ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​នេសាទ​ផ្កាប់​ឆ្នាំង​បាយ​ដោយ​សារ​បាត់បង់​ប្រភព​ចំណូល


រូបឯកសារ៖ អ្នក​នេសាទ​ម្នាក់​ កំពុង​រៀប​ចំ​សំណាញ់​នៅ​ក្នុង​ភូមិ​កំពង់​ភ្លុក ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ កំពង់​ភ្លុក​ គឺ​ជា​សហគមន៍​នេសាទ​ស្ថិត​នៅក្នុង​ខេត្ត​សៀមរាប​ទឹក​ដី​អង្គរ​ក្បែរ​បឹង​ទន្លេសាប​ ដែល​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​រស់​នៅ។​ ​ (នូវ​ ពៅ​លក្ខិណា/VOA)​

គ្រួសារ​អ្នក​នេសាទ​ដែល​រស់​នៅ​តាម​ដៃ​បឹង​ទន្លេ​សាប​នៅ​តែ​បន្ត​ជួប​វិបត្តិ​អត់​ត្រី​ដដែល​ដោយ​សារ​បរិមាណ​ត្រី​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ពេក​ បើ​​ប្រៀប​ធៀប​ការ​នេសាទ​របស់​ពួក​គេ​នៅ​ពេល​មុនៗ។

ប្រជា​ពលរដ្ឋ​ ដែល​រស់​នៅ​តាម​ដៃ​បឹង​ទន្លេសាប​ និងប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី​ មិន​អាច​រក​ត្រី​មក​ផ្គត់​ផ្គង់​ជីវភាព​ដូច​ពី​មុន​ឡើយ​ ដោយ​សារ​បរិមាណ​ត្រី​ ដែល​ពួក​គេ​អាច​រក​នៅ​ក្នុង​បឹងទន្លេ​សាប​ ដែល​ធ្លាប់​ជា​ជង្រុក​ត្រី​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​នោះ​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​

គ្រួសារ​អ្នក​នេសាទ​ដែល​រស់​នៅ​តាម​ដៃ​បឹង​ទន្លេ​សាប​នៅ​តែ​បន្ត​ជួប​វិបត្តិ​អត់​ត្រី​ដដែល​ដោយ​សារ​បរិមាណ​ត្រី​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ពេក​ បើប្រៀប​ធៀប​ការ​នេសាទ​របស់​ពួក​គេ​នៅ​ពេល​មុនៗ។​

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ ​ លោក ​អេង​ គឹមឈួ​ ​ប្រធាន​សមាគមន៍​បឹង​ទន្លេសាប​ប្រចាំ​ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់​ធំ​ បាន​ឲ្យ​ដឹង​ថា​ លោក​គឺជា​អ្នក​នេសាទ​ដែល​ធ្លាប់​នេសាទ​នៅ​លើ​បឹង​នេះ​អស់​រយៈ​ពេល​ជាង​សាម​សិប​ឆ្នាំ ​តាំង​ពី​ក្រោយពេលរបប​ខ្មែរ​ក្រហម​បានដួល​រលំ។​

លោក​បាន​បញ្ជាក់​ថា៖​

«ពី​មុន​មក​ មួយ​ថ្ងៃ​រក​បាន​ហា​ហុក​សិប​គីឡូ​ ​មាន​ថ្ងៃ​ខ្លះ​ទៅ​ដល់​មួយ​រយ។ ​រក​រាល់​ថ្ងៃ​នេះ​បាន​បួន​ប្រាំ​គីឡូ។​ ទំនិញ​ឡើង​ថ្លៃ​គ្រប់​មុខ​ទៅ​ហើយ​ យើង​រក​អត់​សូវ​បាន​ទៅហើយ។​ ​កូន​ធំៗ​ត្រូវ​រៀន​ផង»។​

បរិមាណ​ត្រី​ដែល​លោក​អាច​រក​បាន​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ធ្វើ​ឲ្យចំណូល​ប្រចាំ​ថ្ងៃ​របស់លោក​មាន​ការ​ធ្លាក់ចុះ​ ខណៈ​ដែល​ចំណាយ​នៅ​តែកើន​ឡើង​ ​ហើយ​លោក​ត្រូវ​ចិញ្ចឹម​សមាជិក​គ្រួសារ​បួន​នាក់​ រួម​ទាំង​រូប​លោក។​ ​ហើយ​កូនបួន​នាក់​ទៀត​ត្រូវ​ទៅ​ធ្វើ​កម្មករ​នៅ​រាជធានី​ភ្នំពេញ។​

បើ​តាម​របាយ​ការណ៍​របស់​ ​Global Nature Fund​ បឹង​ទន្លេសាប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ទន្លេ​ដែល​រង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​គេ​ នៅ​ឆ្នាំ​២០១៦។​

បឹង​ទន្លេ​សាប​ជា​ជង្រុក​ត្រី​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​ដោយ​សារ​សកម្ម​ភាព​មនុស្ស​ ដូចជា​ការ​ប្រើ​ថ្នាំ​ពុល​ ​គ្រឿង​ផ្ទុះ​ ​ឧបករណ៍​ឆក់​ ​និង​ការ​ប្រើ​សំណាញ់​ក្រឡា​ញឹក​ជា​ដើម​ ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យបឹង​នេះ​បាត់​បង់​នូវ​ប្រភព​ជីវៈ​ចម្រុះ​ ​ហើយ​ធ្វើ​ឲ្យត្រី​នៅ​ក្នុង​ទឹក​នោះ​ក៏ត្រូវ​បាត់​បង់​ដែរ។​

លោក​គឹម ឈួ​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​អ្នក​នេសាទ៨០០​រយ​គ្រួសារទៀត​ដែល​រង​គ្រោះដោយសារការ​បាត់​បង់​ត្រី​នៅ​ក្នុង​ឃុំ​របស់​លោក​ដែល​បង្ខំ​ឲ្យគ្រួសារ​ខ្លះ​មាន​កូន​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើ​ការ​នៅ​បរទេស​ ឬ​នៅ​ភ្នំពេញ​ដើម្បី​រកចំណូលផ្គត់​ផ្គង់​បន្ថែមពី​លើ​មុខ​របរ​នេសាទ​របស់​ពួក​គេ។​

អ្នក​នេសាទ​ម្នាក់​ទៀត​លោកអៀង ណាំ​ ប្រធាន​សមាគមន៍​អ្នក​នេសាទ​ និង​ជាអ្នក​នេសាទ​នៅ​តាម​តំបន់​បេ​៦នៃ​ដៃ​ព្រែក​ទន្លេ​មេគង្គ ខេត្ត​កំពង់​ចាម​ ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រហាក់​ប្រហែល​គ្នា​ដែរ​ ​ហើយ​លោក​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្តូរ​អាជីព​ទៅ​ជា​អ្នក​រត់​រឺ​ម៉ក​វិញ។​

«បើ​យើង​ប្រៀប​ធៀប​ពី​ដប់​ឆ្នាំ​មុន​ ផល​ត្រី​ខុស​គ្នា​ច្រើន​ណាស់មក​ដល់​បច្ចុប្បន្ន​នេះ។​ ​វា​អត់​មាន​ត្រី​ទៀត​ទេ។ ​អ្នក​នេសាទ​ ដែល​អត់​មាន​មុខ​របរ​ ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​មុខ​របរ​ផ្សេង​ទៅភ្នំពេញ​ ​ទៅ​ថៃ ដោយ​សារ​តែ​ត្រី​នៅ​តំបន់​នេះ​វា​អស់​តែ​ម្តង»។​

លោក​បន្ថែម​ថា៖​

«ខ្ញុំសម្រេច​ចិត្ត​ឈប់​នេសាទ ​ដោយ​សារ​អត់​ត្រី។​ កន្លង​មក​យើង​ធ្លាប់​រក​បាន​ដប់​ម្ភៃ​គីឡូ​ក្នុង​មួយ​ថ្ងៃ​ ​ឥឡូវ​នេះ​យើង​មួយ​ថ្ងៃ​យើង​ទៅ​រក​អត់​បាន​មួយ​គីឡូ​ទេ»។​

លោក​គឹម ឈួ​គិត​ថា ​មូល​ហេតុ​ដែល​នាំ​ឲ្យបាត់​បង់​ត្រី​គឺ​ដោយ​សារ​កត្តា​មនុស្ស​ផង​ ​កត្តា​ធម្មជាតិ​ផង។​

«កត្តា​មនុស្ស​គឺ​មនុស្ស​យើង​ឥឡូវ​ប្រើ​ឧបករណ៍​ញឹក​ពេក​ ហើយ​យក​ត្រី​ឡើង​អស់​ហើយ​ ហើយ​មួយ​ទៀតទឹក​ហ្នឹង​ចេះ​តែ​តូច​ទៅៗ​ ​អត់​ធំ។ ​ជិត​ដល់​ខែ​ភ្ជុំ ​ធម្មតា​ខែ​នេះ​ទឹក​វា​បី​បួន​ម៉ែត្រ ​ហើយ​ឥឡូវ​អត់​ទាន់​បាន​ពីរ​ម៉ែត្រ​ផង»។​

លោក​បណ្ឌិត​ណៅ​ ធួក​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​ រក្ខា​ប្រមាញ់​ និង​នេសាទ​ និយាយ​ថា​ ក្រសួង​មាន​គម្រោង​ផ្សេងៗ​ដើម្បី​ស្តារ​ដៃ​ទន្លេ​ឡើង​វិញ។​

លោក​និយាយ​ថា៖​

«យើង​កំពុង​ពិភាក្សា​គ្នា​អំពី​ថា​ ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យទន្លេ​សាប​អាច​រក្សា​និរន្តរ​ភាព​បាន ​ហើយ​នឹង​បង្កើន​បរិស្ថាន​ជល​ផល​ឲ្យល្អ​ឡើង​វិញ»។​

លោកតឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​គិត​ថា​ មាន​កត្តា​ច្រើន​ដែល​អាច​នាំ​ឲ្យឈាន​ទៅ​ដល់​ការ​បាត់​បង់​ត្រីកម្រិត​ច្រើន​បែប​នេះ។

«ទី​មួយ​ការ​ថយ​ចុះ​នៃ​ព្រៃ​លិច​ទឹក។​ ​ទី​ពីរ​គឺ​ការ​ថយ​ចុះ​នៃ​កម្រិត​ទឹក​គ្រប​ដណ្តប់​ព្រៃ​លិច​ទឹក។ ​ចំណុច​ទី​បី​គឺ​ការ​គោក​រីង​រាក់​នៃ​តំបន់​បឹង​ទន្លេ​សាប។ តំបន់​មួយ​ចំនួន​ដែល​ជា​ប្រភព​ត្រី​ហ្នឹង​បាន​គោក​រីង»។​

អង្គការ​ Conservation International ​កំណត់​ថា​ ជល​ផល​ដែល​បាន​មក​ពី​ទន្លេសាប​គឺ​ជា​វិស័យ​ដែល​ផ្តល់​ចំណូល​ដល់​កម្ពុជា​ប្រហែល​ពីរ​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ​ហើយ​ពីរ​ភាគ​បី​នៃ​ប្រជាជន​កម្ពុជា​បរិភោគ​ត្រី​ទាំង​នេះ​ដែលជា​ប្រភពនៃប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​របស់​ពួកគេ៕

XS
SM
MD
LG