ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បន្ត​ជាប់​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស​របស់​អាមេរិក​៣​ឆ្នាំ​ជាប់គ្នា


រូប​ឯកសារ៖ ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​​រៀបរាប់​រឿងរ៉ាវ​របស់​នាងដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ (VOA Khmer)

​ទោះ​បី​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​គួរ​ឱ្យ​កត់​សម្គាល់ តែ​ការ​មិន​បំពេញ​បាន​នូវ​មូលដ្ឋាន​អប្បបរមា​របស់រដ្ឋាភិបាល​កម្ពុជា បាន​នាំឱ្យ​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្សនៅ​ក្នុង​ប្រទេសបន្ត​មាន​សភាព​មិនល្អ​ប្រសើរ។ នេះបើ​យោង​តាម​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រសួង​ការបរទេស​អាមេរិក​បានចេញ​ផ្សាយ​ការ​អង្កេត​និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នូវ​ «របាយ​ការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សាកល​លោក​ឆ្នាំ២០២១» ដោយ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​កម្រិត​ Tier 2 Watchlist ​គឺ​កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន។

របាយការណ៍​បាន​បន្ទោស​លើកង្វះ​ការ​ត្រួត​ពិនិត្យ​និង​ចាប់តម្រូវ​ឱ្យមាន​គណនេយ្យ​ភាព​លើ​រដ្ឋាភិបាល អំពើ​ពុករ​លួយ​ជា​ធរមាន​កង្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ស្រាវជ្រាវ​តាមដាន វែក​មុខ និង​ផ្តន្ទា​ទោស​ឧក្រិដ្ឋ​ជន​ជួញដូរ​មនុស្ស និង​កង្វះប្រព័ន្ធ​បង្ការ​បទល្មើស​និងគាំពារ​ជន​រងគ្រោះ​ដែល​នាំ​ឱ្យ​កម្ពុជា​បន្ត​ជាប់​ក្នុង​កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​នេះ​បីឆ្នាំ​ជាប់គ្នា​ចាប់​ពី​ឆ្នាំ​២០១៩​មក។

ក្នុង​ផ្នែក​ដែល​និយាយ​ពី​ស្ថានភាព​ប្រទេស​នីមួយៗ​មាន​ការ​បែង​ចែក​លើ​៣​ទិដ្ឋភាព​ធំៗ​ក្នុង​របាយការណ៍​នោះ អំពី​ស្ថានភាព​ការ​ជួញដូរ​មនុស្ស​រួម​មាន​ការ​ផ្ដន្ទា​ទោស​ឧក្រិដ្ឋជន ការ​ផ្ដល់​សេវា​គាំពារ​ដល់​ជន​រងគ្រោះ និង​យន្តការ​បង្ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទ​ល្មើស។

លើ​ទិដ្ឋភាព​បង្ក្រាប​ផ្ដន្ទា​ទោស​ឧក្រិដ្ឋ​ជន​ជួញដូរ​មនុស្ស​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ចេញ​ផ្សាយ​ប្រចាំ​ឆ្នាំបាន​លើក​ឡើង​ថា កម្ពុជា​មិន​បាន​ស៊ើប​អង្កេត​ឱ្យ​អស់​ពី​លទ្ធភាពក្នុង​ការ​វែក​មុខ​យក​ឧក្រិដ្ឋ​ជន​មកកាត់​ទោស ជា​ពិសេស​ក្នុង​ករណី​ដែល​ពា​ក់ព័ន្ធ​នឹងអំ​ពើ​ពុក​រលួយ​របស់​អាជ្ញាធរ និង​ការ​លួចឱ្យដំណឹង​ដល់​ជន​ល្មើស​មុន​ពេល​មាន​ប្រតិបត្តិការ​បង្ក្រាប។

នៅ​លើ​ទិដ្ឋភាព​គាំពារ​ជន​រងគ្រោះ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ថា ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា​តែងតែ​ទម្លាក់​បន្ទុក​នៃ​ការ​ផ្ដល់ប្រឹក្សា​គាំទ្រ និង​ស្ដារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ​ទៅ​លើ​ក្រុម​អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើការ​ជា​ដៃគូ​ទៅ​វិញ។

ការ​វាយ​តម្លៃ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​មហាអំ​ណាច​មួយ​នេះស្ដី​អំ​ពី​ការ​ជួញដូរ​មនុស្ស ចែក​ចេញ​ជា​៤កម្រិត។ កម្រិត​មួយ​បាន​សេចក្ដី​ថា​រដ្ឋាភិបាល​ម្ចាស់​ស្រុក​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​និយាម​អប្បបរមាអំពី​ការជួញដូរ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​របស់​អាមេរិក​តាក់​តែង​កាល​ពី​ឆ្នាំ​២០០០ (TVPA)។

រូបថតពីគេហទំព័រ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បង្ហាញ​ផ្នែក​ប្រទេស​កម្ពុជា​នៃ​«របាយ​ការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សាកល​លោក​ឆ្នាំ២០២១» ថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១។ (ថត​ពី​គេហទំព័រ​ក្រសួងការ​បរទេស​អាមេរិក)
រូបថតពីគេហទំព័រ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បង្ហាញ​ផ្នែក​ប្រទេស​កម្ពុជា​នៃ​«របាយ​ការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​លើ​សាកល​លោក​ឆ្នាំ២០២១» ថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១។ (ថត​ពី​គេហទំព័រ​ក្រសួងការ​បរទេស​អាមេរិក)

កម្រិតពីរ(Tier 2) បាន​សេចក្ដី​ថា រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​ទាន់​បំពេញ​គ្រប់​និយាម​អប្បបរមា​ដូច​មាន​ចែង​ក្នុងTVPA តែ​បាន​ធ្វើ​កិច្ច​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដើម្បី​អនុលោម​តាម​និយាម​ទាំង​នោះ។

កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាមដាន (Tier 2 Watch List) បាន​សេចក្ដី​ថា ទោះ​រដ្ឋាភិបាលម្ចាស់​ប្រទេស​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ តែ​មិន​ទាន់​បាន​បំពេញ​គ្រប់​និយាម​អប្បបរមាដែល​មាន​ចែង​ក្នុងTVPA ហើយ​ចំនួន​ជនរងគ្រោះ​នៅ​តែ​ច្រើន ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ខិតខំដល់កម្រិត និង​មិន​បង្ហាញ​ភស្ដុតាង​ជា​តឹកតាង​គ្រប់គ្រាន់ថា​ខ្លួន​បាន​ព្យាយាម។

កម្រិតបី (Tier 3) បាន​សេចក្ដី​ថា​រដ្ឋាភិបាល​ម្ចាស់ប្រទេស​មិនបាន​ប្រឹង​ប្រែងដូច​មាន​ចែង​នៅក្នុ​ង TVPA ហើយ​មិ​នខិតខំ​ធ្វើអ្វី​ជាដុំ​កំភួន​ដើម្បី​កែ​លម្អ។

របាយការណ៍​ក្រសួង​ការបរទេស​អាមេរិកបាន​បន្ត​ថា៖ «ដោយ​មូលហេតុថា​រដ្ឋាភិបាល​បាន​កៀរគរ​ធនធាន​គ្រប់គ្រា​ន់សម្រាប់តាក់តែង​ផែនការ​មួយ ផែន​ការនោះ​ ​បើសិនជា​អនុវត្ត​បាន​ជោគជ័យ​មែន​នឹងនាំ​ឱ្យ​កិច្ច​ខិត​ខំប្រឹងប្រែង​គួរឱ្យកត់​សម្គាល់ឈាន​ដល់​ការអនុវត្តគ្រប់និយាម​អប្បបរមា។ ការណ៍​មាន​ផែនការ​នេះ​បាន​នាំឱ្យ​កម្ពុជាទទួល​បាន​ការ​លើក​លែង​...ពី​ការ​ទម្លាក់ចំណាត់​ថ្នាក់​ទៅ​កម្រិត៣»។

កាលពី​ឆ្នាំ​២០១៩​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រជាតិ​ស្តី​ពីការប្រយុទ្ធប្រឆាំងអំពើ​ជួញ​ដូរ​មនុស្សរយៈ​ពេល៥ឆ្នាំ (២០១៩-២០២៣)។

រូប​ឯកសារ៖ អ្នកស្រី​ ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស កាល​ពី​ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី​ ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស កាល​ពី​ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/វីអូអេ)

អ្នកស្រី ​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញ​ដូរមនុស្ស​បាន​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​បាន​ធ្វើកិច្ច​ខិត​ខំ​ប្រឹង​ប្រែងមិន​បង្អង់​ដៃក្នុង​ការងារ​ប្រឆាំង​ការ​កេងប្រវ័ញ្ច​និង​ជួញ​ដូរ​មនុស្ស​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស​ទោះ​ជួប​បញ្ហា​កូវីដ១៩ និង​គ្រោះ​ទឹក​ជំនន់ នា​ឆ្នាំ​កន្លង​មក​យ៉ាង​ណាក្ដី។

ឆ្លើយ​តប​នឹង​ការ​ចេញ​ពិន្ទុ​នៅ​ជាប់​ក្នុង​កម្រិត​ពីរ​ក្នុង​បញ្ជី​តាមដាន​អ្នកស្រី​ ជូ ប៊ុនអេង​បាន​លើក​ឡើង​ថា៖ «តែ​ការងារប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​គឺ​យើង​មិនទម្លាក់ដៃ​ទេ ហើយ​សហរដ្ឋ​អាមេរិក​ក៏​គាត់​ដឹង​ដែរហើយ​រហូត​ដល់គាត់​ឱ្យ​មានអ្នក​ធ្វើ​របាយការណ៍​ឯករាជ្យ​មក​នៅ​ចាំ​យក​ព័ត៌មាន​ជាមួយ ផ្ដល់​យោបល់ ​ពិភាក្សា​ហើយ​ឯកឧត្ដម​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ហ្នឹង​ក៏​លោក​បាន​មក​ជួប​ពិភាក្សា​ច្រើនលើក​ច្រើន​សា។ អ៊ីចឹង​បើ​សួរ​ខ្ញុំ​ថា​ហេតុអ្វី​បាន​ជា​នៅ​តែ​«លេខ​ពីរ​ក្នុង​ការ​ឃ្លាំមើល» ខ្ញុំ​ឆ្លើយ​អត់​ចេញ​ទេ​ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​វាយ​តម្លៃ វា​ជា​ពិន្ទុ​ដែល​នៅ​លើ​ចុង​ប៊ិច​របស់​គាត់ សួរ​គាត់​បាន​ដឹង»។​

អ្នកស្រី​ ជូ ប៊ុនអេង​ ក៏​បាន​លើក​ឡើង​ថា ការ​ផ្ដន្ទាទោស​ជនល្មើស​បាន​ធ្វើ​ដោយ​មិន​រើស​មុខ រហូតដល់​ករណី​ខ្លះ​មាន​ថ្នាក់​ឧត្ដមសេនីយ៍​ទៅទៀត​ហើយ​ចំពោះ​ការ​គាំពារ​ជនរងគ្រោះ​វិញ អ្នកស្រី​ថា​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​ក៏​បាន​ទទួល​ជំនួយ​ជា​ហិរញ្ញប្បទាន​ដើម្បីវត្តមានបន្ត​ការងាររបស់​ខ្លួន​ដោយ​សារ​តែ​សេវា​នេះ​ដែល​រដ្ឋ​យក​ជា​ដៃគូដែរ។

រូប​ឯកសារ៖ លោក​ មឿន តុលា​ ​នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅកាត់​ថា ​សង់​ត្រាល់ (Central) ថ្លែងទៅ​កាន់​អ្នកកាសែត​ កាល​ពី​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/វីអូអេ)
រូប​ឯកសារ៖ លោក​ មឿន តុលា​ ​នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅកាត់​ថា ​សង់​ត្រាល់ (Central) ថ្លែងទៅ​កាន់​អ្នកកាសែត​ កាល​ពី​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/វីអូអេ)

លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងា​រនិង​សិទ្ធិមនុស្ស(សង់ត្រាល់)​លើក​ឡើង​ថា​រដ្ឋាភិបាល​អាមេរិក​គួរ​បន្តឃ្លាំ​មើលការ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិដែល​កំពុង​មាន​ស្រាប់​របស់​កម្ពុជា​នោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំណាត់​ថ្នាក់​នេះហាក់​ដូចជា​ចំណាត់​ថ្នាក់​មាន​ការ​សម្រប​សម្រួល តែ​ក៏ជា​ចំណាត់ថ្នាក់​ដែលទុក​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ផង​ដែរ»។

លោក​មឿន តុលា ​បន្ត​ថា៖ «អំឡុង​កូវីដ១៩​នេះ ខ្ញុំមើល​ទៅ​ឃើញ​ស្ថានភាព​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ជួញដូរ​មនុស្សគឺ​ដូចជា​អត់​មាន​ស្រក អត់​មាន​ថម ថយ​ទេ។ ជាពិសេស​ការ​ជួញដូរ​ទៅចិន​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែមទៀត ដែល​ពី​មុន​ទៅ​តាម​យន្តហោះ ឥឡូវ​មាន​ការឆ្លង​ដែន​ផ្លូវ​គោក​កាត់តា​មវៀតណាម​ទៅ​ចិន»។

អ្នក​ឃ្លាំមើលរូបនេះបាន​បន្ត​ថា៖ «នៅ​ពេល​ប្រទេស​មួយ​ចំនួន Lockdown (បិទខ្ទប់)​អ៊ីចឹង​ទៅ អង្គការ​សង្គម​ស៊ីវិលប្រឈម​ការលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​អ៊ីចឹង​ជា​ឱកាស​សម្រាប់​ពួកជួញ​ដូរ​ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​នានាដូច​ជិះ​សេះលែង​ដៃ​អ៊ីចឹង»។

លោក​មឿន តុលា​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​បង្កើន​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​និងបង្កើនកញ្ចប់ថវិកាសម្រាប់ការងារប្រឆាំងការជួញ​ដូរមនុស្ស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​នេះ៕

XS
SM
MD
LG