ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​មាន​ផែនការ​​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួ​មេ​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ​២០៤០


រូប​ឯកសារ៖ ទន្លេ​មេគង្គ​នៅ​ខេត្ត​កណ្តាល​ កាល​ពី​ឆ្នាំ​២០១០។
រូប​ឯកសារ៖ ទន្លេ​មេគង្គ​នៅ​ខេត្ត​កណ្តាល​ កាល​ពី​ឆ្នាំ​២០១០។

រដ្ឋាភិបាល​កម្ពុជា​មិនឱ្យ​មាន​ការ​សាង​សង់​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៤០។ នេះ​បើ​តាម​ឯកសារ​ផែន​ការ​មេ​របស់​ក្រសួង​រ៉ែ និង​ថាម​ពល ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ដែល​ចេញ​ផ្សាយ​នា​សប្តាហ៍​នេះ។

រដ្ឋាភិបាល​នឹងផលិត​ថាមពល​អគ្គិសនី តាម​វិធី​ផ្សេងៗ ក្នុង​នោះ​មាន​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដើម្បី​បំពេញ​តម្រូវ​ការ​អគ្គិសនី​នៅ​កម្ពុជា។

យោង​តាម​ផែនការ​មេ​របស់​ក្រសួង​រ៉ែ និង​ថាមពល គោល​ដៅ​នៃ​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​ថាមពល​អគ្គិសនី នឹង​មាន​តម្លៃ​សមរម្យ មាន​សុវត្ថិភាព មិន​ប៉ះ​ពាល់​បរិស្ថាន និង​បង្កើន​ការ​ប្រើ​ប្រាស់​ប្រភព​ធនធាន​ថាមពល​ក​កើត​ឡើង​វិញ។ ផែន​ការ​មេ​បញ្ជាក់​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​មិន​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ពី​ធ្យូង​ថ្ម​បន្ថែម​ទៀត និង​ទំនប់​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​ផ្ទាល់ រហូត​ដល់​ឆ្នាំ​២០៤០។

រដ្ឋាភិបាល​ក៏​មាន​គម្រោង​ពិចារណា​វាយ​តម្លៃ​ប្រើ​ជម្រើស​ប្រភព​ថាមពល​កាបូន​ទាប​សម្រាប់​គម្រោង​ពុំ​ទាន់​អនុម័ត នៅ​ពេល​អនាគត ដែល​រួម​មាន​បច្ចេកវិទ្យា​ដែល​កំពុង​លេច​ធ្លោ​ ដូចជា​បច្ចេកវិទ្យា​ចាប់​យក​ ប្រើប្រាស់ និង​រក្សា​ទុក​កាបូន និង​អ៊ីដ្រូហ្សែន។ នេះ​បើ​តាម​ឯកសារ​ផែន​ការ​មេ។

ដើម្បី​បំពេញ​ថាមពល​អគ្គិសនី​បន្ថែម​នៅ​ពេល​ខាង​មុខ កម្ពុជា​ក៏​មាន​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​មាន​ទំហំ​ថាមពល​សរុប​ចំនួន​៣៥០​មេហ្គាវ៉ាត់ ក្នុង​ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង ​ស្វាយរៀង​ និង​ខេត្ត​ព្រៃវែង។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​មាន​ទំនប់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ ដែល​មាន​អនុភាព​៨០មេហ្គាវ៉ាត់​(MW) មាន ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹងថ្មី​ ឃុំ​ប្រម៉ោយ ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​ត្រូវ​បាន​សាង​សង់ ​និង​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ។

លោក​ ហេង គុណលាង ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល បដិសេធ​មិន​អត្ថាធិប្បាយ​ ដោយ​ឱ្យអ្នក​ព័ត៌មាន​មើល​ឯកសារ​ផែន​ការ​មេ​របស់​ក្រសួង។

អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ លោក សាន់ ម៉ាឡា ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចំពោះ​ផែន​ការ​មេ​ដែល​ដាក់​ទិស​ដៅ​មិន​ឱ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ គឺ​ជា​រឿង​ល្អ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ត្រូវ​បើក​ឱ្យ​ទូលាយ​ឯកសារ​បាន​ច្រើន​ជាង​មុន ហើយ​ជា​ពិសេស​គឺ​មាន​តែ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជា​ពលរដ្ឋ​យើង​ធ្វើ​ការ​តាម​ដាន​ទាំង​អស់​គ្នា​ថា​ការ​បេ្តជ្ញា​ចិត្ត​ឬ​ក៏​ផែន​ការ​នេះ ពិត​ជា​ត្រូវ​បាន​មន្ត្រី​គាត់​យក​ទៅ​អនុវត្ត​តាម​ខ្ជាប់​ខ្ជួន​មែន​ឬ​ក៏​នៅ​តែ​មាន​បំណង​ដើម្បី​ឃុបឃិតគ្នា ដើម្បី​អភិវឌ្ឍ​គម្រោង​វារី​អគ្គិសនី​តទៅ​ទៀត»។

លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ស្អាត​ផ្សេងៗ​ទៀតបន្ថែម នៅ​បណ្តា​ខេត្ត​ដទៃ​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជីវៈ​ចម្រុះ​ផង​ដែរ។

ទាក់ទង​នឹង​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​កម្ពុជា កាល​ពី​កន្លង​ទៅ​ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​មិន​ចង់​ឱ្យមាន​ការ​សាងសង់​ទំនប់​សំបូរ​នៅ​លើ​តួ​ទន្លេ​មេគង្គ ដែល​អាច​ផលិត​ថាមពល​ប្រមាណ​២.៦០០​មេហ្គាវ៉ាត់។ ពួក​គេ​បារម្ភ​ថា​ពួកគេ​នឹង​បាត់បង់​ផ្ទះ​សម្បែង​ ដី​ចម្ការ ​និង​ការ​រស់​នៅ​ក្បែរ​ទឹក​ទន្លេ ​ដែល​ពួកគេ​បាន​រស់​នៅ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

បើ​តាម​អង្គការ​អន្តរជាតិ​ឈ្មោះ International Rivers ប្រសិន​បើ​មាន​ការ​សាង​សង់​ទំនប់​សំបូរ​ វា​នឹង​រាំង​ខ្ទប់​បម្លាស់​ទី​របស់​ត្រី​ជា​ច្រើន​រវាង​ភាគ​ខាង​ត្បូង​ឡាវ​ និង​ទន្លេ​សាប​របស់​កម្ពុជា​ វា​នឹង​បំផ្លាញ​ជម្រក​សត្វ​ត្រី​នៅ​តំបន់​ជ្រៅៗ​ ​សំខាន់ៗ ​ប៉ះពាល់​លំហូរ​ដី​ល្បាប់ ​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទឹក។ អង្គការ​នេះ​បាន​លើក​ឡើង​ថា​ការ​ស្ថាបនា​ទំនប់​សំបូរ​នេះ​«នឹង​ជា​កំហុស​ដែល​ពោរពេញ​ដោយ​សោកនាដកម្ម​និង​តម្លៃ​បាត់បង់​យ៉ាង​ខ្ពស់​សម្រាប់​កម្ពុជា»។

លោក ​ស៊ឹម ណោន អាយុ​៤៣ឆ្នាំ ប្រជា​ពលរដ្ឋ​រស់នៅ ភូមិ​កោះដំបង ឃុំ​បឹងចា ស្រុក​សំបូរ​ខេត្ត​ក្រចេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​សិន​មាន​ការ​បិទ​មិន​ឱ្យសាងសង់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​មែន លោក​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​មាន​ការ​សប្បាយ​ចិត្ត និង​លែង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ។

លោក​លើក​ឡើង​ថា៖«បើ​សិន​ជា​មាន​ការ​មិន​សាងសង់​មែន ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ហើយ​អ្នកគ្រូ ដោយ​សារ​បើ​សិន​មាន​ការសាងសង់​មែន​ពួក​ខ្ញុំ​នៅ​តំបន់​នេះ នឹង​ជួប​បញ្ហា​ពិបាក​ខ្លាំង​នោះ​ទី​មួយ​កន្លែង​យើង​ផ្លាស់​ប្តូរ​ទីលំនៅ សាងសង់​ទៅ​ទឹក​ធំ​ទៅ​វា​អាច​លិច ដោយ​សារ​ពួកខ្ញុំ​នៅ​ដី​កោះ កណ្តាល​ទន្លេ​មេគង្គ​»។

​លោក​បន្ថែម​ថា កាល​ពី​មុន​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់​ទង​នឹង​រឿង​សាងសង់​វារីអគ្គិសនី នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែរ តែ​មក​ដល់​ពេល​នេះ​ដូច​ជា​ស្ងាត់​ទៅ​វិញ​ហើយ ដោយ​សារ​តែ​ធ្លាប់​មាន​ការស្នើ​សុំ​ឱ្យ​បញ្ឈប់ពី​ប្រជា​ពលរដ្ឋ និង​អង្គការ​មួយ​ចំនួន​ផង​ដែរ។

បើ​តាម​ឯកសារ​ផ្លូវ​ការ​របស់​ក្រសួង​រ៉ែ និង​ថាមពល ​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​កន្លង​ទៅ ក្រៅ​ពី​ទំនប់​សំបូរ​ក្នុង​ខេត្ត​ក្រចេះ កម្ពុជា​ក៏​មាន​គម្រោង​ស្ថាបនា​ទំនប់​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​ទំហំ​ថាម​ពល​ទៅ​ដល់​ ៩០០​មេហ្គាវ៉ាត់​ផង​ដែរ។ ក្រៅ​ពី​ទំនប់​ធំៗ​ពីរ​នេះ ក៏​មាន​ទំនប់​ទ្រង់ទ្រាយ​តូច​ផ្សេងៗ​ទៀត ប្រមាណ​១៤ ​ដែល​ស្ថិត​ក្នុង​គម្រោង​សម្រាប់​ការ​សាង​សង់។

រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​ទំហំ​៤០០​មេហ្គាវ៉ាត់​ ដែល​ធ្វើ​ឲ្យជន់​លិច​ផ្ទះ​រាប់​រយ​ខ្នង ​និង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​នៅ​លើ​ដង​ទន្លេ​មេគង្គ ជាពិសេស​ទំនប់​របស់​ប្រទេស​ឡាវ ដែល​ពួកគេ​អះអាង​ថា​នឹង​ធ្វើ​ឱ្យកម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG