ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឱ្យ​ក្រុមហ៊ុន​១២​បន្ត​អភិវឌ្ឍ​ក្នុង​ពេល​មាន​ការ​រិះគន់​គោល​នយោបាយ​ដីសម្បទាន​


កៅ​ស៊ូ​ដែល​ត្រូវ​បាន​ចៀរ​យក​ជ័រ​ នៅ​ក្នុង​ចំការ​មួយ ក្នុង​ស្រុក​ពេជ្រាដា​ ​ខេត្ត​មណ្ឌល​គិរី ​ថ្ងៃ​ទី១០​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)
កៅ​ស៊ូ​ដែល​ត្រូវ​បាន​ចៀរ​យក​ជ័រ​ នៅ​ក្នុង​ចំការ​មួយ ក្នុង​ស្រុក​ពេជ្រាដា​ ​ខេត្ត​មណ្ឌល​គិរី ​ថ្ងៃ​ទី១០​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)

អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ពុធ​ដែរ​ បង្ហាញ​ពី​វិនាសកម្ម ព្រៃឈើ​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​​ក្រុមហ៊ុន​ឯកជន​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទុក​ឱ្យ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​១២​បន្ថែម​ទៀត​បន្ត​សកម្មភាព​វិនិយោគ​ដំណាំ​កសិ-ឧស្សាហកម្មប៉ុន្តែ​បាន​កាត់​បន្ថយ​រយៈពេល​មក​នៅ​ត្រឹម​តែ​៥០ឆ្នាំ​វិញ។

ការប្រកាស​ពី​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើងចំ​ពេល​ដែល​ក្រុម​ការពារ​បរិស្ថាន​រក​ឃើញ​ថា​ វិនាសកម្ម​ព្រៃឈើ​បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​គោល​នយោបាយ​អភិវឌ្ឍន៍​និង​វិនិយោគ​របស់​រដ្ឋាភិបាល​លើ​ផ្នែក​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​បញ្ជាក់​ថា​ក្រុមហ៊ុន​ទាំង​នោះ​ចំនួន​៨មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្នួល និង​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​ស្នួល​នៅ​ខេត្ត​ឧត្តរមានជ័យ​និង​ព្រះវិហារ​មាន​ចំនួន​៤​ក្រុមហ៊ុន​ដែល​អភិវឌ្ឍន៍​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព។

លោក ស្រ៊ុន ដារិទ្ធិ​ នាយខុទ្ទកាល័យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ប្រាប់ ​VOA​ ថា៖​

«យើង​ពិនិត្យ​ទៅ​ឃើញ​ថា​គាត់​បាន​បំពេញ​នីតិវិធី​គោលការណ៍​ជា​មូលដ្ឋាន​តាម​ការ​ណែនាំ​ក៏​ដូច​ជា​តម្រូវ​ការ​របស់​រដ្ឋាភិបាល​ហើយ​គាត់​បាន​អនុវត្ត​មាន​វឌ្ឍនភាព​ជាក់​ស្តែង​ហើយ​គាត់​ពិតជា​ធ្វើ​ការ​វិនិយោគ​មែន​គឺ​មិន​មែន​យក​ទៅ​គោលដៅ​អ្វី​ផ្សេង​ទេ។ ហើយ​ផល​ប៉ះពាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​គាត់​ក៏បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ​ដែរ​។ ចឹង​បាន​យើង​អនុញ្ញាត​ឱ្យ​គាត់​បន្ត​អនុវត្ត​គម្រោង​គាត់​បន្ត​ទៀត‍»។​

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ការ​វិនិយោគ​លើ​ដំណាំ​កសិ-ឧស្សាហកម្ម ​ដែល​មាន​ដំណាំ ចម្បង​គឺ​កៅស៊ូ ​ដំឡូង​មី ​និង​ម្រេច។

អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ពុធ​ដែរ​ បង្ហាញ​ពី​វិនាសកម្ម ព្រៃឈើ​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារក្រុមហ៊ុន​ឯកជន​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​និង​បរិបាលកិច្ច៖ ​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​ប្រព័ន្ធ ​និង​ការ​បំផ្លាញ​ព្រៃឈើ​រដ្ឋ​ និង​តំបន់​ការពារ» ​បាន​ផ្តោត​ទៅលើ​ខេត្ត​រតនគិរី​ និង​ខេត្ត​ស្ទឹងត្រែង​ដែល​ជាទី​ទាក់ទាញ​ដល់​ក្រុមហ៊ុន​ឯកជន​ដើម្បី​ដាក់​ទុន​ដាំដំណាំ​ឧស្សាហកម្ម ​ជាពិសេស​ដំណាំ​កៅស៊ូ។ របាយការណ៍​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ជាច្រើន ​បាន​កាប់​ឈើ ​ដក​រំលើង​ដើម​ឈើ​ទាំង​ឫស និង ដាំ​ដំណាំ​កៅស៊ូ​ជំនួស។

ទីតាំង​ស្នូល​ដែល​របាយការណ៍​នេះ ​បាន​ផ្តោត​ជា​សំខាន់​នោះ​គឺ​តំបន់​សួន​ឧទ្យាន​ជាតិ​វិរជ័យ​ដែល​ជា​តំបន់​ការពារ​ និង​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ខេត្ត​រតនគិរី ​និង​ស្ទឹងត្រែង។

ក្រសួងបរិស្ថាន​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​មាន​ក្រុមហ៊ុន​ពីរ​ទៀត​នៅ​ក្នុង​ឧទ្យានជាតិ​វីរជ័យ​ក្នុង​ខេត្ត​រតនគិរី​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​បន្ត​នីតិ​វិធី​ដោយ​ទុក​រយៈពេល​៦ខែ​ដើម្បី​តាមដាន​វឌ្ឍនភាព​និង​កែសម្រួល​រយៈពេល​វិនិយោគ​ពី​៧០ឆ្នាំ​មក​ត្រឹម​៥០ឆ្នាំ​វិញ។​

រហូត​មក​ដល់​ពេល​នេះ​មាន​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ចំនួន​១១៣​ត្រូវ​បាន​រាជរដ្ឋាភិបាល​ពិនិត្យ​និង​វាយតម្លៃ​ហើយ​បាន​សម្រេច​និរាករណ៍​ចោល​គម្រោង​របស់​ក្រុមហ៊ុន​ចំនួន​២៣និង​បួន​ត្រូវ​ក្រុម​ហ៊ុន​ប្រគល់​ដោយ​ស្ម័គ្រចិត្ត​មក​ឱ្យ​រាជរដ្ឋាភិបាល​វិញ៕

XS
SM
MD
LG