ស្របពេលដែលការវិនិយោគរបស់ចិនមានច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសកម្ពុជា របាយការណ៍ថ្មីមួយរបស់អង្គការអន្តរជាតិមួយដែលមានមូលដ្ឋាននៅអាមេរិកបានលើកឡើងអំពីកំណើននៃវត្តមានក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិន(Chinese Private Security Company)នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវនិងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។
របាយការណ៍ប្រមាណ៨០ទំព័ររបស់អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការវាយតម្លៃនៃឥទ្ធិពលគ្រប់ជ្រុងជ្រោយនៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសតំបន់ទន្លេមេគង្គ ដែលមានមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជានិងវៀតណាម។ របាយការណ៍បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ និងលំហូរវិនិយោគចិននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដែលកំពុងត្រូវបានអាមេរិកសង្ស័យថាចិននឹងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធមួយសម្រាប់វត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។
នៅពេលមានកំណើនវិនិយោគច្រើន ហើយជាគោលដៅការពារការរកស៊ីរបស់ចិន មានការបង្កើតក្រុមហ៊ុនសន្តិសុខឯកជនចិន។ នេះបើតាមរបាយការណ៍។ បន្ថែមពីលើគោលដៅការការពារជំនួញ របាយការណ៍បញ្ជាក់ថាវាអាចជាការពង្រឹងឥទ្ធិពលរបស់ចិន ក្នុងគោលដៅភូមិសាស្រ្តនយោបាយនៅក្នុងប្រទេសដែលស្និទ្ធខ្លាំងនឹងប្រទេសចិន ដូចជាប្រទេសកម្ពុជា។
របាយការណ៍បន្ថែមថាការបង្កើតក្រុមហ៊ុនសន្តិសុខឯកជននេះក៏អាចជាវិធីមួយក្នុងការការពារការរកស៊ីរបស់ក្រុមឧក្រិដ្ឋជនខុសច្បាប់របស់ចិនក្នុងប្រទេសទាំងនោះផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវនិងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងផ្តល់ការវិភាគ បានឲ្យដឹងនៅក្នុងរបាយការណ៍ថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន២៩ក្នុងចំណោម៤៩នៃក្រុមហ៊ុនសន្តិសុខបរទេស បានដំណើរការនៅក្នុងប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ដែលជាប្រទេសពីរបានចុះបញ្ជីផ្លូវការ និងមានព័ត៌មានគ្រប់គ្រាន់ដើម្បីបញ្ជាក់ការគ្រប់គ្រងរបស់ជនបរទេស។
ការបង្កើនក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានមើលឃើញថាទំនងកើតឡើងស្របពេលដែលមានកំណើននៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI)ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
របាយការណ៍បានឲ្យដឹងថាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមពឹងផ្អែកកាន់តែច្រើនលើក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិន ដូចជាក្រុមហ៊ុនឈ្មោះ ZBHA ឬហៅថាChina Insurance Huaan [Cambodia] Security Services Co., Ltd. ដែលជាអ្នករៀបចំសន្តិសុខនៅតំបន់សេដ្ឋកិច្ចពិសេស ចាប់តាំងពីខែសីហា ឆ្នាំ២០១៧។ ក្រុមហ៊ុននេះក៏មានទំនាក់ទំនងជាមួយប៉ូលិសក្នុងស្រុកក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ដើម្បីជួយសង្រ្គោះជនជាតិចិនដែលជាប់ឃុំខ្លួនក្នុងបទល្មើសអ្វីមួយ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបានបន្ទុកលើកិច្ចការសន្តិសុខឯកជននេះ ថ្លែងថាកម្ពុជាមានអនុក្រឹត្យនិងប្រកាសក្នុងការគ្រប់គ្រងការងារនេះ។ ប៉ុន្តែលោកថាមានតែជនជាតិខ្មែរប៉ុណ្ណោះដែលអាចជាម្ចាស់ក្រុមហ៊ុន។ ហើយមិនមានជនបរទេសណាអាចឈរឈ្មោះ ដើម្បីបើកក្រុមហ៊ុនសន្តិសុខឯកជននៅកម្ពុជាបានទេ។
លោកប្រាប់VOAនៅថ្ងៃសុក្រនេះថា៖ «យើងមិនមានអនុញ្ញាតឲ្យជនបរទេសឈរឈ្មោះជាប្រធានក្រុមហ៊ុនទេ។ ព័ត៌មាននេះ ខ្ញុំទើបទទួលបានពីលោកដែរ។ អញ្ចឹងខ្ញុំនឹងពិនិត្យថែមទៀត ក៏ប៉ុន្តែជារួមដូចខ្ញុំបានបញ្ជាក់អញ្ចឹង»។
លោកមិនទាន់អាចបញ្ជាក់ថាតើរហូតមកដល់ពេលនេះ មានក្រុមហ៊ុនសន្តិសុខឯកជនប៉ុន្មានដែលបានចុះបញ្ជីនោះទេ ដោយថាលោកមិននៅការិយាល័យ ពេលផ្តល់បទសម្ភាសន៍ដល់VOA។
ទោះជាយ៉ាងណា លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់VOAថាកម្ពុជាមិនប្រកាន់ថាក្រុមហ៊ុនសន្តិសុខឯកជនរបស់ជនបរទេសណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺអាស្រ័យលើលក្ខខណ្ឌដែលកំណត់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបញ្ជាក់ថា៖ «យើងអត់ផ្តោតសំខាន់លើចិន ឬខ្មែរ យួន វៀតណាមអី អាមេរិកកាំង បារាំងអីទេ។ សំខាន់លើលក្ខខណ្ឌ។ តើអគ្គស្នងការដ្ឋាននគរបាលជាតិឯកភាពឲ្យធ្វើសកម្មភាពដែរឬអត់? បានន័យថាយើងអ្នកកំណត់លក្ខខណ្ឌឲ្យ»។
ក្រុមហ៊ុនសន្តិសុខឯកជនត្រូវចុះកិច្ចសន្យាជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិយ៉ាងយូរ៦ខែក្រោយពីទទួលបានការអនុញ្ញាតឲ្យចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់។ នេះបើតាមប្រកាសស្តីពីលក្ខខណ្ឌនិងទម្រង់បែបបទនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រកបអាជីវកម្មផ្តល់សេវាសន្តិសុខឯកជននិងការជ្រើសរើសភ្នាក់ងារសន្តិសុខ ដែលត្រូវបានប្រកាសកាលពីខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថាក្រុមហ៊ុនសន្តិសុខឯកជនដែលគ្រប់គ្រងដោយចិន ជា«ការជួយសម្រួលសុវត្ថិភាពរបស់សង្គម» ព្រោះមានអ្នកវិនិយោគចិនច្រើននៅកម្ពុជា។
លោកប្រាប់VOAថា៖ «បើសិនជាមានក្រុមហ៊ុនសន្តិសុខចិនដែលមកជួយរៀបចំពាក់ព័ន្ធនឹងពាណិជ្ជកម្ម អាហ្នឹងវាជួយសម្រួលដល់កម្ពុជាដែរ»។ លោកបន្ថែមថា៖ «កម្ពុជាអត់មានរើសអើងទេនៅក្នុងសាច់រឿងហ្នឹង។ បើសិនជាសមត្ថកិច្ចរបស់យើងហ្នឹង គាត់មានឧបសគ្គក្នុងការឆ្លើយឆ្លងនៃភាសាចិន។ វាអត់មានអីខុសទេនៅស្រុកណា ក៏គេអាចធ្វើបានដែរ។ សហរដ្ឋអាមេរិកក៏ធ្វើបានដែរ។ ក៏ប៉ុន្តែត្រូវស្ថិតក្នុងច្បាប់របស់នគរបាល»។
លោក ផៃ ស៊ីផាន បានហៅក្រុមហ៊ុនសន្តិសុខឯកជនបរទេសជា «កម្លាំងការពារសន្តិភាព» ឬ«មន្រ្តីសន្តិភាព» ឬ«ភ្នាក់ងារសន្តិភាព» ដែលមួយចំនួនត្រូវបានអនុញ្ញាតឲ្យមានកាំភ្លើងខ្លី គ្រាន់តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជា។
លោក ឃាង ភារម្យអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាលោកមិនទាន់ទទួលបានរបាយការណ៍នេះទេ។ លោកបដិសេធមិនអត្ថាធិប្បាយដោយស្នើឲ្យសួរស្ថាប័នពាក់ព័ន្ធវិញ។
លោកបណ្ឌិត អ៊ា សុផលដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យOccidental College ក្នុងទីក្រុងLos Angeles រដ្ឋCaliforniaសហរដ្ឋអាមេរិកបានថ្លែងថារបាយការណ៍នេះជាការបង្ហាញការរកឃើញថ្មីមួយទៀត ទាក់ទងនឹងក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិន ដែលលោកចោទសួរថា«កម្ពុជាមិនមែនជាតំបន់សង្រ្គាមនោះទេ ដូច្នេះថាតើហេតុអ្វីវាចាំបាច់[មានក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិន]?»។
លោកប្រាប់VOAតាមសារអ៊ីមែលនៅថ្ងៃសុក្រនេះថា៖ «ដូច្នេះនៅពេលអ្នកជំនួញចិននិយាយថាសកម្មភាពរកស៊ីរបស់ពួកគេត្រូវបានរំខានដោយប្រជាជននៅមូលដ្ឋានពួកគេមិនត្រឹមតែអាចបញ្ជារដ្ឋាភិបាលរបស់ប្រទេសនោះ ដើម្បីដាក់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចពង្រាយកម្លាំងពីក្រុមហ៊ុនសន្តិសុខឯកជនរបស់ចិន ដើម្បីបំភិតបំភិតបំភ័យប្រជាជនកម្ពុជា...»៕