ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទិវា​សត្វផ្សោត​ខេត្ត​ក្រចេះ​អំពាវនាវ​មិន​ឲ្យ​សង់​ទំនប់​វារីអគ្គិសនី​ ដនសាហុង


កូនសត្វផ្សោតក្នុងសហគមន៍កាំពីរ ខេត្តក្រចេះ ទន្លេមេគង្គកម្ពុជា។ (រូបភាពផ្តល់ដោយអង្គការ WWF)

អ្នក​ជំនាញ​ផ្នែក​ធនធាន​ធម្មជាតិ​ និង​ប្រជាជន​ក្នុងខេត្ត​ក្រចេះ​ បង្ហាញ​ក្តីបារម្ភ​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី​ ដនសាហុង ​ ដែល​គេ​ជឿ​ជាក់​ថា​ នឹង​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​សត្វ​ផ្សោត ​និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​​ទៀត​ផង។

អ្នក​ជំនាញ​ផ្នែក​ធនធាន​ធម្មជាតិ​ និង​ប្រជាជន​ក្នុងខេត្ត​ក្រចេះ​ បង្ហាញ​ក្តីបារម្ភ​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី​ ដនសាហុង ​ ដែល​គេ​ជឿ​ជាក់​ថា​ នឹង​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​សត្វ​ផ្សោត ​និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់ទៀត​ផង។​

«អ្នក​បាន​ឃើញ​ផ្សោត​ពណ៌​ប្រផេះ​មួយ​បាន​ផុស​ឡើង។ ​មិនគួរ​ឲ្យ​ជឿ​សោះ​ថា​ ប្រទេស​យើង​មាន​រតន​សម្បត្តិ​ធម្មជាតិ​ដ៏​ពិសិដ្ឋ​បែប​នេះ​សោះ!​ អូនោះ! ​ផ្សោត​នោះ​បាន​ជាប់ម៉ង​ហើយ​!​ ជួយ​វា​ផង!​ វា​មិន​អាច​ហើប​ឡើង​មក​ដើម្បី​ដក​ដង្ហើម​បាន​ទេ។​ វា​ជិត​ឈ្លក់​ទឹក​ស្លាប់​ហើយ ​សូម​ជួយ​វា​ផង!!! ​ប្រសិន​បើ​ទឹក​ទន្លេ​នេះ​ស្អាត​ មិន​មាន​ម៉ង​នេសាទ​ដែលខុស​ច្បាប់ ​ម្ល៉េះសមណា​ជីវិត​ដ៏​កម្សត់មួយ​នេះ​ មិន​ទទួល​រងការ​គម្រាម​កំហែង​ជិត​ផុត​ពូជបែប​នេះ​ឡើយ»។​

នេះ​គឺ​ជា​ការ​ពោលនៅ​ក្នុង​ទិវា​អន្តរជាតិ​សត្វ​ផ្សោត​ដើម្បីរំឭក​ដល់​សត្វ​ផ្សោត​នៃ​ទន្លេ​មេគង្គ​ ដែល​ស្លាប់​ទៅ​ហើយ។​

ការដើរ​ក្បួន​ក្នុង​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)
ការដើរ​ក្បួន​ក្នុង​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

ទិវា​អន្តរជាតិ​សត្វផ្សោត​លើក​ទី​៣​នេះ​ត្រូវ​បាន​រៀបចំដោយ​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​រដ្ឋបាល​ជនផល​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ ​ដើម្បី​លើក​កម្ពស់​ការ​ថែ​រក្សា ​និង​អភិរក្ស​សត្វ​ផ្សោត​ និង​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដនសាហុង ​នៅ​ប្រទេស​ឡាវ។​

លោក​ ឈិត សំអាត​ នាយក​អង្គការ​មូលនិធិ​សាកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ ហៅ​កាត់​ថា ​WWF​ ប្រចាំនៅប្រទេស​កម្ពុជា ​បាន​អះអាង​ថា ​ស្របពេល​ដែល​ចំនួន​សត្វផ្សោត​កំពុង​មាន​ការ​ថយចុះ​ដោយសារ​កត្តា​នេសាទ​ខុស​ច្បាប់នោះ​ គម្រោង​សាងសង់​ទំនប់វារីអគ្គិសនី​ ​ដនសាហុង ​គឺ​ជា​ការ​គម្រាម​កំហែង​ថ្មី​មួយ​ទៀត​ដល់​ការ​រស់​រាន​មាន​ជីវិត​របស់​សត្វ​ផ្សោត​ ដែល​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ផុតពូជ។​

លោក ឈិត សំអាត នាយក​អង្គការ​បរិស្ថាន WWF ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ (ហ៊ាន សុជាតា/VOA)
លោក ឈិត សំអាត នាយក​អង្គការ​បរិស្ថាន WWF ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ (ហ៊ាន សុជាតា/VOA)

រដ្ឋាភិបាល​ឡាវ​បាន​ឲ្យ​សញ្ញា​ភ្លើង​ខៀវ​ដល់​គម្រោង​ទំនប់វារីអគ្គិសនី​ ដនសាហុង ​ថា​ ​នឹង​ក្លាយ​ជា​ការណ៍​ពិត​នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ ​ទំនប់នេះ​មាន​ចម្ងាយត្រឹម​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​កម្ពុជាឡាវ។​

លោក ឈិត សំអាត​ បញ្ជាក់​ប្រាប់ ​VOA​ អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​ ដនសាហុង​ មក​លើ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​យ៉ាង​ដូច្នេះ​ថា៖​

«ប៉ះពាល់​ទី​១​គឺ​ក្នុង​ដំណាក់កាល​សាងសង់ ​គឺគាត់​នឹង​បំផ្ទុះ​ថ្ម​រាប់លាន​តោន​នៅ​បាតទន្លេ ដើម្បី​យកថ្ម​ចេញ​បើក​ឲ្យ​ទឹក​ហូរ​មក​ ដើម្បី​ទាញ​យក​វារី​អគ្គិសនី​ហ្នឹង។ ​ប៉ះពាល់​មុន​គេ​គឺ​ផ្សោត​៤​ក្បាល​ដែល​ហែល​ចុះ​ ហែល​ឡើង​នៅ​តំបន់​ជាប់​ព្រំដែន​ ដែល​អាច​ឈាន​ដល់​ផុត​ពូជមុន​គេ។​ ទី២​គឺ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ត្រី ​ហើយ​ក៏​ធ្វើឲ្យ​ផុត​ពូជត្រី​មួយ​ចំនួន។​ ហើយ​ទី៣​គឺ​កម្រិត​ទឹក ​យើង​មិន​ដឹង​ថា​ ​កម្រិត​ទឹក​ចុះខុស​រដូវ​ដែល​អាច​ធ្វើ​ឲ្យ​ខុស​ទម្លាប់​របស់​ផ្សោត។​ ជាតិ​គិមី​ដែល​ចេញ​ពី​ទំនប់​អាច​ធ្វើ​ឲ្យ​ផ្សោត​ពុល»។​

លោក ឈិត សំអាត​ ទាមទារ​ឲ្យ​ភាគី​រដ្ឋាភិបាលឡាវ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ និង​ពិចារណា​ឡើង​វិញ ​អំពី​គម្រោង​សាង​សង់​ទំនប់ ​ដនសាហុង​ ដ៏​ចម្រូង​ចម្រាសនេះ​ ដោយ​ហេតុ​ថា​ គម្រោង​នេះ​ផ្តល់​នូវ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ​ហើយ​ផល​ប៉ះពាល់​នេះ​មាន​ទំហំ​ធំជាង​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដែល​ប្រទេស​ឡាវ​ទទួល​បាន។​

ក្នុងការប្រារព្ធ​ទិវា​នេះ​ក៏​មាន​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ផង​ដែរ​ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាជន​នៅ​សហគមន៍​ក្នុង​ខេត្ត​ក្រចេះ​ប្រមាណ​ជា​៤០០​នាក់​ ដើរ​ជា​ក្បួន​ហែ​ជុំវិញ​ទី​ប្រជុំជន​ខេត្ត​ក្រចេះ។

ការដើរ​ក្បួន​ក្នុង​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)ater dolphin in Mekong River, in Kratie pro
ការដើរ​ក្បួន​ក្នុង​យុទ្ធនាការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)ater dolphin in Mekong River, in Kratie pro

ពួកគេស្រែកថា៖​

«បញ្ឈប់​ការ​សាងសង់​ទំនប់វារីអគ្គិសនី​ដើម្បី​សត្វ​ផ្សោត​ទន្លេ​មេគង្គ។​ ជយោ! ​ជយោ!»​

ការ​ដើរ​ក្បួន​នេះ​អម​ដោយ​បដារ​មួយ​ចំនួន​ដែល​សរសេរសារដូចជា​ «ផ្សោត​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​ជិត​ផុតពូជ»​ «ការពារ​ផ្សោតមាន​ន័យ​ថា ​ការពារ​ទន្លេ»​ និង​«គម្រោង​សាងសង់​ទំនប់ ​ដនសាហុង ​គឺ​បំផ្លាញ​ធនធានធម្មជាតិ»​ជាដើម។​

ដោយ​ពាក់​អាវ​យឺត​ និង​មួក​ ដែល​មាន​អក្សរ«សត្វ​ផ្សោត​ទន្លេ​មេគង្គ» ​យុវជន​ម្នាក់​ដែល​បាន​ចូល​រួម​ដើរ​ក្បួន​យុទ្ធនាការ​នេះ​បាន​និយាយ​ថា៖

«ពេល​មាន​សត្វផ្សោត ​ទេសចរ​នឹង​មាន​ហើយ។​ អញ្ចឹង​វាធ្វើ​ឲ្យ​ប្រជាជន​នៅក្នុង​ខេត្ត​ដែល​មាន​សត្វផ្សោត​ហ្នឹង​មាន​ជីវភាព​ធូរធា។ ​ប្រជាជន​ធ្វើ​គ្រឿង​សិង្ហារឹម​ដូច​ជា​សត្វផ្សោត​អី​អញ្ចឹង​លក់​ទៅ​បានកម្រៃ»។​

​របាយ​ការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការ​ ​WWF ​កម្ពុជា​នៅ​ដើម​សប្តាហ៍​នេះបាន​ឲ្យ​ដឹង​ថា​ ចំនួន​សត្វ​ផ្សោត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះមាន​ចំនួន​ត្រឹម​តែ​៨០​ក្បាល​ប៉ុណ្ណោះ។​ នៅ​ក្នុង​ឆ្នាំ​១៩៩៧​ សត្វ​ផ្សោត​មាន​ប្រមាណ​ជា​២០០​ក្បាល​ តែវា​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន៨៥​ក្បាល​នៅក្នុង​ឆ្នាំ​២០១០។​

សត្វ​ផ្សោត​កម្ពុជា​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ ជា​រតនសម្បត្តិ​ទី២ ​បន្ទាប់ពីប្រាសាទ​អង្គរវត្ត​កម្ពុជា​ ដែល​ជា​រៀង​រាល់​ឆ្នាំ​បាន​ផ្តល់​ជា​ផល​ចំណេញ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច ​វិស័យ​វប្បធម៌​ វិស័យ​ទេសចរណ៍​ និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប្រជាជន​នៅ​តាម​សហគមន៍​ ដែល​ធ្លាប់​តែ​ទទួល​បាន​ផល​ចំណេញ​ពី​ទេសចរណ៍​ផ្សោត​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​នោះ​ បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី ​ដនសាហុង ​ដែល​គេ​ជឿជាក់​ថា​ នឹង​មាន​ការ​គំរាម​កំហែង​ដល់​សត្វផ្សោត ​និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​សត្វ​ផ្សោត​ទៀត​ផង។​

លោក ​មួង​ សុខលាង ​វ័យ​៥៨ឆ្នាំ​ ជា​ម្ចាស់​ទូកដឹក​ភ្ញៀវ​ទេសចរទៅ​ទស្សនា​ផ្សោត​នៅ​ក្នុង​សហគមន៍កាំពី​ខេត្ត​ក្រចេះ។​ ម្ចាស់ទូក​រូប​នេះ​បង្ហាញក្តី​បារម្ភ​ចំពោះ​វត្តមាន​នៃ​គម្រោង​ទំនប់​ ដនសាហុង។​

«ប្រជាជន​តាម​ហ្នឹង ​ព្រម​ទាំង​ខ្ញុំ ​ទទួល​បាន​ថវិកា​ពី​ភ្ញៀវ​ទេសចរ​ បាន​ជីវភាព​ធូរធា​មួយ​កម្រិតដែរ។ អញ្ចឹង​ការ​មាន​ការ​ព្រួយ​បារម្ភ​ក្រែងលោ​អនាគត​ទៅ​មុខ​បាត់បង់​ដោយ​ប្រការ​ណា​មួយ ​ព្រោះ​កន្លង​មក​ឮ​គេ​ថា ធ្វើ​ទំនប់​វារីអគ្គិសនី ​ខ្លាច​ប៉ះពាល់​ដល់​សត្វ​ផ្សោត»។​

លោកស្រី ​មាន ងឿន​ វ័យ​៥៧​ឆ្នាំ​ ជា​អាជីករ​លក់​ និង​ផលិត​វត្ថុ​អនុស្សាវរីយ៍​នៅ​សហគមន៍​កាំពី​ ​បានលើក​ឡើង​ថា៖​

«កាល​ណា​មាន​សត្វហ្នឹង ​មាន​ទេសចរ​ទៅ​កំសាន្ត​លេង​ អញ្ចឹង​បាន​កំណើន​ថវិកា​ចូល​ដល់​ក្នុង​ភូមិ​យើង។ ​យើង​គួរ​តែ​សំណូមពរ​ឲ្យ​គេ​ផ្អាក ​[ទំនប់ ​ដនសាហុង] ដើម្បីកុំ​ឲ្យ​បាត់​បង់​ សត្វផ្សោត​របស់​យើង​រស់នៅ​មិន​បាន»។​

សត្វផ្សោត​ទន្លេ​មេ​គង្គ​កម្ពុជា​ ឬ​សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី​ទន្លេមេគង្គ​នេះ​ មាន​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ត្រូវបាន​ចាត់ទុក​ថា​ ​ជា​ប្រភេទ​ពូជ​សត្វ​កម្រ​ដែល​កំពុង​ស្ថិត​ក្នុង​ក្រុម​សត្វ​អាទិភាព​ ដែល​ពិភព​លោក​កំពុង​អភិរក្ស​ និង​ការពារ៕

XS
SM
MD
LG