ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ការពារ​សុខភាព​សាធារណៈ ពេល​មាន​អាសន្ន


ព្រឹទ្ធសភាកម្ពុជា
ព្រឹទ្ធសភាកម្ពុជា

«ប៉ុន្តែ យើង​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ ក៏យើង​ជូន​ព័ត៌មាន​ទៅ​អគ្គ​ក្រុមប្រឹក្សា​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ពាណិជ្ជកម្ម​​ពិភពលោក​ដែរ​ មុន​នឹង​ប្រតិបត្តិ​នៅ​កម្ពុជា​នេះ»។

ព្រឹទ្ធសភា​កម្ពុជា​សម្រាប់​នីតិកាលទីបី​ ដែល​ជិតនឹង​ផុតអាណត្តិ​ បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ ​ឲ្យ​មានការ​ប្រើបា្រស់​ ​អាជ្ញាប័ណ្ណបញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ​ដែល​មាន​វិសាល​ភាព​ពាក់​ព័ន្ធនឹង​ផលិត​ផល​ឱសថ​ ​ដែល​ការពារ​ដោយ​ប្រកាស​នីយបត្រតក្កកម្ម​ ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​ភាព​អាសន្ន​ ឬកាលៈទេសៈ​បន្ទាន់​បំផុត។​

ព្រឹទ្ធសភាកម្ពុជា ដែល​គ្របដណ្តប់​ដោយ​សមាជិក​មកពី​គណបក្ស​កាន់​អំណាច​បាន​បោះ​ឆ្នោត​ អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ​ដើម្បី​ជំរុញ​ការ​ទទួល​បាន​នូវ​ផលិត​ផល​ឱសថ។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធ។​

យោង​តាម​សេចក្តី​ប្រកាស​ចុះថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​ ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៧រូប​ ក្នុង​ចំណោម​សមាជិក​ទាំង​អស់​៤៨រូប​ ​ដែល​បានបោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ។​

រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។

សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ដឹកនាំដោយ​លោក​ សាយ ឈុំ​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យដើមថា៖​

«​សេចក្តី​ព្រាងច្បាប់​ស្តីពី​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​មាន​...​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​នូវផលិតផល​ឱសថ​ ​សម្រាប់​សុខភាព​សាធារណៈ​ ​តាម​រយៈការ​ផ្តល់​អាជ្ញា​ប័ណ្ណ​បញ្ជា​ឲ្យ​ផលិត​នាំចេញ​ ​និងនាំចូល​នូវ​ផលិតផល​ឱសថ ​ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​អាសន្ន ឬកាលៈទេសៈ​បន្ទាន់​ផ្សេង​ទៀត​ ឬប្រើ​ប្រាស់​ជាសាធារណៈ​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម​ ឬ​ស្ថាន​ភាព​សុខភាព​សាធារណៈ​ផ្សេង​ទៀត​ ​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល»។​

រូបឯកសារ៖ លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ប្រាប់​អង្គព្រឹទ្ធសភា​ថា​ ​នៅ​មុន​ពេល​ដាក់​ឲ្យ​ប្រតិបត្តិការ​នៃ​អាជ្ញាបណ្ណ​បញ្ជានេះ​នៅ​ប្រទេស​កម្ពុជា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវផ្តល់​ដំណឹង​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ។​ ​នេះបើតាម​ឃ្លីបវេដេអូរបស់​ព្រឹទ្ធសភា​ដែល​ចែក​រំលែក​ដល់​អ្នក​សារព័ត៌មាន​តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​ ​(Telegram)។​

​លោក​ ម៉ម ប៊ុនហេង​ ត្រូវបាន​ឃើញ​ក្នុង​ឃ្លីប​វេដេអូ​នោះ​ និង​ថ្លែង​ថា៖​

«ប៉ុន្តែ​ យើង​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ​ ក៏យើង​ជូនព័ត៌មាន​ទៅ​អគ្គ​ក្រុមប្រឹក្សា​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ​ពាណិជ្ជកម្មពិភពលោក​ដែរ​ មុននឹង​ប្រតិបត្តិ​នៅ​កម្ពុជានេះ»។​

VOA​ ​មិន​ទាន់​អាច​ទាក់​ទង​លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ដើម្បីសុំការ​អធិប្បាយ​បន្ថែម​ពីលោក​បាន​ទេ​ នៅថ្ងៃ​ពុធ​នេះ​ ​ដោយ​ទូរស័ព្ទ​លោក​រោទ៍តែគ្មាន​អ្នក​ទទួល។​

យោង​តាម​សេចក្តី​ប្រកាស​ដដែល​របស់​ព្រឹទ្ធសភា​ ​បាន​ឲ្យដឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ក៏​មាន​គោលដៅ​កំណត់​លក្ខខណ្ឌ​ បែប​បទ​ ​និង​នីតិវិធី​នៃការ​ផ្តល់​ និង​ការ​អនុវត្ត​ន៍អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៥ជំពូក​ ​និង​មាន​មាត្រា​២៤នេះ​ មាន​វិសាល​ភាពពាក់​ព័ន្ធ​នឹង​ផលិត​ផល​ឱសថ​ ដែល​ការពារ​ដោយ​ប្រកាស​នីយបត្រ​តក្កកម្ម ​ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​ភាព​អាសន្ន​ ឬ​កាលៈទេសៈ​បន្ទាន់​បំផុត។

លោក​ ​អ៊ុំ សារិទ្ធ​ ​អគ្គលេខាធិការ​ និងជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ មិន​ធ្វើការ​អធិប្បាយ​បន្ថែម​ទៅលើ​ខ្លឹម​សារ​នៃ​សេចក្តីព្រាង​ច្បាប់​ដែល​ទើប​តែ​នឹង​ត្រូវបាន​អនុម័ត​ ដោយព្រឹទ្ធ​សភា។​ ​លោក​បាន​បង្វែរ​សំណួរ​ ទៅ​លើ​អ្នកស្រី​ មាន​ សំអាន​ ប្រធាន​គណៈកម្មាធិការ​សុខាភិបាល​ ​និង​សង្គមកិច្ច​នៃ​ព្រឹទ្ធ​សភា​។​

អ្នកស្រី​ ​មាន សំអាន​ ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សុខាភិបាល​ ​និង​សង្គម​កិច្ច​នៃ​ព្រឹទ្ធសភា​ ​មាន​ប្រសាសន៍​ថា​ ​សេចក្តី​ព្រាង​ច្បាប់​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​មាន ​គោល​ដៅបម្រើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅពេល​មាន​គ្រោះ​អាសន្ន​ណាមួយ​កើត​ឡើង​ ពោល​គឺ គ្រោះ​ធម្ម​ជាតិ​ជាដើម។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ជាការពិត​ហើយ​ នៅពេល​ដែលប្រទេស​យើង​មាន​ករណី​គ្រោះអាសន្ន​ធ្ងន់​ធ្ងរ​ដូច​ជាគ្រោះ​ធម្ម​ជាតិ ឬក៏គ្រោះ​បង្កឡើង​ដោយ​មនុស្ស​ក្តី​ ដូច្នេះ​គឺអាច​បញ្ជា​បាន​ ដើម្បី​ធ្វើ​យ៉ាងណា​ធានាបាន​នៅក្នុង​ការ​ការ​ពារ​នូវ​ ផ្តល់​នូវ​សេវា​សុខភាព​សាធារណៈ​ ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ នៅពេលដែល​មាន​ ប្រទេស​យើង​ដែល​មាន​គ្រោះអាសន្ន​អ្វីមួយ»។​

​អ្នកស្រី​មានប្រសាសន៍​បន្តថា​ ​ការ​បញ្ជាទិញ​ឱសថ​ ​អាចនឹង​ធ្វើឡើង​ ទៅតាម​កាលៈទេសៈ​ នៃ​ស្ថានភាព​ឆ្លង​របស់មេរោគ​ជាក់​លាក់​ណាមួយ។​

អ្នកស្រី​ថ្លែង​ថា៖​

«ប្រភេទ​ឱសថ​ហ្នឹង​ សំខាន់​សំដៅថា​ តើ​បញ្ហា​អី​ដែល​ជាបញ្ហា​ ជាបន្ទាន់​ ឧទាហរណ៍​ដូច​ជា​ បញ្ហា​គ្រោះអាសន្ន​ដែល​បង្កឡើង​ដោយ​ជំងឺ​ឆ្លង​ ឬក៏អាសន្ន​រោគ​ ឬក៏បញ្ហា​អី​មួយ​ ហើយ​ទាម​ទារ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់​នោះ​ គឺវា​ទៅ​ អាស្រ័យ​ទៅ​ដោយ​ស្ថានភាព​ជាក់​ស្តែង​នៅពេល​វេលា​នីមួយៗ»។​

ការប្រជុំ​ព្រឹទ្ធសភា​កម្ពុជា​សម្រាប់​នីតិកាល​ទីបី​ ដែល​ជិតនឹង​ផុតអាណត្តិ​នេះ​ កើតមាន​ឡើង​ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដ៏ចម្រូង​ចម្រាសកាលពី​ខែកុម្ភៈ​ឆ្នាំ​ ២០១៨​ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណ​បក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​រំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល។ ​ការ​បោះឆ្នោត​នេះ​ ​បាន​រងការ​រិះគន់​ពីសហគមន៍​អន្តរជាតិ​ ដែលជាប្រទេស​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ថា ជា​ការ​បោះឆ្នោត​ដែលមិន​ត្រូវបាន​ធ្វើឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​ពោល​គឺ​មា​នការ​បិទសំឡេង​អ្នកជំទាស់។​

យ៉ាង​ណាក្តី​ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ ​សីហមុនី​ ​នឹង​យាង​ធ្វើ​ជា​ព្រះរាជ​អធិបតី កិច្ចប្រជុំ​នីតិកាល​ទីបួន​លើកដំបូង​របស់​ព្រឹទ្ធសភា​ ​ដែល​បន្តស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច នៅថ្ងៃទី​២៣​ ​ខែមេសា​ ​ខាងមុខ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG