ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សង្រ្គោះ​ដំរី​ព្រៃ​ពី​រណ្តៅ​ភក់​បង្ហាញ​ពី​ការ​សហការ​ប្រសើរ​រវាង​រដ្ឋាភិបាល និង​អង្គការ​ក្រៅរដ្ឋាភិបាល


សត្វ​ដំរី​មួយហ្វូង​ ចំនួន ១១​ ក្បាល​ ជាប់​នៅ​ក្នុង​រណ្តៅ​ភក់​ធំ​មួយ មុន​ពេល​ត្រូវ​បាន​ជួយសង្រ្គោះ នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ កែវ សីម៉ា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មីនា ឆ្នាំ​២០១៧។ (រូបថតទទួលបាន​ពី​អង្គការ Wildlife Conservation Society)
សត្វ​ដំរី​មួយហ្វូង​ ចំនួន ១១​ ក្បាល​ ជាប់​នៅ​ក្នុង​រណ្តៅ​ភក់​ធំ​មួយ មុន​ពេល​ត្រូវ​បាន​ជួយសង្រ្គោះ នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ កែវ សីម៉ា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មីនា ឆ្នាំ​២០១៧។ (រូបថតទទួលបាន​ពី​អង្គការ Wildlife Conservation Society)

​លោកកែវ សុភ័គ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បាន​និយាយ​ថា អ្នកស្រុក​បាន​ប្រើ​ម៉ាស៊ីន​បូមទឹក​ ដើម្បី​បូម​ទឹក​ចូល​រណ្តៅ​នោះ​ ដើម្បី​បន្ថយ​កំហាប់​ភក់ និង​បាន​ជីក​ផ្លូវ​ ដើម្បី​ឲ្យ​សត្វដំរី​ទាំងនោះ​វារ​ចេញ។ ដំរី​ទាំងនោះ​ បាន​កប់​ក្នុង​ភក់ នៅ​សល់​តែ​ខ្នង និង​ក្បាល​ លយ​ចេញ​ តែ​ប៉ុណ្ណោះ។

សត្វ​ដំរីព្រៃ​ ១១ ក្បាល​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ភក់​មួយ​កាល​ពី​ពេលថ្មីៗនេះ​ នៅ​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវសីម៉ា​ ខេត្ត​មណ្ឌលគិរី។ សត្វ​ដំរី ដែល​មាន​មេ​បី​ក្បាល និង​កូន​ប្រាំបី​ក្បាល​ បាន​ជាប់​ក្នុង​រណ្តៅភក់​នោះ​ អស់​រយៈពេល​ប្រហែល​បួន​ថ្ងៃ។ បន្ទាប់​ពី​បាន​ដឹង​ហេតុការណ៍នោះ អ្នកស្រុក​បាន​ប្រាប់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដែល​បាន​ជូនដំណឹងបន្ត​ទៅ​អង្គការ Wildlife Conservation Society (WCS)។

សត្វ​ដំរី​ទាំងនោះ​ប្រហែល​ជា​កំពុង​ដើរ​ទៅ​អូរ​ជិត​នោះ​ ដើម្បី​ផឹក​ទឹក ប៉ុន្តែ​ជា​ចៃដន្យ ប្រហែល​កូនដំរី​មួយ​ ឬ​ពីរក្បាល​បាន​រអិលធ្លាក់​ចូល​ក្នុង​រណ្តៅ​ភក់។ ពេល​ដែល​សត្វ​ដំរីដទៃ​ទៀត​មក​ជួយ ក៏​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅភក់បន្ត​ទៀត។ នេះ​បើ​យោង​ទៅ​តាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដែល​បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​សប្តាហ៍​មុន។

​លោកកែវ សុភ័គ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បាន​និយាយ​ថា អ្នកស្រុក​បាន​ប្រើ​ម៉ាស៊ីន​បូមទឹក​ ដើម្បី​បូម​ទឹក​ចូល​រណ្តៅ​នោះ​ ដើម្បី​បន្ថយ​កំហាប់​ភក់ និង​បាន​ជីក​ផ្លូវ​ ដើម្បី​ឲ្យ​សត្វដំរី​ទាំងនោះ​វារ​ចេញ។ ដំរី​ទាំងនោះ​ បាន​កប់​ក្នុង​ភក់ នៅ​សល់​តែ​ខ្នង និង​ក្បាល​ លយ​ចេញ​ តែ​ប៉ុណ្ណោះ។

ក្រុម​អ្នកជួយសង្រ្គោះ​ បាន​ជីក​ផ្លូវ​ចេញ​ពី​រណ្តៅ​ភក់ ដោយ​បាន​ដាក់​មែកឈើ​នៅ​បាត​រណ្តៅ​ ដើម្បី​ឲ្យ​ដំរី​ទាំង​នោះ​រក​ផ្លូវ​ចេញ​បាន។ ស្របពេលដូចគ្នា​នេះ​ដែរ ពួកគាត់​ក៏​បាន​បោះ​អំពៅ ស្លឹកឬស្សី និង​ចេក ដោយ​ឲ្យ​សត្វ​ដំរី​ទាំងនោះ ដែល​នេះ​ជា​អ្វី​មិនដែល​ធ្លាប់​បាន​ធ្វើ​ពី​មុន​មកឡើយ ជាមួយ​នឹង​ដំរី​ព្រៃ។ នេះ​បើ​យោង​ទៅ​តាម​អង្គការ Wildlife Conservation Society ដែល​បាន​សហការ​ជាមួយ​មន្រ្តី និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​ការ​ជួយ​សង្រ្គោះ​ហ្វូង​ដំរី​ព្រៃ​ទាំងនោះ។ នៅ​ទី​បំផុត សត្វ​ដំរី​ទាំង ១១ ក្បាល​អាច​វារ​ចេញ​ពី​រណ្តៅភក់​រួច ទោះបីជា​ មើល​ទៅ​រាង​បាក់​កម្លាំង​ក៏ដោយ។

លោក​ តាន់ សេដ្ឋា អ្នក​ប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ WCS ប្រចាំ​តំបន់​អភិរក្ស​សត្វព្រៃកែវ សីម៉ា បាន​និយាយ​ថា កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ Wildlife Conservation Society រដ្ឋាភិបាល និង​សហគមន៍​ក្នុង​ស្រុក ដើម្បី​ជួយសង្រ្គោះ​សត្វ​ដំរី​ជាប់​ក្នុង​រណ្តៅភក់ បាន​បញ្ចៀស​ការ​បាត់បង់​យ៉ាង​ធំធេង​មួយ។

លោក​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គការ WCS ​ថា៖ «ប្រសិន​បើ​សហគមន៍​មិនបាន​រួម​កម្លាំង​គ្នា​ជាមួយ​នឹង​អង្គការ Wildlife Conservation Society អង្គការ Elephant Livelihood Initiative Environment (E.L.I.E) និង​មន្ទីរ​បរិស្ថាន​ ដើម្បី​ជួយ​សង្រ្គោះ​សត្វ​ដំរី​អាស៊ី​ទាំង ១១ ក្បាល​នោះ​ទេ នឹង​មាន​សោកនាដកម្ម​ធំ​មួយ​ពិត​ជា​មិន​ខាន»។

លោក​បណ្ឌិត Ross Sinclair នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WCS ក៏​បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ជួយ​សង្រ្គោះ​សត្វដំរី​ពី​រណ្តៅភក់​ដូចគ្នា​នេះ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍អង្គការ WCSថា៖ «នេះ​ជា​ឧទាហរណ៍​ដ៏​ប្រសើរ​មួយ ដែល​ប្រជាជន​ទាំងអស់​ធ្វើការ​រួម​គ្នា​ ដើម្បី​ជួយ​សង្រ្គោះ​សត្វ​ព្រៃ​នៅ​កម្ពុជា»។

លោក​បាន​បន្ថែម​ថា៖ «ជា​ញឹកញយ​ណាស់ ដែល​រឿងរ៉ាវ​ជុំវិញ​ការ​អភិរក្ស​គឺ​និយាយ​អំពី​ជម្លោះ និង​ការ​បរាជ័យ ប៉ុន្តែ​រឿង​នេះ​គឺ​អំពី កិច្ចសហប្រតិបត្តិការ និង​ភាព​ជោគជ័យ។ ពេល​ដែល​ដំរី​ចុងក្រោយ​ ត្រូវ​ការ​មនុស្ស​ទាំងអស់រួមដៃ​គ្នា ដើម្បី​ទាញ​ដំរី​នោះឡើង​មក​កាន់​ទី​សុវត្ថិភាព គឺ​ជា និមិត្តរូប​នៃ​កិច្ចសហការ​គ្នា ដើម្បី​បុព្វហេតុអភិរក្ស»។

ជាមួយ​នឹង​ការ​អភិវឌ្ឍយ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា ភាព​ងាយស្រួល​ធ្វើដំណើរ​ចូល​ទៅ​កាន់​តំបន់​ផ្សេងៗ កំណើន​ប្រជាជន និង​បញ្ហា​ពុករលួយ​ដែល​មាន​ពាសពេញ​ប្រទេស ការ​កាប់រាន​ព្រៃ​យក​ដី​ខុសច្បាប់​ ដែល​ជា​ញឹកញយ​មិនមែន​ដោយសារ​ប្រជាជន​ក្នុង​តំបន់​ នៅ​តែ​បន្ត​ជា​ការ​គំរាមកំហែង​ចម្បង​មួយ​ ដែល​តំបន់​អភិរក្ស ដូចជា តំបន់​អភិរក្ស​សត្វព្រៃ​កែវ សីម៉ា កំពុង​ប្រឈម​មុខ​។ ហើយ​ការ​កាប់ឈើ​ និង​ការ​ប្រមាញ់​ខុសច្បាប់ ជា​ការ​គំរាមកំហែង​បន្ទាប់។ នេះ​បើ​យោង​ទៅ​តាមលោក Oliver Griffin ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ​អភិរក្ស​របស់​អង្គការ WCS ដែល​បាន​ប្រាប់​ VOA តាម​សារអេឡិចត្រូនិច។

ទោះ​បី​យ៉ាងណាក៏ដោយ លោក Oliver Griffin បាន​បន្ថែម​ថា តាមរយៈ​កិច្ចប្រឹងប្រែង​របស់​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ពី​មុនមក​ ដោយ​មាន​ជំនួយគាំទ្រ​ពី​អង្គការ WCS និង​ដៃ​គូ​ដទៃ​ទៀត តំបន់​អភិរក្ស​សត្វព្រៃ​កែវ សីម៉ា មាន​ស្ថានភាព​ប្រសើរ​ឡើង​ ក្នុង​ការ​ការពារ​សត្វព្រៃ រុក្ខជាតិ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​សម្រាប់​ជនជំនាន់​ក្រោយ។

លោក​កែវ សុភ័គ​ បាន​និយាយ​ថា តម្រូវការ​របស់​រដ្ឋាភិបាល​គឺ​ ដៃគូសកម្ម​នានា ដើម្បី​សម្រេច​បាន​គោលដៅ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ចិរភាព​នៅ​ក្នុង​តំបន់​អភិរក្ស។

«ភាព​ចាំបាច់​របស់​រដ្ឋាភិបាល​គឺ​ថា ត្រូវការ​ដៃគូ។ ដៃគូ​ដែលធ្វើការ​រស់រវើក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ ថ្នាក់ជាតិ​ ដើម្បី​ពង្រឹង​ធ្វើ​យ៉ាងម៉េច ការពារ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​និរន្តភាព​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ហ្នឹង។ មិនមែន​ការពារ​ ហើយ​មិនប្រើប្រាស់​ទេ តែ​ប្រើប្រាស់​ក្នុង​លក្ខណៈ​មួយ​សម្រាប់​តែ​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ជុំវិញ​តំបន់​ហ្នឹង​ទេ»។

លោក​បាន​បន្ថែម​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ក៏​បាន​ជ្រោមជ្រែង​យ៉ាង​ខ្លាំងក្លា​ផងដែរ​ ចំពោះ​ផ្នែក​ថវិកា និង​ផ្នែក​ដទៃ​ទៀត។

«សម្រាប់​អង្គការ NGO នៅ​ហ្នឹង​នោះ និយាយ​រួម​ទៅ​គាត់​ស្រស់ស្រាយ​ណាស់។ គាត់​ស្វះស្វែង​ទាំង​ពី​បច្ចេកទេស ទាំង​ថវិកា។ សម្រាប់​បច្ចេកទេស​ គាត់​បាន​បញ្ជូន​បុគ្គលិក​រដ្ឋាភិបាល​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ក៏ដូចជា វគ្គ​បណ្តុះបណ្តាល​ក្នុង​ប្រទេស​ជា​ដើម​ អញ្ចឹងដែរ»។

សត្វ​ដំរី​មួយហ្វូង​ ចំនួន ១១​ ក្បាល​ ជាប់​នៅ​ក្នុង​រណ្តៅ​ភក់​ធំ​មួយ មុន​ពេល​ត្រូវ​បាន​ជួយសង្រ្គោះ នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ កែវ សីម៉ា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មីនា ឆ្នាំ​២០១៧។ (រូបថតទទួលបាន​ពី​អង្គការ Wildlife Conservation Society)
សត្វ​ដំរី​មួយហ្វូង​ ចំនួន ១១​ ក្បាល​ ជាប់​នៅ​ក្នុង​រណ្តៅ​ភក់​ធំ​មួយ មុន​ពេល​ត្រូវ​បាន​ជួយសង្រ្គោះ នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ កែវ សីម៉ា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​មីនា ឆ្នាំ​២០១៧។ (រូបថតទទួលបាន​ពី​អង្គការ Wildlife Conservation Society)

កម្មវិធី REDD+

តំបន់​អភិរក្ស​សត្វព្រៃ​កែវ សីម៉ា គឺ​ជា តំបន់​អភិរក្ស​និមិត្តរូប​មួយ​នៅ​កម្ពុជា។ ​តំបន់​អភិរក្ស​នេះមិន​ត្រឹម​តែ​មាន​សារៈសំខាន់​សម្រាប់​ដំរី​អាស៊ីប៉ុណ្ណោះ​ទេ សហគមន៍​ជនជាតិ​ដើមភាគតិច​ក៏​ពឹងផ្អែក​លើ​តំបន់​នេះ​ដើម្បី​ជីវភាព​រស់នៅ​ផងដែរ។ លើស​ពី​នេះ​ទៀត តំបន់​កែវ សីម៉ា​បានដើរតួ​ជា​ គំរូក្នុង​ការ​ផ្គត់ផ្គង់​ប្រាក់​ចំណូល​សម្រាប់​ប្រទេស ដែល​ទទួល​បាន​ជោគជ័យ​មួយ តាមរយៈ​កម្មវិធី REDD+។ នេះ​បើ​យោង​តាម​លោក Oliver Griffin ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ​អភិរក្ស​របស់​អង្គការ WCS។

កម្មវិធី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ពី​ការកាប់ព្រៃឈើ​ ហៅ​កាត់​ថា REDD ជា​ កម្មវីធី​មួយ​ ដែល​ផ្អែក​លើ​គោលការណ៍​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​នៅ​បស្ចឹមលោក ដែល​បញ្ចេញ​កាបូន​ច្រើន​ បង់ថ្លៃ​សមាមាត្រ​តាម​បរិមាណ​កាបូន​បញ្ចេញ ​ទៅ​កាន់​ប្រទេស​ដែល​មាន​ព្រៃឈើ​ធម្មជាតិ។ ប្រាក់​ចំណូល​ទទួល​បាន​នឹង​ផ្តល់​ជា​ប្រាក់ឧបត្ថម្ភ​ដល់​សហគមន៍​ដែល​មាន​ព្រៃធម្មជាតិ​ក្នុង​តំបន់​រស់នៅ ឬ​ទៅកាន់​រដ្ឋាភិបាលដើម្បី​ការពារ​ព្រៃឈើ​ ជំនួស​ឲ្យ​ការ​ប្រែ​ផ្លាស់​តំបន់​ព្រៃឈើ​សម្រាប់​កសិកម្ម។ នេះ​បើ​យោងទៅតាម​គេហទំព័រ​របស់​អង្គការ WCS។

ក្នុង​សារអេឡិចត្រូនិច លោក Oliver Griffin បាន​លើកឡើង​ថា សហគមន៍​ជនជាតិ​ដើមគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី​អភិរក្ស​នេះ ដោយសារ​តែ​ពួកគាត់​ពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ក៏ដូចជា សម្រាប់​ហេតុផល​វប្បធម៌​ និង​ជំនឿ​ផងដែរ។ សារអេឡិចត្រូនិចនេះ​បាន​បន្ត​ថា ការណ៍​នេះ​ត្រូវ​តែ​មាន​តុល្យភាព​ជាមួយ​នឹង​តម្រូវការ​សហគមន៍សម្រាប់​ជីវភាព​រស់នៅ​ប្រកបដោយ​ចិរភាព​ និង​ឈាន​ទៅ​មុខ​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​តែ​បន្តអភិវឌ្ឍ​ទៅ​មុខ​ដូចគ្នា។​

លោក​កែវ សុភ័គ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ បាន​និយាយ​ថា ឥឡូវនេះ​ រដ្ឋាភិបាល​កំពុង​ពង្រឹង​កិច្ចប្រឹងប្រែង​ក្នុង​ការ​ការពារ​តំបន់​អភិរក្ស​សត្វព្រៃ​ ដោយសារ​តែ​រដ្ឋាភិបាល​បាន​លក់​ឥណទាន​កាបូន​ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ The Walt Disney Company ហើយ​ស្របពេល​ដូចគ្នា​នេះ​ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ផែនការ​ ដើម្បី​បញ្ឈប់​ការ​កាប់រាន​ព្រៃឈើ និង​ការ​កាប់ឈើ​ខុសច្បាប់​នៅ​តំបន់អភិរក្ស​សត្វព្រៃ​កែវ សីម៉ា​ផង​ដែរ។

«ឥឡូវនេះ រដ្ឋាភិបាល​ចាប់​ផ្តើម​ពង្រឹង​ហើយ ពង្រឹង​ពាក់ព័ន្ធ​នឹង​ការងារ ជាពិសេស​ការងារ​គ្រប់គ្រង​ដែន​សីម៉ា​ហ្នឹង ដោយសារ​តែ​រាល់ថ្ងៃ​នេះ​រដ្ឋាភិបាល​បាន​លក់​កាបូន​ គេ​ហៅ​ថា REDD+ ឬ REDD បូក​ហ្នឹង​ ទៅ​ឲ្យ​ក្រុមហ៊ុន Disney នៅ​អាមេរិក។ ក្រុមហ៊ុន​ Disney ហ្នឹង​បាន​ទិញ​ហើយ។ អញ្ចឹង រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ពង្រឹង​តំបន់​កែវ សីម៉ា​នេះ​ មិន​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ត​ទៅ​ទៀត​ទេ»។

លោក Oliver Griffin នៃ​អង្គការ WCS បាន​បញ្ជាក់ថា មួយ​ភាគធំ​នៃ​ប្រាក់ចំណូល​ពី​កម្មវិធី​ REDD+ នឹង​យកទៅ​ទ្រទ្រង់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ចំពោះ​សហគមន៍​នៅ​ក្នុង​ និង​ជុំវិញ​តំបន់អភិរក្ស​សត្វព្រៃ​កែវ សីម៉ា។

ទស្សនវិស័យ​ពេល​អនាគត

លោក Oliver Griffin ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ​អភិរក្ស​របស់​អង្គការ WCS បាន​និយាយ​ថា គោលដៅ​របស់​តំបន់អភិរក្ស​សត្វព្រៃ​កែវ សីម៉ា គឺ​រក្សា​ឲ្យ​បាន​តំបន់ព្រៃឈើ​ ដែល​ជួយ​ដល់​សត្វព្រៃ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ដែល​កំពុង​រស់នៅ​ទី​នោះ។

អង្គការ​ WCS ប្រចាំ​នៅ​កម្ពុជា ស្វះស្វែង​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ សម្បត្តិធម្មជាតិ សហគមន៍​ចម្រុះ​ជាតិសាសន៍ និង​សត្វព្រៃ។ អង្គការ​នេះ​ក៏​មាន​គោលដៅ​ធានា​ឲ្យ​បាន​ថា ប្រជាជន​កម្ពុជា​ទទួល​បាន​ផលចំណេញ​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ ក៏ដូចជា អំណោយផល​នានា ដែល​ប្រព័ន្ធ​ព្រៃឈើ​ធំធេង​ផ្តល់​ឲ្យ ដូចជា ប្រភព​ទឹក​ស្អាត លទ្ធភាព​ស្តុក​កាបូន និង​អេកូទេសចរណ៍​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ។ នេះ​បើយោង​តាមលោក Oliver Griffin។

លោក កែវ សុភ័គ​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ បាន​លើកឡើង​ថា លោក​មាន​មោទនភាព​ចំពោះ​សហគមន៍​ក្នុង​ស្រុក​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវ សីម៉ា សម្រាប់​កិច្ចប្រឹងប្រែង​ក្នុង​ការ​ការពារ​ព្រៃឈើ​ប្រឆាំង​នឹង​ឈ្មួញ​កាប់ឈើ​ ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ចីរភាព និង​ការ​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​អេកូទេសចរណ៍។

លោក​បាន​បន្ថែម​ថា ក្រៅ​ពី​ការ​សហការ​រវាង​សហគមន៍​ក្នុង​ស្រុក និង​អ្នកជំនាញ នៅ​ពេល​អនាគត​លោក​ក៏​ចង់​បានជំនួយគាំទ្រ​បន្ថែម​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ស្រុក​ក្នុង​កិច្ច​ប្រឹងប្រែង​អភិរក្ស​នៅ​ខេត្ត​មណ្ឌលគិរី៕​

XS
SM
MD
LG