ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ទាមទារ​ឲ្យ​ដោះលែង​អ្នក​កាសែត​ខ្មែរ​លោក រស់ សុឃិត


លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)
លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)

អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ចាត់ទុក​ថា វិធានការ​រដ្ឋាភិបាល​ចាប់ខ្លួន​លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ​ជា​ការ«ចុក​មាត់​កុំ​ឲ្យ​ឮ​សំឡេង​ប្រឆាំង» ហើយ​បាន​ទាមទារ​ឲ្យ​​ដោះលែង​អ្នក​កាសែត​រូប​នេះ។

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Borders) នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​អ្នក​កាសែត​ខ្មែរ​ម្នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​អ្វី​មួយ​ដែលអង្គការ​នេះ​ចាត់​ទុក​ថា ​ជា​វិធានការ​រដ្ឋាភិបាល​ក្នុង​ការ​ «ចុក​មាត់​កុំ​ឲ្យ​ឮ​សំឡេង​ប្រឆាំង»។​

អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌មាន​អន្តរជាតិ​នេះ​ ដែល​មាន​ទីស្នាក់ការ​ធំក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ ចុះ​ថ្ងៃ​ទី​៣០​ ខែ​មិថុនាថា ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ រស់ សុឃិត​«ជាបន្ទាន់»​នេះ​គឺ​ដោយ​សារអ្នក​កាសែត​រូប​នេះ​ គ្រាន់តែ​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

លោក​ រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២០ ​ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ការ​ចាប់​ខ្លួន​នេះ​ ​ធ្វើ​ឡើង​មួយ​ថ្ងៃបន្ទាប់​ពី​អ្នក​កាសែត​រូប​នេះ​ បាន​បង្ហោះ​សារ​ចំនួន​ពីរ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​សារ​មួយ​សរសេរ​ថា ​«លោក ​ហ៊ុន សែន​ នឹង​បាត់បង់​អ្វីៗ​ទាំងអស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ! ​យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត​ ឡើយ!»។​

នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា អ្នក​កាសែត​រូប​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍»។​

លោក Daniel Bastard ប្រធាន​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វ្រិក​នៃ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «ការ​ឃុំ​ខ្លួន​លោក​រស់ សុឃិត​ ដោយ​សារ​ការ​បង្ហោះ​សារ​ចំនួន​ពីរ​រិះ​គន់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ បង្ហាញ​ថា​ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​កំពុង​តែ​អនុវត្ត​វិធីសាស្ត្រ​របស់​របប​ផ្តាច់ការ​ដ៏​អាក្រក់​បំផុត»។​

ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​កាសែត​ខ្មែរ​យ៉ាង​តិច​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​ការ​ផ្សាយ​ព័ត៌មាន​របស់​ពួកគេ។ ​

ប៉ុន្តែ​អាជ្ញាធរ​កន្លង​មក​ ធ្លាប់​អះអាង​ថា ​ការ​ចាប់​ខ្លួន​អ្នក​កាសែតទាំង​នោះ​គឺ​ដោយសារ​ពួកគេ ​ពុំ​បាន​ធ្វើ​ទៅ​តាម​តួនាទី​ និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៤៤ ​លើ​១៨០​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ ​២០២០​ នេះ៕

XS
SM
MD
LG