លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ«រារែក»ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយលោកថា មិនមានផលប៉ះពាល់អ្វីនោះទេ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងសារជាសំឡេងមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដូច្នេះ សូមកុំរារែកជាមួយនឹងការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះ យើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ»។
លោក ហ៊ុន សែន បានថ្លែងថា អត្រាអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានថយចុះ ដោយសារការចាក់វ៉ាក់សាំង។ លោកបន្ថែមថា អ្នកដែលមិនបានចាក់វ៉ាក់សាំង ជាក្រុមងាយរងគ្រោះរហូតដល់ស្លាប់។
បើតាមលោក ហ៊ុន សែន កាលពីថ្ងៃចន្ទ មានមនុស្ស១២នាក់ស្លាប់ ហើយក្នុងនោះ៨នាក់ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស១១នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ដែលក្នុងនោះ មាន៨នាក់ មិនបានចាក់វ៉ាក់សាំង។
បើទោះអត្រាឆ្លងនិងស្លាប់ថយចុះក៏ដោយ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំងឺកូវីដ១៩ នៅតែជា«ហានិភ័យខ្ពស់»នៅឡើយ។ ដូច្នេះការសម្របខ្លួនរស់នៅជាមួយកូវីដ «ជាដំណើរជៀសមិនបាន»។
គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា មាន៩៩,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ដែលមានអាយុលើសពី១៨ឆ្នាំ។ ការចាក់វ៉ាក់សាំងដល់កុមារ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៩០,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅប្រមាណ ២លាននាក់។ ចំណែកការចាក់វ៉ាក់សាំងដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយប្រជាជនគោលដៅប្រមាណ១លាន ៩សែននាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជា៕