ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​ប្តេជ្ញា​ ធ្វើទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម


រូបឯកសារ៖ កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម)
រូបឯកសារ៖ កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម)

អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​មិន​ទាន់​លឿន​នៅ​ឡើយ​ទេ​ ដោយសារ​តែ​បញ្ហា​​ក្បាលដី​សម្រាប់​ធ្វើ​កសិកម្ម​នៅ​មាន​ទំហំ​តូច និង​កម្សោយ​វិនិយោគ​លើ​ការកសាង​ប្រព័ន្ធ​ធារាសាស្ត្រ។

បញ្ហាប្រឈម​មួយ​ចំនួន​ដូចជា​ការធ្លាក់ចុះកម្លាំងពលកម្ម​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​ឱន​ភាព​ដី​ បាន​ធ្វើឲ្យ​វិស័យកសិកម្ម​មិនអាច​ឈាន​ទៅ​សម្រេច​បាន​ ឬ​បំពេញ​ឲ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន​។ ​ការណ៍នេះ​ ទាមទារ​ឲ្យមានការ​ធ្វើទំនើបកម្មកាន់​តែខ្លាំងឡើង​ថែម ក្នុងវិស័យ​សំខាន់​មួយនេះ។ ​នេះបើតាម​ការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម។ ​អ្នកជំនាញ​កសិកម្ម​ថ្លែងថា ការ​ធ្វើ​ទំនើបកម្ម​ក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា​មាន​ភាពយឺតយ៉ាវ​នៅឡើយ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ លោក​ វេង​ សាខុន​ បាន​ថ្លែង​ថា​ វិស័យ​កសិកម្មបាន​ប្រឈម​នឹងបញ្ហា​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​ មិន​អាច​អភិវឌ្ឍ​ន៍​ទៅមុខ​បាន​លឿន​។ ​នេះបើ​យោងតាម​ព័ត៌មាន​សង្ខេប​ដែល​បាន​សរសេរ​លើគណនីហ្វេសប៊ុក​របស់​លោក​វេង សាខុន​ នៅថ្ងៃ​ពុធ។

យោង​តាម​ព័ត៌មាន​សង្ខេប​ដែលបាន​សរសេរ​លើ​ គណនី​ហ្វេសប៊ុករបស់​វេង សាខុន​ បានបញ្ជាក់​ឲ្យ​ដឹង​ថា​វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្ន​កំពុង​ប្រឈមនឹង​ការរាំង​ស្ទះនានា​ ដូចជា​ការធ្លាក់ចុះកម្លាំងពលកម្ម​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​ឱនភាពដី​ ដែល​ធ្វើឲ្យ​វិស័យ​នេះ​មិនអាច​ឈាន​ទៅ​សម្រេច​បាន​ ឬ​បំពេញ​ឲ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន​។

លោក​វេង សាខុន​ បានថ្លែងថា​ ដើម្បី​ដោះស្រាយ​ផលវិបាក​ទាំង​នេះ​ ការ​ធ្វើ​ទំនើបកម្មក្នុង​វិស័យ​កសិកម្ម​ ជាតម្រូវការ​ចាំបាច់​។

លោក​ ត្រូវបាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖

«ដូច្នេះ​ ការ​អភិវឌ្ឍ​គ្រឿងយន្ត​កសិកម្ម​ ការធ្វើ​ទំនើបកម្ម​កសិកម្ម​ គឺជា​ដំណោះ​ស្រាយមួយ​ដ៏​សមស្រប​ក្នុងការ​បង្កើន​សមត្ថភាព​ដល់មនុស្ស​ដែលនាំ​ទៅរ​កការ​ពង្រឹង​និង​បង្កើន​ផលិតភាព​កសិកម្ម​ កាត់​បន្ថយ​កំលាំងមនុស្ស ​ប្រើប្រាស់​ដីឲ្យ​អស់លទ្ធភាព​និងទទួល​បាន​ប្រសិទ្ធភាព​ សំដៅ​ធានា​សន្តិសុខ​ស្បៀង​ អាហារូបត្ថម្ភ​ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ និង​កាត់បន្ថយ​ភាពក្រីក្រ»។

លោក​ បាន​ថ្លែង​បន្ត​តាម​ន័យ​ដើម​ថា​៖

«សម្រាប់​ប្រទេស​កម្ពុជា​ តាម​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​ នាឆ្នាំ​២០៣០ ​វិស័យ​កសិកម្ម​នឹង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ មាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ​ និង​មាន​និរន្តរភាព​ ដើម្បី​រួម​ចំណែក​ក្នុងការ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ សុវត្ថិភាព​អាហា​រូបត្ថម្ភ​សម្រាប់​សុខុមាល​ភាព​នៃ​ប្រជាជន​កម្ពុជា​»។

លោកបាន​ថ្លែងបន្តថា​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​កំណត់​ទិសដៅ​ពីរសំខាន់ៗ ដោយទី១ ​លើក​កម្ពស់​កំណើន​កសិកម្ម ​ដែលមាន​លក្ខណៈ​ជារួម ​តាមរយៈការ​បង្កើន​ផលិតភាព​ ការ​ធ្វើ​ពិពិធកម្ម​ ឬការ​ធ្វើឲ្យ​មានសម្បូរ​បែប​ ការធ្វើការ​ប្រកួតប្រជែង​ និងការ​ធ្វើជំនួញ​កសិកម្ម ​និង​ទី២​ ការ​លើកម្ពស់​ការប្រើប្រាស់​ដីកសិកម្ម ​ការអភិវឌ្ឍ​និងគ្រប់គ្រង​ធនធាន​ព្រៃឈើ ​និងជលផល​ឲ្យមាន​និរន្តរភាព។

រូបឯកសារ៖ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ អំពីការ​ផលិត​បន្លែក្នុង​ស្រុក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​ កាលពីថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

ការ​ថ្លែងរបស់​លោក ​វេង សាខុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ធ្វើឡើង​ នៅ ពេល​លោក​ធ្វើ​ជាអធិបតី​ក្នុង​ឱកាស​បើកសិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​តួនាទី​គ្រឿងយន្ត​កសិកម្ម​ក្នុង ការ​ ពង្រឹងភាព​បន្សាំ​របស់​កសិករ​ខ្នាត​តូច​ដោយ​ប្រើប្រាស់​បច្ចេកទេសដើម្បី​អភិរក្ស​កសិកម្ម​ ក្នុង​ តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

លោក​ ​ហ៊ាន​ វណ្ណហន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មានប្រសាសន៍​ប្រាប់​ VOA ថា​ ប្រជាកសិករ​ស្ទើរ​តែ​៩០ភាគរយ​បានប្រើ​ប្រាស់​គ្រឿងយន្ត​កសិកម្ម​ ដោយ​សារ​ការ​ចូលរួម​ពី​ផ្នែកឯកជន។ លោកបន្តថា​ កសិករ​ជាច្រើន​មានក្បាល​ដី​តូចៗធ្វើ​កសិកម្ម​ ​ដែល​មិន​អនុញ្ញាត​ឲ្យពួកគេប្រើប្រាស់​គ្រឿងយន្ត​ធំៗបានទេ​។

«ការចូលរួម​ពី​វិស័យ​ឯកជន​ហ្នឹង​គឺ​ គាត់​ធ្វើ​ក្នុង​រូបភាព​របៀបជា​ រូបភាព​របៀបជា​ ជាការ​ជួល​សេវា​ ហើយត្រឹមត្រូវ​ណាស់​ កសិករ​យើង​មាន​ផ្ទៃដី​តូចៗ​ អីចឹង​ គាត់​មិន​អាច​ទៅទិញ​ ឧទាហរណ៍ថា​ ត្រាក់​ទ័រ​មួយ ​ឬម៉ាស៊ីន​ច្រូត​មួយទេ​ ការប្រើ​សេវាអស់​ហ្នឹង​ ការ​ចូលរួម​ពីវិស័យ​ឯកជន​ ឃើញ​ទេ​ កំបៃ ​ដែល​ជា​ម៉ាស៊ីន​ច្រូតផ្លាស់​ទី​ពីខេត្តមួយ​ទៅ​ខេត្ត​មួយបាទ​ នេះជាការ​ចូលរួម​ពីវិស័យ​ឯកជនបាទ​»។

លោកបាន​ថ្លែងថា​ ខណៈដែល​កម្ពុជា​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ក្នុងវិស័យ​កសិកម្ម​ ក៏វិស័យនេះ​នៅ​ប្រឈម​បញ្ហា​ មួយចំនួន​ផងដែរ​ ពាក់​ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម។ ​លោកបាន​បន្តទៀតថា​ កម្ពុជា​មិនអាចពឹង​តែ​ពីការ​លក់ផលិត​ផល​កសិកម្ម​របស់ខ្លួននោះ​ទេ​ ព្រោះ​ការ​លក់បាន​ថ្លៃ​ឬ​ថោក​ អាស្រ័យ​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​។

«បើយើង​ផលិត​បាន​ម្រេច​ បើយើង​មាន​សាច់​ជា​ដំឡូង​ ម្សៅ​ដំឡូង​ ប្រទេស​គេក៏ដាំ​ស្រូវ​អង្ករ​ដែរ។ ​បើ​និយាយ​អង្ករដូចគ្នា​ រឿងស្រូវ​អង្ករហ្នឹង គឺ​យើង​ជា​អ្នក​លក់អង្ករ​ក្រោយគេទេ។​ បើយើង​ក្រឡេក​មើល​ គ្រាន់​តែ​ជុំវិញ​យើង​ ថៃ​ និង​វៀតណាម​គឺជា​ ប្រទេស​នាំចេញ​អង្ករ​លេខមួយ​ លេខពីរ​ លេខបី​ ក្នុង​ចន្លោះ​ហ្នឹង​ រាប់​ទាំង​ឥណ្ឌា​ បើបីនាក់​ហ្នឹង​ គឺអាបីនាក់​ហ្នឹង​គេនាំចេញ​យូរហើយ។ ​គេមាន​បទ​ពិសោធន៍​យូរហើយ​ ទាំង​ការ​គ្រប់​គ្រង​ទាំង​វិស័យ​ឯកជន​។ អីចឹង​ គឺត្រឡប់​មកវិញ​ថា​ តាំងពី​ការ​ស្រោច​ស្រព​ ដីផលិតកម្ម​ តាំងពី​ទីផ្សារ​ ត្រូវ​តែស្រូប​ផលិតផល​កសិកម្ម​អីអស់​ហ្នឹង​ តាំងពី​ថាមពល​ ឧទាហរណ៍​តម្លៃ​អគ្គិសនី​។ កាល​អគិ្គសនី​ហ្នឹង​វា វាមិន​សមស្រប​អីចឹង​ ទាំង​អស់​គ្នាវាត្រូវ​ដើរ​ឲ្យ​ស្មើគ្នា​ ការកែច្នៃ​ទៅបាន ​លុះត្រា​តែ​ អគ្គិសនី​វា​សម​ស្រប​»។

អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​ យល់​ថា​ ការ​ធ្វើ​ទំនើ​ប​កម្ម​ក្នុង​វិស័យ​កសិកម្ម​ នៅមិន​ទាន់​លឿន​នៅ​ឡើយ​ទេ​ ដោយសារ​តែបញ្ហាក្បាលដី​សម្រាប់​ធ្វើកសិកម្ម​នៅមាន​ទំហំ​តូច​ និងកម្សោយ​វិនិយោគ​លើ​ការ​កសាងប្រព័ន្ធ​ធារាសាស្ត្រ​។

លោក​ ​សម វិទូ​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CDAC) បាន​ផ្តល់​ដំណោះស្រាយ​មួយ​ចំនួន​ ដែល​អាច​ពន្លឿនការ​ធ្វើ​ទំនើប​កម្មគ្រឿងយន្ត​ក្នុងវិស័យ​នេះ​ បានលឿន​ជាងមុន​ និង​ធ្វើ​ឲ្យវិស័យនេះ​ បាន​រីកដុះដាល​បន្ថែមទៀត​។ លោកលើក​ឡើង​ថា​ ការ​បង្វិល​ក្បាល​ដីជាកត្តា​ចំាបាច់បំផុត​។

«ការ​ប្តូរ​ ​ដូរ ​ការដូរ​ប្រព័ន្ធ​ក្បាលដី​ហ្នឹង​ គឺ​សំខាន់​ណាស់​បង្វិល​ក្បាល​ដី​ហ្នឹង​ដើម្បី​ឲ្យ​គាត់ ​ដីហ្នឹង​មក បើគាត់មាន​មួយ​ហិកតា​ កុំឲ្យមាន​ ច្រើន​ស្រែពេក​ គឺមួយហិកតា​ នៅប្រមូល​ផ្តុំ​គ្នា​ មួយហិកតា​ហ្នឹង​ គឺ​ជាការ​ល្អដែល​អាច​ឲ្យ​គាត់​ ធ្វើអីបាន​ច្រើន​នៅលើ​ផ្ទៃ​ហ្នឹង​ ព្រោះកុំឲ្យ​គាត់​ដើរ​ចុះ​ដើរ​ឡើង​បាទ​»។

អ្នក​ជំនាញ​ខាង​កសិកម្ម​រូបនេះ​បាន​បន្ថែម​ទៀតថា​៖

«ហើយ​ឲ្យមានការ​វិនិយោគ​ទៅលើ​ ប្រព័ន្ធ​ធារាសាស្ត្រ​ ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ឲ្យមាន​ ចង់និយាយ​ថា​ មាន​ស្រោចស្រព​ដំណាំ​ ដើម្បីឲ្យ​ពួកគាត់​អាច​ថា​ ពេលដែល​គាត់​ឃើញថា​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ដាំដំណាំ​ ឬអីចឹង​គឺ​ គាត់​ក៏អាច​វិនិយោគដែរ​»។

រូបឯកសារ៖ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ CEDAC ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA កាល​ពីថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ CEDAC ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA កាល​ពីថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក​ ​សម វិទូ​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ ​(CDAC)​ ​បាន​បញ្ជាក់​ឲ្យដឹង​បន្តទៀតថា​ រដ្ឋា ភិបាល​ត្រូវផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​កសិករ ​ដែលទទួល​បាន​ដីសម្បទាន​សង្គមកិច្ច​ និង​ជួយ​ជំរុញ​ឲ្យមានការ​ផ្តល់​ឥណទាន​ ​ដែល​មាន​កម្រិត​ការប្រាក់​ទាប​ ​ដែល​អាច​ផ្តល់​ឱកាសឲ្យ​កសិករ​មាន​ទន់​វិនិយោគ​លើ​ដីក​សិកម្ម​របស់​ពួក​គេ​បាន។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្ដមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ ​និង​អាហា​រូប​ត្ថម្ភ​ ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​(USAID)​ បាន​ឲ្យ​ដឹង​ថា​ ៨០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ ​និង​ដោយ​ប្រយោល​ជា​មួយ​កសិកម្ម។​ ៦៥​ភាគរយ​ នៃ​មុខរបរ​របស់​ប្រជាជន​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ហើយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​៣២​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣,៧​ លាន​ហិកតា​សម្រាប់​ការងារ​ដំាដុះ។

យ៉ាង​ណា​ក៏​ដោយ​ ​តាមការ​ប៉ាន់ស្មាន​របស់​លោក​ ​ហ៊ាន វណ្ណហន​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ឲ្យ​ដឹងថាចំនួនប្រជាជន​ពឹងផ្អែកលើវិស័យ​កសិកម្ម​បានធ្លាក់មក​ប្រមាណ​តែ​៤០ភាគ​រយ​នៃប្រជាជន​សរុប ដោយសារ​តែ​កំណើន​នៃវិស័យ​ឧស្សាហកម្ម​ក្នុង​ស្រុក​ និង​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ទៅធ្វើការ​នៅក្រៅប្រទេស​ដូចជា​ ប្រទេស​កូរ៉េ​ជា​ដើម៕

XS
SM
MD
LG