លោក សម រង្ស៊ី អ្នកដឹកនាំក្រុមជំទាស់នៅក្រៅប្រទេសកាលពីថ្ងៃអាទិត្យកន្លងទៅបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើពហិការកុំចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខ ប្រសិនបើមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។ ការអំពាវនាវដូច្នោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាត់ចោលនៅថ្ងៃច័ន្ទនេះ ដោយចាត់ទុកថាជាអំពើញុះញុង ខុសនឹងច្បាប់។
លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅបរទេសបានបង្ហោះសារលើទំព័រ Facebook របស់លោក ដោយអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត នាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ប្រសិនបើមិនមានវត្តមានគណបក្សប្រឆាំងចូលរួម។ លោក ក៏បានអំពាវនាវដល់អ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ កុំឲ្យទៅចូលរួមសង្កេតការណ៍ ដោយថាការបោះឆ្នោតនាពេលខាងមុខនោះ ជាការបោះឆ្នោតក្លែងក្លាយ។
លោក សម រង្ស៊ី ដែលរស់នៅនិរទេសខ្លួនក្រៅប្រទេសបានសរសេរក្នុងន័យដើមថា៖
«សូមបងប្អូនជនរួមជាតិ និងក្មួយៗដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ កុំទៅបោះឆ្នោតឲ្យសោះ នៅថ្ងៃ២៩ កក្កដា ២០១៨ នេះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិលើសន្លឹកឆ្នោតទេ។ ខ្ញុំក៏សូមអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះឲ្យសោះ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ»។
មិនបានប៉ុន្មានម៉ោងក្រោយពីការបង្ហោះសារយ៉ាងដូច្នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយធ្វើប្រតិកម្មភា្លមៗដោយមិនចំឈ្មោះ តបទៅនឹងការអំពាវនាវនោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃច័ន្ទនេះ បានលើកឡើងពីមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយនិយាយអំពីការផាកពិន័យលើជន និងអង្គការមិនមែនរដ្ឋាភិបាលណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់។
សេចក្តីប្រកាសព័ត៌មាននោះត្រូវបានសរសេរយោងតាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងន័យដើមថា៖
«ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលានរៀល) ទៅ២០,០០០,០០០ (ម្ភៃលានរៀល) ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។ ធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន»។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ គ.ជ.ប បានអំពាវនាវដល់បុគ្គលទាំងនោះឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលខុសពីគន្លងច្បាប់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជី ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា យោងតាមទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ និងស្ថានភាពប្រទេសកម្ពុជា មិនមានការប្រកាសណាមួយមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះទេ។ លោកបន្ថែមថា ការប្រកាសអំពាវនាវ ឬញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាសកម្មភាពផ្ទុយនឹងច្បាប់។
លោក ហង្ស ពុទ្ធា បន្ថែមថា ការអំពាវនាវឲ្យមានការបញ្ឈប់សកម្មភាពទាំងនោះ គឺជាជំហានទីមួយដែល គ.ជ.ប ធ្វើឡើង ដោយលោកថា ប្រសិនបើសកម្មភាពទាំងនោះនៅតែបន្តនោះការចាត់វិធានការតាមនីតិវិធីច្បាប់ នឹងកើតមាន។
លោកមានប្រសាសន៍ថា៖
«នេះជាជំហានទី១ ដែល គ.ជ.ប មានការក្រើនរំឮក ប៉ុន្តែបើសិនជាបុគ្គល ឬក៏ក្រុមនោះឯងមិនបញ្ឈប់នូវសកម្មភាពញុះញង់របស់ខ្លួននោះទេ នោះខ្លួនត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់។ យើងចាំពិនិត្យទិដ្ឋភាពតាមផ្លូវច្បាប់បន្ថែមទៀត ថាតើកម្រិតហ្នឹងជាកម្រិតយ៉ាងម៉េច? ឧទាហរណ៍ថាការបញ្ចេញមតិជារឿងមួយ ប៉ុន្តែការលើកឡើងនូវសេចក្តីអំពាវនាវ នោះជាការកណ្ឌគៀរ ជាការញុះញង់ដល់ប្រជាពលរដ្ឋ មើលស្រាលដល់ប្រជាពលរដ្ឋ ដែលលោកជាអ្នកសម្រេចចិត្តដោយខ្លួនឯង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣ទសវត្សរ៍ មកហើយនោះ បានប្រកាសជាញឹកញាប់ថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ជាការអំពាវនាវដែលឥតប្រយោជន៍។ លោកបន្ថែមដោយរំពឹងថា យ៉ាងហោចណាស់មានពលរដ្ឋជាង៦០ ទៅ៧០ភាគរយ នឹងចូលរួមការបោះឆ្នោតនាពេលខាងមុខ។
លោកបញ្ជាក់ថា៖
«វាគ្មាននរណាគេឆ្កួតធ្វើតាមគាត់ទេ។ បើគាត់ឆ្កួតឲ្យឆ្កួតតែគាត់ទៅ ដើរវង្វេងនៅលើពិភពលោកហ្នឹងទៅ នៅឯនាយសមុទ្រហ្នឹងទៅ ប្រជាជនមិនវង្វេងជាមួយគាត់ទេ។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះមានបញ្ជីឈ្មោះក្នុងការបោះឆ្នោតហើយនឹង មានជាង៨៤ភាគរយ នៃចំនួន ១០លាននាក់។ ខ្ញុំជឿជាក់ថា យ៉ាងហោចបំផុតក៏ប្រជាពលរដ្ឋលើសពី៦០ ទៅ៧០ភាគរយដែរដែលបានអញ្ជើញទៅបំពេញករណីយកិច្ចជាប្រជាពលរដ្ឋ»។
គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ក្រោមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រោយការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧ គេឃើញសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសផ្តាច់ជំនួយលើការបោះឆ្នោតនៅកម្ពុជា។ ជាងនេះទៅទៀត ក្រុមប្រទេស៤៥នៃសមាជិកអង្គការសហប្រជាជាតិកន្លងមកធ្លាប់បានធ្វើការបញ្ជាក់ពីក្តីបារម្ភ និង រិះគន់រដ្ឋាភិបាលលោកហ៊ុនសែន ចំៗ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី ២១ខែមីនាឆ្នាំ២០១៨ ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ចំនួន ៤៥រួមទាំងអូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេសជាដើម បានទាមទាឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមការបោះឆ្នោតពេលខាងមុខ និងការដោះលែងឱ្យមានសេរីភាពឡើងវិញនូវអ្នកទោសនយោបាយទំាងឡាយ។
លោក អ៊ា សុផល សាស្រ្តាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកវិភាគគោលនយោបាយ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា ជាការធម្មតាប៉ុណ្ណោះដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ក្រោយគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយ ហើយលោកថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនឹងធ្វើដូចគ្នា ប្រសិនបើស្ថានភាពមួយនេះធ្លាក់លើពួកគេ។ លោកបន្ថែមថា ជម្រើសមួយទៀតរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងដើម្បីអាចចូលរួមបោះឆ្នោតបាន គឺត្រូវអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យគណបក្សណាមួយដែលជាគណបក្សសម្ព័ន្ធរបស់ពួកគេ។
លោកបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ជម្រើសមួយទៀតសម្រាប់លោក សម រង្ស៊ី និងលោក កឹម សុខា គឺប្រាប់អ្នកបោះឆ្នោតឲ្យបោះឆ្នោតឲ្យគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) ឬគណបក្សសិទ្ធិមនុស្ស ឬភាគីទីបី (គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬមិនមែនណាមួយនៃគណបក្សទាំងនេះ)»។
បើតាម គ.ជ.ប ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួនជិត៨លាន៤សែននាក់ (៨,៣៨០,២១៧នាក់) ស្មើនឹង៨៤,៨ភាគរយ នៃចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជិត១០លាននាក់ (៩,៨៨២,៧៤៦នាក់)។
រហូតមកដល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួនធំនៅកម្ពុជាមិនទាន់ប្រាកដថា ពួកគេនឹងចូលរួមសង្កេតការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨នេះ នៅឡើយនោះទេ។
លោក កន សាវ៉ាង្ស មន្ត្រីសម្របសម្រួលនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថាខុមហ្វ្រែល សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការអំពាវនាវរបស់លោក សម រង្ស៊ី ដោយលោកគ្រាន់តែបញ្ជាក់ថា រាល់ការអំពាវនាវណាមួយត្រូវធ្វើឡើងទៅតាមច្បាប់ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក កន សាវ៉ាង្ស បន្ថែមថា ខុមហ្វ្រែលជាអង្គការឃ្លាំមើលការបោះឆ្នោតមួយដែលឈរលើគោលការណ៍ឯករាជ្យ មិនលម្អៀងទៅគណបក្សនយោបាយណាមួយ និងថា ខុមហ្វ្រែលនឹងប្រកាសពីការសម្រេចថាត្រូវទៅចូលរួមសង្កេតការណ៍ការបោះឆ្នោត ឬអត់ នៅពាក់កណ្តាលខែឧសភានេះ ដោយត្រូវរងចាំមើលស្ថានភាពនយោបាយ និងធនធានរបស់អង្គនេះជាមុន។
លោកមានប្រសាសន៍ថា៖
«យើងខ្ញុំនៅតែយល់ឃើញថា អ្នកនយោបាយទាំងអស់នឹងអាចមានការជជែកគ្នាដោយសន្តិវិធី ជជែកគ្នាដោយមានដំណោះស្រាយមួយដើម្បីឲ្យដំណើរការនៃស្ថានភាពរបស់យើងបានល្អ ចូលរួមដោយសេរី យើងនៅតែគាំទ្រការចូលរួមដោះស្រាយបញ្ហារបស់គណបក្សនយោបាយ។ ហើយចំណុចទី៣នោះយើងផ្អែកទៅលើធនធានដែរ បើសិនជាធនធានយើងគ្រប់គ្រាន់ បូករួមជាមួយហ្នឹងស្ថានភាពនយោបាយ ឬក៏គោលការណ៍នៃការចូលរួមមុខងារត្រឹមត្រូវ អាហ្នឹងយើងនឹងឆ្លើយតបនាពេលខាងមុខ»។
បើតាមសេចក្តីប្រកាសព័ត៌មានមួយទៀតរបស់ គ.ជ.ប ចេញកាលពីថ្ងៃសៅរ៍ បញ្ជាក់ថា គ.ជ.ប ប្រកាសជាផ្លូវការ ដោយកំណត់យកថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដោយមានអាសនៈចំនួន១២៥ នៅទូទាំងប្រទេស៕