ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជ័យ​លាភី​រង្វាន់​ Goldman មាន​ជំនឿ​ថា កិច្ចការ​របស់​លោក​ផ្តល់​ការ​យល់ដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ


លោក​ ទុយ​ សេរី​វឌ្ឍនា​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​កម្ពុជា ពន្យល់​ពី​រូបភាព​ដាក់​តាំង​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា​ ឆ្នាំ​២០១៦។​ នោះ​ជា​រូប​នៃ​ពូជ​សត្វ​តុកកែ​ដែល​រក​ឃើញ​នៅ​ក្នុង​ជួរ​ភ្នំក្រវាញ និង​ដាក់​ឈ្មោះ​តាម​អ្នក​វិទ្យាសាស្រ្ត​ខ្មែរ​ដែល​រក​ឃើញ​​ប្រភេទ​សត្វ​នោះ។ (នូវ​ ពៅលក្ខិណា​/VOA)​

លោក ​ទុយ សេរីវឌ្ឍនា​ បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ទីមួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​លំដាប់​ថ្នាក់​ពិភពលោក​គឺ Goldman​ Environmental Prize ​ដោយសារ​តែ​ការ​ប្រឹងប្រែង​ការពារ ​អភិរក្ស​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា ដោយ​ប្រើ​វិធី​ដ៏​សាមញ្ញ​មួយ ​ដើម្បី​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​ និង​ដំរី។

ក្នុង​បន្ទប់​ដែល​មាន​បិទ​ស្លាក​សម្គាល់​«នាយក​ប្រចាំ​ប្រទេស»​ ​លោក ទុយ​ សេរីវឌ្ឍនា ​កំពុង​តែ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ ​ឆ្លើយ​ឆ្លង​ការងារ​តាម​សារអេឡិច​ត្រូនិច ​ឬ​ Email ​ជា​មួយ​នឹង​មិត្ត​រួម​ការងារ​របស់​លោក​នៅ​ផ្នែក​ឯ​ទៀត​នៃ​ផែនដី។

កាល​ពី​៦ឆ្នាំ​មុន​គឺ​ឆ្នាំ​២០១០​ លោក ​សេរីវឌ្ឍនា​ បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ទីមួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​លំដាប់​ថ្នាក់​ពិភពលោក​គឺ Goldman​ Environmental Prize ​ដោយសារ​តែ​ការ​ប្រឹងប្រែង​ការពារ ​អភិរក្ស​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា ដោយ​ប្រើ​វិធី​ដ៏​សាមញ្ញ​មួយ ​ដើម្បី​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​ និង​ដំរី។ លោក​ត្រូវ​បាន​សហគមន៍​នានា​ស្គាល់​ ហើយ​ប្រសិទ្ធ​នាម​ថា​ជា​ «ពូដំរី»។ មួយ​ឆ្នាំ​ក្រោយ​ពី​ទទួល​បាន​ពានរង្វាន់​ Goldman លោក​ ទុយ​ សេរីវឌ្ឍនា​ ក៏​បាន​ក្លាយ​ជា​សមាជិក​នៃ​ National Geographic​ ក្នុង​នាម​ជា Emerging Explorer (ឬ​អ្នក​រុករក​ជំនាន់​ថ្មី) ​ប្រចាំ​ឆ្នាំ​២០១១។​

បច្ចុប្បន្ន​លោកគឺជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ ប្រចាំ​ប្រទេស​កម្ពុជា។ លោក​បាន​ធ្វើ​ការ​នៅ​អង្គការ​នេះ​ចាប់​តាំង​ពី​លោក​មាន​តួនាទី​ជា​ប្រធាន​កម្មវិធី​អភិរក្ស​ដំរី ជា​កិច្ច​ការ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​កិត្តិស័ព្ទ​នៅ​ទូទាំង​ពិភពលោក។​

លោក​ ទុយ​ សេរី​វឌ្ឍនា​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​កម្ពុជា​ និយាយ​នៅ​ក្នុង​វេទិកា​អាស៊ី​បៃតង​ Green Asia Forum លើក​ទី​៤​ កាលពី​ឆ្នាំ​២០១៥។​ (រូប​ថត​ផ្តល់​ឲ្យ​)
លោក​ ទុយ​ សេរី​វឌ្ឍនា​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​កម្ពុជា​ និយាយ​នៅ​ក្នុង​វេទិកា​អាស៊ី​បៃតង​ Green Asia Forum លើក​ទី​៤​ កាលពី​ឆ្នាំ​២០១៥។​ (រូប​ថត​ផ្តល់​ឲ្យ​)

ក្នុង​បន្ទប់​របស់​អ្នក​អភិរក្ស​បរិស្ថាន​រូប​នេះ មាន​ព្យួរ​រូបថត​នៃ​ពូជ​សត្វ​ និង​រុក្ខជាតិ​ដ៏​កម្រ ដែល​អង្គការ​របស់​លោក​រក​ឃើញ​នៅ​ជួរ​ភ្នំ​ក្រវាញ។ លោក​ ទុយ សេរីវឌ្ឍនា​បាន​ប្រាប់​ VOA ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា​ ការងារ​ថ្មី​របស់​លោក​បាន​ជួយ​ឲ្យ​លោក​ធ្វើការ​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ធំ​ជាង​មុន ​ក៏​ប៉ុន្តែ​លោក​មាន​ពេល​តិច​ជាង​មុន​ក្នុង​ការចុះ​តាម​សហគមន៍។ លោក​និយាយ​ថា​ ការងារ​គម្រោង​ផ្សេងៗ​ជា​ច្រើន​ទៀត​របស់​អង្គការ​លោក​ ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ពង្រឹង​ការ​គិត​របស់​លោក​សម្រាប់​ការងារ​អភិរក្ស​បរិស្ថាន។​

​«អញ្ចឹង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​បើក​ចំហ​ការ​គិត​ធំ​ជាង​មុន​ ត្រូវ​តែ​ស្រូប​យក​ចំណេះ​ដឹង​ថ្មី​ក្នុង​ការ​គិត​ឲ្យ​ច្រើន​ជាង​មុន​ទូលំទូលាយ​ជាង​មុន។ ​ការងារ​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីកចម្រើន​រហូត​មក​ដល់​សព្វថ្ងៃ​ គឺ​ខ្ញុំ​ស្វែង​យល់​បាន​ច្រើន​ពី​បញ្ហា​បរិស្ថាន​ ប្រធាន​បទ​ថ្មីៗ​ផ្សេងៗ​ទៀត ស្វែង​យល់​បាន​ច្រើន​ ​រៀន​បាន​ច្រើន​ ជា​ពិសេស​ក្នុង​តួនាទី​នេះ​ យើង​រៀន​បាន​ច្រើន​ពាក់​ព័ន្ធ​នឹងផ្នែកភាព​ជា​អ្នក​ដឹកនាំ» ។​

លោក​ ទុយ សេរីវឌ្ឍនា​ និយាយ​ថា ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ធ្វើឲ្យ​លោក​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការងារ​របស់​លោក​រហូត​មក​សព្វ​ថ្ងៃ។​ ​ក៏ប៉ុន្តែ​ ​ពាន​រង្វាន់​ពិត​ប្រាកដ​សម្រាប់រូប​លោក​គឺ​ ​ការ​ស្រឡាញ់​ និង​ការ​អភិរក្សបរិស្ថាន។​

«ពាន​រង្វាន់​ធ្វើ​ឲ្យ​យើង​ល្បី​ ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​អស្ចារ្យ។​ ប៉ុន្តែ​រឿង​ដែល​សំខាន់ ​ដែល​អស្ចារ្យបំផុត​ហ្នឹង​គឺ​ឃើញ​បរិស្ថាន​របស់​ប្រទេស​យើង​ បរិស្ថាន​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ឬ​បរិស្ថាន​ពិភព​លោក​យើង​ត្រូវ​បាន​កែ​លម្អ​ ហើយ​មាន​ភាព​សុខដុមរមនា​ទាំង​អស់​គ្នា។ ​អានោះ​ជា​រឿង​ជោគ​ជ័យ ជា​ពាន​រង្វាន់​ដ៏​ធំ​សម្រាប់​យើង​ទាំង​អស់​គ្នា»។​

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​បាន​ទទួល​ពាន​រង្វាន់​ Goldman​ ​នេះ​ជា​លើក​ទី​ពីរ។​ លោក​ អ៊ុច ឡេង​ គឺ​ជា​មេធាវី​ និង​ជា​សកម្មជន​ព្រៃ​ឈើ​ដ៏​សកម្ម​ម្នាក់ ដែល​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ ស៊ើប​អង្កេត​ ​ចង​ក្រង​ឯកសារ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា។​ ​ផល​ប្រយោជន៍​មួយ​ចំណែក​ធំ​ដែល​បាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ បានធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​មាន​អំណាច ​និង​ជន​ដែល​ជិត​ស្និត​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។​

ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ​ក្រៅ​ពី​ការងារ​ខ្លួន​ផ្ទាល់​ ​លោក ទុយ សេរីវឌ្ឍនា​ ក៏​ជា​សមាជិក​សកម្ម​មួយ​នៅ​ក្នុង​វេទិកា​អាស៊ី​បៃតង និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុម​អភិវឌ្ឍន៍​ជនបទ​កម្ពុជា។​ លោក​សង្ឃឹម​ថា លោក​នឹង​អាច​ចែក​រំលែក​ចំណេះដឹង​ ​បទ​ពិសោធន័​កិច្ចការ​បន្ថែម​ទាំង​នេះ ព្រមទាំង​ទស្សន​វិស្ស័យ​របស់​ខ្លួន​អំពី​បរិស្ថាន​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ។​

ក្នុង​អំឡុងពេល២៧​ឆ្នាំនេះ​ ពាន​រង្វាន់​ ​Goldman​ ​បាន​ផ្តល់​កិត្តិយស​ដល់​សកម្មជន​បរិស្ថាន​ចំនួន​១៦៩​នាក់​មក​ពី​ប្រទេសចំនួន​៨៣។​

ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ ​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​មួយ​សម្រាប់​សកម្មជន​បរិស្ថាន​ ​ហើយ​តែងតែ​ស្ថិតក្នុង​លេខ​រៀង​ទាប​ ​ចំពោះ​ការ​ការពារ​សុវត្ថិភាព​របស់​អ្នក​ការពារ​បរិស្ថាន។ នៅ​ក្នុង​ឆ្នាំ​២០១២ លោក​ ឈុត​ វុទ្ធី​ សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​ ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​នៃ​កងរាជ​អាវុធ​ហត្ថកម្ពុជា ខណៈ​ពេល​ដែល​លោក​នាំ​អ្នក​សារព័ត៌មាន​ទៅ​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង។​

លោក​ ទុយ សេរីវឌ្ឍនា ម្ចាស់​ជ័យលាភី​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១០ និង​លោក​ អ៊ូច ឡេង ម្ចាស់​ជ័យលាភី​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦។ (រូប​ថត​ផ្តល់​ឲ្យ)
លោក​ ទុយ សេរីវឌ្ឍនា ម្ចាស់​ជ័យលាភី​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១០ និង​លោក​ អ៊ូច ឡេង ម្ចាស់​ជ័យលាភី​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦។ (រូប​ថត​ផ្តល់​ឲ្យ)

ស្រដៀងគ្នា​នោះ​ដែរ​ ​ម្ចាស់​ពាន​រង្វាន់​ Goldman​ ​ថ្មី​សម្រាប់​ឆ្នាំ​២០១៦​នេះ គឺ​លោក​អ៊ុច​ ឡេង​ក៏​ធ្លាប់​បាន​លាក់​ខ្លួន​ ​ដោយ​សារតែ​លោក​បារម្ភ​អំពី​សុវត្ថិភាពផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ ​ក្រោយ​ពី​បាន​ទម្លាយ​ការ​កាប់​ព្រៃ​ឈើ​ទំហំ​ធំ​មួយ​ដោយ​ក្រុម​ហ៊ុន​ទ្រីភាព ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ជា​មនុស្ស​ជំនិត​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ ទុយ សេរីវឌ្ឍនា បាន​ប្រាប់ ​VOA​ ថា​ ​បើ​ទោះ​ជា​ការងារ​របស់​លោក​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​សត្វព្រៃ​ទាំង​នោះ​ ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ក៏​ដោយតែការ​ស្រឡាញ់​បរិស្ថាន ​និង​ធម្មជាតិ​ដ៏​ជ្រាលជ្រៅ​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​បន្ត​កិច្ច​ការងារ​ទាំង​នេះ​តទៅ​ទៀត។​

«ពេល​ដែល​យើង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ កាន់​តែ​សកម្ម​នៅ​ផ្នែក​នេះ​ យើង​នឹង​ប្រឈមបញ្ហា​ជាច្រើន»។​

លោក​បន្ត​ថា​ ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ជំនួញ​ ​និង​អ្នក​ការពារ​បរិស្ថាន​នឹង​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​បរិស្ថាន​នឹង​មាន​ការ​ប្រសើរ​ឡើង។​

«ខ្ញុំ​ចង់​ឲ្យ​តួនាទី​របស់​ខ្ញុំ​នេះ​ក្លាយ​ទៅ​ជា​ ដូច​ថា​ទូត​មួយ​ឲ្យ​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​និយាយ​គ្នា​ហើយ​មាន​ក្តី​ស្រឡាញ់​ ឈប់​ប្រឈម​មុខ​គ្នា​ ឬ​ការ​មិន​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ សូម​ឲ្យ​មាន​ការ​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ឡើង​ ហើយ​ក៏​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ហ្នឹង​យល់​ដឹង​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ទុយ សេរីវឌ្ឍនា​ ​ដែល​ជា​វីរជន​បរិស្ថាន Goldman ឆ្នាំ​២០១០ នៅ​តែ​ចិញ្ចឹម​ចិត្ត ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​បរិស្ថាន​ម្នាក់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​អភិរក្ស​និង​ការពារ​ ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​តំបន់​នេះ​និរន្តរភាព៕​

XS
SM
MD
LG