ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ ការ​មិន​កម្រើក​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ដោយសារ​ការ​គ្រប់គ្រង​ទាន់​ពេល​​​​


រូប​ឯកសារ៖ បុគ្គលិក​សុខាភិបាល​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិក​សុខាភិបាល​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ពី​លទ្ធភាព​គ្រប់គ្រង​បាន​លើ​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​បង្ហាញ​កម្រិត​ឆ្លង​ស្ថិត​នៅ​ទាប​មិន​លើស​៣០០​ករណី​ក្នុង​មួយ​ថ្ងៃ។

អំឡុង​ពេល​ប្រជាជន​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​មាន​ការ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​បីថ្ងៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ប្រកាស​ថារដ្ឋាភិបាល​នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ឡើងវិញ​ប្រសិន​បើ​ការ​ឆ្លង​នៃ​ជំងឺកូវីដ១៩​មិន​ហក់​ឡើង​ខ្លាំង​ដូច​ក្នុងពេល​មានការ​ធ្វើ​តេស្ត​រហស័​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​នេះ។​

អ្នកស្រី​ ឱ វណ្ណឌីន​ ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលផងនោះបាន​ឆ្លើយតប​នឹង​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ប្រព័ន្ធ​តេឡេក្រាមក្នុង​សំណេរ​ដើម​ថា៖ «មក​ទល់​ពេល​នេះ ការ​គ្រប់គ្រង​បាន​ទាន់​ពេល។ មិនទាន់​មាន​ការ​ផ្ទុះ​ទ្រង់ទ្រាយធំក្នុង​សហគមន៍​ខ្លាំង​នោះ​ឡើយ»។

នៅ​ក្នុង​សារ​សំឡេង​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា​ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដើម្បី​ការ​ការពារ​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​បន្ថែម​ថា ការ​រក្សា​កម្រិត​ឆ្លង​ជំងឺកូវីដ១៩​ឲ្យ​នៅ​ទាប​អាច​ឲ្យ​ប្រទេស​បើក​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច​ទាំងស្រុង​ឡើង​វិញ។

យោង​តាម​តួលេខ​របស់​ពី​សុខាភិបាល ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​ស្ថិត​នៅ​ក្រោម​ ៣០០ ករណី​ក្នុង​មួយ​ថ្ងៃ ពី​ចំនួន​ជិត​ ១.០០០ ករណីចាប់​តាំង​ពីដើម​ខែ​តុលា មក។ ចំនួន​ធ្លាក់​ចុះ​នេះគឺ​បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ផ្អាក​ការ​ធ្វើ​តេស្ត​រហ័ស​នៅ​តាម​ទីកន្លែង​មិន​រៀបរយ​ហើយ​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​ចំនួន​ករណី​ឆ្លង​ថ្មី ដោយ​មាន​ការ​បញ្ជាក់​នៅផ្នែក​ខាង​ក្រោម​តួលេខ​ថា «លទ្ធផល​បញ្ជាក់​ដោយ​(PCR)» ដែល​ជា​ម៉ាស៊ីន​ធ្វើ​តេស្ត​ធំ។​

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង​ បាន​លើកឡើង​ថា លោក​ត្រូវ​ការ​ពេលវេលា​តាមដាន​បន្ថែម​ដើម្បីអាច​វាយ​តម្លៃថា​តើ​ស្ថានភាព​ជំងឺ​កូវីដ១៩​មាន​ភាព​ប្រសើរ​ឬ​យ៉ាងណា ក្រោយ​ពី​មាន​ការ​ផ្អាក​ការ​ធ្វើ​តេស្ត​រហ័ស​បែប​ទូលំទូលាយ និង​ការ​បញ្ជាក់​តែ​តួលេខ​អ្នក​ជំងឺ​កូវីដ១៩ ដោយឧបករណ៍ធ្វើ​តេស្ត​ខ្នាត​ធំ។

លោក​បានប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មិន​ទាន់​អាច​វាយតម្លៃ​ទៅ​លើ​ស្ថានភាព​នេះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ត្រូវ​ការ​ពេលវេលា​ដើម្បី​តាមដាន​បន្តិច​ទៀត​ថា​តើ​ទំហំ​នៃ​ការ​រីករាលដាល​នោះ​វា​នៅ​ក្នុង​រង្វង់​ហ្នឹង ឬ​ក៏​វា​អាច​ច្រើន​ជាង​នោះ​បាទ។​យើង​ឃើញ​ថា ពពួក​ដែលតា​ (Delta) ហ្នឹង​គឺ​វា​ឆ្លង​លឿន​ហើយ​សាហាវទៀត។ យើង​ឃើញ​ថា តួ​លេខ​អ្នក​ស្លាប់​នៅ​ក្នុង​ចំនួន​មួយ​ច្រើន​ដដែល ដែល​ជា​ការ​ព្រួយបារម្ភ​បាទ»។

ដំណាល​គ្នា​នេះ​ដែរ ដើម្បី​ចូលរួម​ជ្រោមជ្រែង​លទ្ធភាព​បើក​ប្រទេស​ឡើង​វិញ​នោះ​លោក​ យង់ គិមអេង​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹងវិធានការ​សុខាភិបាល ចំណាត់ការ​លើ​ការ​ជួបជុំ​ពិសារ​គ្រឿង​ស្រវឹង ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​នូវ​ហានិភ័យនៃ​ការ​ឆ្លង​ជំងឺកូវីដ​ដែល​អាច​ផ្ទុះ​ឡើងសារ​ជាថ្មី​បើប្រជា​ពលរដ្ឋ​មានការធ្វេសប្រហែស​និង​បង្កើន​ការ​អប់រំ​និង​ក្រើន​រំឭក​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូវីដ១៩ និង​ការ​ពន្លឿន​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ជាដើម។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុឌ្ឍី យល់​ថា ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​មុន នៅ​ចំពេលរដ្ឋាភិបាល​ត្រៀម​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ។ យ៉ាង​ណាក្តី​លោក​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​សារជាថ្មី​ទៀត។

លោក​បាន​ថ្លែង​ថា៖ «ត្រូវ​ឲ្យ​គាត់​ទាំងអស់​គ្នា​ហ្នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ជាប់​ជានិច្ច។ ដោយសារ​អី? ការ​ដែល​រាលដាល​បន្ត​ទៀត​ឬ​ក៏​វា​ថយចុះ ឬ​ក៏​វា​ឡើង​មក​វិញ គឺ​យើង​អត់​ទាន់​ដឹង​ច្បាស់លាស់​ទាំងអស់​គ្នា​ទេ»។

កាល​ពី​ថ្ងៃ​ទី០៨ ខែ​តុលា អ្នកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ Twitter របស់​អ្នកស្រី​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖ «ការ​បើក​[សេដ្ឋកិច្ច] ឡើង​វិញ​ប្រសិន​បើ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ។ យើង​ត្រូវ​អនុវត្ត​វិធានការ​គ្រប់គ្រង​ហានិភ័យ​ឲ្យ​បាន​ប្រសើរ​នៅ​ក្នុង​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ធុរកិច្ច​សម្រាប់​ការ​បើកឡើង​វិញ​នូវ​អាជីវកម្ម​ផ្សេងៗ។ បុគ្គល​គ្រប់រូប​ត្រូវ​គោរព​តាម​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩។ ការ​អនុវត្ត និង​ការ​តាមដាន​គឺ​ជា​គន្លឹះ​ចម្បង»។

ជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណើរការ​ឈាន​ទៅ​រក​ការ​បើក​ដំណើរការឡើង​វិញ កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ឬ​ក្រសួង​ការពារ​ជាតិ​រាល់​ពេល​ចេញ-ចូល​ទីតាំង​ផ្សេងៗ​ដូចជា ​គ្រឹះស្ថានសិក្សា​ផ្សារ​រដ្ឋ​ ផ្សារ​ឯកជន​ផ្សារ​ម៉ាត ​ភោជនីយដ្ឋាន​អាហារ​ដ្ឋាន​ ហាង​កាហ្វេ​និង​ទីតាំង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣​ខែតុលា​ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​ ២៦៨ ​ករណី​ករណី​ស្លាប់​ថ្មី ចំនួន​២៥​ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​២.៥៨៤​ករណី​ និង​ករណី​ជា​សះស្បើយ​ថ្មី​ចំនួន​៣៥៩ ករណី។​ នេះមានន័យ​ថាករណី​ជាសះស្បើយ​សរុប​បាន​កើន​ដល់​ជាង​១សែន​៩ពាន់​ករណី។ នេះ​បើយោង​តាម​ក្រសួង​សុខាភិបាល។​

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​មក​ទល់ថ្ងៃ​ទី​១៣ ខែ​តុលា​កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ យ៉ាង​តិច​មួយ​ដូស​ជូន​ពលរដ្ឋ​បាន​ប្រមាណ​១៣,៥​លាន​នាក់ ក្នុង​នោះ​កុមារ​ឬ​យុវជន​អាយុ​ចន្លោះ​១២​ទៅ​១៨​ឆ្នាំ​បាន​ជាង​១,៧​លាន​នាក់ និង​កុមារ​អាយុ​ចន្លោះ​៦​ទៅ​១២​ឆ្នាំ​បាន​ជាង ១,៨​លាន​នាក់៕

XS
SM
MD
LG