ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​ខ្មែរ​ពិភពលោក​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ពហិការ​ការបោះឆ្នោត


ក្រុម​អ្នកចូលរួម​សន្និសីទ​ខ្មែរ​ពិភពលោក​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្រ្តាលីពី​ថ្ងៃ​​​ទី៣១ ខែ​មីនា ដល់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ២០១៨ បាន​ថតរូបជុំ​គ្នា​ទុកជា​អនុស្សាវរីយ៍។ (រូបថតផ្តល់ឲ្យ)
ក្រុម​អ្នកចូលរួម​សន្និសីទ​ខ្មែរ​ពិភពលោក​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្រ្តាលីពី​ថ្ងៃ​​​ទី៣១ ខែ​មីនា ដល់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ២០១៨ បាន​ថតរូបជុំ​គ្នា​ទុកជា​អនុស្សាវរីយ៍។ (រូបថតផ្តល់ឲ្យ)

ក្រុម​អ្នកចូលរួម​សន្និសីទ​ខ្មែរ​ពិភពលោក​ក៏​បាន​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត​​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​បាន​ចាត់​ទុក​ថា «របប​ផ្តាច់ការ​ត្រូវ​តែ​បញ្ចប់‍» តាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល VOAទទួល​បាន។

មេដឹកនាំ​សហគមន៍​ខ្មែរ​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​សន្និសីទ​ខ្មែរ​ពិភពលោក បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ធ្វើ​ពហិការ​ការបោះឆ្នោត​ជាតិក្នុង​ពេល​ខាងមុខ​ប្រសិន​បើ​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេ។

សន្និសីទ​រយៈពេល​បីថ្ងៃ​នេះ មាន​ការចូលរួម​ដោយ​អ្នកដឹកនាំ​សហគមន៍​ខ្មែរ​មកពី​ទូទាំង​ពិភព​លោក ហើយបាន​រៀបចំ​ឡើងកាលពី​ថ្ងៃ​ទី៣១ ខែ​មីនា ដល់​ថ្ងៃទី​២ ខែ​មេសា​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្រ្តាលី។​

លោក​ហុង លីម អ្នកតំណាងរាស្រ្ត​អូស្រ្តាលី​ដែល​មាន​ដើម​កំណើត​ខ្មែរ​និង​ជា​អ្នករៀបចំ​សន្និសីទនេះបានពន្យល់​ថា៖

«ពីព្រោះ​យើងយល់​ថា​ប្រសិន​បើ​គ្មាន​គណបក្ស​ប្រឆាំង​ទេ គណបក្ស​ដែល​ធំ​ជាងគេ​ហើយ​ដែល​គេ​បំផ្លិច​បំផ្លាញ​មិន​ចង់​ឱ្យ​មាន​សកម្មភាព​ចូល​ទៅ​រួម​ទេ គឺ​ថា​ការបោះឆ្នោត​នេះ​គឺជា​ការបោះ​ឆ្នោតអត់​ន័យ​គឺបោះឆ្នោត​បាយឡុកបាយឡ​បោះឆ្នោត​កំប្លែង​លេង​ម្នាក់ឯង​របស់​ពួកលោក​ហ៊ុន​សែន។ យើង​យល់​ថា​ត្រូវ​ឱ្យ​ពិភពលោក​ចាប់​អារម្មណ៍​ពី​រឿង​ហ្នឹង​ហើយ​មិន​អាច​ទទួល​ស្គាល់​បាន​ទេ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​អន្តរជាតិ​ហ្នឹង​ចាប់​យក​ជំហរ​ដូច​ពី​រយៈ​ពេល​១០ឆ្នាំ​ដែល​កងទ័ព​វៀតណាម​មក​កាន់កាប់​ស្រុក​ខ្មែរ​ហើយ​បន្តុប​លោក​ហ៊ុន សែន​ឱ្យ​កាន់​អំណាច​ជាដើម‍»។​

លោក​ហុង​ លីម​បន្ថែម​ថា​ការដាក់​ទណ្ឌកម្ម​គឺត្រូវ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដោយ​ផ្តោត​លើ​ផ្នែក​សេដ្ឋកិច្ច គឺ​មិន​ត្រឹមតែ​ការឃាមឃាត់​ទិដ្ឋាការ​ប៉ុណ្ណោះ​ទេ។

«ការណ៍​ដែល​យើង​អំពាវនាវ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ហ្នឹង​គឺ​គាប​សង្កត់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដោយ​ខ្លាំង​បំផុត​ដូចដែល​គេ​ធ្លាប់​ធ្វើ​នៅ​ប្រទេស​ភូមា​ដែល​អាជ្ញាធរ​ភូមា​ត្រូវ​តែ​សុខចិត្ត​ហៅ​លោក​ស្រី អង់សាន ស៊ូជី មក​ចូល​ក្នុង​រដ្ឋាភិបាល‍»។

ក្រុម​អ្នកចូលរួម​សន្និសីទ​ខ្មែរ​ពិភពលោក​ក៏​បាន​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀតជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​បាន​ចាត់​ទុក​ថា «របប​ផ្តាច់ការ​ត្រូវ​តែ​បញ្ចប់‍» តាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល VOAទទួល​បាន។

សេចក្តី​សម្រេច​ក៏​បាន​ពិនិត្យ​មើល​លើ​បញ្ហា​សំខាន់ៗ​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការលុបបំបាត់​អំពើ​ពុករលួយ ការទទួល​បាន​សេវា​សុខាភិបាល ឯករាជ្យភាព​តុលាការ បូរណភាព​ទឹកដី​ ចំណាក​ស្រុក និង​សិទ្ធិ​ស្ត្រី​ក្នុង​ឆាក​នយោបាយជាដើម។ អ្នករៀបចំ​សង្ឃឹម​ថា នឹង​ប្រគល់​អនុសាសន៍​ដែល​មាន​៨៥ចំណុច​សម្រាប់​កែលម្អ​បញ្ហា​ប្រឈម​ទាំងនេះ​ទៅ​ឱ្យ​គណបក្ស​នយោបាយ​ណា​ដែល​នឹង​ឈ្នះឆ្នោត ហើយ​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ពេល​ខាងមុខ។

រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ការធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំចុងក្រោយ​នេះ។​ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅខែ​វិច្ឆិកា​ឆ្នាំ​មុន​បន្ទាប់​ពី​បាន​ចាប់​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពីបទ​ឃុបឃិតជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ទង្វើរបស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចេញ​មក​បោះឆ្នោត​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​បាន​កើន​សំឡេង​ជាខ្លាំង​ក្នុង​ពេល​ដែល​សំឡេង​គាំទ្រ​គណបក្ស​កាន់អំណាច​មាន​ការថយចុះ។ ​

លោក ហ្ការេត អេវ៉ាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​និង​ជាអ្នក​បាន​ចូលរួមផ្ចុង​ផ្តើម​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​កម្ពុជា​បាន​ប្រាប់​ដល់​ក្រុមអ្នកចូលរួម​ថា​លោក​សរសើរ​ដល់​«ភាពក្លាហាន‍»​និង​«ការតស៊ូ‍»​របស់​ពលរដ្ឋ​កម្ពុជា​ហើយ​វា​ជា​ការសំខាន់​ណាស់​ដែល​អ្នក​នយោបាយ​ត្រូវ​រក្សា​ក្តី​សង្ឃឹម​កុំ​ឱ្យ​ពួកគេ​បាក់ទឹកចិត្ត។

នៅក្នុង​បទសម្ភាស​ដោយ​ឡែក​ជាមួយ​នឹង​អ្នកសារព័ត៌មាន​លោក​អេវ៉ាន​បាន​បញ្ជាក់​ថា ការសម្រេច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឬ​មិន​ចូលរួម​អាស្រ័យ​លើ​ឆន្ទៈ​របស់​គណបក្ស​ប្រឆាំង​ប៉ុន្តែ​គំនិតផ្ទាល់​របស់​លោក​គឺ​ថា​ត្រូវ​បន្ត​ចូលរួម​ជាជាង​ទុក​ឆាកនយោបាយ​ទាំងមូល​ឱ្យ​បក្ស​កាន់​អំណាច។

យ៉ាងណាក៏ដោយ​លោក​វាយតម្លៃ​ថា​ផ្អែកលើ​សភាព​ការណ៍​ដែល​កើតមាន​រហូត​មក​ដល់ពេល​នេះ​គឺការបោះឆ្នោត​ខាងមុខ​គ្រាន់តែ​ជា«ការបោះឆ្នោត​ក្លែងបន្លំ‍»ប៉ុណ្ណោះ។

«ការបោះឆ្នោតនេះ​គឺ​គ្រាន់តែ​ជា​ឡប់ឡែ​ប៉ុណ្ណោះ។ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត​ដូចនេះ។ តើ​ថា​មិន​ឡប់ឡែ​យ៉ាងម៉េច​បើ​គណបក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​គេ​ហាមឃាត់​ហើយ​នោះ?‍»

លោកស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទនោះ​បាន​យល់​ស្របថា​វត្តមាន​របស់​អតីត​គណបក្ស​ប្រឆាំង​នេះ​គឺជា​ការចាំបាច់ប៉ុន្តែ​មិន​បញ្ជាក់​ពី​ជំហរ​ចុងក្រោយ​របស់​គណបក្ស​ក្នុងការធ្វើ​ពហិការ​ឬយ៉ាងណា​នៅ​ឡើយ​ទេ៖

«ជាគោលការណ៍​យើង​យល់​ច្បាស់​ណាស់​ថា​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់​លោក​បាន​បោះឆ្នោត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​ដោយ​វិជ្ជមាន​ដូច្នេះ​បើ​សិន​ជា​គ្មាន​វត្តមាន​នៃ​គណបក្ស​សង្គ្រោះជាតិ​ទេ​យើង​ខ្ញុំ​យល់​ឃើញ​ថា​ការបោះឆ្នោត​នោះ​មិន​មែន​ជា​ការបោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ត្រឹម​ត្រូវ​សេរីយុត្តិធម៌​ដែលអាច​ទទួល​យក​បានទេ។ ជាការ​ត្រឹមត្រូវ​ណាស់​ពីព្រោះ​យើង​ត្រូវ​តែ​លើកស្ទួយ​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាង​ពាក់កណ្តាល​នគរ‍»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​សភា​តំណាងរាស្ត្រ​អណត្តិទី​៦​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាងមុខ​នេះ។ អ្នកវិភាគ​នានា​មើល​ឃើញ​ថា​ដោយ​អវត្តមាន​គូប្រជែង​ដ៏​មាន​សក្តានុពល​គឺ​គណបក្ស​ប្រជាជនកម្ពុជាអាច​នឹង​ឈ្នះឆ្នោត​នេះ​ដោយ​ងាយស្រួលហើយ​ពង្រីក​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែនរហូតជិត៤០ឆ្នាំ។

លោក​សួស យ៉ារ៉ា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់ទុក​ថា​ការអំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅបោះឆ្នោត​គឺ​ដើរផ្ទុយនឹង​ចរន្ត​នៃ​លទ្ធិប្រជាធិបតេយ្យ។

«សម្រាប់​យើង​យល់​ថា​វាជា​សេរីភាព​របស់​ប្រជាជន​ក្នុងការ​ទៅបោះឆ្នោត​និង​បដិសេធ​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ គេមានសិទ្ធិ​ទៅបោះឆ្នោត​ហើយ​ក៏មានសិទ្ធិ​មិន​ទៅបោះឆ្នោត​ដែល​នេះ​ជា​សិទ្ធិរបស់​បុគ្គលដែល​នេះ​ជា​លទ្ធិ​ប្រជាធិបតេយ្យមួយ។ ប៉ុន្តែការជំរុញ​ឱ្យ​ពហិការ​មិន​ទៅ​បោះឆ្នោត​គឺជា​ការមួយ​ដែល​អស់លោកទាញនូវ​អ្វី​ដែល​ឈាន​ទៅមុខ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា‍»។​

ប្រទេស​ចំនួន​៤៥​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ឯក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាលពីចុងខែ​មីនាឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ស្ថានការណ៍​ឱ្យ​បាន​ដូចដើមវិញ​និង​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។

ប៉ុន្តែ​លោក​សួស យ៉ារ៉ា​បាន​ចាត់​ទុក​ថា​សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​មើលដល់​ចំណុច​វិជ្ជមាននៃការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ទេ។​

លោក​បាន​បន្ថែមថា៖

«អ្នកដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ហ្សឺណែវ​ហ្នឹង​គឺជា​ការថ្លែងមួយ​ដែល​មិន​បាន​គិត​សព្វជ្រុងជ្រោយ​ហើយ​ក៏​ធ្វើ​ឡើង​ក្រោម​ការ​ញុះញង់​របស់​តំណាង​អ្នកមានអំណាច​នៅក្នុង​អង្គការ​នោះ​ទាំងស្រុង​។ អីចឹង​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​លើ​ករណី​ប្រជាធិបតេយ្យនិង​ការ​រីកចម្រើន​នៅ​កម្ពុជា​ទេ‍»។​

អង្គភាព​ស៊ើបការណ៍​សេដ្ឋកិច្ច​បាន​វាយ​តម្លៃ​ថា​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​១២៤​ក្នុង​ចំណោម​១៦៧ប្រទេស​ដោយ​ធ្លាក់ចុះ​ពី​«រដ្ឋាភិបាល​កូនកាត់‍»មួយ​មក​ជា​របប​«ដឹកនាំផ្តាច់ការ‍»​ដោយសារ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ដៃគូ​ប្រកួត​ដ៏ធំ​មួយ​របស់​គណបក្ស​កាន់​អំណាច។

អ្នកនយោបាយ​គណបក្ស​ប្រឆាំង​មួយចំនួន​បាន​រត់ភៀសខ្លួន​មក​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពីការ​ធ្វើ​ទុក្ខបុកម្នេញ​និង​បន្ត​សកម្មភាព​នយោបាយ​ក្នុង​ខណៈពេល​ដែល​សហការី​របស់​ពួកគេ​មួយ​ចំនួន​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ប៉ុន្តែមិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​ធំដុំ​អ្វីទេ៕

XS
SM
MD
LG