កំណត់និពន្ធ៖ សមាហរណកម្មអាស៊ាននឹងឈានចូលមកដល់នៅបំណាច់ឆ្នាំនេះ។ នេះមានន័យថាប្រជាជន ដែលនៅក្នុងប្រទេសទាំងដប់នៃសមាជិកអាស៊ានអាចធ្វើអាជីវកម្ម ឬធ្វើការនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានដោយមិនមានការរារាំងដោយបន្ទាត់ព្រំដែនរវាងប្រទេស។ អ្នកវិភាគជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចដែលប្រទេសកម្ពុជាអាចចំណេញ និងខាតពីការធ្វើសមាហរណកម្មនេះ និងបញ្ហាផ្សេងៗជាច្រើនទៀត។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោក តឹក វណ្ណារ៉ា នាយកអង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អំពីបញ្ហាបរិស្ថានដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាននឹងជួបប្រទះ ប្រសិនបើគ្មានការរៀបចំឲ្យមានការការពារបរិស្ថានឲ្យបានត្រឹមត្រូវទេនោះ។ បទសម្ភាសន៍មានសេចក្តីទាំងស្រុងដូចតទៅ៖
VOA៖ តើលោកអាចប្រាប់យើងអំពីការព្រួយបារម្ភរបស់លោកចំពោះបញ្ហាបរិស្ថានដែលយើងអាចប្រឈមនៅពេលមានសមាហរណកម្មអាស៊ាន?
តឹក វណ្ណារ៉ា៖ យើងឃើញថា បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិនិងការធ្វើសមាហរណកម្មអាស៊ាន ដែលអាស៊ាននឹងធ្វើសមាហរណកម្មនៅចុងឆ្នាំ២០១៥នេះ គឺបញ្ហាសំខាន់ដែលកើតឡើងនៅក្នុងតំបន់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដូចជានៅក្នុងតំបន់អាស៊ាន ជាពិសេសទាក់ទងនឹងទន្លេមេគង្គយើង។ យើងឃើញថា មានការប្រែក្លាយព្រៃធម្មជាតិទៅជាចម្ការព្រៃដាំ មានន័យថា ទៅជាកសិឧស្សាហកម្មដើម្បីយើងយកវត្ថុធាតុដើមបញ្ចូលក្នុងរោងចក្រដើម្បីផលិតជាផលិតផលមួយក្នងការប្រកួតប្រជែងក្នុងការនាំចេញទៅបណ្តារដ្ឋអាស៊ានក៏ដូចជាទៅបណ្តាប្រទេសផ្សេងៗ ជាលក្ខណៈអន្តរជាតិ ហើយការប្រែក្លាយព្រៃធម្មជាតិទៅជាចម្ការព្រៃដាំនៅថ្នាក់តំបន់ វាអាចធ្វើឲ្យមានការប៉ះពាល់សំខាន់ៗ។ ទីមួយប៉ះពាល់ទៅដល់ធនធានព្រៃឈើ។ ទីពីរប៉ះពាល់ទាក់ទងនឹងធនធានជីវចម្រុះ។ ហើយចំណុចទីបីប៉ះពាល់ទៅនឹងការប្រើប្រាស់ដីកសិកម្មរបស់ប្រជាជននៅក្នុងស្រុកផងដែរ។ អញ្ចឹងយើងឃើញថា ទិដ្ឋភាពនៃការប្រើប្រាស់ដី ក៏ដូចជាធនធានព្រៃឈើនៅក្នុងតំបន់ មានកម្ពុជា មានឡាវ មានវៀតណាម មានថៃ មានភូមាជាដើមហ្នឹង គឺបានផ្ទេរពីព្រៃធម្មជាតិទៅជាចម្ការព្រៃដាំច្រើន ហើយដែលបញ្ហាសំខាន់មួយទៀតគឺការគ្រប់គ្រងព្រៃទីជម្រាល។ អាហ្នឹងក៏ជាបញ្ហាប្រឈមដែរ ហើយជាពិសេសដើម្បីឲ្យប្រទេសនិមួយៗធ្វើការប្រកួតប្រជែងបាន លុះត្រាមានការប្រកួតប្រជែងថាមពល។ ហើយបើយើងមើលទិដ្ឋភាពនៃការអភិវឌ្ឍថាមពលនៅថ្នាក់តំបន់នៅទន្លេមេគង្គខាងក្រោម មានប្រទេសសំខាន់ៗ បានរៀបចំអភិវឌ្ឍវារីអគ្គិសនីខ្នាតធំលើតួមេនៃទន្លេមេគង្គ ហើយដែលបញ្ហាទាក់ទងនឹងការអភិវឌ្ឍថាមពលវារីអគ្គិសនីនេះ បើសិនជាពុំមានជម្រើសល្អ វាក៏ជាការប្រឈមដែរដល់សន្តិសុខស្បៀង ព្រោះវាធ្វើឲ្យមានផលប៉ះពាល់ដែលអាចកើតមានលើធនធានជលផល ប្រព័ន្ធកសិកម្ម ប្រព័ន្ធទឹក ប្រព័ន្ធទាក់ទងនឹងជីវចម្រុះ ក៏ដូចជាបរិស្ថាននៃទន្លេមេគង្គទាំងមូល ដែលប្រជាជនកម្ពុជាក៏ដូចជាប្រជាជនដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ គាត់បានពឹងផ្អែកទាំងស្រុងទៅលើការប្រើប្រាស់ធនធានទឹកទន្លេមេគង្គក្នុងការគាំទ្រក្នុងជីវភាពរស់នៅរបស់គាត់។
VOA៖ តើលោកអាចបញ្ជាក់បានទេថា តើមូលហេតុអ្វី ដែលនាំឲ្យមានការកែប្រែព្រៃធម្មជាតិទៅជាដីឧស្សាហកម្ម?
តឹក វណ្ណារ៉ា៖ មូលហេតុសំខាន់ៗគឺដោយប្រទេសនៅក្នុងតំបន់យល់ថា ដើម្បីផលិតជាវត្ថុធាតុដើមក្នុងការនាំចេញ ត្រូវធ្វើឲ្យមានផលិតផលសម្រេច ដែលអាចយកទៅប្រកួតប្រជែងបាន។ អញ្ចឹងអាហ្នឹង យើងសង្កេតឃើញនៅឡាវ នៅវៀតណាម នៅកម្ពុជា នៅថៃ ហើយថៃគេបានប្រែក្លាយពីព្រៃធម្មជាតិទៅចម្ការព្រៃដាំហ្នឹងច្រើនហើយ។ អញ្ចឹងបានជាយើងមើលឃើញថា ក្នុងទីផ្សារនៅប្រទេសថៃ ឬមួយទីផ្សារទំនើបនៅក្នុងប្រទេសកម្ពុជាយើង យើងឃើញផលិតផលសម្រេចជាច្រើនចេញពីផ្នែកកសិកម្ម។ ឧទាហរណ៍ខ្លីៗ ដូចជាមានសាវម៉ាវកំប៉ុង ម្នាស់កំប៉ុង។ អាហ្នឹងសុទ្ធសឹងជាការប្រែក្លាយព្រៃធម្មជាតិកន្លងមកទៅជាចម្ការដាំធំៗជាលក្ខណៈកសិឧស្សាហកម្ម ហើយយកអាហ្នឹងទៅផលិតទៅជាផលិតផលកសិកម្មសម្រេច ក្នុងការផ្គត់ផ្គង់ក្នុងប្រទេស ក៏ដូចជាធ្វើការនាំចេញដោយរដ្ឋាភិបាលមួយៗនៅក្នុងតំបន់។ គាត់គិតថា ការនាំចេញនេះជួយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ ហើយទីពីក៏ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន។ តែផ្ទុយមកវិញ បើយើងនិយាយអំពីសមសភាពនៃការរស់នៅ និយាយអំពីនិរន្តរភាព យើងត្រូវគិតគូរពីតុល្យភាពនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងការអភិរក្សទាក់ទងធនធានធម្មជាតិ ក៏ដូចជាការថែរក្សាធនធានព្រៃឈើដើម្បីទុកជាលំហ ទៅដល់ប្រជាជនដែលគាត់មានជីវភាពស្ថិតនៅក្រោមបន្ទាត់ក្រីក្រ ឬប្រជាជនទូទៅអាចប្រើប្រាស់បាន។ អាហ្នឹងជាធនធាន រួមទាំងធនធានទឹក ទាំងធនធានព្រៃឈើ និងអនុផលព្រៃឈើ។
អាហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចឲ្យមានតុល្យភាព បើពុំដូច្នោះទេ ប្រជាជនដែលគាត់មានសមត្ថភាពនៅតិច ចំណេះដឹងទាប ជំនាញគាត់អត់មាន គឺគាត់មិនអាចបន្សាំខ្លួនទៅនឹងសមាហរណកម្មអាស៊ានទាន់ពេលវេលាទេ។ អញ្ចឹងគាត់អត់មាន space មានន័យថា គាត់អត់មានឱកាសសម្រាប់ផ្គត់ផ្គង់សុវត្ថិភាពស្បៀងរបស់គាត់។
អញ្ចឹងទាក់ទងនឹងទិដ្ឋភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចគឺយើងត្រូវគិតអំពីប្រជាជនមួយផ្នែកទៀតដែលគាត់នៅក្នុងបន្ទាត់ភាពក្រីក្រ ហើយដែលគាត់ពឹងផ្អែកទៅលើធនធានរួម។ ហើយចំណុចទីពីរគឺធនធានធម្មជាតិជីវចម្រុះហើយនិងប្រព័ន្ធបរិស្ថាន បើយើងថែរក្សាបានល្អគឺវាគាំពារសុខុមាលភាពរបស់ប្រជាជន។ ខ្ញុំ លើកឧទាហរណ៍ដូចជាការប្រើប្រាស់ទឹកអញ្ចឹង ប្រសិនបើទឹកទន្លេមេគង្គមានបញ្ហាដូចជាលក្ខណៈកខ្វក់ ឬមានបញ្ហាទឹក គុណភាពអត់ល្អ ដោយសារការអភិវឌ្ឍធំៗទាញយកថាមពល ឬមួយការអភិវឌ្ឍដំណាំកសិឧស្សាហកម្មធំៗ ដោយពុំមានតុល្យភាពនៅតាមដងទន្លេមេគង្គឬកាកសំណល់ផ្ទាល់វាហូរចាក់ចូលទន្លេ អញ្ចឹងប្រជាជនរាប់លាននាក់ ៦០លាននាក់ដែលពឹងផ្អែកទៅលើការប្រើប្រាស់ធនធានទឹក អាចមានបញ្ហាសុខភាព។ អញ្ចឹងសួរថា អ្នកណាដែលជាអ្នកដោះស្រាយសុខភាព? នៅពេលដែលយើងនិយាយពីសុខភាពសេរី គឺប្រព័ន្ធរដ្ឋបានការពារមួយតង់ហើយប៉ុន្តែទីពីរមានន័យថា ត្រូវមានឯកជន។ អញ្ចឹងប្រជាជនដែលស្ថិតនៅក្នុងភាពក្រីក្រ ប្រជាជនដែលអត់មានលទ្ធភាពពេលដែលគាត់មានបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក សុខភាពគាត់អត់ល្អ គាត់ត្រូវចំណាយលុយព្យាបាលសុខភាពគាត់។ ទីពីរវាធ្វើឲ្យជីវភាពរស់នៅរបស់គាត់មានបញ្ហា ព្រោះប្រព័ន្ធកសិកម្ម និងប្រព័ន្ធក្នុងការរស់នៅរបស់គាត់នៅតែពឹងផ្អែកលើធនធានរួម ដូចជាធនធានទឹក ធនធានព្រៃឈើផល និងអនុផលព្រៃឈើ។
VOA៖ តើផលប៉ះពាល់ព្រៃឈើមានដូចជាអ្វីខ្លះដែរ?
តឹក វណ្ណារ៉ា៖ ផលប៉ះពាល់ព្រៃឈើដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹង គឺការផ្ទេរពីព្រៃធម្មជាតិទៅជាចម្ការព្រៃដាំ។ អាហ្នឹងមិនមែនមានតែប្រទេសកម្ពុជាមួយទេ។ ប្រទេសកម្ពុជាក៏មានការផ្ទេរដែរតាមរយៈដីសម្បទានសេដ្ឋកិច្ច ការអនុវត្តដីសម្បទានសេដ្ឋកិច្ច។
VOA៖ តើរដ្ឋាភិបាលអាចធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពសេដ្ឋកិច្ចនិងបរិស្ថាន?
តឹក វណ្ណារ៉ា៖ គាត់ត្រូវមានផែនការមួយច្បាស់លាស់ក្នុងការប្រើប្រាស់ធនធានរួម។ ឧទាហរណ៍ដូចទន្លេមេគង្គ។ វាហូរកាត់ប្រាំមួយប្រទេស មានពីប្រទេសចិនមកដល់ភូមា មកដល់ថៃ មកដល់ឡាវ មកដល់កម្ពុជាធ្លាក់ទៅវៀតណាម។ អញ្ចឹងប្រទេសទាំងប្រាំមួយគួរមានផែនការរួមដើម្បីប្រើប្រាស់ទន្លេមេគង្គប្រកបដោយសមធម៌។ ការប្រើប្រាស់នៅថ្នាក់លើគួរតែទុកលំហឲ្យប្រទេសខាងក្រោមអាចទទួលបានផល ប្រយោជន៍រួមពីការអភិវឌ្ឍទន្លេមេគង្គ ហើយអាចប្រើប្រាស់ធនធានរួមប្រកបដោយសមធម៌ក្នុងការគាំទ្រជីវភាពរស់នៅ។ យើងជឿទៅលើការធ្វើផែនការមេរួម ដែលមានការឯកភាព ឬមួយមានការយល់ស្របពីប្រទេសទាំងប្រាំមួយថា តើយើងត្រូវធ្វើការអភិវឌ្ឍដូចម្តេចដើម្បីឲ្យអ្នកខាងលើក៏អាចប្រើប្រាស់ធនធានហ្នឹងប្រកបដោយសមធម៌ហើយអ្នកខាងក្រោមហ្នឹងក៏អាចប្រើប្រាស់ធនធានហ្នឹងប្រកបដោយសមធម៌»។
VOA៖ តើរដ្ឋាភិបាលគួរធ្វើយ៉ាងណាដើម្បីធ្វើឲ្យប្រជាជនបានផលចំណេញពីសមាហរណកម្មអាស៊ាន?
តឹក វណ្ណារ៉ា៖ រដ្ឋាភិបាលគួរតែជំរុញទាក់ទងនឹងការទទួលស្គាល់ និងពន្លឿនការទទួលស្គាល់ទាក់ទងនឹងព្រៃឈើ សហគមន៍នេសាទនៅក្នុងតំបន់ សហគមន៍តំបន់ការពារ និងសហគមន៍ជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជីដីធ្លីជាលក្ខណៈសមូហភាពឲ្យជនជាតិដើមភាគតិច កាលណាគាត់មានក្របខ័ណ្ឌច្បាប់ទាំងអស់នេះក្នុងការការពារគាត់។ ក្របខ័ណ្ឌច្បាប់ទទួលស្គាល់ពីសិទ្ធិក្នុងការការពារធនធានទាំង អស់នេះមាន ន័យថា គាត់នឹងចូលរួមចំណែកកាន់តែសកម្មឡើងក្នុងការប្រើប្រាស់និង គ្របគ្រងធនធានធម្មជាតិដែលមាននៅក្នុងសហគមន៍របស់គាត់នីមួយៗបានល្អប្រសើរ។
VOA៖ តើនរណាបានចំណេញពីផ្នែកបរិស្ថានច្រើនជាងគេពេលធ្វើសមាហរណកម្មអ៊ាស៊ាននេះ?
តឹក វណ្ណារ៉ា៖ បើយើងនិយាយពីកសិឧស្សាហកម្ម យើងឃើញថា ប្រទេសសំខាន់ៗដែលមានការអភិវឌ្ឍកសិឧស្សាហកម្មហើយនៅក្នងតំបន់នេះ យើងឃើញមានថៃ មានវៀតណាមនៅក្នុងតំបន់នេះមានការអភិវឌ្ឍកសិឧស្សាហកម្មច្រើន ហើយគាត់មានផលសម្រេចច្រើនដាក់លក់នៅលើទីផ្សារផ្នែកកសិកម្ម។ ដោយឡែកឡាវ និង ប្រទេសកម្ពុជាយើង យើងនៅមានធនធានធម្មជាតិច្រើន ដំណាំឧស្សាហកម្មនៅតិចនៅឡើយទេ។ អញ្ចឹងមានន័យថា ការប្រើប្រាស់ដីឲ្យអស់លទ្ធភាពយើងឃើញថា ប្រទេសពីរបីនៅក្នុងអាស៊ានដីគោក ដែលហ្នឹងគឺគេអនុវត្តហើយ។ អញ្ចឹងថា តើប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗ ប្រទេសឡាវ ប្រទេសភូមា ដែលកំពុងបើក សេដ្ឋកិច្ចសេរីនោះ ត្រូវប្រកាន់គោលជំហរបែបម៉េច ដើម្បីចំណេញផ្នែកបរិស្ថានក្នុងខណៈពេលដែលប្រទេសអាស៊ានដីគោកពីរបីទៀត ដែលគាត់មានការអភិវឌ្ឍផ្នែកឧស្សាហកម្មហើយ។ អញ្ចឹងយើងត្រូវថ្លឹងថ្លែងថា តើត្រូវការពារធនធានធម្មជាតិបែបម៉េចដើម្បីទទួលបានផលប្រយោជន៍។ តើយើងត្រូវធ្វើក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតណា នៅក្នុងកម្រិតកសិឧស្សាហកម្មដែលយើងអាចទាញផលប្រយោជន៍ដែរ ក៏ប៉ុន្តែអាចមានលំនឹងធម្មជាតិ ហើយនិងលំនឹងព្រៃឈើនៅបានល្អប្រសើរអាចស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ជំនួសឲ្យការប្រែក្លាយព្រៃធម្មជាតិទាំងអស់ឲ្យទៅជាចម្ការព្រៃដាំ។
VOA៖ តើប្រជាជនបែបណាដែលទទួលការប៉ះពាល់ខ្លាំងពីការធ្វើសមាហរណកម្មនេះ?
តឹក វណ្ណារ៉ា៖ ប្រជាជនដែលគាត់មានចំណេះដឹងទាប មានកម្រិតចំនាញទាប ហើយអត់យល់ដឹងពីការប្រើប្រាស់បច្ចេកវិជ្ជា។ អាហ្នឹងគឺអ្នកដែលទទួលរងផលប៉ះពាល់ច្រើនជាងគេ នៅពេលដែលធ្វើសមាហរណកម្ម។ គាត់មិនអាចធ្វើជាសហគ្រិនជំនាញ ក្លាយជាម្ចាស់សហគ្រាសខ្នាតតូចខ្នាត មធ្យម ឬមួយក្លាយជាម្ចាស់រោងចក្របានទេព្រោះជំនាញបច្ចេកទេស និងចំណេះដឹងគាត់ទាប ហើយជាពិសេសប្រជាជនដែលជាម្ចាស់ស្រុកដើម។ បើយើងមើលប្រទេសកម្ពុជាយើង ជនជាតិដើមភាគតិចគាត់នឹងអាចទទួលរងផលប៉ះពាល់ច្រើនជាងគេ នៅពេលដែលគាត់ប្រែក្លាយពីការប្រើប្រាស់ធនធានធម្មជាតិមកប្រើប្រាស់ជាលក្ខណៈកសិឧស្សាហកម្ម។
VOA៖ តើនៅប្រទេសកម្ពុជា ខេត្តណាខ្លះនឹងប្រឈមនឹងការប៉ះពាល់បរិស្ថានខ្លាំងជាងគេ?
តឹក វណ្ណារ៉ា៖ យើងមិនអាចកំណត់ថា ខេត្តណាខ្លះទេ ប្រសិនបើយើងមិនមានផែនការគ្របគ្រងល្អទីណាក៏មានការប៉ះពាល់បរិស្ថានដែរ។ បរិស្ថាន និងធនធានធម្មជាតិ ដូច ដែលខ្ញុំបាននិយាយហើយ ចែកជាពីរ។ តំបន់បៃតងអាចមានធនធានព្រៃឈើមានជីវចម្រុះមានសត្វព្រៃមានធនធានទឹកជាដើម។ ហើយតំបន់ពណ៌ត្នោតមានទាក់ទងនឹងសំណល់រឹងរាវដែលបង្ហូរចេញពីរោងចក្រឧស្សាហកម្ម បង្ហូរចេញពីទីក្រុង ពីទីប្រជុំជននានា។
VOA៖ តើរដ្ឋាភិបាលគួរធ្វើយ៉ាងណាដើម្បីការពារបរិស្ថាន?
តឹក វណ្ណារ៉ា៖ ខ្ញុំនិយាយអំពីទិដ្ឋភាពការគ្រប់គ្រងធម្មជាតិនៅក្នុងប្រធានបទនេះ អញ្ចឹងខ្ញុំផ្តោតសំខាន់ទៅលើរឿងទាក់ទងនឹងព្រៃឈើ។ ធនធានព្រៃឈើនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងប្រទេសអាស៊ានមួយចំនួន មានន័យថា អ៊ាស៊ានដីគោកនៅក្នុងតំបន់ទន្លេមេគង្គយើង អញ្ចឹងកាលណាមានការតភ្ជាប់អាស៊ាន យើងពង្រឹងការទាក់ទង ការធ្វើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រឹងការដឹកជញ្ជូនពីប្រទេសមួយទៅប្រទេសមួយ។ អាហ្នឹងយើងត្រូវមានការបែកចែកតំបន់ឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យប៉ះពាល់តំបន់អភិរក្ស ដូចជាឧទ្យានជាតិ ដូចជាតំបន់ការពារអីជាដើម។ ផែនការមេត្រូវលៃលកយ៉ាងណាកុំឲ្យប៉ះទៅនឹងតំបន់ស្នូល ពេលដែលយើងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាថ្នល់រទេះភ្លើងអាស៊ាន ដែលជាប្រព័ន្ធតភ្ជាប់ផ្លូវរបៀងអាស៊ានដើម្បីធានាថា យើងនៅតែមានធនធានរួម ដែលអាចប្រើប្រាស់បាន។ ហើយទីពីរ ដូចខ្ញុំលើកឡើងទាក់ទងនឹងការប្រើប្រាស់ថាមពល ការអភិវឌ្ឍទាក់ទងនឹងទំនប់វារីអគ្គិសនីខ្នាតធំៗនៅលើតួមេនៃទន្លេមេគង្គ ក៏ត្រូវគិតពីប្រព័ន្ធសុវត្ថភាពសន្តិសុខស្បៀងដែរ។ នេះជាបញ្ហាសំខាន់ៗដែលយើងត្រូវគិតគូរ។ ហើយមួយទៀតការប្រែក្លាយពីតំបន់ព្រៃធម្មជាតិទៅជាចម្ការព្រៃដាំ ក៏ត្រូវគិតគូរថា យើងត្រូវគួរប្រែក្លាយកម្រិតណា ហើយកម្រិតណាដែលយើងត្រូវថែរក្សាដើម្បីឲ្យប្រជាជនផ្សេងៗទៀតដែលគាត់អត់មានលទ្ធភាពចាប់យកឱកាសក្នុងការធ្វើសមាហរណកម្មអាស៊ានហ្នឹងគាត់នៅមានធនធានរួមដែលអាចប្រើប្រាស់បាន៕