និស្សិតកម្ពុជាចំនួន៦នាក់ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិកត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះដោយសារតែកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។
និស្សិតទាំង៦រូបនេះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូបកងទ័ពជើងទឹកចំនួន១រូបនិងឆ្មាំសមុទ្រចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់និស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រាប់វីអូអេខេមរភាសា។
ចំណាត់ការនេះត្រូវបានគេមើលឃើញថាគឺជាការដើរថយក្រោយថ្មីមួយទៀតក្នុងទំនាក់ទំនងផ្នែកយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបន្ទាប់ពីស្ថានភាពបានធ្លាក់ចុះក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។
នៅពេលដែលវីអូអេសាកសួរពីការសម្រេចចិត្តនិងអនាគតរបស់និស្សិតទាំង៦នាក់សាកលវិទ្យាល័យទាំងនោះបានបញ្ជូនសំណួរបន្តទៅក្រសួងការបរទេសនិងក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានពន្យល់ប្រាប់វីអូអេតាមសារអ៊ីម៉េលកាលពីពាក់កណ្តាលខែមិថុនាថា៖ «បន្ទាប់ពីកម្ពុជាកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធានិងយោធាគឺប្រទេសនេះបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធារបស់សហរដ្ឋអាមេរិក»។
និស្សិតទាំងនេះខ្លះបានសិក្សាដល់ឆ្នាំទី៤ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំសិក្សាថ្មី២០២២ខាងមុខ។ ពួកគេត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដោយស្ថានទូតប្រចាំនៅកម្ពុជាជ្រើសរើសដោយផ្ទាល់ហើយអ្នកខ្លះមិនទាន់មានក្របខណ្ឌជាទាហាននៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅឡើយទេ។
និស្សិត៥នាក់ក្នុងចំណោមនេះបានសុំអន្តរាគមន៍ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឲ្យជួយពួកគេបានសិក្សាដល់បញ្ចប់។
នៅក្នុងលិខិតចំនួនបួនច្បាប់ដោយឡែកៗពីគ្នាដែលបានផ្ញើទៅលោកW. Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលវីអូអេខេមរភាសាទទួលបានច្បាប់ចម្លងនិស្សិតទាំងនោះបានចាត់ទុកថានេះគឺជា«ដំណឹងដ៏គួររន្ធត់ចិត្ត»ចំពោះពួកគេដែលត្រូវមករងគ្រោះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដូចនេះហើយវាប៉ះពាល់ដល់ក្តីសុបិនរបស់ពួកគេក្នុងការចង់កសាងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
និស្សិត តាន់ ចាន់បូពេជ្រ ដែលកំពុងសិក្សាជំនាញសន្តិសុខអ៊ីនធឺណិតដល់ឆ្នាំទី៤នៅឯបណ្ឌិតសភាយោធាឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកបានរៀបរាប់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានវិនិយោគជាច្រើនអនេគដើម្បីផ្តល់ឱកាសផ្លាស់ប្តូរជីវិតនិស្សិតទាំងនោះហើយមិនគួរមកបញ្ចប់ដោយគ្មានព្រាងទុកទេ។
លិខិតរបស់និស្សិតតាន់ ចាន់បូពេជ្រ បានបន្ថែមថា៖ «វាជារឿងមិនអាចយល់បានដល់ដួងព្រលឹងដ៏កំសត់របស់ពួកយើង»។
រីឯនិស្សិត លាង ទ្រី ដែលកំពុងសិក្សាជំនាញគ្រប់គ្រងវិស្វកម្មនិងសន្តិសុខអ៊ីនធឺណិតនៅបណ្ឌិតសភាយោធាជើងគោក West Point ក៏បានរៀបរាប់ដែរថាការសិក្សានៅសាលាដ៏មានកិត្តិយសនេះបានបណ្តុះទឹកចិត្តនិងសេចក្តីក្លាហានឲ្យការពារតម្លៃសិទ្ធិមនុស្សសិទ្ធិរស់រាន សេរីភាពការបញ្ចេញមតិដោយសេរីនិងគោរពឯកជនភាព។
លិខិតរបស់និស្សិតលាង ទ្រីបានបន្ថែមថា៖ «ក្នុងពេលដែលខ្ញុំជិតបញ្ចប់ការសិក្សាពាក្យសច្ចាប្រណិធានជានាយទាហានគឺកាន់តែមានឥទ្ធិពលនិងពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំ»។ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជាបានល្អក់កករក្រោយពីកម្ពុជាបានលុបចោលសមយុទ្ធប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០១៧ហើយរដ្ឋាភិបាលកម្ពុជាងាកទៅជិតស្និទ្ធជាមួយនឹងប្រទេសចិនកាន់តែខ្លាំង។ សហរដ្ឋអាមេរិកបានផ្តាច់ជំនួយស៊ីវិលនិងយោធាមួយចំនួនបន្ទាប់ពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនិងរំលាយគណបក្សសង្គ្រោះជាតិព្រមទាំងធ្វើទុក្ខបុក្ខម្នេញអ្នករិះគន់បណ្តាញសារព័ត៌មាននិងអង្គការសង្គមស៊ីវិល។
ក្នុងពេលថ្មីៗនេះសហរដ្ឋអាមេរិកក៏សម្តែងការព្រួយបារម្ភពីវត្តមានយោធាចិននៅកម្ពុជាដោយសារចិនកំពុងជួយអភិវឌ្ឍមូលដ្ឋានយោធាជើងទឹករាមនៅក្រុងព្រះសីហនុនិងការណ៍ដែលកម្ពុជាវាយកម្ទេចចោលអគារពីរដែលសហរដ្ឋអាមេរិកទើបសាងសង់ថ្មី។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅកម្ពុជាកាលពីដើមខែមិថុនាអ្នកស្រីក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពន្យល់ពីបញ្ហានេះដែរ។
លោក John Supple អ្នកនាំពាក្យក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖ «សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំងអំពីវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិននិងការកសាងអគារនៅមូលដ្ឋានទ័ពជើងទឹករាម»។
ក្រសួងការពារប្រទេសបញ្ជាក់បន្ថែមថាមូលដ្ឋានយោធាចិននៅកម្ពុជានឹងធ្វើឲ្យខូចខាតដល់ឯករាជ្យភាពកម្ពុជាគំរាមកំហែងសន្តិសុខតំបន់និងប៉ះពាល់«ដោយអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា»។
លោក John Supple បានបន្ថែមថា៖ «យើងលើកទឹកចិត្តឲ្យមេដឹកនាំកម្ពុជារក្សាគោលនយោបាយឯករាជ្យនិងមានលំនឹងដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជា»។
រដ្ឋាភិបាលកម្ពុជាបានប្រកែកជាច្រើនដងថានឹងមិនមានវត្តមានយោធាចិនឬយោធាបរទេសណាដែលនឹងមកដាក់មូលដ្ឋាននៅកម្ពុជាឡើយគឺអាចមានត្រឹមកម្រិតហាត់ហ្វឹកហ្វឺននិងចូលសំចតដើម្បីបំពេញទស្សនកិច្ចប៉ុណ្ណោះ។
លោកផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេខេមរភាសានៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា៖ «វិវាទឬវិបត្តិរវាងយោធាកម្ពុជានិងសហរដ្ឋអាមេរិកគឺខ្ញុំអត់ឃើញមានអីផងគ្រាន់តែមិនទាន់យល់ចិត្តគ្នាច្បាស់។ កម្ពុជាបានបង្ហាញគោលជំហរមួយដែលស្មោះត្រង់នឹងគោលជំហររបស់ខ្លួនភាពស្មោះត្រង់នឹងគោលនយោបាយរបស់ខ្លួនរួចស្រេចទៅហើយតើស៍»។
រដ្ឋាភិបាលកម្ពុជាក៏បានទទូចឲ្យសហរដ្ឋអាមេរិកអនុញ្ញាតឲ្យនិស្សិតទាំងនោះបន្តការសិក្សារហូតដល់ចប់ដោយអះអាងថាវាបម្រើដល់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
លោក ផៃ ស៊ីផានបានបញ្ជាក់បន្ថែមថា៖ «អាមេរិកាំងតែងតែនាំផ្នែកការពារជាតិនៃប្រទេសដទៃទៅមើលប្រតិបត្តិការរបស់កងការពារជាតិអាមេរិកគឺតែងតែបង្ហាញហើយការដែលយើងបង្វែរយុវជនខ្មែរមិនឲ្យទទួលបានជំនាញផ្នែកការពារជាតិរបស់កម្ពុជាឬអាស៊ានគឺវាមិនឆ្លើយតបនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកទេ»។
ការិយាល័យរបស់អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកគឺលោក Alan Lowenthal សហប្រធានក្រុមការងារទទួលបន្ទុកកិច្ចការកម្ពុជាបានប្រាប់វីអូអេថាលោក Lowenthal កំពុងតែពិនិត្យមើលករណីនេះប៉ុន្តែមិនទាន់មានអត្ថាធិប្បាយអ្វីលម្អិតនៅឡើយទេនៅពេលដែល VOA ខេមរភាសាសាកសួរ។
យ៉ាងណាក៏ដោយស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថានិស្សិតទាំង៦នាក់នោះអាចបន្តការសិក្សាបានបើសិនជាពួកគេអាចរកថវិកាបង់ដោយខ្លួនឯងឬរដ្ឋាភិបាលកម្ពុជាចំណាយដោយផ្ទាល់។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វីអូអេថា៖ «យ៉ាងណាក៏ដោយក្រោយពីពិនិត្យមើលលើការសិក្សាល្អរបស់និស្សិតកម្ពុជាទាំងនោះដែលចូលរៀននៅបណ្ឌិតសភាយោធានានាគឺត្រូវបានអនុញ្ញាតឲ្យបន្តការសិក្សារបស់ពួកគេរហូតដល់ចប់កម្មវិធី»។
លោក Arend បន្ថែមទៀតថាសហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាជួយនិស្សិតទាំងនោះបង់ថ្លៃសិក្សាដែលនៅសេសសល់។
ប៉ុន្តែលោក ផៃ ស៊ីផានបញ្ជាក់ថាសហរដ្ឋអាមេរិកគួរតែបំពេញកាតព្វកិច្ចរហូតដល់ចុងបញ្ចប់សម្រាប់និស្សិតទាំងនោះ៕