ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ដែល​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ម្នាក់​ទៀត​គឺ​លោក​ រស់ សុឃិត ​ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​កាល​ពី​ចុង​សប្តាហ៍​មុន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ទៅ​លើ​សេរីភាព​សារ​ព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ជា​ពិសេស​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល។​

កន្លង​ទៅ​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្នាក់​ក្រោម​ជា​គោល​ដៅ​នៃ​ការ​ចាប់​ខ្លួន ​ប្រសិន​បើ​ពួក​គេ​រិះគន់​រដ្ឋាភិបាល​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដែល​រដ្ឋាភិបាល​យល់​ថា​ជា​ការ​ញុះញង់​ ឬ​ប្រមាថ​ថ្នាក់​ដឹកនាំ។​

ចាប់​ពី​ខែ​មេសា​អ្នក​សារ​ព័ត៌មាន​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ការ​សរសេរ ​ឬ​ការ​រាយ​ការណ៍​តាម​បណ្តាញ​សង្គម​មួយ​នេះ។​ ក្នុង​នោះ​មាន​លោក សុវណ្ណ រិទ្ធី​ ដែល​ជា​អ្នក​សារ​ព័ត៌មាន​របស់ ​TVFB​ លោក​ សុខ ឧត្តម ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ចុង​ក្រោយ ​គឺ​លោក​ រស់ សុឃិត។​

កាល​ពី​សប្តាហ៍​មុន​តុលាការ​ភ្នំពេញ​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក ​រស់ សុឃិត​ ចាង​ហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​ ឲ្យ​មក​បង្ហាញ​ខ្លួន​តាម​ដីកា​របស់​តុលាការ​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា។​

ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ សេង ហៀង​ បាន​សរសេរ​នៅ​ក្នុង​ដីកា​នោះ​ថា​ តុលាការ​បាន​ឃើញ​របាយ​ការណ៍ ​ចុះ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០២០​ របស់​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដូច្នេះ​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក​ រស់ សុឃិត ​អាយុ​៤១​ឆ្នាំ ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​« ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ថ្វីបើ​ដីកា​តុលាការ​សរសេរ​ថា​ការចាប់​ខ្លួន​នេះ​ យោងតាម​របាយ​ការណ៍​របស់​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​ដោយ លោក ​ស ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ។

លោក​ ស ថេត​បន្ត​ ថា​ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​លោក ​រស់ សុឃិត ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ហើយ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ លោក​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​តុលាការ​រាជធានី​ភ្នំពេញ​វិញ។​

អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង​ មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ទេ។

ហ្វេសប៊ុក​របស់​លោក​ រស់ សុឃិត ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​ ពេល​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួននោះ សរសេរ​រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​កូន​ប្រុស​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ាណែត។

​ក្នុង​ចំណោម​នោះ​មាន​ការ​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ថា៖​ «លោក ​ហ៊ុន សែន កំពុង​ទ័ល​ច្រក​រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ​គ្មាន​លុយ​សង​ធនាគារ​ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ណា​ស្តាប់​តាម​ក្រុម​ប្រឆាំង​ មិន​ព្រម​សង​លុយ​ឲ្យ​ធនាគារ»។

លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)
លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)

នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ឆ្នាំ​២០២០។​

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​កាល​នោះ​ថា៖​ «ប៉ុន្តែ​ខ្ញុំ​នឹង​គាំទ្រ​ឲ្យ​មាន​ការ​រឹប​អូស​ ប្រសិន​បើ​អ្នក​ដែល​ជំពាក់​ធនាគារ​បន្ត​ការ​ឃោសនា​ចលនា​អ្នក​ដទៃ​ខ្លួន​ឯង​ ក៏​មិន​បង់​ស្អី​ ក៏​មិន​បង់ ​អ៊ីចឹង​ធនាគារ​ប្តឹង​រឹប​អូស​តែ​ម្តង​ទៅ!»​

ចំណែក​ការ​បង្ហោះ​មួយ​ទៀត​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​រស់ សុឃិត ​មាន​អត្ថន័យ​ថា៖​«លោក​ ហ៊ុន សែន ​នឹង​បាត់បង់​អ្វីៗ​ទាំង​អស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នោះ!​ យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត ​ឡើយ»។​

លោក​ ណុប វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេមបូចា) ​លើក​ឡើង​ថា​ ដោយ​សារ​សម័យ​បច្ចេកវិទ្យា​អ្នក​សារ​ព័ត៌មាន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​សរសេរ​ជា​អត្ថបទ​ព័ត៌មាន​ និង​សរសេរ​បែប​បញ្ចេញ​មតិ​របស់​ពួកគេ​ផង​ដែរ។ លោក​ថា ​ទាំង​អស់​នេះ​ជា​ការ​បញ្ចេញ​មតិ​ ហើយ​មិន​គួរ​មាន​ការ​រឹត​ត្បិត​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច្នេះ​ការ​ចាត់​វិធាន​ការ​ដោយ​ប្រើប្រាស់​ច្បាប់​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ សេរីភាព​នៃ​ការ​សរសេរ​ជា ​opinion​ (មតិ)​ របស់​អ្នក​សារ​ព័ត៌មាន​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ះទង្គិច​ដល់​ការ​អនុវត្ត​សេរីភាព​សារ​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌មាន​យើង​ផង​ដែរ»។​

លោក​ ណុប វី​ បន្ត​ថា​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ជា​សញ្ញា​មួយ​នៃ​ការ​រឹត​ត្បិត​ទៅ​លើ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​ហើយ​ជា​ការ​គំរាម​ទៅ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។​លោក​បន្ត​ថា​ការ​ចាប់​ខ្លួន​នេះ​នឹង​នាំ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​មាន​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​សរសេរ។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Borders)​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​លោក​ រស់ សុឃិត​ ដោយ​អង្គការ​នេះ​ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួន​អ្នក​កាសែត​ជា​វិធានការ​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​ប្រឆាំង។​

លោក​ Daniel Bastard​ ប្រធាន​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «ការ​ឃុំ​ខ្លួន​លោក​ រស់ សុឃិត​ ដោយ​សារ​ការ​បង្ហោះ​សារ​ចំនួន​ពីរ​រិះ​គន់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត​វិធី​សាស្ត្រ​របស់​របប​ផ្តាច់​ការ​ដ៏​អាក្រក់​បំផុត»។​

អ្នក​នាំពាក្យ​របស់​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ ​លើក​ឡើង​ថា​ នេះ​មិន​មែន​ការ​ជា​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​ ឬ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ ​លោក​បន្ត​ថា​ ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​កន្លង​មក ​ជា​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «ការ​អនុវត្ត​កន្លង​មក​នេះ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ​វា​មិន​មែន​ជា​ការ​រឹត​ត្បិត​សេរីភាព​សារ​ព័ត៌មាន​ ឬ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ទេ ​គឺ​ជា​ការ​អនុវត្ត​ច្បាប់»។​

លោក ​មាស សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា​ ក្រសួង​ព័ត៌មាន​កំពុង​តែ​ពិនិត្យ​ទៅ​តាម​នីតិវិធី​រដ្ឋបាល​លើ​ការ​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​របស់​លោក ​រស់ សុឃិត។​

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ​ ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​លោក ​រស់ សុឃិត​ ទទួល​បាន​ការ​បន្ត​អាជ្ញាបណ្ណ​អនុញ្ញាត​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​ថ្នាក់​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០២០ ​ដែល​មាន​សុពល​ភាព​១​ឆ្នាំ៕

XS
SM
MD
LG