ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.ប្រកាស​ទទួលយក​អ្នក​សង្កេត​ការណ៍ជាតិ​ ​សម្រាប់​ការ​បោះឆ្នោត​ជាតិខែ​កក្កដា


រូបឯកសារ៖ លោក ស៊ិក ប៊ុនហុក (កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ស៊ិក ប៊ុនហុក (កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ក្រុមអង្គការ​សង្គមស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើការ​ឃ្លាំមើល​ដំណើរ​ការ​បោះ​​ឆ្នោត​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ការ​រារែក​ចិត្ត​ក្នុង​ការ​ចុះបញ្ជី​អ្នក​សង្កេត​ការណ៍​ ​បើយោង​ទៅ​លើស្ថាន​ភាព​នយោ​បាយ​បច្ចុប្បន្ន​ ​ដែល​មិនមាន​វត្ត​មាន​គណបក្ស​ដែល​មាន​ជំហរផ្ទុយ​នឹង​រដ្ឋាភិបាល​​ ហើយ​អាច​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

​បន្ទាប់ពីបាន​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ​ ​អំពី​ការ​ចុះបញ្ជី​គណ​បក្ស​ ​ដើម្បី​ចូលរួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ខែ​កក្កដា​ ​ខាង​មុខនេះ​ ​គ.ជ.ប.​ ​បាន​ប្រកាស​ទទួល​យក​អ្នក​សង្កេត​ការណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ចូលរួម​តាមដាន​ ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​អាច​ប្រឈម​នឹង​ការ​មិន​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​នៅ​បស្ចិម​លោក​ ​ប្រសិន​បើមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​។​ ​អ្នក​សង្កេត​ការណ៍​ក្នុងស្រុក​ បានបង្ហាញ​ការ​អល់​អែក​ ​ក្នុង​ការ​ចុះ​បញ្ជី​ ​ខណៈ​ដែល​អ្នកនយោបាយ​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ មួយរូប​ចោទសួរ​ពីឯក​រាជ្យ​ភាព​របស់​គ.ជ.ប​.​ ហើយថា​ ​បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិនោះទេ​ ​ការបោះ​ឆ្នោត​នាពេល​ខាង​មុខ​នោះ​ ​នឹង​ប្រែក្លាយ​ជា​រឿង​ឥត​ន័យ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ថា​ ​(គ.ជ.ប.)​ ​ប្រកាស​ទទួល​ពាក្យសុំ​ចុះ​បញ្ជី​ឈ្មោះ​ ​អ្នកសង្កេត​ការណ៍ជាតិ​ និង​អន្តរជាតិដើម្បីឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាងមុខ​នេះ។ ​នេះបើតាម​សេចក្តីប្រកាស​របស់​ ​គ.ជ.ប.​ ​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ពុធ។

ការ​ចុះឈ្មោះ​បញ្ជី​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​នេះ​ ​នឹង​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី ២៣ ​ខែ​មេសា​ ដល់​ថ្ងៃ​ទី​ ១៨ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៨​ វេលា​ម៉ោង​ ១៧ និង​ ៣០​នាទី។

ក៏ប៉ុន្តែ ​ក្រុមអង្គការ​សង្គមស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ការ​រារែក​ចិត្ត​ក្នុង​ការ​ចុះបញ្ជី​អ្នក​សង្កេត​ការណ៍​ ​បើយោង​ទៅ​លើស្ថាន​ភាព​នយោ​បាយ​បច្ចុប្បន្ន​ ​ដែល​មិនមាន​វត្ត​មាន​គណបក្ស​ដែល​មាន​ជំហរផ្ទុយ​នឹង​រដ្ឋាភិបាល ហើយ​អាច​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

យោង​តាម​សេ​ចក្តីប្រកាស​របស់​ គ.ជ.ប.​ ចុះថ្ងៃទី៣ ​ខែមេសា​ ឆ្នាំ​២០១៨​ ​និង​ចែកចាយ​ឱ្យ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃពុធ​នេះ​ ​បានបញ្ជាក់ថា​ អ្នក​សង្កេត​ការណ៍​ នឹង​ទទូលបាន​គំរូពាក្យ​សុំចុះឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ​ ឬ អាច​ទាញ​យក​ទម្រង់​បែបបទ​របស់​ខ្លួន​ពី​គេហទំព័រ​របស់​ គ.ជ.ប​ ហើយ​ត្រូវយក​ពាក្យទៅ​ដាក់​នៅរៀងរាល់​ម៉ោង​ធ្វើការ​ ចាប់​ពី​ពេល​ព្រឹក​ ​រហូត​ដល់​ពេលល្ងាច។

គ.ជ.ប. ​បាន​បញ្ជាក់​ឲ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ ​តាម​ន័យដើម​ថា៖

«​អ្នកសង្កេត​ការណ៍​ជាតិ​ ​គឺ​ជាជនជាតិ​ខ្មែរ​ ​ឬ​ជនបរទេស​ដែល​ជា​សមាជិក​នៃ​សមាគម​ ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ ​និង​អនុញ្ញាត​ដោយ​ គ.ជ.ប.។​ ​បេក្ខជន​ឈរ​ឈ្មោះ​ បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ មេភូមិ​ ជំនួយការ​មេភូមិ​ និង​កម្លាំង​ប្រដាប់​អាវុធ​ មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជាអ្នក​សង្កេតការណ៍​ ដើម្បី​សង្កេតមើល​ដំណើរ​ការបោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ទេ»។

គ.ជ.ប.​ ​ក៏​បាន​តម្រូវ​ឲ្យ​ ​អ្នក​សង្កេតការណ៍​ជាតិ ​និងអន្តរជាតិត្រូវ​ផ្តល់​របាយការណ៍​ ​ជាលាយ​លក្ខណ៍​អក្សរ​ស្តីពី​ការ​សង្កេត​ឃើញ​ និង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​នៅក្នុងដំណើរ​ការ​បោះឆ្នោត​ រួចផ្ញើជូន​ គ.ជ.ប.​ បន្ទាប់​ពី​ដំណើរ​ការ​បោះឆ្នោតចប់​សព្វ​គ្រប់។

ក្នុងការ​បោះឆ្នោត​ ព្រឹទ្ធសភា​ ​កាលពីខែ​ ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដែលមិន​រណប​នឹង​រដ្ឋាភិបាល​ធំៗ​ចំនួន​ពីរ​ ​បាន​ពហិការ​មិនចូល​រួម​ឃ្លាំ​មើល​ការបោះឆ្នោតនេះ​ទេ​ ដោយ​យល់​ថា​ ការបោះឆ្នោត​នេះ​ ធ្វើឡើង​ជាលក្ខណៈ​អសកល​ ហើយ​អង្គបោះឆ្នោតមួយភាគធំ​ មិន​មាន​ភាព​ជា​តំណាង​របស់​ប្រជាពល​រដ្ឋ​ ​ក្រោយការ​រំលាយគណបក្ស​ប្រឆាំង​ទៅតាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។

ភ្លាមៗ​ ​ក្រោយការ​បញ្ចប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ពេលនោះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​(ASEAN Parlianmentarian for Human Rights)​ ​ក៏បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​របស់​កម្ពុជា​ ​«មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​តាម​បែប​ប្រជា​ធិបតេយ្យ​នោះ​ទេ ​ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​និង​បរិយាកាស​គាប​សង្កត់​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស»។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​មិន​ចួល​រួមឃ្លាំមើល​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​សម្រេច​ចិត្ត​ថា​ នឹង​ចូល​រួម​ឃ្លាំ​មើល​ការ​បោះឆ្នោតខែ​កក្កដា​ ​ខាងមុខ​នេះ​ នឹង​ត្រូវ​ធ្វើឡើង​ ​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​បញ្ជី​គណ​បក្ស​នយោបាយ​នៅត្រឹម​ពាក់​កណ្តាល​ខែ​ឧសភា​ ​ខាងមុខ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖

«យើង​នឹង​ធ្វើការ​សម្រេចចិត្ត​មួយ​ ព្រោះថា​ ការសម្រេចចិត្ត​នេះ​ ​គឺ​មិនមែន​ជាការ​សម្រេចចិត្ត​មួយ​ដោយ​ឡែក​ ​សម្រាប់​តែអង្គការ​ខុមហ្វ្រែល​ទេ​ គឺថាមាន​ស្ថាប័ន​NGO ​ផ្សេងៗ​ទៀត​ លោកនឹង​ ធ្វើការ​ចូលរួម​អំពីការ​សម្រេចចិត្ត​ បញ្ហា​ពាក់​ព័ន្ធ​រឿង​អស់​នេះ​។​ ហើយ​យើង​កំពុង​តែ​ជជែក​ បញ្ហាទាំង​អស់​នេះ​ ​ហើយ​ម្យ៉ាង​ទៀត​ ទោះបីថា​ នៅក្នុង​កម្រិត​ដំណាក់​កាល​ណាក៏ដោយ​ យើង​ដាក់​អ្នកសង្កេត​ការណ៍​ចូលរួម​ ឬក៏មិនចូលរួម​យ៉ាងម៉េច​ក៏ដោយ ​ក៏ប៉ុន្តែ​នៅក្នុង​តំណាក់​កាល​ពេលនេះ ​មក​ដល់​ពេលនេះ​ គឺថា​ ខាង​ខុមហ្វ្រែល​កំពុងតែ​ត្រៀម​រៀបចំ​នូវ​សម្ភារៈ​ និង​ឯកសារ​ផ្សេងៗ​ ក៏ដូចជា​ការ​ ធនធាន​ផ្សេងៗ​ ដើម្បីធ្វើការ​ សម្រេចចិត្ត​ នៅពេល​ដែល​យើង​ធ្វើការ​សម្រេចចិត្ត​នៅក្នុង​ខែ​ ពាក់​កណ្តាល​ខែ​ប្រាំ​ហ្នឹងបាទ»។

លោក​កន សាវាង្ស​ ​លើកឡើង​បន្ថែម​ទៀត​ថា​ ​ខុមហ្វ្រែល​នឹង​មិន​យក​បញ្ហាវត្តមាន​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ​ឬ​អវត្តមាន​គណបក្ស​នេះ​ក្នុង​ការ​បោះឆ្នោត​ ​មក​ភ្ជាប់​ជាមួយ​ការ​សម្រេច​ចិត្ត​ថា​ នឹង​ដាក់​អ្នក​សង្កេត​ការណ៍​ ឬ​យ៉ាងណា​នោះ​ទេ​ ​តែ​ខុម​ហ្វ្រែល​ចង់ឃើញ​ ​គ្រប់​គណ​បក្ស​នយោបាយ​ និង​អ្នក​នយោបាយ​ទាំងអស់​បាន​ចួលរួមការ​បោះឆ្នោត ដោយឈរ​លើ​គោលការណ៍​ស្មើភាព​ គ្មានការ​រើស​អើង​ និងការ​គំរាម​កំហែង។

លោក​បាន​ថ្លែង​សំដៅដល់​ ​ក្រុមអ្នក​នយោបាយ​ចំនួន​ ​១១៨​នាក់​របស់​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អំណាច​តុលាការ​ ​មិន​ឲ្យ​ធ្វើ​នយោ​បាយ​យ៉ាង​ដូច្នេ៖

«បេក្ខជន​គណបក្ស​នយោបាយ​វាជារឿង​សំខាន់​មួយ​ ដែល​ធ្វើការ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​។ អ៊ីចឹង​ ទោះបី​ថា​ គាត់​នៅក្នុងគណបក្ស​ណាក៏ដោយ​ គាត់​ធ្វើកិច្ចការ​ងារ​បក្ស​ណាក៏ដោយ​ ប៉ុន្តែ​ឲ្យ​តែ​សិទ្ធិនៃ​គណបក្ស​នយោបាយ​ ទាំងអស់ ដែល​ជាពិសេស​ សិទ្ធិនៃគណបក្ស​នយោបាយបេក្ខជន​ ១១៨​ដែលត្រូវបាន​ហាម​ឃាត់​ហ្នឹង​ ​គាត់​ត្រូវបាន​ធានា​ក្នុងការ​ចួលរួម​អំពី​នៅក្នុងគណបក្ស​នយោបាយ​។អានេះ​ហើយ​ គឺ​ជា​ចំណុច​មួយ​ ដែលយើង​នឹង​មើល​ឃើញ​ថា​ វាជាការ​ចូលរួម​មួយ​ដែល​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា»។

គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​ ​៤០​ភាគរយ​ ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្រោម​បទ​ចោទ​ថា ​លោក​បាន​ចូល​ដៃ​ជាមួយ​បរទេស​ ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ ​តុលាការ​កំពូល​ក៏​បាន​ហាម​ឃាត់​ក្រុម​មន្ត្រី​និងសមាជិក​នៃ​គណបក្ស​ប្រឆាំង​ចំនួន​ ​១១៨​នាក់​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។

លោក​ ​សំ គន្ធាមី​ ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​Nicfec​ ​មាន​ប្រសាសន៍​ថា ​ការប្រែ​ប្រួល​ស្ថាន​ការណ៍​នយោបាយ​ ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ Nifec​ ​និង​អង្គការ​ដៃគូ​ជា​ច្រើន​ផ្សេងទៀត​ ​នៅ​ក្នុង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឲ្យ​ឃ្លាំមើល​ការ​បោះ​ឆ្នោត។​ ​លោក​បញ្ជាក់​ថា​ ​បញ្ហា​ហិរញ្ញវត្ថុ​ ​ក៏​បាន​ធ្វើឲ្យ​ Nifec ​មានការ​ស្ទាក់​ស្ទើរ​ ​ចំពោះ​ការ​សម្រេច​ចិត្ត​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ផង​ដែរ។

«Nicfec​ អត់ទាន់​ចុះ​ទេ​ ពេលហ្នឹង​ ប្រហែល​ជា​ក្នុង​ មើលថ្ងៃ​ចុះបញ្ជី​ គណបក្ស​ ហើយនិង​បេក្ខជន​ហ្នឹង​ចាប់​ផ្តើម​ថ្ងៃ​៣០​ ខែ​៤ ចប់​ថ្ងៃ​១៤​ ខែ​៥ ដូច្នេះ​ប្រហែល​ជា​អាច​ពាក់​កណ្តាល​ខែ​ប្រាំ​ ចាំមើល​គេចុះ​បញ្ជី​គណបក្ស​ទីមួយ។ ហើយ​និង​ប្រជុំការ​ងារ​ ក៏​ពួក​អង្គការដៃ​គូ​ដែល​ធ្វើការនៅបន្ទប់​ស្ថានការណ៍​លើក​មុន​ យើង​នឹង​ប្រជុំ​គ្នា​ តើ​យើង​ចូល​ អ្នកណា​ចូលខ្លះ​ អ្នកណា​មិនចូល​អីៗ​ចឹង​ ហើយ​បរិយាកាស​នយោបាយ​ ចំណុចមួយ។ ​ចំណុចពីរ​ យើងស្វែងរក​កញ្ចប់​ថវិកា​ណ៎ា!​ យើង​ស្វែងរក​ថវិកា​ ព្រោះអី​ ជំនួយម្ចាស់​ជំនួយមុន​ អត់មាន​ទៀត​ទេ ដូច្នេះយើង​ត្រូវ​រក​ donor ថ្មី​បាទ»។

មេដឹកនាំ​អង្គការ ​Nicfec ​រូបនេះ​ ​បាន​ថ្លែងថា​ ស្ថាប័នរបស់​លោក​បាន​បាត់​ជំនួយមនុស្ស​ធម៌​ពី​សហ​ភាព​អឺរ៉ុប​ និងដៃគូរ​ផ្សេងទៀត។​

ក្រុម​សហគមន៍​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​ពីរ​ ​គឺ​សហភាពអឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​ និង​បាន​រឹតបន្តឹង​លើ​ទិដ្ឋាការ​សម្រាប់​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូលដៃ រំ​លាយគណបក្ស​ប្រឆាំង​។​ ​សហគមន៍​ប្រជាធិបតេយ្យ​ ទាំងពីរក៏បាន​ប្រកាស​ដក​ការ​គាំទ្រ​ដល់​គ.ជ.ប.​ ផងដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​Human Rights Watch​ ​ក៏បាន​ប្រតិកម្មជា​បន្តបន្ទាប់​ ប្រឆាំង​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​។ អង្គការ​ដែលមាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​មួយនេះ​ អះអាង​ថា​ ការបោះឆ្នោត​នៅខែកក្កដា​ ខាងមុខ​ នឹង​ប្រឈម​ការខ្វះខាត​ភាពស្រប​ច្បាប់​ ប្រសិន​គ្មានវត្តមានរបស់​គណបក្ស​សង្គ្រោះជាតិ។

លោក​ ​សុន ឆៃ​ ​អ្នកនយោបាយ​នៃ​គណបក្ស​ប្រឆាំង​ដែលត្រូវបាន​រំលាយតាមបណ្តឹង​របស់​រដ្ឋា​ភិបាល​ យល់​ឃើញថា​ ​គ.ជ.ប.​ ​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​ ​ទៅ​តាមច្បាប់​ទំាងឡាយ​ដែល​កែ​ដោយ​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច។​ ​លោកថា​ ​ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​សាធារជន​ ​មាន​មន្ទិល​ពី​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​បោះឆ្នោត​ជាតិ​មួយ​នេះ។

​«អ្វី​ដែល​កើត​មាន​សព្វថ្ងៃ​នេះ​របស់​ គ.ជ.ប.នោះ​ ​ទាំង​សមាសភាព​ ​ទាំងការ​ណែនាំ​ផ្សេងៗ​ គឺ​អនុវត្តន៍​ទៅតាម​ ​គោលការណ៍​ច្បាប់​ ដែល​អនុម័ត​ដោយ​គណបក្ស​មួយ​ មិនមែនជាការ​រៀប​ចំ​ច្បាប់​ដែល​អនុម័ត​ ​ឬ​ក៏​សម្រេច​ ដោយមានការ​ចូលរួម​ពី​គណបក្ស​ ដែល​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​នោះទេ​។ ដូច្នេះ​បាន​ថា​ អ្វីដែល​ជាការប្រកាស​របស់​គ.ជ.ប.​ ក្តី​ អ្វីដែល​ជាការ​រៀបចំ​ ឆ្ពោះទៅរក​ការ​បោះឆ្នោត​ខែ​កក្កដា​ក្តីហ្នឹង​គឺ​ថា​ ប្រជាពលរដ្ឋ​លោក​មិនសូវយក​ចិត្ត​ទុកដាក់​ទេ​ ហើយ​អន្តរជាតិ​ ក៏បានប្រកាស​ដែរ​ ​គេមិន​យក​ចិត្ត​ទុកដាក់​ទៅលើការ​រៀបចំ​ ការបោះឆ្នោត​របៀប​នេះ​ទេ​បាទ»។

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ឌឹម សុវណ្ណារុំ​ ​អ្នក​នាំពាក្យ​ ​គ.ជ.ប.​ ​តែ​លោក​រវល់​ក្នុង​កិច្ច​ប្រជុំ។

ដោយ​ឡែក​ នៅថ្ងៃ​ពុធនេះ​ ​លោក​ ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ ​បានចេញ​លិខិត​ផ្ទេរសិទ្ធិ​ ​ដល់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ ឲ្យធ្វើជា​តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

បើតាម​លិខិត​របស់​លោក​ ​ហ៊ុន សែន​ ​ចុះថ្ងៃទី​៤ ​ខែមេសា​ ​គឺប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​គ្រប់​ក្រុង​ ​ស្រុក​ ខណ្ឌ​ ក្នុង​ទូទាំង​ប្រទេសកម្ពុជា​ ​អាចចុះ​ ហត្ថលេខា​លើ​ ពាក្យ​សុំចុះឈ្មោះ​ ភ្នាក់​ងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ (តាម​ទម្រង់​បែបបទ​ដែល​កំណត់​ដោយ​ គ.ជ.ប.)​ ដើម្បី​សង្កើតមើល​ការ​បោះឆ្នោត​ និងការរាប់​សន្លឹក​ឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​ ​ឬ​ការិយាល័យ​ ​រាប់សន្លឹកឆ្នោត​នីមួយៗ​ក្នុង​ឃុំ​ សង្កាត់​ ដែល​ឋិត​នៅក្នុងក្របខណ្ឌ​នៃ​ក្រុង​ ស្រុក​ ខណ្ឌ​ របស់​ខ្លួន​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​ ២០១៨។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោតជាតិ​ ​លើកទី​៦នៅថ្ងៃទី២៩​ ​ខែកក្កដា​ខាងមុខ​ ​ដើម្បី​កំណត់​តំណាងរាស្ត្រនិង​គណបក្ស​កាន់​អំណាច​សម្រាប់​ដឹកនាំ​ប្រទេស​រយៈពេល៥ឆ្នាំ​ទៅ​មុខ​ទៀត។​ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធ្លាប់​បាន​បញ្ជាក់​ប្រាប់VOA​ ​កន្លង​មក​ថា​ពួកគាត់​មិន​មាន​ជំនឿ​ក្នុង​ការ​ទៅ​ ​បោះ​ឆ្នោត​ទៀត​នោះ​ទេ​ ​ក្រោយ​ការ​រំលាយ​របស់​បក្សជំទាស់​សង្គ្រោះជាតិ។​ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០ឆ្នាំ​ ​ធ្លាប់​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា​ ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្តទៅជា​ធម្មតា​តាម​ការ​គ្រោង​បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆំាង​ចូលរួម​ក៏​ដោយ៕

XS
SM
MD
LG