ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ភ្លើងទៀន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នកទោស​មនសិការ​អំឡុង​ពេល​បុណ្យ​ភ្ជុំ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​ភ្លើង​ទៀន​ អំពាវនាវ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជាង​ ២០ ​នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ដើម្បី​ពួក​គេ​អាច​មក​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

ការ​អំពាវនាវ​របស់​គណ​បក្ស​ភ្លើង​ទៀន​កើត​មាន​ឡើង​ នៅ​ពេល​អតីត​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​បាន​ចេញ​វីដេអូ ​ឬ​ធ្វើ​លិខិត​សុំ​ទោស​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ហ៊ុន សែន​ និង​រដ្ឋាភិបាល ​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ពី​ពន្ធនាគារ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី​ ៨​ ខែ​តុលា ​ឆ្នាំ​ ២០២៣ គណបក្ស​ភ្លើង​ទៀន​បាន​សាទរ​ចំពោះ​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ប៉ុន្តែ​គណបក្ស​ជំទាស់​មួយ​នេះ​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះ​លែង​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត​ ឱ្យ​មាន​សេរីភាព នា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ដើម្បី​បាន​មក​ជួប​ជុំ​គ្រួសារ។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក ​រ៉ុង ឈុន​ ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ជ្រះ​ស្រឡះ​ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​នានា​ត្រឡប់​មក​ជូន​ប្រទេស​ជាតិ​វិញ។​

លោក​នៅ​តែ​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើងទៀន​ដាក់​ពន្ធនាគារ​ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជា​ជាង​ការ​អនុវត្ត​ច្បាប់​ ព្រោះ​រាល់​ពេល​សកម្មជន​នយោបាយ​ណា​ម្នាក់​ ធ្វើ​លិខិត​សុំ​ទោស​គឺ​តែង​តែ​មាន​ការ​ដោះលែង។​

លោក​ថ្លែង​ថា៖​ «គណបក្ស​ក៏​ចង់​ឃើញ​អ្នក​ផ្សេងៗ​ទៀត ​ដូច​ជា​លោក​ ថាច់ សេដ្ឋា ​លោក ​កាក់ កុម្ភារ លោក ​ខឿន វីរ៉ាត់ ​ទាំង​អស់​មាន​សេរីភាព​...​ ពីព្រោះ​យើង​គិត​ថា​ ពេល​វេលា​នេះ ​សម​ល្មម​ហើយ។ ​ហើយ​ពុំ​មាន​ទោស​កំហុស​អ្វី​ណា​ទេ ​គ្រាន់​តែ​រឿង​នយោបាយ​ គួរ​តែ​បញ្ចប់​ទៅ​ដើម្បី​ទាក់​ទាញ​អន្តរជាតិ​ ក៏​ដូច​ជា​អឺរ៉ុប​ក្តី​ ដើម្បី​ទទួល​បាន ​EBA ​ក៏​ដូច​ជា​ GSP​ ពី​សហរដ្ឋ​អាមេរិក​មក​វិញ។​ ហើយ​ក៏ដូច​ជា​ការ​ទទួល​បាន​នូវ​ទេសចរ​មក​កម្ពុជា​វិញ ​នៅ​ពេល​ដែល​គេ​ឃើញ​ថា​ យើង​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។​

លោក​ រ៉ុង ឈុន​ ចង់​ឃើញ​រដ្ឋាភិបាល​អាណត្តិ​ទី ៧ ​ដែល​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត ​ស្តារ​សិទ្ធិ​មនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ ​និង​បើក​លម្អ​សេរីភាព​ពលរដ្ឋ ​សេរីភាព​នយោបាយ​ឡើង​វិញ​ផង​ដែរ​ ជាពិសេស​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​នា​ឆ្នាំ​ ២០២៤។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ ឬ​អ្នក​ទោស​នយោបាយ ​អ្នក​ស្រី ​វង រុន្នី ​អតីត​ប្រធាន​ចលនា​ស្ត្រី​ថ្នាក់​ជាតិ ​និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ពី​ពន្ធនាគារ។​

ការ​ដោះ​លែង​អតីត​មន្ត្រី​គណ​បក្ស​ជំទាស់​រូប​នេះ​ធ្វើ​ឡើង​ ក្រោយ​ការ​ចេញ​វីដេអូ​សុំ​ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ គឺ​លោក​ ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ ដោយ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់អង្គភាព​ព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​កាល​ពី​ថ្ងៃ​អាទិត្យ។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុតិ្ត​ធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​ថា ការ​ស្នើ​សុំ​ឱ្យ​ដោះ​លែង​អ្នក​ណា​ម្នាក់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​អាច​ធ្វើ​ឡើង​ទៅ​បាន​ តាម​នីតិវិធី​តុលាការ​តែ​ប៉ុណ្ណោះ ​ហើយ​ក៏​ជា​ការ​ស្នើ​សុំ​របស់​ជន​ជាប់​ចោទ​ ឬ​មេធាវី​ការពារ​ក្តី។​

លោក​ថ្លែង​ថា៖​ «យើង​ចង់​បញ្ជាក់​ថា ​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ គឺ​ដោយ​សារ​ការ​វិនិច្ឆ័យ​ ការ​ពិនិត្យ​មើល​ជា​សិទ្ធិ​[និង]​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ដោយ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ ដូច​ជា​ការ​នៅ​ក្រៅ​ឃុំ។ ​វា​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នីតិវិធី​តុលាការ។​ ទីពីរ ​គឺ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​កិច្ចសហការ​ជាមួយ​តុលាការ​ សមត្ថកិច្ច​ បាន​ន័យ​ថា ​គឺ​ចូលរួម​គ្រប់​ដំណើរ​ការ​នីតិវិធី​ ដោយ​មិន​គេច​ខ្លួន​ទៅ​ណា​ទេ។ ​ហើយ​ទី​បី​ គឺ​ថា​ អាច​សាមី​ខ្លួន​ ​ជន​ជាប់​ចោទ​ហ្នឹង​គាត់​បង្ហាញ​នូវ​ការ​សោកស្តាយ​ ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ​និង​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​កែប្រែ​ខ្លួន។ ​អាហ្នឹង​ជា​ចំណុច​ដែល​ចៅ​ក្រម​ គាត់​ធ្វើ​ការ​ពិចារណា​ ​មុន​នឹង​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ឬ​មិន​នៅ»។​

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​លោក ​ថាច់ សេដ្ឋា​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស ​ក៏​ធ្លាប់​ស្នើ​សុំ​ឱ្យ​តុលាការ​ ដាក់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​ថា​ លោក​មាន​តួនាទី​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​ មាន​តួនាទី​ជា​ប្រធាន​សមាគម​ខ្មែរ​ក្រោម​ មាន​ទីលំ​នៅ​ច្បាស់​លាស់ ​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ព្យាបាល ​និង​ថា​លោក​មិន​គេច​ខ្លួន​ទៅ​ណា​ទេ។​ ប៉ុន្តែ​ទាំង​សាលា​ឧទ្ធរណ៍​រាជ​ធានី​ភ្នំពេញ​ និង​តុលាការ​កំពូល​ បាន​បដិសេធ​សំណើ​របស់​លោក​ ថាច់ សេដ្ឋា ​ជា​បន្ត​បន្ទាប់​ក្នុង​សំណុំ​រឿង ​«ចេញ​សែក​គ្មាន​សាច់​ប្រាក់» ​និង​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង​ សែនករុណា​ លើក​ឡើង​ថា​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​សម្រាប់​ពល​រដ្ឋ​គ្រប់រូប​ក្នុង​ការ​ចូល​រួម​នយោបាយ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «រដ្ឋាភិបាល ​ទោះ​បីថា​មកពី​គណបក្ស​ណា​មួយ​ក៏​ដោយ​ ​[គឺ] ការ​ដឹក​នាំ​រដ្ឋាភិបាល ​ត្រូវ​តែ​ផ្តល់​ និង​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ ​ឬ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​ ដោយ​មិន​មាន​ការ​រឹតត្បិត​ និង​បំបិទ​នូវ​សិទ្ធិ​សេរីភាព។​ អាហ្នឹង​គឺជា​ហេតុផល​ និង​មូល​ដ្ឋាន​គ្រឹះ​សំខាន់​នៃ​សេរីភាព​ទាំង​អស់​នោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។​

លោក​បន្ថែម​ថា ​ប្រសិន​បើ​អ្នក​ដឹក​នាំ​ណា​ម្នាក់​មាន​គំនិត​គុំ​កួន​ ឬ​រើស​អើង​លើ​ក្រុម​នយោបាយ​មាន​គំនិត​ផ្ទុយ ដោយ​ប្រើ​ឥទ្ធិពល​ ឬ​អំណាច​ ទៅ​បិទ​សិទ្ធិ​សេរីភាព​របស់​ក្រុម​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ នោះ​គឺ​ជា​ការ​បំពាន​គោល​ការណ៍​ប្រជាធិបតេយ្យ ​ព្រោះ​គណបក្ស​ទាំងអស់​ ត្រូវ​តែ​ចូល​រួម​កសាង​ប្រទេស​ជា​មួយ​គ្នា​ទៅ​តាម​ចំណេះ​ជំនាញ ​ទើប​ធ្វើ​ឱ្យ​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ និង​អភិបាល​កិច្ច​ត្រឹម​ត្រូវ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG