ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ពីរ​ព្រមាន​ចាត់​វិធានការ​ច្បាប់​ ​បើ​ក្រុមហ៊ុន​ទូរ​គមនាគមន៍​មិន​សង​បំណុល


ប្រៃសណីយ៍កម្ពុជា កសាងក្នុងឆ្នាំ១៨៩៥ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)
ប្រៃសណីយ៍កម្ពុជា កសាងក្នុងឆ្នាំ១៨៩៥ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)

ក្រសួង​រដ្ឋ​ចំនួន​ពីរ​ដែល​ទទួល​បន្ទុក​ខាង​ហិរញ្ញវត្ថុ​ ​និង​ទូរគមនាគមន៍​ បាន​អំពាវនាវ​សារ​ជាថ្មី​នៅ​ឆ្នាំ​២០១៨​ ​ដល់​ក្រុមហ៊ុន​ជា​ប្រតិបត្តិករ​ទូរ​គមនាគមន៍​ទាំង​អស់​ ឲ្យ​សង​បំណុល​ដល់​រដ្ឋ​ ​បើ​មិន​ចង់​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់។​ ​ក្រសួង​ទាំង​ពីរ​បាន​កំណត់​ឱ​សាន​វាទ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ​ឆ្នាំ​ ​២០១៨​នេះ​ ​ដើម្បី​ទូទាត់​បំណុល​ជូន​រដ្ឋ​ជាកំហិត។

រដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ដល់​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ក្នុង​វិស័យ​ទូរគមនាគមន៍​ជាច្រើន​ឲ្យ​សង​បំណុល​ជំពាក់​ស្ថាប័ន​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​របស់​រដ្ឋ​នា​នា​ ឲ្យ​បាន​មុន​ដំណាច់​ខែ​មេសា​ ឆ្នាំ​ ២០១៨​ ជាកំហិត។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​បាន​ចេញផ្សាយ​តាម​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ទាំង​ពីរ​ដែល​ធ្វើឡើង​ដោយ​ផ្អែក​លើ​ចំណារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នោះ​ ​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ ​និង​ចំនួន​ទឹកប្រាក់​ដែល​ក្រុម​ហ៊ុន​ទាំងនោះ​ ​ជំពាក់​រដ្ឋ​នោះ​ទេ​ តែ​ក្រសួង​ទាំងពីរ​បាន​គំរាម​ថា​ នឹង​ទម្លាយ​ឈ្មោះ​ក្រុមហ៊ុន​ ​និង​ទឹកប្រាក់​ជំពាក់​ ​បើ​សិន​ក្នុង​ករណី​ដែល​ដល់​ថ្ងៃ​ឱសានវាទ​ហើយ​នោះ​ ​ក្រុមហ៊ុន​ទាំង​នោះ​នៅ​មិនព្រម​បង់លុយ​ជំពាក់។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ទាំងពីរ​ ចុះ​ថ្ងៃ​ទី​ ២ ខែ​មេសា​ ឆ្នាំ ២០១៨​ បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ លោក លោកស្រី​ ជា​ប្រធាន​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំង​អស់​ ដែល​នៅ​មាន​បំណុល​ជំពាក់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ទូរ​គមនាគមន៍​កម្ពុជា​ និង​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​ត្រូវ​សង​បំណុល​ទាំង​អស់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី៣០​ ខែ​មេសា​ ឆ្នាំ​ ២០១៨»។

ក្រសួង​ទាំងពីរ​បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ជា​បន្តបន្ទាប់​មួយ​ចំនួន​ ​ដែល​រួមមាន​ ​ការ​ប្រកាស​ជា​សាធារណៈ​តាម​សារព័ត៌មាន វិទ្យុ​ ​ឬ​ទូរទស្សន៍​ ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ ​ដែល​ខកខាន​មិន​បាន​អនុវត្ត​តាម​ការ​កំណត់​ខាង​លើ​ ​ដោយ​ដាក់​ចំ​ឈ្មោះ​ក្រុមហ៊ុន​ ឈ្មោះ​អភិបាល​ក្រុម​ហ៊ុន​ ម្ចាស់​ក្រុម​ហ៊ុន​ និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ជំពាក់។​ ​ក៏ប៉ុន្តែ​ក្រសួង​ទាំងពីរ​មិនទាន់​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ ​លុយ​បំណុល​រដ្ឋ​ទាំង​នោះ​ជា​លុយ​ពន្ធដារ​ឬ​យ៉ាង​ណា​នោះ​ទេ។

វិធានការ​ផ្លូវ​ច្បាប់​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ ដូចជា​ ​«បង្កក​គណនី​នៅ​ធនាគារ​ពាណិជ្ជ​ បិទ​ហ្វ្រេកង់ស៍​ ហាម​ឃាត់​ការ​នាំចេញ-ការនាំចូល​ ហាមឃាត់​ការ​ចូលរួម​ក្នុង​ដំណើរការ​លទ្ធកម្ម​សាធារណៈ​ ព្យួរ​ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ អាជ្ញាប័ណ្ណ​ហ្រេ្វកង់ស៍​វិទ្យុ​ កិច្ច​ព្រមព្រៀង​ ឬ​លិខិត​គតិយុត្តិ​ពាក់​ព័ន្ធ​ផ្សេងៗ​ សម្រាប់​ធ្វើអាជីវកម្ម​ និង​ចុងក្រោយ​រៀបចំ​សំណុំ​រឿង​ដាក់​បណ្ដឹង​ទៅ​តុលាការ»។

ការប្រកាស​របស់​រដ្ឋាភិបាល​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​សង​បំណុល​នេះ​ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ព្រោះ​ករណី​ដដែល​បែប​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ​ ២០១៧​ ​ដោយ​ភាគី​ខាង​រដ្ឋ​បាន​ព្រមាន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ។ ​នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ ​The Phnom Penh Post។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ឆ្នាំ​នេះ​ មានការ​ខុស​ប្លែក​គ្នា​បន្តិច​ ដោយសារ​តែ​ការ​ប្រកាស​ទារ​បំណុល​នេះ​ បាន​ធ្វើ​ឡើង​ បន្ទាប់ពី​កូនប្រសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​គឺ​លោក​ ​សុខ​ ពុទ្ធិវុធ​ ​ដែល​ជា​កូន​ប្រុស​បង្កើត​ម្នាក់​របស់​លោក​ សុខ អាន​ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋ​មន្ត្រី​មួយ​រូប​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ទូរគមនាគមន៍​កម្ពុជា។

ការ​តែង​តាំង​របស់​លោក​ ​សុខ ពុទ្ធិវុធ​ ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ទូរគមនាគមន៍​កម្ពុជា​នេះ​ ​ត្រូវ​បាន​រាយការណ៍​ដោយ​អង្គភាព​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Freshnews​ នៅ​ថ្ងៃ​ពុធ​ គឺ​ចំ​ថ្ងៃ​ប្រកាស​ពិធី​តែង​តាំង​តែ​ម្ដង។​ ​មួយ​ថ្ងៃ​បន្ទាប់​មក​គឺ​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ក៏​ចេញ​សេចក្ដី​ប្រកាស​ទារបំណុល។​ លោក​ ​សុខ ពុទ្ធិវុធ​ ​ក៏​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ផង​ដែរ។

មន្ត្រី​ពីរ​នាក់​មកពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​មាន​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ លើ​សេចក្តី​ប្រកាស​ទារបំណុល​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ក្រុមហ៊ុន​ ប្រភេទ​ជំនួញ​ក្នុង​ផ្នែក​ទូរគមនាគមន៍​ និង​ចំនួន​ឆ្នាំ​ ដែល​ក្រុមហ៊ុន​មិនព្រម​សង​លុយ​ជូន​រដ្ឋ។

លោក សាត មុនីវិបុល​ ​ដែល​បាន​បញ្ជាក់​ ប្រាប់​ VOA ឲ្យដឹង​ថា​ លោក​ធ្វើការ​នៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ថ្លែង​ថា៖

«​វា​ក្រុមហ៊ុន​រក​ស៊ី​ហ្នឹង​ ខ្ញុំ​មិន​ដឹង​ថា​ក្រុមហ៊ុន​អី​ទេ​បង​អើយ​ ​ខ្ញុំ​អត់​ ​និយាយ​ទៅ​ជម្រាប​ឲ្យ​ត្រង់​ហ្មង​ ថា​អត់​ដឹង​រឿង​ហ្មង​ហ្នឹង​ណ៎ា​ ខ្ញុំ​អត់​រឿង​អី​ផង​បង​អើយ»។

ក៏ប៉ុន្តែ​ក្រោយ​មក លោក​ថ្លែង​ថា​ ​ការ​ទារ​បំណុល​នេះ​គ្រាន់​តែ​ជា​រឿង​ធម្មតា​ ដែល​ម្ចាស់​បំណុល​ត្រូវ​ប្រឹង​ទារ​លុយ​ពី​កូន​បំណុល។​ ​លោក​បាន​ឆ្លើយ​បែបនេះ​ នៅ​ពេល​ត្រូវបាន​សួរ​អំពី​ការ​ប្រកាស​ទារបំណុល​ស្រដៀង​គ្នា​កាល​ពី​ឆ្នាំមុន។

លោក​ថ្លែង​ថា៖

«អញ្ចេះ​ អធ្យាស្រ័យ​ អានេះ​ជា​វិធានការ​[ប្រឹង]ទារ​របស់​ របស់​អា​ដេញ​ស្ថាប័ន។​ ​ធម្មតា​កាល​ណា​មាន​បំណុល​ប្ដឹង​ទារ​លុយ​គេ​វា​ ដូច​ខ្ញុំ​ ដូចតែ​ដឹង​ស្រាប់​អីចឹង​ ការ​ប្រឹង​ទារ​គេ​ ត្រូវតែ​យើង​អាសា​ បើ​កាល​ណា​អត់​មាន​ តែ​រៀង​រយាល​អីចឹង​ យើង​ត្រូវតែ​ប្រឹង​ប្ដឹង​ទារ​ ​ត្រូវ​តែ​ជូនដំណឹង​អីចឹង​ជា​រឿង​ធម្មតា​ ​ធម្មតា​អា​ហ្នឹង​អ្ហូ!»។

នៅ​ពេល​ VOA ​សួរ​លោក​ថា​ តើ​ការ​ឡើង​កាន់​តំណែង​របស់​លោក សុខ​ ពុទ្ធិវុធ​ អាច​នឹង​ធ្វើឲ្យ​អ្នក​ជំពាក់​រួសរាន់​សង​ប្រាក់​ជំពាក់​រដ្ឋ​ទេ​ លោក ​សាត​ មុនីវិបុល​ មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ដឹង​អំពី​ការ​ឡើង​កាន់​តំណែង​នេះ​ទេ។

ចំណែក​លោក​ ​អ៊ុំ កក្កដា​ ​ដែល​បញ្ជាក់​ថា​ លោក​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មិន​ឆ្លើយ​សំណួរ​អំពី​ចំនួន​ឆ្នាំ​ដែល​ក្រុមហ៊ុន​ទាំង​នោះ​បាន​ជំពាក់​លុយ​រដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖

«អា​ណឹង​មាន​តែ​តាម​គណនី​ក្រុមហ៊ុន​ សូម​អធ្យាស្រ័យ​ ខ្ញុំ​កំពុង​នៅ​ក្នុង​ប្រជុំ»។

VOA​ ​មិនទាន់​អាច​ទាក់ទង​លោក​ អ៊ឹម វត្ថា​ សមាជិក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

ទូរគមនាគមន៍​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​រក​ប្រាក់​ចំណូល​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ធ្លាប់​ជួប​រឿង​អាស្រូវ​មួយ​ចំនួន​ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​ឈាន​ដល់​ការ​បណ្ដេញ​ចេញ​អតីត​អគ្គនាយក​នៃ​អង្គភាព​នេះ​ផងដែរ។

កាល​ពី​ឆ្នាំ​ ២០១៦​ ​លោក​ ​ឡាយ ម៉ារីវ៉ូ​ ​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ត្រូវ​បាន​បណ្ដេញ​ចេញ​ ​ខណៈ​ដែល​មាន​ការ​ស៊ើបអង្កេត​មួយ​រក​ឃើញ​ថា​ ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​លោក​ ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​មាន​លទ្ធភាព​កិបកេង​លុយ​រដ្ឋ​ ចំនួន​ប្រមាណ​២៣ម៉ឺនដុល្លារ​អាមេរិក។​ ​នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍របស់​កាសែត​ ​The Cambodia Daily​ ​ដែល​បាន​បង្ខំចិត្ត​បិទទ្វារ​ ក្នុង​សំណុំ​រឿង​ពន្ធដារ​កាលពី​ឆ្នាំ​២០១៧។

នៅ​ប្រទេស​កម្ពុជា​ មាន​ក្រុមហ៊ុន​ជា​ប្រតិបត្តិករ​ខាង​ទូរស័ព្ទ​ចល័ត​ដែល​មាន​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ជា​ច្រើន​ ​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ ​Cellcard Metfone​ ​និង​ ​Smart​ ​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG