ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍៖​ សេរីភាព​អ៊ីនធឺណិត​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

អង្គការ​ Freedom House ​បាន​ឱ្យដឹង​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ថា​ សេរី​ភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​ដែល​បន្ត​ធ្លាក់​ចុះ ​និង​រង​ការ​រឹត​ត្បិត​នៅ​ឡើយ​ ជាពិសេស​នៅ​មុន ​និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ជាតិ។​

នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ ៤៤ ​លើ​ ១០០​ ដែល​ទទួល​បាន​ ១​ពិន្ទុ​បន្ថែម​ទៀត​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០២២ ​ដែល​បាន​តែ​ ៤៣​ ពិន្ទុ​ប៉ុណ្ណោះ។​

ការ​វាយ​តម្លៃ​លើ​ស្ថាន​ភាព​នៃ​សេរីភាព​អ៊ីធឺណិត​សម្រាប់​ឆ្នាំ​ ២០២៣​ នេះ​ ធ្វើ​ឡើង​ ​នៅ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ពីរ​លើក​ជាប់ៗ​គ្នា​កាល​ពីខែ​កក្កដា​ឆ្នាំ​ ២០១៨​ និង​ឆ្នាំ​ ២០២៣​ ជា​អំឡុង​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ពី​បទ​ធ្វើ​សកម្ម​ភាព​ញុះញង់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​បង្ខំ​ឱ្យ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជាដើម។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​ Freedom House។​

របាយ​ការណ៍​ដដែល​នោះ​ឱ្យ​ដឹង​ទៀត​ថា​ ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ​ដែល​មាន​លោក​ ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី។​

របាយ​ការណ៍​របស់​អង្គការ​ Freedom House ​បាន​រៀបរាប់​ថា​ ការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​ ២០១៨ ​និង​ ២០២៣​ នេះ ​គឺ​មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ​ហើយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​សម្ពាធ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ និង​បាតុករ​ដោយ​ការ​បំភិត​បំភ័យ ​ព្រម​ទាំង​ការ​កាត់​ទោស​ក្រោម​ហេតុ​ផល​នយោបាយ​ និង​អំពើ​ហិង្សា​ជា​ដើម។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ខេមបូចា​ លោក​ ណុប វី ​លើក​ឡើង​ថា​ របាយ​ការណ៍​របស់​អង្គការ​ Freedom House បាន​ឆ្លុះ បញ្ចាំង​ជា​ច្រើន​អំពី​សកម្មភាព​នៃ​ការ​រឹត​ត្បិត​សេរី​ភាព​លើ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​មាន​គេហ​ទំព័រ​ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​រាំង​ខ្ទប់។

លោក បន្ថែម​ថា សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បច្ចុប្បន្ន​គឺ​ប្រជា​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​បាន​ជា​ទូទៅ ប៉ុន្តែ​ការ​ទទួល​បាន​ព័តមាន ឬ​មាតិកា​ណា​មួយ​ដែល​មាន​គ្រប់​ជ្រុង​ជ្រោយ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​នោះ​ គឺ​នៅ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ហើយ​យើង​ដឹង​ហើយ​យុគ​សម័យ​ឌីជីថល​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត បណ្តាញ​អ៊ីនធឺណិត​គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ជួយ​លើក​កម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។ ដូច្នេះ​ប្រសិន​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​មាន​ការ​រឹត​ត្បិត​ ឬ​មួយ​ក៏​រំហូរ​នៃ​ការ​ផ្តល់​ព័ត៌មាន​ចម្រុះ​ពី​គ្រប់​រូប​ភាព​ និន្នាការ​អី​ផ្សេងៗ​ត្រូវ​ទទួល​រង​នៅ​ការ​រឹត​ត្បិត​ហ្នឹង​ គឺ​វា​នឹង​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ហើយ»។

រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

បើតាម​របាយ​ការណ៍​របស់​អង្គការ​ Freedom House ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រសួង​ព័ត៌មាន​បាន​ដក​ហូត​អាជ្ញា​បណ្ណ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​វីអូឌី​ VOD ពី​បទ​រំលោភ​លើ​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​ ហើយ​ភាព​ចម្រុះ​នៃ​បរិយាកាស​អនឡាញ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ ជាពិសេស​ចំពោះ​សំឡេង​រិះ​គន់​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។ ហើយ​កាលពី​ខែសីហា ឆ្នាំ​២០១៧ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជា​ឱ្យ​បិទ​ហ្រ្វេកង់វិទ្យុ​អេហ្វអឹម ​ចំនួន​ ៣២​ ស្ថានីយ​នៅ​ទូទាំង​ខេត្ត​ចំនួន ​២០​ ដែល​ជា​ស្ថានីយ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​ផ្សាយ​ជា​ខេមរ​ភាសា​របស់​វិទ្យុ​អាស៊ី​សេរី ​សំឡេង​សហរដ្ឋ​អាមេរិក​(វីអូអេ) ​និង​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​(វីអូឌី)។​

របាយ​ការណ៍​របស់​អង្គការ​ Freedom House​ បាន​បង្ហាញ​ទៀត​ថា ​អ្នក​សារ​ព័ត៌មាន​ សកម្មជន​និង​បុគ្គល​មួយ​ចំនួន​ បាន​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​ តាមរយៈ​យុទ្ធនា​ការ​លាប​ពណ៌ ​និង​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​ពេល​ខ្លះ​មាន​ការ​ញុះញង់​ដោយ​មន្ត្រី​រដ្ឋា​ភិបាល​ផង​ដែរ។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​ទេព​ អស្នារិទ្ធ ​ច្រាន​ចោល​ការ​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​អង្គការ​ Freedom House​ ថាបាន​លាប​ពណ៌​ទៅ​លើ​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា ​ខណៈ​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​នៅ​ក្នុង​ប្រើ​ប្រាស់​អ៊ីនធឺណិត។ ​លោក​បន្ត​ថា ​ អ្នក​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ក៏​កំពុង​តែ​ប្រើ​ប្រាស់ ​និង​បញ្ចេញ​មតិ​ដោយ​សេរីភាព​លើ​អ៊ីនធឺណិត​ផង​ដែរ។​

ទោះ​ជាយ៉ាងណា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​លោក ណុប វី យល់​ថា ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​បើក​ទូលាយ​ក្នុង​ការ​ទទួល​យក​ការ​ប្រឹក្សា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ ដែល​កំពុង​ធ្វើ​សេចក្តី​ព្រាង​ ដូច​ជា​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ទិន្នន័យ​បុគ្គល​ ច្បាប់​ស្តី​ពី​សន្តិសុខ​សាយប័រ​ និង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម ​ដើម្បី​ធានា​ថា​ នៅ​ពេល​អនុម័ត​ច្បាប់​ទាំង​នោះ ​វា​នឹង​សម​ស្រប​ទៅ​នឹង​បទដ្ឋាន​ជាតិ ​និង​អន្តរជាតិ​ស្តីពី​កតិកា​សញ្ញា​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​មនុស្ស។​

លោក​ថ្លែង​ថា៖​ «ហើយ​យើង​ជំរុញ​ឱ្យ​មាន​ការ​បើក​ទូលាយ​នៅ​ក្នុង​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ធានា​ឲ្យ​ច្បាប់​ហ្នឹង​បាន​ឆ្លើយ​តប​ជាមួយ​នឹង​បទ​ដ្ឋាន​អន្តរជាតិ​នៃ​កតិកា​សញ្ញា​សិទ្ធិ​ពលរដ្ឋ ​សិទ្ធិ​នយោបាយ​ ក៏​ដូច​ជា​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តី​សិទ្ធិ​មនុស្ស​អ៊ីចឹង​ជា​ដើម»។​

បើតាម​លោក​ ណុប​ វី​ រដ្ឋាភិបាល​ក៏​គួរ​ត្រួត​ពិនិត្យ​មើល​បន្ថែម​ទៅ​លើ​ហេដ្ឋា​រចនា​សម័្ពន្ធ​អ៊ីនធឺណិត​ ដោយ​ធានា​ថា​ ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយោល​អាច​មាន​ឱកាស​ទទួល​បាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​និង​ដំណឹង​ផ្សេងៗ​ជាដើម។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សេរី​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​យ៉ាង​ទូលំ​ទូលាយ។ ​លោក​ថា ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ដោយ​ពួក​គេ​ទាំង​នោះ​អាច​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​នៅ​ក្នុង​បណ្តាញ​សង្គម។​

លោក​ថ្លែង​ថា៖​ «ប្រជា​ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​តាម​អ៊ឺនធឺណិត​ជា​វិជ្ជាជីវៈ​ ឬ​មួយ​ជា​ផ្ទាល់​ខ្លួន ​សុទ្ធ​តែ​មាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ហើយ​ពួក​គេ​អាច​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្នុង​បណ្តាញ​សង្គម​លើក​លែង​តែ​យើង​បំពាន​ច្បាប់​ ឬ​បំពាន​ក្រម​សីលធម៌​ ឬ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​អ្នក​ដទៃ​ជាដើម​អាច​នឹង​មាន​បញ្ហា ​ក្រៅ​ពី​នោះ​អត់​មាន​ទេ»។

នៅ​ពេល​សួរ​ទាក់​ទង​នឹង​ស្ថានភាព​ផុយ​ស្រួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ លោក​ ប៉ែន បូណា លើក​ឡើង​ថា ​កម្ពុជា​មាន​សារ​ព័ត៌មាន​ជាង​ ២០០០ ​អង្គភាព​ ដែល​បាន​ចុះ​បញ្ជី​ដែល​ភាគ​ច្រើន​គឺ​ជា​សារ​ព័ត៌មាន​អនឡាញ​ ហើយ​សារ​ព័ត៌មាន​ទាំង​នោះ​បាន​គោរព​តាម​ក្រម​សីលធម៌​នៃ​ការ​ផ្សាយ​ មាន​ការ​គោរព​សិទ្ធិ​ទៅ​វិញ​ទៅ​មក ​និង​ស្ថិត​នៅ​ក្រោម​ច្បាប់​ដែល​បាន​កំណត់។​

លោក​បន្ថែម​ថា៖​ «នៅ​កម្ពុជា​មាន​សារ​ព័ត៌មាន​ជាង​ ២០០០ ​អង្គភាព ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ ហើយ​នៅ​ក្នុង​[ហ្នឹង]​ភាគ​ច្រើន​ជា​សារ​ព័ត៌មាន​អនឡាញ​តាម​អ៊ីនធឺណិត​ហ្នឹង​ឯង​ សូម្បី​តែ​សារ​ព័ត៌មាន​បែប​ប្រពៃណី​ក៏​គេ​មាន​ប្រព័ន្ធ​អនឡាញ​របស់​គេ​ដែរ​ ដូច្នេះ​សុទ្ធ​តែ​អនឡាញ​ទាំង​អស់។​ ពួកគេ​ធ្វើ​សកម្ម​ភាព​ដោយ​ទូលំ​ទូលាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ក្រម​សីលធម៌​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ជា​គោល​ការណ៍​ដែល​គេ​គោរព​គ្រប់​គ្នា​ ហើយ​អាច​ធ្វើ​សកម្មភាព​បាន​គ្រប់​បែប​យ៉ាង​អត់​មាន​បញ្ហា​អី​ទេ»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ទៀត​ថា ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​មាន​ពេញ​លេញ​ និង​ធានា​ដោយ​ច្បាប់​ ហើយ​ពលរដ្ឋ​ត្រូវ​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​នោះ​ឱ្យ​ចំ​គោល​ដៅ​ដែល​ច្បាប់​បាន​កំណត់។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា ​ប្រាប់​វីអូអេ​ថា ​របាយ​ការណ៍​របស់​អង្គការ​ Freedom House ​គឺ​ធ្វើ​ឡើង​ក្រោម​បច្ចេកទេស​ និង​អ្នក​ជំនាញ​របស់​អង្គការ​នោះ។ ​លោក​ថា​ ស្ថិត​នៅ​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​ប្រទេស​កម្ពុជា ​គឺ​មាន​បទ​ចោទ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​បញ្ចេញ​មតិ​ណា​មួយ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បណ្តាញ​ទំនាក់​ទំនង​សង្គម។​

លោក​ថ្លែង​ថា៖​ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​មាន​រង​ការ​រឹត​ត្បិត​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​ច្រើន​ ដែល​យើង​មើល​ឃើញ​កន្លង​មក​ ហើយ​មួយ​ទៀត​ក៏​ឃើញ​មាន​ការ​បង្កើត​ច្បាប់​ដែល​មាន​លក្ខណៈ​ជា​ការ​រឹត​ត្បិត​សេរីភាព​ទាំង​អស់​ហ្នឹង​ផង​ដែរ»។​

លោក​បន្ថែម​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ការ​បង្កើត​ច្បាប់​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​ដែល​អាច​មាន​ផល​វិជ្ជមាន​លើ​ការ​អភិវឌ្ឍ ​និង​ការពារ​សន្តិសុខ​ជាតិ ​ប៉ុន្តែ​ច្បាប់​ទាំង​អស់​នោះ​គួរ​តែ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​មិន​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ឡើយ។​

លោក​ថ្លែង​ថា៖ ​« គប្បី​ជា​ប្រទេស​មួយ​ដែល​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​ពេញ​លេញ​នូវ​ការ​ការពារ​ និង​លើក​ស្ទួយ​នូវ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​របស់​ខ្លួន​នៅ​ក្នុង​បណ្តាញ​សង្គម​ ដែល​យើង​ចាត់​ទុក​ថា​ជា​បណ្តាញ​មួយ​ដែល​អាច​ផ្តល់​នូវ​ឱកាស​ឱ្យ​ពួក​គាត់​ប្រើ​ប្រាស់​នូវ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ទៅ​រដ្ឋាភិបាល​បាន​ដឹង​អំពី​ទុក្ខ​លំបាក​ទាំង​អស់​ហ្នឹង​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​គាត់»។​

របាយ​ការណ៍​របស់​អង្គការ​ Freedom House​ លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ឆ្នាំ​២០១៩ ​មាន​ការ​ការពារ​សម្រាប់​អ្នក​ផ្តល់​ព័ត៌មាន​ និង​មាន​សក្តា​នុពល​ក្នុង​ការ​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​បញ្ចេញ​មតិ​ដោយ​សេរី​តាម​អ៊ីនធឺណិត​ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត ​និង​អនុវត្ត។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សេចក្តី​ព្រាង​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​ ឆ្នាំ​ ២០១៩​ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ ពាក់​ព័ន្ធ​នឹង​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ស្តង់ដា​ទូលំ​ទូលាយ​ និង​មិន​ច្បាស់​លាស់​ដែល​អាច​គំរាម​កំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

ដោយ​ឡែក​ ការ​ស្ទង់​មតិ​វាយ​តម្លៃ​ការ​គំរាម​កំហែង​ដែល​ធ្វើ​ឡើង​ដោយ​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​(CCIM)​ក្នុង​ឆ្នាំ​ ២០២២​ បាន​រក​ឃើញ​ថា​ ៣៩​ភាគរយ​នៃ​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ស្ទង់​មតិ​បាន​រាយ​ការណ៍​ថា​ ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ឬ​រង​ការ​វាយ​ដំ​រាង​កាយ​ពេល​បំពេញ​ភារ​កិច្ច​របស់​ពួក​គេ ខណៈ​ដែល​ ៥៦​ ភាគរយ​បាន​និយាយ​ថា​ ពួក​គេ​បាន​ជួប​ប្រទះ​ការ​យាយី​ផ្លូវ​ច្បាប់​ដែល​បណ្តាល​មក​ពី​ការ​បំពេញ​ការ​ងារ​របស់​ពួក​គេ៕

XS
SM
MD
LG