ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ចំនួន​៤​ព្រមព្រៀងគ្នា​បង្កើត​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត»​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ


ថ្នាក់ដឹកនាំ និង​តំណាង​គណបក្ស​នយោបាយ​ទាំងបួន​ជួបជុំគ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងភ្នំពេញ​ដើម្បី​បង្កើត​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ថ្នាក់ដឹកនាំ និង​តំណាង​គណបក្ស​នយោបាយ​ទាំងបួន​ជួបជុំគ្នា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងភ្នំពេញ​ដើម្បី​បង្កើត​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​នយោបាយ​ចំនួន​៤ នៅថ្ងៃ​ពុធ​នេះ​ បាន​រួមគ្នា​បង្កើត​ចំណង​នយោ​បាយ​ថ្មី​មួយ​ដោយ​ឱ្យ​ឈ្មោះ​ថា​ ​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ក្នុង​គោល​ដៅ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ និងលើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ និងដំណើរ​ការ​ប្រជាធិប​តេយ្យ​។

គណបក្ស​ទាំង​៤​នោះ​ រួមមាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា​ ដែល​សុទ្ធ​តែ​ជាគណបក្ស​ដែលមិន​ទាន់​មាន​សំឡេង​នៅ​រដ្ឋ​សភានៅ​ឡើយ។

ការ​បង្កើត​សម្ពន្ធភាព​នេះកើត​ឡើង​ ខណៈ​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ថា​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដោយសារ​មិន​មាន​ឯកសារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស ដែល​បណ្តាល​ឱ្យ​ខ្លួន​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​បង្កើត​សម្ពន្ធ​នយោបាយ​ថ្មីនោះ​ ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង៤​បាន​លើកឡើង​ថា៖​ «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ព្រម​ទាំង​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​ យុត្តិធម៌​សង្គម​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ និង​ចីរភាព​ ព្រមទាំង​ភាព​សុខដុម​រមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​នាពេល​អនាគត»។

សម្ពន្ធភាព​ថ្មីមួយ​នេះ​ នឹង​បើក​ចំហ​សម្រាប់​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ ដែលមាន​ទស្សនៈ​ គោល​ដៅ​ និង​គោល​ជំហរ​នយោបាយ​ដូច​គ្នា​ ដើម្បី​រួបរួម​គ្នា​សម្រេច​គោល​បំណង​ខាង​លើនេះ​ ដោយ​ឈរ​លើ​ស្មារតីបង្រួបបង្រួម​ សាមគ្គីភាព​ និង​ឯកភាព​ជាតិ​។

អ្នកនាំពាក្យ​គណបក្សភ្លើង​ទៀន​ លោក​ គីមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​នៅក្រៅ​ពិធី​ប្រកាស​បង្កើត​សម្ពន្ធភាព​នយោបាយ​ថ្មីនេះ​ថា​ សម្ពន្ធភាព​នេះ​ មានសារៈ​សំខាន់សម្រាប់​រាល់​គណបក្ស​នយោបាយ​ណាដែល​ប្រាថ្នា​ចង់​បាន​លទ្ធិ​ប្រជាធិប​តេយ្យមួយ​ដែល​ដំណើរការ​ល្អនៅ​កម្ពុជា​។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ផ្តល់​បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ផ្តល់​បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖​ «​សម្ពន្ធភាព​នេះ​វា​ជារឿង​ចាំបាច់​ សម្រាប់​គណបក្ស​នយោបាយ​ទាំង​ឡាយ​ណា​ដែល​មានគោល​ជំហរ​ គោល​នយោបាយ និង​ឆន្ទៈ​ ដូច​គ្នា​ក្នុង​ការ​ស្តា​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​យើង​ពី​ពេល​ឥឡូវ​ទៅ​ថ្ងៃ​អនាគត»។

​ក្រោយពីការ​បង្កើត​សម្ពន្ធភាព​នយោបាយ​នេះ​ មានការ​ចោទ​សួរ​ពី​អ្នកសារព័ត៌មាន​អំពី​ហានិភ័យ​ដែលអាច​កើត​ឡើង​ទៅ​លើ​សម្ពន្ធភាពនេះ​ ខណៈ​គណបក្ស​ភ្លើង​ទៀន​កំពុង​មាន​បញ្ហាផ្លូវ​ច្បាប់​ ទាក់​ទិនការ​ចុះបញ្ជីគណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ ក៏​ប៉ុន្តែ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​៤បាន​ការពារសម្ព័ន្ធនយោបាយ​នេះ​ថា​ នឹងដំណើរការ​ទៅ​ស្របតាម​ច្បាប់។

ប្រធានគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក ​យ៉េង​ វីរៈ​ ថ្លែងថា ​ការ​ចង​សម្ពន្ធភាពនេះនឹង​មិន​បង្កើត​បញ្ហា​ប្រឈម​ដល់​គណបក្ស​ដែល​ចូលរួមនោះ​ទេ ព្រោះទោះបី​គ្មានការ​ចង​សម្ពន្ធភាព​យ៉ាង​ដូច្នេះ​ក៏ដោយ​ ក៏​ការ​រឹត​ត្បិត​សិទ្ធិនយោបាយ​នៅ​តែ​មាន​ដដែល​។

លោកថ្លែង​ថា៖ «ការពិត​ទៅ​ ជាទូទៅ​ទោះ​ជា​មិនចង​ នៅ​ក្រៅ​សម្ពន្ធភាព​ក៏ដោយ​ ក៏យើង​នៅ​ជួប​ហៅ​ថា​ បរិយាកាស​សេរីភាព​នយោបាយ​ហ្នឹង​ នៅ​រឹតត្បិត​ មិន​ទាន់​ទូលំទូលាយ​ សេរីភាព​នយោបាយ​។ អ៊ីចឹង យើង​មិនចាត់​ទុក​ថា​ វា​ជាការណ៍ដែល​យើង​ព្រួយ​បារម្ភ​ទេ​ ប៉ុន្តែ​ជា​កា​រ​ប្រឈម​ដែល​យើង​ត្រូវ​ព្យាយាម​ពុះពារ​ជម្នះ»។

លោក​ ប៉ុល ហំម​ ប្រធានគណបក្ស​កែទម្រង់​កម្ពុជាលើកឡើងថា បើសិន​ជា​សម្ពន្ធ​ភាពថ្មី​នេះ​ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោមគំនាប​ណាមួយ​នោះ​ អ្នកខាត​ប្រយោជន៍​គឺ​ប្រជាជន​។

លោក​ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា៖ «យើង​ធ្វើ​ដើម្បី​ផលប្រយោជន៍​ជាតិ​ ហើយ​គេ​មាន​ការ​រារាំង​ មាន​ការ​សម្ពាធ​ មាន​បញ្ហា​ណាមួយ​ មិនមែន​មក​ពី​យើង​ទេ​។ ដូច្នេះ​ ឧត្តម​គតិ​របស់​យើង​ សម្ប​ជញ្ញៈ​របស់​យើង​ ក៏អត់​ស្តីបន្ទោស​ឱ្យយើង​ដែរ​...ព្រោះ​យើង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​អស់​ពី​លទ្ធភាព​របស់​យើង​ហើយ​។ ហើយ​ប្រជាពលរដ្ឋ​ក៏លោក​មិន​ស្តីបន្ទោស​យើង​ដែរ​»។

កន្លង​មក​មាន​ការ​ប្រកាស​ពីគណបក្ស​នយោបាយ​មួយចំនួន​ឱ្យមាន​ការ​ចង​សម្ពន្ធ​ភាព​រួម​គ្នា​ តែ​មិន​មាន​ការ​ព្រម​ព្រៀង​គ្នា​ជា​លាយ​លក្ខណ៍​អក្សរ​ដូច​គ្រានេះ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា យល់​ថា​ ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​នយោបាយ​ទាំង៤​ គឺ​ជាគំនិត​ផ្តួចផ្តើម​ថ្មី​មួយដើម្បី​កៀរគរ​កម្លាំង​នយោ​បាយ​ ដែល​អាច​នឹង​ទៅ​ប្រជែង​ជាមួយ​គណបក្ស​គ្រប់​គ្រង​ប្រទេស។ ប៉ុន្តែ​លោក​បារម្ភថា បើ​សិន​សម្ពន្ធ​នយោបាយ​ថ្មី​ថ្មោងនេះ​ ទទួល​បាន​ការ​គាំទ្រច្រើន​ពី​អ្នកបោះឆ្នោត​ បញ្ហា​ប្រឈម​មួយ​ចំនួន​នឹង​អាច​កើត​ឡើង​ ដូច​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អតីត​គណបក្ស​សង្គ្រោះជាតិ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ប្រាប់​អ្នកកាសែត​ថា៖ «​យើង​ឧទាហរណ៍​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អ៊ីចឹង​ គឺ​អាច​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​រវាង​គណបក្ស​នយោបាយទាំងពីរ​អាច​ទៅ​ទទួល​បាន​នូវការ​ដឹកនាំ​ប្រទេស​ ឬកាន់​អំណាច គឺ​ឱកាស​ហ្នឹង​ហាក់​ដូច​ជា​អត់បាន​ នៅ​យូរអង្វែង​ទេ​។ អ៊ីចឹង​ខ្ញុំ​ សម្រាប់​ខ្ញុំ ខ្ញុំមើល​ឃើញ​ថា​ វាគ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ ប៉ុន្តែយើង​នឹង​តាម​ដាន​ទាំង​អស់​គ្នា​ទៀត​ថា​ តើ​សម្ពន្ធភាព​ហ្នឹង​អាច​ធ្វើ​ឱ្យ​មាន​ជំនឿ​ជឿជាក់​ពីគណបក្ស​នយោបាយ​ផ្សេង ពី​អ្នក​នយោបាយ​ផ្សេង​ ឬក៏ពី​ប្រជាពលរដ្ឋ​ យ៉ាង​ម៉េច​ទៀត យើង​ទាល់​តែ​តាម​ដាន​ និង​ឃ្លាំមើល​ទាំង​អស់គ្នា​ ដើម្បីយក​មក​ឆ្លុះ​បញ្ចាំង​អំពីការ​លើក​ឡើង​នូវ​ឆន្ទៈ​របស់​ពួកគាត់គណបក្ស​ទាំង​៤​ហ្នឹង»។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ថ្លែង​ថា​ សម្ពន្ធភាព​នយោបាយ​ថ្មី​នេះ​នឹង​មិន​ជា​ការ​គំរាម​កំហែង​ដល់​ការ​កាន់​កាប់​អំណាច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​ ហើយ​ថា​ គណបក្ស​ដែល​ចូលរួម​បង្កើត​សម្ពន្ធនេះ​គឺ​ជា​ក្រុម​គណបក្ស​ចាញ់​ការ​បោះ​ឆ្នោត។​ លោក​បាន​ចោទ​សួរ​ផង​ដែរ​ពី​របៀប​នៃ​ការ​ចាត់​ចែង​ដាក់​បេក្ខជន​របស់​គណបក្ស​ទាំង៤​ដែល​ទំនង​ជា​អាចមាន​ភាព​ចម្រូង​ចម្រាសក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​អីទេ​ ពីព្រោះ​ឥឡូវភ្លើង​ទៀន និង​គណបក្ស​បី​ទៀតសុទ្ធ​តែ​ជា​គណបក្ស​ចាញ់​ ហើយ​មក​ចង​សម្ពន្ធភាពជាមួយ​គ្នា​សួរ​ថា​ដល់​ពេល​បោះ​ឆ្នោត​ សួរ​ថា​ឥឡូវ​រៀបចំ​ដាក់​បេក្ខភាពឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​យ៉ាង​ម៉េច​ ឥឡូវ? គណបក្ស​ណា​មាន​ធនធាន​មនុស្ស​ដាក់​បេក្ខភាព អាហ្នឹង​គណ​បក្ស​ហ្នុង​ហើយ​ ជា​ខ្លឹម​សារ​របស់​គណបក្ស​ហ្នុង តែ​គណបក្ស​ផ្សេង​ទៀត​មិន​អាច​យក​បេក្ខភាព​របស់​គណបក្ស​មួយ​ទៅឈរ​ឈ្មោះរបស់​គេ​ហ្នឹង​ទៅ​ធ្វើ​ជា​របស់​ខ្លួន​ឯង​បាន​ទេ​»។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដាកន្លង​ទៅ​ គណបក្សភ្លើងទៀន​ខកខាន​មិនបាន​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​ ដោយសារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​អំពីការ​ចុះបញ្ជី​គណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ ចំណែក​គណបក្ស​កែទម្រង់​កម្ពុជារបស់​លោក​ អ៊ូ ច័ន្ទរ័ត្ន​ និង​លោក ប៉ុល ហំម​ បាន​ពហិការ​មិន​ចូលរួមការ​បោះឆ្នោត​។​ ដោយឡែក​គណបក្ស​ឆន្ទៈ​ខ្មែរ​ និង​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​បាន​ចូលរួមការ​បោះ​ឆ្នោត​ តែ​មិន​អាច​ដណ្តើម​បាន​អាសនៈ​តំណាង​រាស្ត្រ​នៅ​រដ្ឋសភា​។

យ៉ាង​ណាក៏ដោយ ​ការបង្កើត​សម្ពន្ធភាពនយោបាយ​នេះ ក៏គេឃើញ​កើត​មាន​នៅ​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់​អាស៊ីអាគ្នេយ៍មុន​ និងក្រោយ​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ​ ក្នុង​នោះគឺ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ ទីដែល​សំឡេង​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ ហើយ​មាន​លទ្ធភាពឡើង​កាន់​អំណាច​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG