ក្រុមអង្គការសង្គមស៊ីវិលជាច្រើនដែលចូលរួមសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០១៧ មានការប្រយ័ត្នប្រយែងចំពោះការធ្វើអធិប្បាយស្តីពីការបង្កើតបន្ទប់ស្ថានការណ៍ ដែលធ្លាប់ធ្វើឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាខឹងសម្បារជាខ្លាំង បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលបានបង្ហាញថា គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលត្រូវបានរំលាយនោះ បានកើនការគាំទ្រជាង៤០ភាគរយ។
ក្រុមអង្គការសង្គមស៊ីវិលជាង៤០ ដែលបានរៀបចំបន្ទប់ស្ថានការណ៍ឃ្លាំមើលការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧ បានរងការព្រមានពីក្រសួងមហាផ្ទៃ ដែលហាមមិនឲ្យបន្ទប់ស្ថានការណ៍នេះកើតមានតទៅទៀតនោះ។
ក្រោយរងការព្រមានពីក្រសួងមហាផ្ទៃនិងលោក ហ៊ុន សែន យ៉ាងដូច្នេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនផ្តល់ការយល់ឃើញផ្សេងៗគ្នាថា ការបង្កើតបន្ទប់ស្ថានការណ៍ទំនងជាមិនអាចទៅរួច ហើយខ្លះទៀតថា នឹងពិចារណាទាមទារឲ្យមានការបង្កើតបន្ទប់នេះ នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត Nicfec មានប្រសាសន៍ថា៖
«កន្លងមក ខ្ញុំទទួលលិខិតពីក្រសួងដែរ Comfrel ហើយនឹង Nicfec ហ្នឹង គឺគេឲ្យបញ្ឈប់ ដូច្នេះ យើងអត់ចង់ជំទាស់ទេ។ យើងជជែកគ្នាអស់ហើយ។ យើងអត់ចង់ជំទាស់ទេ។ ប៉ុន្តែយើងមានវិធីសាស្ត្រ យើងធ្វើការរួមគ្នា ហើយយើងជួបពិភាក្សាគ្នា ជួបប្រជុំ NGO ធម្មតាណ៎ាបាទ»។
ប៉ុន្តែលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា ក្រសួងមហាផ្ទៃពិតជាបានហាមអ្នកសង្កេតការណ៍បោះឆ្នោតមិនឲ្យដំណើរការបន្ទប់ស្ថានការណ៍មែន។
លោកមានប្រសាសន៍ថា៖
«ក៏ប៉ុន្តែយើងនៅតែទទូចចង់បាន ព្រោះថា ការបង្កើតបន្ទប់ស្ថានការណ៍នេះមិនមែនជាបន្ទប់ មិនមែនជាលក្ខណៈខុសច្បាប់ទេ។ យើងយល់ឃើញថា វាជាលក្ខណៈស្របច្បាប់មួយ ស្របទៅតាម គេហៅថា ការចូលរួមរបស់សង្គមស៊ីវិល និងការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ។ នេះគឺជាចំណុចដែលយើងយល់ឃើញថា មិនមានអ្វីដែលជាចំណុចដែលខុសរឿងច្បាប់នោះទេ បាទ»។
នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជា បរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងខ្វះតម្លាភាព ទីលានប្រជែងនយោបាយ (Level of Playing Field) ដែលខ្វះសមភាព និងបទបញ្ញត្តិបដិវាទ (controversial) ខ្លះនៃក្របខ័ណ្ឌច្បាប់បោះឆ្នោតនិងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
ការណ៍នេះបានធ្វើឲ្យលោកហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំ កើតក្តីខឹងសម្បារ និងបានស្តីបន្ទោសខ្លាំងៗថា បន្ទប់ស្ថានការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលរៀបចំដោយអង្គការសង្គមស៊ីវិលជាង៤០នេះ បានធ្វើឲ្យអាប់អួរស្ថានការណ៍នយោបាយ។
លោក ហ៊ុន សែន បានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។
លោកបានថ្លែងក្នុងថ្ងៃប្រារព្ធខួបលើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០១៧ យ៉ាងដូច្នេះ៖
«តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌? ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់ លើអ្វីដែលពួកគេបាននិងកំពុងធ្វើ ក្រោមលេសតាមពិនិត្យមើលនៃការបោះឆ្នោត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានហៅការវាយតម្លៃរបស់បន្ទប់ស្ថានការណ៍អំពីបរិយាកាសបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ថា ជាការមើលស្រាលដល់សមត្ថភាពរបស់គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលខិតខំធានាបានការរៀបចំការបោះឆ្នោតក្នុងបរិយាកាសគ្មានអំពើហិង្សា និងការភ័យខ្លាច។ លោកអះអាងថា ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបាននិយាយថា ការបោះឆ្នោតឃុំ-សង្កាត់នាឆ្នំាំនោះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលជាស្ថាប័នបានចូលរួមក្នុងបន្ទប់ស្ថានការណ៍ បានថ្លែងថា ការរំលោទសិទ្ធិអ្នកបោះឆ្នោតគឺជាផ្នែកសំខាន់មួយនៃការឃ្លាំមើលដំណើរការបោះឆ្នោតរបស់អង្គការលីកាដូ។ លោកមានប្រសាសន៍ថា លីកាដូមិនទាន់មានផែនការជាក់លាក់ ដែលមានទំនាក់ទំនងដល់ការបង្កើតបន្ទប់ស្ថានការណ៍នោះនៅឡើយទេ។
«មិនមែនទៅ អង្គការលីកាដូ រហូតមកទល់ពេលនេះ យើងអត់ទាន់មានគម្រោងជាក់លាក់ណាមួយថា យ៉ាងម៉េចទេ ប៉ុន្តែគ្រាន់តែថា អង្គការលីកាដូយើងនៅតែរក្សា ក្នុងការងាររបស់ខ្លួន គឺការឃ្លាំមើលទាក់ទងនឹងការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតខាងមុខនេះ ប៉ុន្តែទាក់ទងនឹងការសម្រេចចិត្តចូលរួមសង្កេតការណ៍អីយ៉ាងណានោះ យើងមិនទាន់គិតឲ្យបានច្បាស់លាស់ទេបាទ»។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមអ្នកសង្កេតការណ៍អាចស្នើមកក្រសួងមហាផ្ទៃ ដើម្បីរៀបចំបន្ទប់ស្ថានការណ៍មួយដែលមានជំហរអព្យាក្រឹត និងមិនបម្រើដល់ផលប្រយោជន៍របស់គណបក្សប្រឆាំង ដែលលោកអះអាងថា បានរលាយបាត់ទៅហើយនោះ។
«ឥឡូវនេះ វាគ្មានគណបក្សប្រឆាំងឯណាទៀតទេ។ វាអាលាយហិនហោចអស់ហើយ រលាយសូន្យសុងទៅហើយ។ ក៏ប៉ុន្តែបើថា ធ្វើមែន ធ្វើឲ្យច្បាស់លាស់។ ប៉ុន្តែបន្ទប់ស្ថានការណ៍ហ្នឹង ខ្ញុំយល់ថា ដាក់ពាក្យមក ការណ៍ដែលធ្វើបាន មិនបានគឺអាស្រ័យទៅលើការពិនិត្យពិចារណា ហើយនឹងដាក់គោលការណ៍ច្បាស់លាស់មកគឺពិនិត្យឡើងវិញ។ ក្នុងករណីហ្នឹង យើងចង់បានអ្នកសង្កេតការណ៍ដោយពិតប្រាកដហ្នឹង ហើយមិនមែនអ្នកសង្កេតការណ៍ គ្រាន់តែធ្វើជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំង ដូចកន្លងទៅ២០១៣ទេ ព្រោះយើងមានមេរៀនហើយ នៅ២០១៣នេះ។ មេរៀនឆ្នាំ២០១៣បានបង្រៀនឲ្យយើងជាប្រវត្តិសាស្ត្រសម្រាប់ជាការដកពិសោធន៍នៅឆ្នាំបន្តៗទៀត។ អីចឹងបានសេចក្តីថា អត់មានអីដែល repeat [ធ្វើឲ្យមានម្តងទៀត] នូវអ្វីដែលកើតឡើងនៅឆ្នាំ ២០១៣ទៀតទេ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដឹកនាំប្រទេសដែលបានទទួលសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរមួយចំនួនបានប្រាប់ VOA កាលពីកន្លងមកថា ពួកគាត់គ្មានជំនឿក្នុងការបោះឆ្នោតនាពេលខាងមុខនោះឡើយ បើសិនមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយទៅតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧។
សម្រាប់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសជាង៤០ឆ្នាំមកនោះ បានប្រកាសនាពេលកន្លងមកជាញឹកញាប់ថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតាតាមការគ្រោង បើទោះមិនមានអ្នកអង្កេតការណ៍ ឬគណបក្សប្រឆំាងចូលរួមក៏ដោយ ហើយបើទោះជាគ្មានការទទួលស្គាល់ពីប្រទេសនៅបស្ចិមលោកក៏ដោយ៕