ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​រំសាយ​ដែន​​ការពារ​ជម្រក​សត្វ​ព្រៃ​២​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​​និង​បាត់ដំបង


រូប​ឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូប​ឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​ការ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ដែន​ការពារ​ជម្រក​សត្វ​ព្រៃ​ ​២​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​ ​និង​បាត់ដំបង​ត្រូវកំណត់​ឡើង​វិញ ដើម្បី​ជា​ការ​កែសម្រួល​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​អភិរក្ស​ឡើង​វិញ។

បន្ទាប់ពី​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះ​មហា​ក្សត្រស្តីពី​ការ​រំលាយ​ដែន​ជម្រក​សត្វព្រៃ​ពីរ​កន្លែង​មាន​ទំហំ​ជាង​១សែន​ហិកតា​ ​នៅ​ថ្ងៃ​សុក្រនេះ​ ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ថា​ ​ការ​រំសាយ​នោះ គឺ​ដើម្បីកែ​សម្រួល​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​អភិរក្ស​ឡើង​វិញ​ ​ក្រោយ​ពេល​ប្រជា​ពលរដ្ឋ​បាន​ទន្ទ្រាន​យក​ ​និង​បង្កើត​ជា​ភូមិ​រួចមក។​

ព្រះ​មហាក្សត្រ​ព្រះបាទនរោត្តម ​សីហមុនី​ ​បាន​ត្រាស់​បង្គាប់​រំសាយ​ដែន​ជម្រក​សត្វព្រៃចំនួន​២​កន្លែង​ ​ក្នុង​ខេត្ត​ក្រចេះ​ ​និង​ខេត្ត​បាត់ដំបង​ ​ដែល​មាន​ទំហំ​ជាង​១​សែន​ហិកតា​ ​ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។​ ​នេះបើ​យោងតាម​ព្រះ​រាជក្រឹត្យ​ ​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃសុក្រ។​

ក្នុង​ព្រះ​រាជក្រឹត្យ​ស្តីពីការ​រំលាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល​ ​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ ​និង​ការ​រំលាយ​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ​ ​ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង​ ​ដែល​ត្រូវ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហា​ក្សត្រ​កាលពី​ថ្ងៃទី​១៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ ​ដោយ​ទ្រង់​យល់​សេចក្តី​បង្គំទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី។

ក្នុង​ព្រះ​រាជក្រឹត្យ​នោះ ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​ត្រាស់​បង្គាប់​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នូល​ ដែល​មាន​ផ្ទៃ​ដី​ចំនួន​៧៥០០០​ហិកតា​ចេញ​ពី​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៩៣​ ​ដែល​បាន​កំណត់​តំបន់​ការពារ។ ​ត្រូវ​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូនសំ ​ដែល​មាន​ផ្ទៃដីចំនួន​៣៩៩៦១​ហិកតា ​ចេញ​ពី​ព្រះ​រាជក្រឹត្យ​ ចុះ​ថ្ងៃទី​២៩​ ខែ​កញ្ញា ​ឆ្នាំ​២០០៣ ​ដែល​បាន​កែ​សម្រួលផ្ទៃ​ដី​តំបន់​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូនសំ»។​

លោក​ ​សាយ សំអាល់​ ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ​រដ្ឋាភិបាល​សម្រេច​ស្នើ​ឲ្យ​មានការ​រំលាយ​ដែន​ជម្រក​សត្វព្រៃ​ទាំងពីរ​នោះគឺ​ដោយសារ​តំបន់​នេះ​ប្រជា​ពល​រដ្ឋ​បាន​ទន្រ្ទាន​យក​ធ្វើ​ជាកម្ម​សិទ្ធិ​ ​និង​បាន​ក្លាយ​ទៅ​ជាភូមិ​រួច​ទៅ​ហើយ។​ ​លោក​បន្ថែម​ថា​ ​ការ​រំសាយ​នេះ​គឺ​ដើម្បីកែ​សម្រួល​ទំហំ​ផ្ទៃ​ដី​ដែល​ត្រូវ​អភិរក្ស​ឡើងវិញ​តែ​ប៉ុណ្ណោះ។

លោក​ ​សាយ សំអាល់មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«ដោយសារ​ថា​ វា​មាន​ការ​ទន្ទ្រាន​យក​ដី​ហ្នឹង​តាំងពីយូរ​ឆ្នាំ​ណាស់​មក​ហើយ។​ អាហ្នឹង​រឿង​មួយ។​ រឿង​ទីពីរ​ហ្នឹង​ ​កន្លែង​ខ្លះ​ហ្នឹង​ក៏​វា​បាន​....កាល​យើង​រៀបចំ​តំបន់​ហ្នឹង​នៅ​ឆ្នាំ​១៩៩៣​ហ្នឹង កន្លែង​ខ្លះ​ក៏​មាន​ភូមិ​មាន​អី​នៅ​ហ្នឹង​ដែរ។​ ​ដូច​រនាម​ដូនសំ​ កាល​យើង​រៀបចំ​ឆ្នាំ​១៩៩៣ ​នៅ​ជា​តំបន់​ត្រួតត្រា​ដោយ​ខ្មែរ​ក្រហម​នៅ​ឡើយ​ហ្នឹង។​ ​ដល់​ឥឡូវ​ហ្នឹង​យើង​បាន​វាស់​វែង ​កាត់​ចេញ​នូវ​ផល​ប៉ះពាល់​ជាមួយ​ប្រជាជន​អស់​ហើយ​ហ្នឹង។​ ​យើង​ក៏ឃើញ​ ក៏​សម្រេច​ចិត្ត​ថា ​វា​មិន​មាន​នៅ​សេស​សល់​ដូច​ការរៀបចំ​នៅ​លើ​ក្រដាស​ហ្នឹង​ដែរ»។

បើ​តាម​លោក​ ​សាយ សំអាល់​ ​រហូត​មក​ដល់​ពេល​នេះ​ ​ព្រៃ​តំបន់​អភិរក្ស​ដែលក្រសួងបាន​និង​កំពុង​បន្ត​បង្កើត​ ​មាន​ទំហំ​សរុបប្រមាណ​ជា​៧​លាន​ហិកតា​កន្លះ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​រួម​មាន​ព្រៃ​បម្រុង​ ​តំបន់​ការពារ​ទេសភាព ​ ​ដែន​ជម្រក​សត្វព្រៃ​ ​និង​ឧទ្យាន​ជាតិ​ជាដើម៕

XS
SM
MD
LG