ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើន​ការផលិត​អគ្គិសនី​ក្នុង​ស្រុក ខណៈ​ផ្អាក​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​តួ​មេ​ទន្លេ​មេគង្គ


រូបឯកសារ៖ បន្ទះ​សូឡា​នៅ​ក្នុង​រោងចក្រ​ផលិត​ថាមពល​ព្រះអាទិត្យ​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ បន្ទះ​សូឡា​នៅ​ក្នុង​រោងចក្រ​ផលិត​ថាមពល​ព្រះអាទិត្យ​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

ខណៈ​កម្ពុជា​ប្រកាស​លែង​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ​២០៤០ ​ រដ្ឋាភិបាល​មាន​គម្រោង​ច្រើន​ក្នុង​ការ​បង្កើន​ការ​ផលិត​អគ្គិសនី​ក្នុង​ស្រុក​ តាម​រយៈ​ការ​បន្ត​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ស្ទឹង ​និង​តំបន់​ទឹក​ធ្លាក់​មួយ​ចំនួន​ ដែល​អាច​ទាញ​យក​ចរន្ត​អគ្គិសនី​បាន ​និង​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។​

ចំណាត់​ការ​នេះ​ត្រូវ​បាន​សាទរ​ដោយ​អ្នក​ធ្វើ​ការ​ផ្នែក​បរិស្ថាន ​ដែល​បន្ត​ជំរុញ​ឱ្យរដ្ឋាភិបាល​ពិនិត្យ​មើល​ផល​ប៉ះពាល់​លើ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​តាម​ដង​ស្ទឹង​នានា ​ដែល​អាច​មាន​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ។​

បើ​តាម​ឯកសារ​ផែន​ការ​មេ​របស់​ក្រសួង​រ៉ែ ​និង​ថាម​ពល ​ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន ​ រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​មាន​ការ​សាង​សង់​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៤០។ ​

ដើម្បី​បំពេញ​ថាមពល​អគ្គិសនី​បន្ថែម​នៅ​ពេល​ខាង​មុខ ​កម្ពុជា​ក៏​មាន​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន។​

ទន្ទឹម​នឹង​នេះ ​កម្ពុជា​ក៏​នឹង​បន្ត​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ស្ទឹង​នានា ​តួយ៉ាងទំនប់​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ ​ដែល​មាន​អានុភាព​៨០​មេហ្គាវ៉ាត់ ​(MW) ​ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី ​ឃុំ​ប្រម៉ោយ ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ ​ដែល​កំពុង​ត្រូវ​បាន​សាង​សង់ ​និង​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ។​

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​រដ្ឋាភិបាល​ក៏​នឹង​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ​ដោយ​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​គម្រោង​វារី​អគ្គិសនី​ស្ទឹង​ឫស្សីជ្រុំ​កណ្តាល​អានុភាព​៧០​មេហ្គាវ៉ាត់ ​នៅ​ស្រុក​មណ្ឌល​សីមា ​និង​គម្រោង​វារី​អគ្គិសនី​ស្ទឹង​វាលថ្ម​កំបុត​ ស្រុក​ថ្មបាំង ​ខេត្ត​កោះកុង​ដែល​មាន​អានុភាព​១០០​មេហ្គាវ៉ាត់។​

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល ​លោក ​ស៊ុយ សែម ​បាន​បញ្ជាក់​ក្នុង​ឯកសារ​ផែន​ការ​មេ​នោះ​ថា​ កម្ពុជា​មាន​គោល​ដៅ​បំពេញ​ប្រភព​អគ្គិសនី​ឱ្យបាន​គ្រប់គ្រាន់ ​និង​ទាន់​តាម​កំណើន​នៃ​តម្រូវ​ការ ​អាច​ទុក​ចិត្ត​បាន ​និង​មាន​តម្លៃ​សមរម្យ ​ពង្រឹង​សន្តិសុខ​ថាមពល​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​ថាម​ពល ​និង​បង្កើន​ការ​អភិវឌ្ឍ​ថាម​ពល​ក្នុង​ស្រុក ​និង​បង្កើន​ការ​អភិវឌ្ឍ​ថាម​ពល​ស្អាត។​

តម្រូវ​ការ​អគ្គិសនី​របស់​កម្ពុជា​បាន​កើន​ឡើង​ក្នុង​អត្រា​ពី​៥០៨​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០១២​ ដល់​២០២៦​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២១ ​ដែល​គិត​ជា​មធ្យម​មាន​អត្រា​កំណើន​ស្មើ​នឹង​១៩% ​ក្នុង​មួយ​ឆ្នាំ។​

ក្រសួងរ៉ែ ​និង​ថាមពល​បាន​ប៉ាន់​ប្រមាណ​ថា តម្រូវ​ការ​ថាម​ពល​អគ្គិសនី​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់​ចំនួន​២៤​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០២៥ ​ដល់​ចំនួន​៣៦​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០៣០ ​ដល់​ចំនួន​៥០​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០៣៥​ និង​ដល់​៦៦​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ​២០៤០។​

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា​ ប្រភព​ថាម​ពល​នា​ឆ្នាំ​ខាង​មុខ​នឹង​បាន​មក​ពី​អគ្គិសនី​ដុត​ធ្យូង​ថ្ម ​វារី​អគ្គិសនី ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ​អគ្គិសនី​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ ​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល ​អគ្គិសនី​ប្រើ​ជីវម៉ាស់ ​ព្រមទាំង​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ថៃ​ និង​ឡាវ​ជាដើម។​

បើ​តាម​រដ្ឋាភិបាល​ ផែន​ការ​មេ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ឆ្នាំ​២០២២ ​ដល់​ឆ្នាំ​២០៤០ ​នឹង​ត្រូវ​ការ​ថវិកា​សរុប​ប្រមាណ​៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​វិនិយោគ​បង្កើន​អានុភាព​ប្រភព​អគ្គិសនី​ក្នុង​ស្រុក។ ​រដ្ឋាភិបាល​បន្ថែម​ថា​ ចាប់​ពី​ឆ្នាំ​២០២៦ ​ទំហំ​វិនិយោគ​ប្រមាណ​ជាង​៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​វារី​អគ្គិសនី ​ក្រៅ​ពី​គម្រោង​លើ​ដង​ទន្លេ​មេគង្គ ​គម្រោង​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ​ប្រព័ន្ធ​អាគុយ​ស្តុក​ថាម​ពល ​ប្រភព​អគ្គិសនី​ឧស្ម័ន​ធម្មជាតិ ​និង​ប្រភព​អគ្គិសនី​ប្រើ​ជីវម៉ាស់។​

អ្នក​នាំពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល ​លោក​ ហេង គុណលាង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ការការ​ពារ​បរិស្ថាន។ ​ដូច្នេះ​រដ្ឋាភិបាល​មិន​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ​ទៀត​ឡើយ។

រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​នៃ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដៃ​ទន្លេ​មេគង្គ ​និង​ដង​ស្ទឹង​នានា ​អ្នក​នាំ​ពាក្យរូប​នេះ​បញ្ជាក់​ថា​ មុន​នឹង​សាង​សង់ ​រដ្ឋាភិបាល​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នានា​ជា​មុន​សិន។​
លោក​ថ្លែង​ថា៖​ «ខ្ញុំចង់​បញ្ជាក់​ថា​ គ្រប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ​គឺ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម។ ​អ៊ីចឹង​មាន​ភាព​ច្បាស់​លាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ការ​អនុញ្ញាត​ឱ្យ​សាង​សង់»។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ​ប្រាប់​វីអូអេ​ថា ​លោក​សាទរ​ចំ​ពោះ​ការ​មិន​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ចំ​តួ​ទន្លេមេ​គង្គ។ ​ប៉ុន្តែ​លោក​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដៃ​ទន្លេ​មេគង្គ ​ដែល​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖ ​«ការ​ពិចារណា​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​តាម​បណ្តោយ​ដៃ​ទន្លេ​មេគង្គ ​រួម​មាន ​ទន្លេង​ផ្សេងៗ​ទៀត​ ក៏​ជា​រឿង​មួយ​ក៏យើ​ង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ដែរ ​ពីព្រោះ​អី​យើង​ឃើញ​ថា​ ទន្លេ​មេគង្គ​មិន​មែន​ជា​ទន្លេ​កាត់​ព្រៃ​ទេ​ គឺ​ជា​ទន្លេ​ដែល​ពុះ​ប្រទេស​កម្ពុជា​ជា​ពីរ​ ហើយ​នៅ​សង​ខាង​ទន្លេ ​ហើយ​នឹង​ទន្លេ​ដែល​ជា​ដៃ​ទន្លេ​មេគង្គ​ និង​បឹង​បួរ​ព្រែក​មួយ​ចំនួន​សុទ្ធ​តែ​ជា​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ»។​

លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រើ​ប្រាស់​គោល​នយោបាយ​ថ្មី ​ដោយ​ជំរុញ​ឱ្យ​វិនិយោគលើ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​យ៉ាងណា​មិញ​ សម្រាប់​ខ្ញុំ​ជា​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​ ខ្ញុំ​យល់​ថា​រដ្ឋាភិបាល​គួរតែ​ពិចារណា​កាត់​បន្ថយ​ការ​កសាង​ទំនប់​វារី​អគ្គិសនី​មក​ត្រឹម​កម្រិតអប្បបរមា​ ហើយជំនួស​មក​វិញ​ការ​ប្រើប្រាស់​ថាម​ពល​ស្អាត ​និង​ជំរុញ​វិនិយោគិន​ក្នុង​ស្រុក​ដើម្បី​ចូល​រួម​ការ​ផលិត​ថាមពល​ដើម្បី​ផ្គត់ផ្គង់​ និង​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​កាល​ពីថ្ងៃទី​៥​ ខែ​មេសា ​ឆ្នាំ​២០២៣ ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ចូលរួម​កិច្ច​ប្រជុំ​នោះ​ដែរ ​ថ្លែង​ថា ​ទន្លេ​មេគង្គ​ពិត​មាន​សារៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​រីកលូត​លាស់​ប្រកប​ដោយ​ចីរភាព​ ហើយ​ដើម្បី​អភិវឌ្ឍ​ទន្លេ​មេគង្គ​ប្រកប​ដោយ​ភាពធន់ ​ចីរភាព ​បរិយាបន្ន ​គេ​ត្រូវ​តែ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​និង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម ​រួម​មាន​ថៃ ​ឡាវ ​កម្ពុជា ​និង​វៀតណាម ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។​

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​មាន​ទំហំ​៤០០​មេហ្គាវ៉ាត់។ ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​រាប់​រយ​ខ្នង ​និង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច៕

XS
SM
MD
LG