អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តតាមអនុសាសន៍មួយផ្នែកធំដែលទទួលយកកាលពីឆ្នាំ ២០១៩ នៅក្នុងកិច្ចប្រជុំនៃការពិនិត្យជាសាកលតាមការកំណត់ (Universal Periodic Review ឬ UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នេះបើតាមឯកសារដែលបង្ហោះនៅលើគេហទំព័ររបស់អង្គការអន្តរជាតិមួយនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
អង្គការនេះបានដាក់ឯកសារជាអនុសាសន៍នៅមុនកិច្ចប្រជុំ UPR ដែលដំណើរការនៃការពិនិត្យនឹងធ្វើឡើងរហូតដល់ខែឧសភា ឆ្នាំ ២០២៤។
អង្គការ Human Rights Watch បានលើកឡើងអំពីការព្រួយបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ អង្គការបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កម្ពុជាបានទទួលយកអនុសាសន៍ចំនួន ១៧៣ ក្នុងចំណោម ១៩៨ ដែលទទួលបាន។ ប៉ុន្តែរដ្ឋាភិបាលខកខានក្នុងការអនុវត្តនូវចំណុចសំខាន់ៗយ៉ាងច្រើននៃអនុសាសន៍ទាំងនោះ។
អាជ្ញាធរកម្ពុជាបានបង្កើនការបង្ក្រាបទៅលើគណបក្សជំទាស់ មេដឹកនាំអង្គការសង្គមស៊ីវិល មេដឹកនាំសហជីព និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមអង្គការ។ អង្គការបានលើកឡើងអំពីការកាត់ទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារចំនួន ២៧ ឆ្នាំ។ អង្គការបានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់នូវការគំរាមកំហែងប្រឆាំងនឹងសមាជិកគណបក្សជំទាស់ សកម្មជនសង្គមស៊ីវិល ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងដោះលែងសកម្មជនគណបក្សនយោបាយជំទាស់ និងសកម្មជនអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ។
ពាកព័ន្ធនឹងការបោះឆ្នោតវិញ អង្គការបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ហើយបានបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមការបោះឆ្នោត ដោយមិនមានមូលដ្ឋានច្បាស់លាស់។
អង្គការស្នើឱ្យបង្កើតនូវគណៈកម្មាធិការរៀបចំការបោះឆ្នោតមួយដែលឯករាជ្យ និងមានសមត្ថភាពរៀបចំការបោះឆ្នោតនៅពេលអនាគតដោយមិនលម្អៀងទៅកាន់គណបក្សនយោបាយណាមួយ។ អង្គការនេះក៏ស្នើឱ្យលុបចោលច្បាប់ស្តីពីគណបក្សនយោបាយ ដែលអនុញ្ញាតឱ្យមានការរំលាយគណបក្សនយោបាយតាមអំពើចិត្ត និងហាមប្រាមមេដឹកនាំគណបក្សមិនឱ្យធ្វើនយោបាយ ដោយគ្មាននីតិវិធីយុត្តិធម៌។
ពាក់ព័ន្ធនឹងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយវិញ អង្គការអន្តរជាតិមួយនេះក៏ជំរុញឱ្យដាក់ដំណើរការស្ថាប័នព័ត៌មានវីអូឌីឡើងវិញ ដែលបានបិទកាលពីខែកុម្ភៈ និងបញ្ឈប់ការរាំងខ្ទប់គេហទំព័រ។
ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីពវិញ អង្គការនេះក៏ដាក់អនុសាសន៍ឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក Phil Robertson នាយករងផ្នែកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រាប់វីអូអេបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះយ៉ាងដុនដាបនៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ព្រមជាមួយការកើនឡើងការវាយប្រហារលើគណបក្សប្រឆាំង និងការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «លទ្ធផលនៅពេលនេះគឺបង្ហាញថាសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឥឡូវនេះគឺនៅឆ្ងាយទាំងស្រុង»។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេថា អង្គការ Human Rights Watch មិនដឹងពីស្ថានភាពពិតរបស់កម្ពុជាឡើយ ខណៈពួកគេធ្វើការតែពីចម្ងាយ។ លោកបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «អ៊ីចឹងទោះបីជាមានការរិះគន់ពីគាត់ យើងទទួលការស្វាគមន៍ ក៏ប៉ុន្តែជាក់ស្តែងការរស់នៅផងយើងមានលក្ខណៈល្អប្រសើរ យើងរីករាយនូវអ្វីដែលយើងបាននិងកំពុងធ្វើកិច្ចការជូនប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ»។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេថា គ.ជ.ប អនុវត្តបានត្រឹមត្រូវតាមនីតិវិធី និងថា អង្គការ Human Rights Watch មិនមានភាពច្បាស់លាស់ពាក់ព័ន្ធនឹងនីតិវិធីបោះឆ្នោតឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ក្នុងការដឹកនាំប្រទេសអាណត្តិមុនៗដែលដឹកនាំដោយលោក ហ៊ុន សែន គឺកម្ពុជាទទួលរងការរិះគន់ច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះលោកយល់ថា រដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវតែដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យកម្ពុជាអាចទាញផលប្រយោជន៍នានា។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិលសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងមានឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសទាក់ទងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងមានការកែលម្អ និងភាពល្អប្រសើរទាក់ទងលំហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ។ ហើយកម្ពុជានឹងទទួលបានផលចំណេញច្រើន»។
លោកបន្ថែមថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស គឺទាមទារឆន្ទៈរបស់អ្នកនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបអាចដោះស្រាយបញ្ហាទាំងនោះបានល្អប្រសើរ៕