ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកពាក់ព័ន្ធ៖ ការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​មាន​សារ:សំខាន់​ចំពោះ​ការ​រក្សា​ធនធាន​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ


ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើកទី៤ និង​សន្និសីទ​អន្តរជាតិ​ផ្សេង​ទៀត​ របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ហៅ​កាត់​ថា​ (MRC) ​ទីក្រុងវៀងចន្ទន៍​ ប្រទេសឡាវ​ ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)
ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើកទី៤ និង​សន្និសីទ​អន្តរជាតិ​ផ្សេង​ទៀត​ របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ហៅ​កាត់​ថា​ (MRC) ​ទីក្រុងវៀងចន្ទន៍​ ប្រទេសឡាវ​ ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)

កិច្ច​ប្រជុំ​កំពូល​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ហៅ​កាត់​ថា​ (MRC) និង​សន្និសីទ​អន្តរជាតិ​ផ្សេង​ទៀត​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​ជំរុញឱ្យ​មាន​នវានុវត្តន៍ ឬ​ការ​បង្កើតបច្ចេកវិទ្យា​ថ្មីៗបន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់ការ​គ្រប់គ្រង​ធនធាន​ទឹក និង​ការ​ការពារ​បរិស្ថានក្នុង​អាង​ទន្លេ​មេគង្គ។

កិច្ចប្រជុំ​កំពូល​ដែល​កំពុង​ធ្វើឡើង​នៅ​ទីក្រុង​វៀង​ចន្ទន៍​ ប្រទេស​ឡាវ​ គឺ​ជា​ជំនួប​លើក​ទីបួន​ និង​មាន​មន្ត្រី​ អ្នក​ជំនាញ​ ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ចូលរួម​ផ្សេង​ទៀត​ប្រមាណ​៨០០នាក់។ ដៃគូ​របស់​គណៈកម្មការ​នេះ​ គឺ​ចិន និង​មីយ៉ាន់ម៉ា​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជំនួប​នេះ​ដែរ។ ហើយ​ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រទេស​សមាជិក​ទាំង៤​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ក៏​នឹង​មាន​ការ​ជួប​ពិភាក្សា​គ្នា​ក្នុង​ជំនួប​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​សប្តាហ៍​នេះ។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំកំពូល​នេះ​ផង​ដែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី៥ ខែមេសា ​ឆ្នាំ២០២៣។

អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ លោក អ៊ិត ​ហ៊ុនលី​ ​ប្រាប់​វីអូអេ​កាល​ពីថ្ងៃ​អាទិត្យថា ​នវានុវត្តន៍​ ឬ​ការ​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មីៗ​ ដោយ​អ្នកវិទ្យាសាស្ត្រ ឬ​អ្នកជំនាញ​របស់​បណ្តា​ប្រទេស​នៅ​ជាប់​ទន្លេ​មេគង្គ​ ដើម្បី​តាមដាន​ស្ថាន​ភាព​ទឹក និង​បរិស្ថាន​ក្នុង​អាង​មេគង្គ​មាន​ភាព​ចាំបាច់​ក្នុង​បរិបទ​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​ចំណាយខ្ពស់នៃ​បច្ចេកវិទ្យា​នៅ​ក្រៅ​តំបន់​ទន្លេ​មេគង្គ។

លោកថ្លែង​ថា៖ «នេះ​គឺ​ជារឿង​មួយ​ដែល​សំខាន់​ ណាស់​នៅ​ក្នុង​ប្រធាន​បទ​ជាច្រើន​ព្រឹកមិញ​ ខ្ញុំ​បាន​ឃើញ​មាន​វាគ្មិនហើយ​និង​ keynote speakers [វាគ្មិនសំខាន់ៗ]​ ជាច្រើន​ដែល​គាត់​លើកឡើង​អំពី​មូលធន​មនុស្ស​ អ្នកជំនាញ​ ហើយ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ ប្រកប​ដោយ​នវានុវត្តន៍​ហ្នឹង គឺថា​គឺ​អាច​ធានា​បាន​នូវ​ការ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ ហើយ​បច្ចេកវិទ្យា​ និង​វិទ្យា​សាស្ត្រ​ ដែលនាំ​យក​មក​នោះ​ គឺវា​មាន​តម្លៃ​ទាប។​ អ៊ីចឹង វា​ធ្វើ​ឱ្យ​មាន​ការសន្សំសំចៃ​ រួច​ហើយ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចរភាព»។

មន្ត្រី​រូបនេះកត់សម្គាល់​ថា​ ជំនួប​កំពូល​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​មានការ​ដាក់​បង្ហាញ​ឧបករណ៍​បង្កើត​ថ្មី​ ឬក៏ច្នៃ​ឡើងវិញ​ពី​ឧបករណ៍​ចាស់ៗ​ សម្រាប់​ប្រើប្រាស់ក្នុង​វិស័យ​គ្រប់​គ្រង​ធន​ធាន​ទឹក​ ឬ​វិភាគ​លើ​គុណភាព​ទឹក​ ពី​ក្រុម​និស្សិត​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​បាន​មើល​ឃើញ​នូវ​បច្ចេកវិទ្យា​ជាច្រើនប្រភេទ​ណាស់​ដែល​ជា​គំនិត​ច្នៃ​ប្រតិដ្ឋ​វា​ដែល​ជា​នវានុវត្តន៍​ថ្មីៗ​ដែល​បាន​ដាក់​តាំង​នៅ​ក្នុង​ពិធី​នៅ​ព្រឹកនេះ​ គឺ​ក្នុង​នោះ​គឺ​មាន​បច្ចេកវិទ្យា​ drone [ឧបករណ៍​ហោះហើរ​ដោយ​ម៉ាស៊ីន]​ ដែល​ទាក់ទិន​នឹង​កសិកម្ម​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ជាមួយ​នឹង​វារី​អគ្គិសនី​ ដែល​ធានា​បាន​នូវ​ មិន​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ជីវចម្រុះ ឬ​បរិស្ថាន​បាទ។ ខ្ញុំ​ឃើញ​សុទ្ធ​តែ​បច្ចេកវិទ្យា​ល្អៗ​ណាស់​ដែល​នាំ​យក​មក​ដោយ​អ្នក​ជំនាញ​របស់​យើង​អ្នក​វិទ្យាសាស្ត្រ​របស់​យើង​ព្រឹក​នេះ​បាទ»។

ការ​ដាក់តាំង​បង្ហាញ​ឧបករណ៍​ដ្រូន អំឡុង​ពេល​នៃការមាន​ជំនួបកំពូល​របស់​គណៈកម្មការ​ ទន្លេមេគង្គ ទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី២ ដល់​ថ្ងៃទី៥ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)
ការ​ដាក់តាំង​បង្ហាញ​ឧបករណ៍​ដ្រូន អំឡុង​ពេល​នៃការមាន​ជំនួបកំពូល​របស់​គណៈកម្មការ​ ទន្លេមេគង្គ ទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី២ ដល់​ថ្ងៃទី៥ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)

​ចំណែក​ លោក​ លន់​ ពេជ្រតារា​ នាយក​ប្រតិបត្តិ​អង្គការ​ភូមិ​ខ្ញុំ​ដែល​ធ្វើការ​លើ​ការ​ការ​ពារធន​ធាន​ធម្មជាតិ​ និងអភិរក្សបរិស្ថាន​ថ្លែងថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ដែល​តម្រូវ​ឱ្យមាន​ការ​ស្វែង​រក​ដំណោះស្រាយ​ថ្មី​ៗ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​នោះ។​ នវា​នុវត្តន៍​ ឬ​ការ​បង្កើត​បច្ចេក​វិទ្យាថ្មីគឺអាច​ជួយ​សម្រាល​បញ្ហា​ប្រឈម​ទាំង​នោះ​បាន​។

លោក​ប្រាប់​វីអូអេ​ថា​៖ «ការអភវិឌ្ឍ នវានុវត្តន៍​ថ្មីនោះ​ បាន​ន័យ​ថា​តើ​យើង​គួរ​ប្រើ​បច្ចេកវិទ្យា​ អ្វីដូច​ជា​មាន​ការ​តាំង​ពិពណ៌​ ប្រើ​បច្ចេកវិទ្យា drone [ឧបករណ៍​ហោះហើរ​ដោយ​ម៉ាស៊ីន]​ ប្រើAI [បញ្ញា​សិប្បនិម្មិត​] ប្រើ​ modelling software [កម្មវិធី​កុំព្យូទ័រ​គំរូ] ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​វិភាគ​ទិន្នន័យ​ ក៏ដូច​ជា​វិធី​សាស្ត្រ​ផ្សេងៗ​ សម្រាប់​ឱ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ហ្នុង​ឱ្យ​គាត់ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​ហ្នឹង​បាទ»។​

បើ​តាម​លោក លន់​ ពេជ្រតារា ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​បង្កើតថ្មី​អាច​កាត់​បន្ថយ​ក្នុងការ​ចំណាយ​របស់ខ្លួន​លើ​ការ​តាមដាន​ស្ថានភាព​ស្មុគស្មាញ​ផ្សេងៗ​ នៅ​ក្នុង​វិស័យ​ការពារ​ធន​ធាន​ធម្មជាតិ។

លោក​បន្ថែម​ថា៖​ «បច្ចេកវិទ្យា drone [ឧបករណ៍ហោះហើរ​ដោយ​ម៉ាស៊ីន]​ ឬក៏ AI [បញ្ហា​និម្មិត]​ ផ្សេងៗ​ហ្នឹង​ យើង​អាច​ដឹង​ដូច​ថា​ បើ​យើង​ប្រើ វា​អាច​ចំណាយ​ ទីមួយ​ថា អាច​ចំណាយ​តិច ព្រោះ​ថា​ drone [ឧបករណ៍​ហោះហើរ​ដោយ​ម៉ាស៊ីន]​ យើង​អាច​ វា​ស្រាល​ ហើយ​អាច​ហោះ​ទៅ​ទីខ្ពស់​ ទៅ​ទី​ឆ្ងាយ​ផ្សេងៗ​ ហើយ​វា​អាច​ capture [ផ្តិត​យក​ទិដ្ឋភាព​បាន​] នូវ​ស្ថានភាព​ ecology [អេកូឡូស៊ី ឬ​ស្ថានភាព​បរិស្ថាន​ទូទៅ​]​ ការ​ប្រែ​ប្រួល​ស្ថានភាព​តាម​ដង​ទន្លេ​ហ្នឹង​បាន​ ផ្ទៃ​ទន្លេ​ ហើយ​និង​ស្ថានភាព​ទឹក​ ស្ថានភាព​អី​ផ្សេងៗ​វាអាច​ capture [ផ្តិត​យក​ទិដ្ឋភាពបាន]​»។

តូបតាំងឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់​និស្សិតកម្ពុជា​ និងវៀតណាម​ នៅក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេសឡាវ កាល​ពី​ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)
តូបតាំងឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់​និស្សិតកម្ពុជា​ និងវៀតណាម​ នៅក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេសឡាវ កាល​ពី​ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)

នវានុវត្តន៍​មិន​សំដៅ​លើ​ការ​រក​ឃើញ​អ្វី​ដែល​ថ្មី​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ណាមួយ​នោះទេ​ តែគឺ​អាច​ជាការ​កែ​លម្អ​ឡើងវិញ​ នូវ​បច្ចេក​វិទ្យាចាស់​ ឱ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន​ ដូច​យ៉ាង​ការ​វាស់​ស្ទង់​កម្រិត​ទឹកភ្លៀង​ ដែល​ពី​ដើម​មក​មាន​ការ​ប្រើ​រហាត់​ទឹក​ព្យាករ​កម្រិត​ទឹកភ្លៀង​។

អំឡុង​ពេលនៃ​ដំណើរ​ការ​ជំនួប​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​ មាន​ការ​ដាក់​តាំង​ បង្ហាញឧប​ករណ៍​ហោះ​ហើរ​ ឬដ្រូន​ [drone] នាវា​មុជ​ទឹកតូចៗ​ដើរ​ដោយ​ម៉ាស៊ីន​ដើម្បី​តាម​ដាន​ស្ថាន​ភាព​ពី​លើ​ផ្ទៃទឹកឬ​ ដី​ និង​ពី​ក្រោម​ទឹក​។ ហើយ​ក៏មាន​ការ​តាំង​បង្ហាញ​ ឧបករណ៍​វិភាគ​គុណ​ភាព​ទឹក ​វាស់​ស្ទង់​កម្រិត​ទឹកភ្លៀង និង​វិភាគ​គុណភាព​ដី​ពី​ក្រុម​និស្សិត​មក​ពីបួន​ប្រទេស​រួមមាន​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀត​ណាម​។ ​

លោក ​ចក់​ វុទ្ធី ​តំណាង​ឱ្យ​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​(តិចណូ)​ដែល​ឈ្នះ​ជ័យលាភី​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា​បង្កើត​ថ្មី ឬកែ​លម្អ​ឡើង​ជាថ្មី​ក្នុង​ក្របខណ្ឌ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC) និយាយ​ថា​ការរក​ឃើញ​នូវ​មធ្យាបាយ​ថ្មីៗ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​មាន​នូវ​ឧបករណ៍​ដែល​មាន​លក្ខណៈ​ច្នៃប្រតិដ្ឋ​ជាមួយ​នឹង​បច្ចេកទេស​វិទ្យាសាស្ត្រ​ថ្មី​ អាច​រក​បាន​ដំណោះ​ស្រាយ​ច្រើន​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដែល​កើតមាន​ក្នុង​តំបន់​ទន្លេ​មេគង្គ។

លោក ​ចក់​ វុទ្ធី​ តំណាង​ឱ្យ​ក្រុម​និស្សិត​នៃ​វិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​ ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)
លោក ​ចក់​ វុទ្ធី​ តំណាង​ឱ្យ​ក្រុម​និស្សិត​នៃ​វិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​ ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)


ក្រុម​របស់​លោក​ ចក់ វុទ្ធី​ បាន​បង្កើត​ឧបករណ៍​ថ្មីមួយ​ ដែល​បាន​មក​ពីការ​សិក្សា​លើ​គុណវិបត្តិ​នៃ​ឧបករណ៍​ចាស់​ៗ​ សម្រាប់​វាស់ស្ទង់​កម្រិត​ទឹកភ្លៀង​ ដែល​លោកថា​ មាន​សារៈប្រយោជន៍​ដល់ការ​គ្រប់គ្រង​គុណភាព​ទឹក និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។

លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃអាទិត្យ​ថា៖​ «ទាក់​ទង​ជាមួយ​នឹង​ទិន្នន័យ​ទឹក​ភ្លៀង​ គឺយើង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​។ ទីមួយ​ យើង​អាច​គ្រប់​គ្រង​ទៅ​លើ​គុណភាព​ទឹក​ ក៏ដូច​ជា​យើង​អាច​សិក្សា​បាន​ទៅ​លើ​ការ​ធ្វើទំនប់​វារី​អគ្គិសនី​។ យើង​អាច​គ្រប់​គ្រង​ទៅលើ​គ្រោះ​មហន្តរាយ​ ក៏យើង​អាច​ដឹង​ទាក់​ទង​ជាមួយ​នឹង​បញ្ហាប្រែ​ប្រួល​អាកាសធាតុ​ដែរ»។ ​

កិច្ចប្រជុំ​កំពូល​លើក​ទីបួន​របស់​គណៈកម្មការ​ទន្លេមេគង្គ​ បាន​បើក​ឱ្យមាន​ការ​ធ្វើបទ​បង្ហាញ​ និងកិច្ច​ពិភាក្សា​ជាច្រើន​ ដែល​ផ្តោត​ជា​សំខាន់​ លើ​ស្ថានភាព​វិវឌ្ឍ​ចុងក្រោយ​ក្នុង​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខាង​លើ​ និងខាង​ក្រោម​ បច្ចេក​វិទ្យា​បង្កើត​ថ្មីៗ​សម្រាប់​ធ្វើជាគំរូ ការតាម​ដាន​ និង​ការ​ព្យា​ករណ៍​ស្ថានភាព​និងវិភាគគុណភាព​ទឹកទន្លេ និង​បច្ចេកវិទ្យា​ស្រង់​ទិន្នន័យ​មុនដាក់​ឱ្យ​មាន​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធក្នុងអាង​ទន្លេ​មេគង្គ​ ឬលើ​តួមេនៃ​ទន្លៃ​ដ៏ធំ​នេះ​ តួយ៉ាង​ការ​សាង​សង់ទំនប់​វារី​អគ្គិសនី​ជាដើម។

ជំនួបកំពូលនេះ​ ក៏មាន​ការ​ពិភាក្សា​លើការ​វាយតម្លៃ​ ដំណោះ​ស្រាយ​ និង​គោល​នយោបាយ​បង្កើត​ថ្មី សម្រាប់​ការ​គ្រប់​គ្រង​ទឹក​ប្រកបដោយ​ចីរភាព​ និង​កិច្ច​សហការ​លើ​ការ​ផ្តល់​ព័ត៌មាន​ ទិន្នន័យ​ និង​ការ​សម្រប​សម្រួល​ផ្សេង​ៗទៀត ពាក់​ព័ន្ធ​នឹង​ការគ្រប់​គ្រង​ទំនប់​ ក៏ដូច​ជា​បច្ចេកវិទ្យា​សម្រាប់​ការ​ព្យាករ។

តូប​តាំង​ឧបករណ៍​ស្រាវជ្រាវវិទ្យាសាស្ត្រ​របស់​និស្សិត​ឡាវ​ និង​ថៃ​ នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)
តូប​តាំង​ឧបករណ៍​ស្រាវជ្រាវវិទ្យាសាស្ត្រ​របស់​និស្សិត​ឡាវ​ និង​ថៃ​ នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី២ ខែមេសា​ ឆ្នាំ​២០២៣។ (ហ៊ុល​ រស្មី/វីអូអេ)

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លោក សូ សុភ័ទ្ទ ​កត់​សម្គាល់​នូវ​សារ:សំខាន់​ នៃការ​ផ្តល់​ទិន្នន័យ​ពី​ប្រទេសចិន​ ទាក់​ទង​នឹង​ស្ថានភាព​នៅទន្លេមេគង្គ​ខ្សែទឹក​ខាង​លើ ឬហៅថា​ ទន្លេមេគង្គ​ឡានសាង​។

លោក​ថ្លែងជា​ភាសា​អង់គ្លេស​និងត្រូវ​ប្រែ​សម្រួល​ជាខេមរភាសា​ថា៖​ «សមាជិក​នៃគណៈកម្មការ​ទន្លេមេគង្គ​បាន​ចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​ប្រទេស​ចិន ដែលចិន​បាន​យល់ព្រម​ផ្តល់ការ​ចែក​រំលែកទិន្នន័យពេញ​មួយ​ឆ្នាំ។​ ការណ៍នេះ​មាន​សារ:​សំខាន់​ និងជា​ការវិវឌ្ឍ​វិជ្ជមាន​មួយ​ក្នុងកិច្ច​សហ​ប្រតិ​បត្តិ​ការ​តំបន់​ក្នុង​ចំណោម​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ​និងដៃគូ​សន្ទនា។ ហើយ​រឿងនេះ​ពិត​ជាមាន​សារ:សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ឃ្លាំមើល​ទន្លេ​ឱ្យប្រសើរ​ជាង​មុន​ ហើយ​វាក៏​ជួយព្យាករ​ស្ថានភាព​ហួតហែង​ និងទឹក​ជំនន់​ប្រកប​ដោយ​ប្រសិទ្ធភាព​ និងការ​ជូន​ដំណឹង​ជាមុន​នូវហេតុ​ការណ៍​ណាមួយ​ដែល​អាច​នឹង​កើត​ឡើង»។

ដំណាល​គ្នានឹង​ការ​អត្ថាធិប្បាយ​របស់​មន្ត្រីកម្ពុជា​នោះ​ អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិការ​មេគង្គ​ឡានសាង​លោក ​Hao Zhao ​ចង់​ឃើញ​ការបន្ត​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ និង​ដោះ​ស្រាយ​បញ្ហា​រួមគ្នា​ដែល​លោក​យល់​ថា​ ជា​វិធីសាស្ត្រ​មួយ​មាន​ប្រសិទ្ធភាព​ និង​ងាយ​ស្រួល​ចំពោះ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ និង​ការ​បង្កើត​ឱ្យ​មាន​បទប្បញ្ញត្តិ​ដែល​មានភាព​ចាំបាច់​ដល់​ការ​ថែរក្សា​សុខ​ភាព​ទន្លេមេគង្គ​ឱ្យនៅរឹងមាំ​ ខណៈ​មានការ​សាង​សង់​សំណង់ជាច្រើន​ក្នុង​ទន្លេមេគង្គ​ទាំង​នៅ​ខ្សែ​ទឹក​ខាង​លើ​ និង​ខាង​ក្រោម​។

ដោយ​ឡែក​អ្នកជំនាញ​បាន​បង្ហាញ​ពីបច្ចេកវិទ្យា ឬកម្មវិធី​កំព្យូទ័រថ្មីៗ (software) ដែល​អាច​ប្រើ​ប្រាស់​ក្នុង​ការ​តាមដាន​ស្ថានភាព​ទឹក​ ឬស្រង់​ទិន្នន័យដើម្បី​ឃ្លាំមើល​ស្ថានភាព​ទឹកក្នុងទន្លេ​ ឬ ការ​គ្រប់​គ្រងទឹក​ក្នុង​តំបន់​ដែល​មាន​ទំនប់​សង់រួចដាក់​ឱ្យ​ដំណើរការ។ បច្ចេក​វិទ្យា​ទាំងនោះ​ ក៏​រួម​ចំណែក​ដល់​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ផ្សេង​ទៀត​មក​លើ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សហគមន៍ ក្នុង​នោះ​មាន​ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជាមុន​ និង​ការចែក​រំលែក​ទិន្នន័យ​ទាន់ពេល​វេលា​តាមប្រព័ន្ធ​អ៊ិនធឺណិត​។ អ្នក​ជំនាញ​ខ្លះថា​បច្ចេក​វិទ្យា​ថ្មីៗ​មាន​ស្រាប់​នៅលើ​ទីផ្សារ​ តែវា​គ្រាន់តែ​តម្រូវ​ឱ្យមានការ​សិក្សា​ និងឆន្ទៈ​ ដើម្បី​យក​បច្ចេកវិទ្យា​ទាំងនោះ​មក​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​។ ​

គណៈកម្មការ​ទន្លេមេគង្គ​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​៣លើក​មក​ហើយ​ ដោយ​លើកទី១​ធ្វើនៅ​ប្រទេស​ថៃ ក្នុងឆ្នាំ​២០១០ លើក​ទី២នៅ​វៀតណាម​ក្នុងឆ្នាំ​២០១៤ និង​លើក​ទី៣ នៅ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៨។ កិច្ចប្រជុំ​លើក​ទី៤នេះ​ កើតឡើង​ ក្រោយមាន​សន្និសីទ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ជាលើក​ដំបូង​ក្នុងទីក្រុង​ញូវយ៉កកាល​ពីខែ​មីនា​ឆ្នាំ​២០២៣​ ដើម្បី​ពិភាក្សា​ និង​រក​ដំណោះ​ស្រាយ​រក្សា​ធនធានទឹក​ប្រកប​ដោយ​ចីរភាព​។

ក្នុង​ជំនួប​កំពូល​នេះដែរ​ មេដឹកនាំ​ប្រទេស​ដែលជា​ម្ចាស់​ទន្លេមេគង្គ​រួមមាន​កម្ពុជា​ ឡាវ វៀតណាម​ ថៃ​ និងប្រទេស​២ផ្សេងទៀត​ នឹង​មានការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ពាក់ព័ន្ធនឹង​នវានុវត្តន៍ ឬ​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​ ក៏ដូច​ជាការ​ចែករំលែក​ និង​បទពិសោធន៍​អនុវត្ត​ផ្ទាល់​ផ្សេង​ទៀត​ ដែល​មាន​លក្ខណៈ​អំណាយផល​ដល់ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ធនធាន​ទឹកនិងជីវចម្រុះ​ក្នុង​ទន្លេ​មេគង្គ​ដោយ​មាន​ការ​ចំណាយតិច​ និងមាន​ប្រសិទ្ធ​ភាព​ខ្ពស់៕

XS
SM
MD
LG