ក្រសួងបរិស្ថានកម្ពុជា បានសម្តែងការសោកស្តាយដែលមន្ត្រីការពារបរិស្ថានចំនួនបីនាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងខណៈពេលដែលអាជ្ញាធរនៅមិនទាន់កំណត់ច្បាស់ពីមូលហេតុដែលនាំឱ្យមានព្រឹត្តិការណ៍ឈានទៅបាត់បង់ជីវិតនេះនៅឡើយទេ។
ជនរងគ្រោះទាំងបីនាក់មានឈ្មោះ សេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះតើន សុខណៃ ជាមន្ត្រីឧទ្យានុរក្សនៃមន្ទីបរិស្ថានខេត្តមណ្ឌលគិរី និងឈ្មោះ ធុល ខ្នា ជាមន្ត្រីនៃអង្គការសមាគមអភិរក្សសត្វព្រៃ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់កាលពីយប់ថ្ងៃទី៣០ខែមករានៅក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី។
នៅក្នុងលិខិតដោយឡែកៗពីគ្នាទៅក្រុមគ្រួសារជនរងគ្រោះកាលពីថ្ងៃពុធលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានបញ្ជាក់ថាពួកគេបានបាត់បង់ជីវិត «ក្នុងពេលបំពេញបេសកកម្មដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានបញ្ជាក់នៅក្នុងសាររំលែកមរណទុក្ខដល់ក្រុមគ្រួសារសពដោយឡែកៗពីគ្នាដោយ «ថ្កោលទោស» អំពើឧក្រិដ្ឋនេះនិងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច«ចាត់វិធានការយ៉ាងម៉ឺងម៉ាត់» តាមចាប់ជនល្មើសមកផ្តន្ទាទោស។
លោក ស ខេង បានបន្ថែមនៅក្នុងលិខិតទៅកាន់ក្រុមគ្រួសារលោក ធុល ខ្នា ថា៖
«មរណភាពរបស់លោកធុលខ្នាក៏ជាការបាត់បង់នូវដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរូបក្នុងនាមជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា»។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) បានដកស្រង់ប្រភពក្រុមអ្នកស្រាវជ្រាវទាំងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីអង្គការសង្គមស៊ីវិលអះអាងថាព្រឹត្តិការណ៍បាញ់សម្លាប់ មន្ត្រីអភិរក្សព្រៃឈើទាំង៣រូបនេះ បានកើតឡើងក្រោយពួកគេល្បាតព្រៃរកឃើញជនជាតិវៀតណាមមួយក្រុមចូលកាប់ឈើខុសច្បាប់។
ប៉ុន្តែលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមខ្មាន់កាំភ្លើងទាំងនោះជាឧក្រិដ្ឋជនដែលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃមិនមែនជាករណីដឹកជញ្ជូនឈើដោយឈ្មួញឈើនោះទេ៕