ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​៖ កម្ពុជា​រឹតត្បិត​ខ្លាំង​លើ​សេរីភាព​អ៊ីនធឺណិត គ្រា​មាន​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។

អង្គការ​ Freedom House ​បាន​បង្ហាញ​ថា​ សេរីភាព​បញ្ចេញ​មតិ​តាម​បណ្តាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​ ស្ថិត​ក្នុង​បរិយាកាស​អាប់​អួរ ​ក្នុង​គ្រា​វិបត្តិ​ជំងឺ​កូវីដ១៩ ​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ដែល​រិះគន់​ចំណាត់​ការ​រដ្ឋាភិបាល​ និង​ការ​ដក​អាជ្ញា​បណ្ណ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដែល​មាន​ចំណង​ជើង​ថា​ Freedom on the Net 2020: The Pandemic's Digital Shadow ​ឬ​ «ស្រមោល​ឌីជីថល​របស់​ជំងឺ​រាតត្បាត​ជា​សាកល»​ អង្គការ​ Freedom House​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋអាមេរិក​ កត់​សម្គាល់​នូវ​ការ​ធ្លាក់​ចុះ​សេរីភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ពិភព​លោក ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​ ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ ៤៣​ លើ ​១០០ ​ដែល​មាន​ន័យ​ថា ​មាន​សេរីភាព​តិច​តួច​ប៉ុណ្ណោះ។​ អង្គការ​អន្តរ​ជាតិ​Freedom House ​បាន​ឲ្យ​ដឹង​ថា​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​សំឡេង​ជំទាស់​ និង​អ្នក​សារ​ព័ត៌មាន​ដោយ​ប្រើប្រាស់​វិបត្តិ​សុខភាព​សាកល​នេះ​ «ធ្វើ​ជា​ហេតុផល »។​

អង្គការ​នេះ​បញ្ជាក់​ថា៖​ «សេរីភាព​អ៊ីនធឺណិត​នៅ​តែ​រង​ការ​គំរាម​កំហែង​ក្នុង​ប្រទេស​កម្ពុជា។ ​លំហរ​ព័ត៌មាន​ចម្រុះ ​និង​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ​ត្រូវ​បាន​ធ្វើ​ឲ្យ​អាក់​ដំណើរ​ការ​ ដោយ​សារ​ការ​រាំង​ខ្ទប់​គេហ​ទំព័រ​ ការ​លុប​ចោល​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​ ចំពោះ​សេចក្តី​រាយ​ការណ៍​ដែល​មាន​លក្ខណៈ​រិះគន់​ និង​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បំផ្លើស​សាច់​រឿង»។​

របាយ​ការណ៍​នោះ​ឲ្យ​ដឹង​បន្ថែម​ថា៖ ​«លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន ​បាន​ឆ្លៀត​យក​វិបត្តិ​សុខភាព​ជំងឺ​កូវីដ១៩​ ដើម្បី​បន្ត​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​សមាជិក​ជា​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​បក្ស​ប្រឆាំង​ដែល​ត្រូវ​ហាម​ឃាត់​ចំពោះ​ការ​បង្ហោះ​របស់​ពួក​គេ​លើ​បណ្តាញ​សង្គម ​ព្រម​ទាំង​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ជន​សាមញ្ញ​ ចំពោះ​ការ​អធិប្បាយ​របស់​ពួកគេ​លើ​បណ្តាញ​អ៊ីនធឺណិត។​ ការ​ចោទ​ប្រកាន់​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ បាន​រួម​ចំណែក​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច​ និង​ការ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​និយាយ​ស្តី»។​

VOA ​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹម​ខឿន ​អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ​ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​កន្លង​មក ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​ នេះ​ ធ្វើ​ឡើង​ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ​«មាន​ចេតនា​ធ្វើ​ឲ្យ​សន្តិសុខ​សង្គម​ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់»​ តាម​រយៈ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត។​

«នៅ​ទូទាំង​សាកល​លោក ​រួមទាំង​កម្ពុជា​ផង​នោះ​ មាន​ក្រុម​មនុស្ស​មួយ​ចំនួន។ ​ខ្ញុំ​អត់​និយាយ​ថា​ អតីត​[មិន]​ អតីត​ទេ ខ្ញុំ​អត់​ស្គាល់​ទេ។​ ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ។​ ប៉ុន្តែ​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ឆក់​ឱកាស​ យក​សភាព​ការណ៍​នេះ​ បំប៉ោង​ព័ត៌មាន​បំពុល​បរិយាកាស​សង្គម​ បង្ក​ឲ្យ​មាន​ភាពភ័យ​ខ្លាច ​និង​បំផ្លើស​វាយ​ប្រហារ​ក្នុង​ចេតនា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិ​ភាព​សង្គម។ ​ដូច្នេះ​ អំពើ​ទាំង​អស់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ធ្វើការ​អនុវត្ត​ទៅតាម​វិធានការ​ច្បាប់។​ ចង់​និយាយ​អ៊ី​ចេះ​ បាទ»។​

លោក ​សុខ ឧត្តម​ និង​លោក សុវណ្ណ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងកំពុងជាប់ឃុំ។ (រូបថតដកស្រង់ពីបណ្តាញសង្គម)
លោក ​សុខ ឧត្តម​ និង​លោក សុវណ្ណ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងកំពុងជាប់ឃុំ។ (រូបថតដកស្រង់ពីបណ្តាញសង្គម)

ចាប់​ពី​ខែ​មករា​ ដល់​ខែ​មេសា​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ជាង ​៣០​ នាក់ ដោយ​សារ​ការ​ចោទ​ប្រកាន់​លើ​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ។ ​នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch។ ​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​នេះ​ថា ​ជា​ការ​ប៉ុនប៉ង​ ដើម្បី​បង្ក្រាប​មតិ​ប្រឆាំង ​ដែល​រិះគន់​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​ផល​ប៉ះពាល់​លើ​សេដ្ឋ​កិច្ច។​

របាយ​ការណ៍​របស់​អង្គការ ​Freedom House​ ក៏​បាន​ពណ៌នា​ថា ​គេហ​ទំព័រ​ព័ត៌មាន ​ឬ​គេហ​ទំព័រ​ផ្សេង​ទៀត​ម្តងម្កាល​ត្រូវ​បាន​រាំង​ខ្ទប់​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​គេហ​ទំព័រ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។​

របាយ​ការណ៍​បាន​លើក​ឡើង​ពី​ការ​រាំង​ខ្ទប់​គេហ​ទំព័រ​ Monoroom.info​ កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២០​ ដោយសារ​គេហ​ទំព័រ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ​ បាន​ចេញ​ផ្សាយ​អត្ថបទ​ជា​ច្រើន​អំពី​ផល​ប៉ះ​ពាល់​បង្ក​ដោយ​វីរុសកូរ៉ូណា ​នៅ​ប្រទេស​កម្ពុជា។​

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​ក៏​បាន​ចង​ក្រង​ការ​ចាប់​ខ្លួន​លោក​ សុវណ្ណ រិទ្ធី​ ម្ចាស់​សារ​ព័ត៌មាន​អនឡាញ​ TVFB​ ចំពោះ​ការ​ស្រង់​សម្តី​លោក​ ហ៊ុន សែន​ ជុំវិញ​ជំងឺ​កូវីដ១៩​ ការ​ចាប់​ខ្លួន​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ឫទ្ធីសែន​ លោក ​សុខ ឧត្តម ​ចំពោះ​ការ​រាយ​ការណ៍​ជម្លោះ​ដីធ្លី​ ​ការ​ចាប់ខ្លួន​ចាង​ហ្វាង​កាសែត​ជាតិ​ខ្មែរ​លោក ​រស់ សុឃិត ​ចំពោះ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​រិះគន់​លោក ​ហ៊ុន សែន ​និង​ការ​ចាប់​ខ្លួន​អ្នក​ច្រៀង​រិះគន់​អំពើ​អយុត្តិធម៌​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដូច​ជា​ Youtube​ និង​អ្នក​ដែល​ស្លៀកពាក់​ «ស៊ិចស៊ី» ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ យល់​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​តាម​បណ្តាញ​អ៊ីនធឺណិត​ បាន​ក្លាយ​ជា​ការ​បារម្ភ​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា ​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ដោយ​សារ​តែ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់ ​ចំពោះ​ការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ ដើម្បី​សម្តែង​មតិ៕

XS
SM
MD
LG