រឿង​ចារកម្ម​របស់​អតីត​អ្នកយក​ព័ត៌មាន​អាស៊ី​សេរី​ ក៏​ដូច​ជា​ការ​កាត់​ទោស​កំបាំងមុខ​អតីតអ្នក​កាសែត​របស់​ The Cambodia Daily ​ពីរ​នាក់។

លោក ​ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ ហៅកាត់​ថា (ខេមបូចា)​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មាន​ដែល​មិន​មាន​និន្នា​ការ​គាំទ្រ​រដ្ឋាភិបាល​ ជារឿយៗសិទ្ធិ​របស់​ពួក​គេ​ត្រូវបាន​រឹតត្បិត និង​មិន​ត្រូវ​បាន​ស្វាគមន៍​ ឬ​ក៏​ផ្តល់​កិច្ច​សហការ​គ្រប់គ្រាន់​ពី​អាជ្ញាធរ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​ប្រចាំ​ថ្ងៃ។ បន្ថែម​លើ​នោះ លោក​និយាយ​ថា​ អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​បាន​គេ​សម្លាប់​ និង​វាយ​ដំ ហើយ​ជន​សង្ស័យ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។​

«យើង​ក៏​បាន​ពិនិត្យ​ឃើញ​ថា ​អ្នក​ដែល​ប្រព្រឹត្ត​ការ​វាយ​ដំ​ ឬ​ក៏​ជន​ល្មើស​ដែល​ធ្វើ​ទុក្ខបុក​ម្នេញ​ទៅ​លើ​អ្នក​សារព័ត៌​មាន​ទាំង​អស់​ហ្នឹង​ មិន​ត្រូវ​បាន​គេ​យក​មក ចាប់​ ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។ អីចឹង​ហើយ​ អា​ទាំង​អស់​នេះ​ គឺ​ជា​អ្វី​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​ ទាក់ទង​ជាមួយ​នឹង​រឿង​ការ​ឈាន​ទៅ​រឹត​ត្បិត​សេរីភាព​ហើយ​នឹង​កិច្ចការ​ងារ​របស់​អ្នក​សារ​ព័ត៌មាន​យើង​ផង​ ហើយ​មួយ​វិញ​ទៀត​ វា​អាច​នឹង​បន្ត​ឲ្យ​មាន​វប្បធម៌​និទណ្ឌ​ភាព​បន្ត​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (ខេមបូចា) (Cambodian Journalists Alliance) មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​(Cambodian Center for Independent Media)​ ក្លឹប​អ្នក​សារព័ត៌​មាន​បរទេស​នៃ​កម្ពុជា​ (Overseas Press Club of Cambodia)​ និង​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរ​ជាតិ​ (International Federation of Journalists) បាន​លើក​ឡើង​ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ យ៉ាង​តិច​ណាស់​អ្នក​សារព័ត៌មាន​ចំនួន​១៥​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា។ ក្នុង​ករណី​ស្ទើរ​តែ​ទាំង​អស់​ ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​ ដោយ​សារ​តែ​ការងារ​របស់​ពួក​គេ ហើយ​ភាគ​ច្រើន​នៃ​ករណី​នេះ​ កើត​ឡើង​ក្នុង​ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​រាយ​ការណ៍​ព័ត៌មាន​ទាក់ទង​នឹងបុគ្គល​មាន​អំណាច។ ក្នុង​ចំណោម​ករណី​ទាំង​១៥ មាន​១២​ករណី​ ដែល​ពុំ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាតកម្ម​លើ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​នោះ​ទេ។

ក្រុម​អង្គការ​សារព័ត៌មាន​ទាំង​នេះ​ បាន​កត់​សម្គាល់​បន្ថែមថា​ ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារ​ព័ត៌​មាន​ ហាក់​នៅ​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

លោក​ យាង សុធារិន្ទ អតីត​ការីនិពន្ធ​របស់​វិទ្យុ​អាស៊ី​សេរី ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ប្រមូល​ព័ត៌មានឲ្យ​រដ្ឋ​បរទេស​នោះ​ បាន​និយាយ​ថា​ លោក​ចង់​ឲ្យ​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ត្រូវ​បាន​ទម្លាក់​ចោល​ ដោយ​ហេតុ​ថា​ ការ​បន្ត​រង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ បង្ក​ការ​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​លោក​ និង​ជា​សម្ពាធ​ដែល​មិន​អាច​ឲ្យ​លោក​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ភ័យខ្លាច។

«សូម្បី​តែ​គ្រប់​ពេល​វេលា​ដែល​បញ្ចេញមតិ​នៅ​លើ​ហ្វេសប៊ុក​ហ្នឹង​ ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ គ្រប់​ម៉ាត់​គ្រប់​ពាក្យ​ដែរ​ដែល​យើង​ប្រើប្រាស់​ខ្លាច​ អាច​ធ្វើ​ឲ្យ​ភាគី​ណាមួយ​មិន​សប្បាយ​ចិត្ត​ ហើយ​គេ​ចោទ​ប្រកាន់​យើង​បន្ថែម​ទៀត​ ហើយ​គេ​ គេ​ធ្វើ​ទុក្ខបុក​ម្នេញលើ​យើង​ខ្ញុំ​បន្ថែម​ទៀត​។ អ៊ីចឹង​ពួក​ខ្ញុំ​មាន​ការ​ប្រុង​ប្រយ័ត្ន»។

លោក​បន្ថែម​ថា​ ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ លោក​នៅ​អាច​ធ្វើ​បាន​ ប៉ុន្តែ​ក្នុង​ស្ថានភាព​រឹតត្បិត​ខ្លួន​ឯង​ ដោយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ប្រធាន​បទ​ដែល​ត្រូវ​រាយ​ការណ៍​និង​សរសេរ។

លោក Phil Robertson នាយក​រងអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ វាយ​តម្លៃ​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​បំផ្លាញ​ចោល​ស្ទើរតែ​ទាំង​ស្រុង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ការ​វាយ​ប្រហារ​លើ​ទាំង​អ្នក​កា​សែត​ និង​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច្នេះ​ហើយ​ច្បាស់​ណាស់​ដែល​ស្ថាន​ភាព​សារព័ត៌មាន«​កាន់​តែ​អាក្រក់​ទៅ»គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ជា​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ប្រែ​ក្លាយ​ប្រជាធិប​តេយ្យ​កម្ពុជា​ទៅ​ជា«​រដ្ឋ​ឯក​បក្ស​ផ្តាច់​ការ»។

លោក​បាន​អធិប្បាយ​តាម​សារ​អ៊ីមែលថា៖ «វា​គ្មាន​អី​ត្រូវ​ឆ្ងល់​ទេ​ដែល​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ កំពុង​ដាក់​សម្ពាធ​ដើម្បី​បិទ​ប្រព័ន្ធផ្សព្វផ្សាយ​ឯក​រាជ្យ​នានា​ ដែល​ហ៊ាន​សួរដេញ​ដោល​ពី​ពាក្ស​សម្តី​របស់​លោក​ ឬ​ក៏​គោល​នយោបាយ​របស់​លោក»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​សុំ​កា​រ​អធិប្បាយ​ពី​លោក​ មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ​

លោក ​ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ យល់ថា​ ការ​អំពាវនាវ​របស់​អង្គការ​សមាគម​ខាង​លើ​ គឺ​ជា​សារ​រិះគន់ និង​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដដែល​ៗ​ដោយ​ផ្អែក​តាម«​របៀប​វារៈ​នយោបាយ​របស់​ពួកគេ និងគ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​ទាំង​អស់»។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ប្រសិន​បើ...​ពួក​គាត់​ចង់​ជួយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដែល​កំពុង​តែ​រង​នូវ​ការ​អនុវត្ត​ច្បាប់​ក៏ដូច​រងការ​ចោទ​ប្រកាន់​ ឬ​ក៏​ទោសទណ្ឌ​តាម​ផ្លូវ​ច្បាប់​ហ្នឹង​ គឺ​ថា​គួរ​តែ​ចូលរួម​ក្នុង​ដំណើរការនីតិវិធី​តុលាការ​ហើយ​បង្ហាញ​ភស្តុតាង​សក្ខីកម្ម​ឲ្យ​បាន​រឹង​មាំ ដើម្បី​ធ្វើ​ការ​ការ​ពារខ្លួ​តាម​ផ្លូវ​ច្បាប់»។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រុម​សិទ្ធិ​មនុស្សដែល​ធ្វើការ​ងារ​លើ​ការ​ការពារសិទ្ធិ​អ្នក​សារព័ត៌មាន​ ក្នុង​រយៈពេល​១០​ខែ​ចុង​ក្រោយ​នេះ​ ពោល​គឺ​គិត​ចាប់​តាំង​ពី​ខែ​មករា​ដល់​ខែ​តុលា​ ឆ្នាំ​២០២០ ​អ្នក​សារព័ត៌​មាន​សរុប​៥៩​នាក់​បាន​ទទួល​រង​នូវការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​រូបភាព​ផ្សេងៗ ​រួម​មាន​ ការ​ប្រើ​អំពើ​ហិង្សា​ ការ​ចាប់​ខ្លួន​ ការ​បាត់​បង់​ជីវិត​ និង​ការ​រង​បណ្តឹង​ពី​តុលាការ។ ក្នុង​នោះ​ មាន​អ្នក​សារព័ត៌​មានចំនួន​២៧​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ ៧​នាក់​ជា​ជនរង​គ្រោះ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ និង​ម្នាក់​បាន​ស្លាប់៕

XS
SM
MD
LG