រដ្ឋាភិបាលកុម្មុយនិស្តចិន ស្នើរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការទៅតាមច្បាប់លើជនជាតិ និងអ្នកវិនិយោគចិនដែលប្រព្រឹត្តខុសច្បាប់ និងប្រព្រឹត្តខុសទំនៀមទម្លាប់ខ្មែរ។ នេះបើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ពីជំនួបរវាងលោក LIAO JINGRONG (លាង ជីងរ៉ុង) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈរបស់សាធារណៈរដ្ឋប្រជាមានិតចិន ជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
អត្ថបទនោះ ត្រូវបានសរសេរថា លោក LIAO JINGRONG (លាង ជីងរ៉ុង) បានស្នើលោក នេត សាវឿន ឲ្យចាត់វិធានការទៅតាមច្បាប់ចំពោះជនជាតិ និងអ្នកវិនិយោគរបស់ខ្លួន ដែលបានប្រព្រឹត្តខុសច្បាប់ និងទំនៀមទម្លាប់របស់ខ្មែរ។
ក្នុងនោះ លោក LIAO JINGRONG ក៏បានស្នើបន្ថែមដល់ លោក នេត សាវឿន ឲ្យជួយការពារ និងបង្កើនសន្តិសុខដល់ជនជាតិចិនដែលកំពុងស្នាក់នៅកម្ពុជាផងដែរ។
អត្ថបទដែលផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដដែលបន្ថែមថា ក្នុងជំនួបនោះ លោក នេត សាវឿន ក៏បានស្វាគមន៍ និងថ្លែងអំណរអគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងកំពុងសហការ ជួយកម្ពុជាតាំងពីដើមរៀងមក។
លោក នេត សាវឿន ក៏បានសន្យាថា នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការការពារជនជាតិចិន និងអ្នកវិនិយោគចិននៅកម្ពុជាបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
កំណើនវត្តមានជនជាតិចិនលើទឹកដីកម្ពុជាដ៏ច្រើន កំពុងបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើរបាយការណ៍ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកំណើនជនបរទេស ជាពិសេសជនជាតិចិន ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ថាមានទាំងភាពវិជ្ជមាន និងអវិជ្ជមាន។
លោកបញ្ជាក់ថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជំរិតអ្នកវិនិយោគ និងថា ខ្លះទៀតបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទានជាដើម។
គិតចាប់ពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ ជាង១ពាន់នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសចិនវិញ ក្រោយរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅកម្ពុជា មិនទាន់មានភាពរឹងមាំនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងសមត្ថភាពគ្រប់គ្រងជនបរទេស ដែលចាំបាច់ត្រូវមានការពង្រឹងឲ្យបានដិតដល់។
លោកបន្ថែមថា ជនជាតិចិនមួយចំនួនបានចងមិត្តភាពជាមួយអ្នកមានអំណាច ជាហេតុធ្វើឲ្យជនជាតិចិនទាំងនោះធ្វើអ្វីតាមតែទំនើងចិត្ត ដែលលោកថា បញ្ហានេះនឹងបង្កឲ្យកម្ពុជាកើតមានវិបត្តិធ្ងន់ធ្ងរនាពេលអនាគត។
លោកមានប្រសាសន៍ថា៖
«វានឹងអាចបង្កឲ្យប្រទេសយើងមានការរើសអើង ដល់រើសអើងទៅ ឲ្យតែឃើញជនជាតិចិនគឺដឹងតែស្អប់ទាំងអស់។ ហើយក្នុងពិភពលោកបច្ចុប្បន្ននេះ យើងមិនអាចធ្វើការអភិវឌ្ឍប្រទេសមួយតាមរយៈការធ្វើឲ្យមានសត្រូវជាមួយប្រទេសជិតខាងហ្នឹងគ្រប់តែជ្រុង គ្រប់តែច្រកណាមួយទាស់ជាមួយគ្នាឯងផង ណាមួយទាស់ជាមួយប្រទេសជិតខាងផង គឺយើងអត់មានសុខភាពក្នុងខ្លួនណាមួយដែលអាចធ្វើឲ្យយើងរស់នៅយូរអង្វែងទេ។ យូរៗយើងអស់ទាំងទឹកដីទៀត ដោយសារតែយើងមិនត្រូវជាមួយគេហើយ យើងមិនត្រូវជាមួយគ្នាឯងទៀត។ នេះជាវិបត្តិរបស់ខ្មែរយើងសព្វថ្ងៃ»។
ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។
ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤,៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥៕