ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​អាច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​បាន


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ​ដល់​ឥស្សរជន​ជាន់​ខ្ពស់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា​/វីអូអេ​)
រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ ​ដល់​ឥស្សរជន​ជាន់​ខ្ពស់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា​/វីអូអេ​)

នៅ​ក្នុង​ការ​សម្រេច​ថ្មី​មួយ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​មាន​ស្ថាន​ភាព​សុខភាព​នឹង​នរ ស្រ្តី​មា​ន​ផ្ទៃពោះ និង​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​មួយ​ចំនួន​ទៀត អាច​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​បាន។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ ដើម្បី​កាត់​បន្ថយ​សភាព​ធ្ងន់​ធ្ងរ​នៅ​ពេល​កើត​ជំងឺកូវីដ​១៩ និង​កាត់​បន្ថយ​អត្រា​ស្លាប់ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​២.៧០០​នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល ចុះ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១។

ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​ករណី​ស្លាប់ដោយ​សារ​ជំងឺ​កូវីដ​១៩ ភាគ​ច្រើន​កើត​លើ​អ្នក​ដែលមិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩។

ក្រសួង​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ទាន់​ស្ម័គ្រ​ចិត្ត​ទៅ​ចាក់​វ៉ាក់​សាំង​កូ​វីដ​១៩​នៅ​ឡើយ​ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ ហើយ​បូក​រួម​ជា​មួយក្រុម​មនុស្ស​ដែល​ក្រសួង​បាន​កំណត់​ថា​ជា​ក្រុម​ដែល​ប្រឈមហានិ​ភ័យ​ខ្ពស់។ ក្នុង​នោះ​រួម​មាន​ពល​រដ្ឋវ័យ​ចាស់ ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​កូន​ដោយ​ទឹក​ដោះ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មាន​រយៈ​ពេល​ចាប់​ពី​៤​ខែ​ឡើង​ទៅ ឬ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេងៗ​ទៀត និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ប៉ុន្តែ​ស្ថាន​ភាព​សុខ​ភាព​នឹង​នរ ឬ​អាច​គ្រប់​គ្រង​បាន។ ក្រសួង​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះអាចស្ម័គ្រ​ចិត្ត​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ដោយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​តាម​ទីតាំង​ចាក់​សាំង។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិ​បាល​ឲ្យ​ដឹង​ថា​៖ «សូម​អំពាវ​នា​វ​ដល់​លោក អ៊ុំ ពូ មីង ពូក ម៉ែ​ បង​ប្អូន ព្រម​ទាំង​ក្មួយ​ៗ ដែល​មា​នអាយុ​ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ សូម​រួស​រាន់​ស្ម័គ្រ​ចិត្ត​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​ខ្លួន និង​ភាព​ស៊ាំ​ក្នុង​សហគមន៍​ សម្រាប់​ទប់​ទល់​ពី​ការ​វាយ​លុក​នៃ​វីរុស​កូវីដ​១៩ សំដៅ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩ និង​កាត់​បន្ថយ​នូវ​អត្រា​សម្រាក​ពេទ្យ​ ក៏​ដូច​ជា​កាត់​បន្ថយជាអតិ​បរមានូវ​អត្រា​ស្លាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩»។

កាល​ពី​ដំបូង​ឡើយ នៅ​ពេល​កម្ពុជា​ចាប់​ផ្តើម​យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង អ្នក​សម្រេច​ចិត្ត​ចាក់ ត្រូវ​បាន​សួរ​នាំ​អំពី​សុខ​ភាព និង​ការ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ពួកគេពិត​ជា​យល់​ព្រម​ទទួល​យក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ហើយ​ប្រសិន​បើ​មាន​ «ហានិ​ភ័យ»​ណា​មួយ​កើត​ឡើង ពួក​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

ចំណែក​ចំណុច​កត្តា​សុខភាព ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​កំណត់​កាល​នោះ រួម​មានអាការៈ​ក្តៅ​ខ្លួន មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់​ធ្ងរ ជំងឺ​ថ្លើម តម្រង​នោម ជំងឺ​ប្រកាច់ អាឡាក់​ស៊ី ស្ត្រី​មាន​ផ្ទៃ​ពោះ អ្នក​មាន​ប្រវត្តិ​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង​ និង​អ្នក​មាន​ប្រវត្តិ​ជំងឺ​កូវីដ​១៩​ជា​ដើម។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​ទៅ​ចាក់​វ៉ាក់​សាំង ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ក្នុង​ការឈាន​ទៅ​ដល់​ដំណាក់​កាល​បើក​ប្រទេស​ឡើង​វិញ​នៅ​ពេល​ខាង​មុខ។

លោកថ្លែង​ថា៖«ដូច្នេះ​សូម​កុំ​រារែក​ជាមួយ​ហ្នឹង​ការ​ចាក់​វ៉ាក់សាំង ដែល​មកដល់​ពេល​នេះ​យើង​ពុំ​មាន​អ្នក​ចាក់​វ៉ាក់​សាំង​ណាម្នាក់​ទទួល​រង​គ្រោះ​ដោយ​សារ​តែ​វ៉ាក់​សាំង​នោះ​ទេ»។

លោក ហ៊ុន សែន បន្ត​ថា៖«សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​ជម្នះ​បាន​នូវ​សភាព​ការណ៍នេះ ដោយ​ឃើញ​អត្រា​ឆ្លង​ធ្លាក់​ចុះ អត្រា​ស្លាប់ ​ក៏​ធ្លាក់​ចុះ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​នេះ ​បន្តទៅ​ទៀត ទោះ​បី​ជា​យើង​មិន​អាច[ឬ]​មិន​ហ៊ាន​និយាយ​ថា​សូន្យ​កូវីដឬ​Zero Covid ក៏​ដោយ​ចុះ ក៏​ប៉ុន្តែ​ចំនួន​ឆ្លង​ និង​ចំនួន​ស្លាប់​ គឺ​ត្រូវ​តែ​មាន​ការ​ធ្លាក់​ចុះ ដើម្បី​យើង​ឈាន​ទៅបើក​ប្រទេស​ឡើង​វិញ​ ហើយ​រស់នៅ​ជាមួយ​កូវីដ​ តាម​ដំណើរ​នៃ​គន្លង​ថ្មី»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​ស្រី ឱ វណ្ណឌីន និង​អ្នក​ស្រី យក់ សម្បត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​តុលា​ ​ឆ្នាំ​២០២១ ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចាក់​វ៉ាក់​សាំង មាន​ចំនួន​ជាង​១៣​លាន​នាក់ គឺ​ស្មើ​នឹង​៨៥,១៤% បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់។ នេះ​បើ​តាម​របាយ​ការ​ណ៍​របស់​ក្រសួង​សុខាភិបាល។

លោក អ៊ូច វុទ្ធី ប្រធាន​ស​មាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា បាន​ថ្លែង​ថា​ ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​គួរ​តែ​ពិនិត្យ​មើល​អង់ទីករ​ធម្ម​ជាតិ​ដែល​មាន​ក្នុង​ខ្លួន​ជា​មុន​សិន​ ឬ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បីចៀស​វាង​ហានិ​ភ័យ​ណា​មួយ​កើត​ឡើង អំឡុង​ពេល​សម្រេច​ចិត្ត​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​នេះ​ ។ លោក​បន្ថែម​ថា​អង់ទីក័រ​ធម្ម​ជាតិ​ក្នុង​ខ្លួន​ គឺ​ខ្លាំង​ជាង និ​ង​មាន​រយៈ​ពេល​យូរ​ជាង​អង់ទីករ​វ៉ាក់​សាំង​ ដែល​មាន​តែ​រយៈ​ពេល​ខ្លី ដែលមិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ​បញ្ជាក់រយៈ​ពេល​របស់​អង់​ទីករ​វ៉ាក់​សាំង​នេះ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់​ចង់​ឲ្យ​អ្នក​មាន​ផ្ទៃ​ពោះ​ទៅ​ចាក់​លុះ​ត្រា តែ​ញែក​គាត់​ជា​បី។ ទី​មួយ​សួរ​ថា​គាត់​មាន​ឈឺ​កូវីដ​អត់? ទី២​គាត់​មាន​អង់​ទីករ​ពី​កំណើត​មក​អត់? [ដែល]​គាត់​ធ្លាប់​ឈឺ​ហើយ​ តែ​ជា​វិញ​គាត់​មាន​អង់ទីករ​ធម្មជាតិ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ធម្មជាតិ​ អញ្ចឹង​ទេ​យើង​ត្រូវ​មើល​កន្លែង​ហ្នឹង​ដែរ»។

លោក​បន្ត​ថា៖ «គួរ​ណា​តែ​បង​ប្អូន​គិត​គូរ​ពី​សុខ​ភាព​ខ្លួន​ឯង ហើយ​កុំ​តាម​គ្នា​ដោយ​យើង​ពិគ្រោះ​ជាមួយ​គ្រួពេទ្យ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ ជួយដល់​យើង​[ដែល​]​ហៅ​ថា​ប្រឹក្សា​យោបល់​ [ឬ]​ផ្តល់​យោបល់​ឲ្យ​យើង​ អាហ្នឹង​បាន​បាន​។ ហើយ​បើ​បង​ប្អូន​ចេះ​តែ តាម​គ្នា​ផ្តេស​ផ្តាស​វា​អាច​មាន​ហានិ​ភ័យ​ [ហើយ]កុំ​បន្ទោស​គេ បន្ទោស​ខ្លួន​ឯង​ អត់​បន្ទោស​អ្នក​ណា​បាន​ទេ»។

ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី១៩​ ខែ​តុលា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១៦៦​នាក់ និង​អ្នក​ស្លាប់១២​នាក់ ដែល​ក្នុង​នោះ មាន​៥​នាក់ជា​អ្នក​មិន​ទាន់​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​ឡើយ៕

XS
SM
MD
LG