ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​សន្យា​បង់ថ្លៃ​សាលា​ឲ្យ​និស្សិត​យោធា​​៦​នាក់​ដែល​ត្រូវ​អាមេរិក​​ផ្តាច់​អាហារូបករណ៍​


និស្សិត​ នូ ច័ន្ទ​យុទ្ធា​ ដែល​កំពុង​សិក្សា​ដល់​ឆ្នាំ​ទី​៣ ​ខាង​ជំនាញ​វិស្វកម្ម​កងទ័ព​អាកាស​នៃ​សាលា​បណ្ឌិត​សភា​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​វីអូអេ​​​​ថា​លោក​ត្រេកអរ​​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចេញ​ថ្លៃសិក្សា​។ (រូប​ផ្តល់​ឱ្យ​ដោយ នូ ច័ន្ទ​យុទ្ធា)
និស្សិត​ នូ ច័ន្ទ​យុទ្ធា​ ដែល​កំពុង​សិក្សា​ដល់​ឆ្នាំ​ទី​៣ ​ខាង​ជំនាញ​វិស្វកម្ម​កងទ័ព​អាកាស​នៃ​សាលា​បណ្ឌិត​សភា​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​វីអូអេ​​​​ថា​លោក​ត្រេកអរ​​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចេញ​ថ្លៃសិក្សា​។ (រូប​ផ្តល់​ឱ្យ​ដោយ នូ ច័ន្ទ​យុទ្ធា)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង់ថ្លៃ​សិក្សា​ដល់​និស្សិត​យោធា​កម្ពុជា​ចំនួន​៦​រូប​ដែល​កំពុង​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​យោធា​ចំនួន​៤​ដែល​បាន​បាត់​បង់​អាហារូបករណ៍​ដោយសារសហរដ្ឋ​អាមេរិក​បាន​កាត់ផ្តាច់។

ក្រសួង​ការពារជាតិ​កម្ពុជា​បានចាត់ទុក​ថា​ការផ្តាច់​អាហារូបករណ៍​នោះ​គឺជា​ចំណាត់ការ​ឯកតោ​ភាគី​ពី​ខាង​សហរដ្ឋ​អាមេរិក​ដែល​ភាគី​កម្ពុជា​ត្រូវ​មាន​ចំណាត់ការ​ «បន្ទាន់​និង​ចាំបាច់» ​ដើម្បី​ជួយ​និស្សិត​ទាំងនោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី​២ ខែ​កក្កដា នេះ​ហើយ​មួយ​ច្បាប់​ផ្ញើ​មក​វីអូអេ​បាន​បញ្ជាក់​ថា៖ «ដោយ​មើល​ឃើញ​អំពី​ការលំបាក​របស់​សិស្ស​បណ្ឌិត​សភា​យោធា​កម្ពុជា​ទាំងអស់​ដែល​បណ្តាល​មកពី​ការបញ្ឈប់​នូវ​កាតព្វកិច្ច​នៃ​ការបង់​ថ្លៃសិក្សា​ពី​សំណាក់​ភាគី​អាមេរិក​និង​នៅក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​អនាគត​និង​ផលប្រយោជន៍​របស់​សិស្ស​បណ្ឌិត​សភា​យោធា​កម្ពុជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បន្ត​បង់ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បណ្ឌិត​សភា​យោធា​កម្ពុជា​ទាំង​៦​រូប​រហូត​ដល់​បញ្ចប់​ការសិក្សា​របស់​ខ្លួន​ជា​ស្ថាពរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា​ចេញ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ បញ្ជាក់​ពី​ការ​សន្យា​បង់ថ្លៃ​សាលា​ឲ្យ​និស្សិត​យោធា៦​នាក់​ដែល​ត្រូវ​អាមេរិកផ្តាច់​អាហារូបករណ៍។ (ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា)
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា​ចេញ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ បញ្ជាក់​ពី​ការ​សន្យា​បង់ថ្លៃ​សាលា​ឲ្យ​និស្សិត​យោធា៦​នាក់​ដែល​ត្រូវ​អាមេរិកផ្តាច់​អាហារូបករណ៍។ (ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា)

និស្សិត​ទាំង​៦​រូប​នេះ​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក​ West Point ចំនួន​២​រូប​បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន​២​រូប​កងទ័ព​ជើង​ទឹក​ចំនួន​១​រូប​និង​ឆ្មាំសមុទ្រ​ចំនួន​១​រូប។ នេះ​បើតាម​ការបញ្ជាក់​របស់​និស្សិត​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រាប់​វីអូអេ​ខេមរភាសា​ក្នុង​ពេល​កន្លង​មក។

សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​អាហារូបករណ៍ដោយសារ​តែ​កម្ពុជា​បាន​បាត់បង់ភាព​ស្របច្បាប់​ក្នុង​ការទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​កម្ពុជា​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជាប្រពៃណី​រវាង​យោធា​និង​យោធា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​Arend Swartjes​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅតែ​អនុញ្ញាត​ឲ្យ​និស្សិត​ទាំងនោះ​បន្ត​ការសិក្សា​បាន​បើសិន​ជា​ពួកគេ​អាច​រកថវិកា​បង់​ថ្លៃ​សិក្សា​បាន​ឬរដ្ឋាភិបាល​កម្ពុជា​បង់ថ្លៃ​សិក្សា​ដោយសារ​តែ​ពួកគេ​បាន​ខិតខំ​សិក្សា​និង​មាន​លទ្ធផល​ល្អ។

ក្រសួង​ការពារជាតិ​នៃ​កម្ពុជាក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែរ​ថា​ខ្លួន​នឹង​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ចំណាត់ការ​ទទួល​ខុសត្រូវ​បន្ត​នេះ។

តំណាង​និស្សិត​បាន​បញ្ចេញ​មតិ​រួមគ្នា​ប្រាប់​វីអូអេ​ថា​ពួកគេ​«មានក្តី​សោមនស្ស​រីករាយ»​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​សម្រេចចិត្ត​ដូចនេះដោយសារ​ពួកគេ​បាន​រង់ចាំ​ការសម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ដែរ​តាំងតែ​ពី​មាន​ការជូន​ដំណឹង​ពី​សាកល​វិទ្យាល័យ។

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Lloyd Austin ថ្លែង​ទៅ​កាន់​និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Lloyd Austin ថ្លែង​ទៅ​កាន់​និស្សិត​នាយ​ទាហាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចូល​រួម​ពិធី​ប្រគល់​សញ្ញាបត្រ​នៅឯ​បណ្ឌិត​សភា​យោធា​ជើងគោក​សហរដ្ឋ​អាមេរិក​ West Point នៅ​រដ្ឋ New York កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។

និស្សិត​៥នាក់​ក្នុង​ចំណោម​៦នាក់​ក៏​ធ្លាប់បាន​សរសេរ​លិខិត​ទៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​បាន​សិក្សា​ដល់​ចុង​បញ្ចប់​ដោយសារ​និស្សិត​ខ្លះ​បាន​សិក្សា​ដល់​ឆ្នាំ​ទី៤។​ពួកគេ​បាន​ចាត់ទុក​ថា​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដ៏​មានកិត្តិយស​ទាំងបួន​នឹង​ជួយ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​និង​ការប្តេជ្ញា​កសាង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។

​និស្សិត​ នូ ច័ន្ទយុទ្ធា ​ដែល​កំពុង​សិក្សា​ដល់​ឆ្នាំ​ទី​៣​ខាង​ជំនាញ​វិស្វកម្ម​កងទ័ព​អាកាស​នៃ​សាលា​បណ្ឌិត​សភា​កងទ័ព​អាកាស​ថែម​ទាំងបាន​បង្កើត​គេហទំព័រ​រៃអង្គាស​ថវិកា​ក្នុង​គេហទំព័រ​ gofundme.com​ដើម្បី​អាច​បន្ត​ការ​សិក្សា​បាន។ រហូត​ដល់​ថ្ងៃសុក្រ​នេះលោក​រៃ​បាន​ជាង​២៤.០០០​ដុល្លារ​សម្រាប់​គោលដៅ​ជាង​១១ម៉ឺន​ដុល្លារដែល​ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​បន្ត​ការសិក្សា​បាន​១ឆ្នាំ។

លោក ​នូ​ ច័ន្ទ​យុទ្ធា ​ដែល​មានក្របខណ្ឌ​នៅ​ក្នុង​កងយោធពល​ខេមភូមិន្ទ​ស្រាប់​បាន​បញ្ជាក់​ប្រាប់​វីអូអេក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចេញ​ថ្លៃសិក្សា​ថា៖​«ខ្ញុំ​ត្រេកអរ​ខ្លាំង​ពីព្រោះ​នេះ​ជា​អនាគត​ខ្ញុំ​ហើយ​ខ្ញុំ​ប៉ង់ប្រាថ្នា​ពេល​ចប់​ក្លាយ​ជា​នាយ​ទាហាន​មាន​សមត្ថភាព​មួយរូប»។

លោក​នូ ច័ន្ទយុទ្ធា​បន្ថែម​ថា​លោក​នឹង​ជម្រាប​ទៅ​គេហទំព័រ ​gofundme.com ដើម្បី​ប្រគល់​ថវិកា​សងទៅ​អ្នកឧបត្ថម្ភ​វិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG