ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល​៖ ៣០​ឆ្នាំ​ក្រោយ​ការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ ភាព​ចម្រូង​ចម្រាស​​នៅ​តែ​មាន​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


រូបឯកសារ៖ អ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ អ្នកធ្វើដំណើរបើកបរកាត់​វិមាន​ឯករាជ្យ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ក្នុងពិធី​ប្រារព្ធ​ខួប​ទី​ ៣០ ​នៃ​ការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះ​អាង​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ គឺ​ក្នុង​គោល​បំណង​អភិវឌ្ឍ​ជាតិ និង​ដើម្បី​បំពេញ​តម្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​ ​អ្នក​តាម​ដាន​សង្គម​ និង​អ្នក​ជំនាញ​ច្បាប់​មើល​ឃើញ​ថា​ ការ​ដើរ​តាម​ខ្សែ​បន្ទាត់​របស់​រដ្ឋធម្មនុញ្ញនៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ។

ថ្លែង​នៅ​ក្នុង​ពិធី​អប​អរ​សាទរ​ខួប​ទី​ ៣០ ​ឆ្នាំ​នៃ​ការ​ប្រកាស​ប្រើ​ប្រាស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា នា​ថ្ងៃ​សុក្រ​នេះ​ លោក ​អ៊ឹម​ ឈុនលឹម​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ថ្លែង​ថា រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ ដែល​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​និង​មូលដ្ឋាន​គ្រឹះ​នៃ​លិទ្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ដូចមាន​នៅ​ក្នុងខ្លឹម​សារ​ទាំង​ស្រុង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១។

លោក​ថ្លែង​ថា៖ «រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ជា​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជឿន​លឿន​ ដែល​បាន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ។ សភា​ធម្មនុញ្ញ​បាន​តាក់​តែង​រក្សា​ឱ្យ​មាន​មក​វិញ​នូវ​គុណ​តម្លៃ​ប្រពៃណី​ខ្មែរ​គឺ ជាតិ សាសនា ព្រះ​មហាក្សត្រ អម​ជាមួយ​ធម្មនុញ្ញ​ទំនើប​ជា​មូលដ្ឋាន​គ្រឹះ​ គឺ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស នីតិរដ្ឋ ដោយ​តាក់​តែង​បញ្ចូល​ទាំង​ស្រុង​ និង​ដោយ​លម្អិត​នូវ​ខ្លឹម​សារ​នៃ​ឧប​សម្ព័ន្ធ​ទី​៥​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​ចែង​អំពី​គោល​ការណ៍​នៃ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា»។

លោក​បាន​បន្ត​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ចំនួន​ ១០ លើក ហើយ​មាន​ការបង្កើតបន្ថែមច្បាប់​រដ្ឋ​ធម្មនុញ្ញចំនួន​មួយ​ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​សង្គម​ ជាពិសេស​ករណី​ជាប់​គាំង​ផ្នែក​ច្បាប់ និង​ផ្នែក​នយោបាយ​ដែល​ចាំបាច់​ត្រូវ​ការ​ដោះ​ស្រាយ​ តាម​រយៈ​ការ​ចរចា​ក្នុង​ករណី​ផ្សះ​ផ្សា ​បង្រួប​បង្រួមជាតិ និង​ការគោរព​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

លោក អ៊ឹម ឈុនលឹម បាន​សង្កត់​ធ្ងន់ថា កម្ពុជា​តែង​តែ​បាន​កំណត់​ការ​បោះ​ឆ្នោត​យ៉ាង​ទៀង​ទាត់​ដែល​ស្រប​ទៅ​នឹង​ច្បាប់​ និង​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​មាន​ការ​ចូល​រួម​ពី​ចម្រុះ​ភាព​នៃ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ និង​លំហ​សេរីភាព​នយោបាយ​ធានា​ដោយ​ច្បាប់។ លោក​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ជារួម​គ្រប់​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ មាន​ការ​វវិឌ្ឍ​ ​រីក​ចម្រើន​ពី​ការ​បោះ​ឆ្នោត​មួយ​ទៅ​កា​របោះ​ឆ្នោត​មួយ​ ដោយ​រក្សា​បាន​នូវ​ភាព​ចម្រុះ​ និង​ការ​ប្រកួត​ប្រជែង​ និង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ យុត្តិធម៌​ និង​ដោយ​រលូន​គ្មាន​អំពើ​ហិង្សា​ និង​ការ​ចូល​រួម​យ៉ាង​ទូលំ​ទូលាយ​ពី​គណបក្ស​គ្រប់​និន្នាការ​ និង​របស់​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត»។

រូបឯកសារ៖ ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ (ស៊ុន ណារិន/VOA Khmer)

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​មក​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ចាក​ចេញ​ឆ្ងាយ​ពី​សង្គ្រាម​ និង​ត្រឡប់​មក​សន្តិភាព​វិញ​ មាន​ការ​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ក្នុង​ប្រទេស ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ។ រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​អាយុកាល​៣០​ឆ្នាំនេះ​ ​បាន​កំណត់​មាគ៌ា​និង​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សេរី​ពហុបក្ស។ ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ឱ្យ​ប្រើជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។

អស់​រយៈ​ពេល​៣០​ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ ច្បាប់​កំពូលមួយ​នេះ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ជា​ញឹកញាប់ ក្នុង​គោល​បំណង​សម្រប​សម្រួល និង​ផ្ចាញ់ផ្ចាល​ខាង​នយោបាយ​ជា​ជាង​ការបម្រើ​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ ​និង​ពង្រឹង​គោលការណ៍នីតិរដ្ឋ​ ស្រប​តាម​លំអាន​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ច្បាប់។

អ្នក​ឯកទេសច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់​វីអូអេ​ថា ស្មារតី​ដើម​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​អ្នក​នយោបាយ​ណា​មួយ​អនុវត្ត​តាមឱ្យ​បាន​ពេញ​លេញនៅ​ឡើយ​ទេ ដោយ​ពួក​គេ​បាន​ធ្វើ​កំណែ​ទម្រង់​វិសោធន​កម្ម​តាម​តម្រូវ​ការ​របស់​ខ្លួន ដែល​មិន​បាន​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​បាន​បង្ក​ជា​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

លោក​ថ្លែង​ថា៖ «បន្ថែម​អំពី​អ្វី​ដែល​អ្នក​នយោបាយ​មិន​ទាន់​អាច​អនុវត្ត​តាម​ស្មារតី​ដើម​ហើយ​ គឺ​ពួក​គាត់​ថែម​ទាំង​បាន​ប្រើ​ប្រាស់​គ្រប់​វិធី​សាស្រ្ត​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ ធ្វើ​វិសោធន​កម្ម​យ៉ាង​ម៉េច​ឱ្យ​រដ្ឋ​ធម្ម​នុញ្ញ​ហ្នឹង​មក​ត្រូវ​នឹង​ការ​អនុវត្ត​របស់​ខ្លួន​ ដែល​យើង​មើល​ឃើញ​ថា​ ការ​អនុវត្ត​នោះ​វា​ប្រាស​ចាក​អំពី​គោលការណ៍​ប្រជាធិបតេយ្យ​ ប្រាស​ចាក​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស»។

លោក វ៉ន ចាន់ឡូត ​បន្ត​ទៀត​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បន្ថែម​ដូច​ជា​ច្បាប់​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ បាន​ប្រែក្លាយ​ការ​ប្រើ​សិទ្ធិ​បោះឆ្នោត​ ទៅ​ជា​កាតព្វកិច្ចដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ។

លោក​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​វា​ជា​សិទ្ធិ​ វា​មិន​មែន​ជា​កាតព្វ​កិច្ច ក៏​ប៉ុន្តែ​នា​ពេល​ដែល​មាន​ការ​ធ្វើ​វិសោធនកម្ម​ ឬ​ក៏​ការ​ធ្វើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​នេះ​មក​ ហាក់​ដូច​ជា​បាន​កំណត់​ថា​ការ​បោះ​ឆ្នោត​គឺ​ជា​កាតព្វ​កិច្ច​ទៅ​វិញ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា ការ​ធ្វើ​វិសោធន​កម្ម​ទៅ​លើ​រដ្ឋ​ធម្ម​នុញ្ញ​តែង​កើត​មាន​ឡើង​នា​ពេល​ដែល​មាន​ការ​ជាប់​គាំងនយោបាយ​ក្នុង​ប្រទេស ឬ​ធ្វើ​ឡើង​ទៅតាម​ការ​ចង់​បាន​របស់​អ្នក​នយោ​បាយ ដើម្បី​ធានាការ​ប្រព្រឹត្ត​ទៅ​នៃ​ស្ថាប័ន​កំពូលៗរបស់​ជាតិ។

លោកបន្ថែម​ថា​ ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​នានា​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ក្រោយ​ការ​កើត​មាន​ជម្លោះ​នយោបាយ។

លោក​ថ្លែងថា៖ «អ៊ីចឹង ​បើ​ខ្ញុំ​មើល​ទៅ​លើ​កា​រធ្វើ​វិសោធនកម្ម​ កន្លង​មក​នេះ ​គឺ​សំដៅ​ទៅលើ​ធានា​នៃនិរន្តរភាព​ទៅ​លើ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ​ ហើយ​ភាគច្រើន​នៅពេល​ដែល​មាន​ការ​ជាប់​គាំង​នយោបាយ​ហ្នឹង​ គឺ​មាន​ការ​ធ្វើ​វិសោធនកម្ម​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ»។

រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

បើតាម​លោក អំ សំអាត កម្ពុជា​ក៏​គួរ​តែ​មាន​ការ​កំណែ​ទម្រង់​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិ​ធម៌​ដែល​មាន​ឯករាជ្យ​មួយ ហើយ​អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ក៏​បាន​ទទូច​ឱ្យ​មានការ​កែប្រែ​យ៉ាង​ដូច្នេះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ចំពោះ​រឿង​ប្រព័ន្ធ​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​ យើង​ឃើញ​ហើយ​សូម្បី​តែ​នៅ​ក្នុង​ការ​ផ្តល់​អនុសាសន៍ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ឬ​របាយការណ៍​អង្គការ​អន្តរ​ជាតិ អង្គការ​ជាតិ​ផ្សេងៗ​ក៏​នៅ​តែ​ទទូច​ឱ្យ​ធ្វើ​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលា​ការ​ហ្នឹង​ទៅ​ជាប្រព័ន្ធ​តុលាការ​ឯករាជ្យ​មួយ​ ដើម្បី​ធានា​អំពី​សិទ្ធិ​សេរីភាព​ ធានា​អំពី​សន្តិសុខ​សុវត្ថិភាព និង​ធានា​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ»។

ទោះជា​យ៉ាងណា​ក្តី​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា លើក​ឡើង​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​កំពូល​ក្នុង​ប្រទេស​ គឺ​ធ្វើ​ឡើង​តាម​ការ​វិវឌ្ឍ​របស់​ប្រទេស ហើយ​មិន​មែន​មាន​តែ​កម្ពុជា​មួយ​នោះ​ទេ ដែល​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​រដ្ឋធម្មនុញ្ញ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ជា​ការ​ចាំបាច់​ ដើម្បី​តម្រូវ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស​ជាតិ​ និង​របស់​សង្គម។ ការ​ធ្វើ​វិសោធន​កម្ម​ប៉ុន្មាន​ដង​មិន​មែន​ជា​បញ្ហា​ទេ​ សំខាន់​នៅ​ត្រង់​ថា​ តើ​វិសោធនកម្ម​នោះ​បាន​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ដូច​ម្តេច យើង​ឃើញ​ហើយ​ប្រទេស​យើង​មក​ដល់​ពេល​នេះ គឺ​ជា​ប្រទេស​មួយ​ដែល​អភិវឌ្ឍ​ជឿន​លឿន​ខ្លាំង ហើយ​ដំណោះ​ស្រាយ​នយោបាយ​ត្រូវ​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់»។

ទោះបីមាន​ការបកស្រាយ​ពី​មន្ត្រីរដ្ឋាភិបាល​យ៉ាង​ណាក្តី​ ក៏​ក្នុងរយៈពេល​ ៣០​ ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើរដ្ឋធម្មនុញ្ញ​ គេ​តែង​ឃើញ​ថា​ ជា​រៀង​រាល់​មុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់នោះ​ សំឡេង​របស់​គណ​បក្ស​ប្រឆាំង​តែង​តែ​ត្រូវ​បាន​បិទ​ខ្ទប់ ហើយ​ក៏មាន​ការ​ដក​ហូត​អាជ្ញា​បណ្ណ​របស់​សារ​ព័ត៌មាន​ឯករាជ្យមួយចំនួន​ ការ​បំបិទ​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ ដី​ធ្លី និង​នយោបាយ​ផងដែរ។

ការណ៍​នេះ​ ត្រូវ​អ្នក​តាមដាន​សង្គម​និង​អ្នក​នយោបាយ​ជំទាស់​ចោទ​សួរ​ជារឿយៗ​ថា​ តើ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​បង្កើត​ឡើងដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ ឬ​ក៏​ដើម្បី​រក្សា​ផលប្រយោជន៍​របស់​អ្នក​នយោបាយ។ ​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក​ គីមសួរ ភីរិទ្ធ យល់​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ប៉ុន្តែ​លោក​ថា ​រដ្ឋធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​នៃ​ប្រទេស​មិនគួរ​មាន​ការ​កែសម្រួល​ច្រើន​ដង​ពេក​នោះ​ទេ​ ព្រោះ​វាអាច​នាំឱ្យ​សង្គម​មួយ​មិន​មាន​ស្ថិរភាព​ពិត​ប្រាកដ។

លោក​ថ្លែងថា៖ «និយាយ​ទៅ​វា​អាច​នាំ​ឱ្យ​ការ​ចាត់​ចែង​ ការ​ប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​កំពូលៗ​ហ្នឹង​ មិន​មាន​ឯករាជ្យ​ភាព​ពី​គ្នា​ ពីព្រោះ​យើង​កែ​វា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​គណបក្ស​នយោបាយ​ អ៊ីចឹង​ការអនុវត្ត​ច្បាប់​ហ្នឹង​ធ្វើឱ្យ​មាន​បញ្ហា​ឆក​ល្វែង​ហើយ។ ស្ថាប័ន​ដែល​ជា​កំពូល​ដូចជានីតិបញ្ញតិ្ត នីតិប្រតិបត្តិ ហ្នឹង​គឺស្ថិត​នៅ​ក្រោម​អំណាច​របស់​គណបក្ស​ណាមួយ»។

លោក​បន្ថែម​ថា ការ​ណ៍​ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ច្រើន​ដង​នេះ ក៏​នឹង​មិន​អាច​ធ្វើ​ឱ្យ​មានការ​បែក​ចែក​អំណាច​ទាំងបី គឺ​អំណាច​តុលាការ​ នីតិប្រតិបត្តិ​ និង​នីតិ​បញ្ញត្តិ​ឱ្យ​ដាច់​ដោយឡែក​ពីគ្នា​បាន​ឡើយ ហើយ​វាគ្រាន់​តែជា​ការ​បម្រើ​ដល់​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG