ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល៖ បណ្ដេញ​​វៀតណាម​ជិត​១ម៉ឺននាក់​ និង​បន្ត​ស្វែង​រក​បន្ថែម


ជន​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​មាន​បី​ប្រភេទ​គឺ​ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់​ដែល​បាន​ចុះ​បញ្ជី​ជំរឿន​ឆ្នាំ​២០០២ ​ជន​បរទេស​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ និង​ជនបរទេស​ស្នាក់នៅ​យូរ​គ្មាន​ឯកសារ។

អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ឃាត់​ខ្លួន​និង​បណ្ដេញជនជាតិ​វៀតណាម​ខុស​ច្បាប់​ជិត​១ម៉ឺន​នាក់​ចេញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លងមក​នេះ​ហើយ​បញ្ជាក់​ថា​ជនអន្តោប្រវេសន៍​ជាតិ​វៀតណាម​សរុប​មាន​ចំនួន​ជាង​១៦​ម៉ឺន​នាក់។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩​ ខែ​សីហា ​នេះ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ជំហាន​ដំបូង​ស្តី​ពី​ការ​អនុវត្ត​បន្ត​ការ​ងារ​គ្រប់គ្រង​ជន​បរទេស​អន្តោ​ប្រវេសន៍​ក្នុង​រាជធានី-ខេត្ត។

នាយ​ឧត្តមសេនីយ៍​ សុខ ផល​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ជន​អន្តោប្រវេសន៍​មក​រស់​នៅកម្ពុជា​ចាប់ពី​ឆ្នាំ​២០០២​ដល់​២០១៦ ​មានការ​កើន​ឡើង​ជា​លំដាប់​ចាប់ពី​៧ម៉ឺន​ដល់​១០ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១០ ហើយ​កើន​ដល់​ជាង​១៦​ម៉ឺននាក់​ក្នុង​ឆ្នាំ​២០១៦។ លោក​បន្ថែម​ថា​ជន​អន្តោ​ប្រវេសន៍​ភាគ​ច្រើន​រស់​នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​កំពង់​ឆ្នាំ​ង ​និង​ខេត្ត​ព្រៃវែង​ហើយ​លោក​ថា​ការ​កើន​ឡើងនេះដោយសារ​កិច្ចសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នៅ​មាន​កម្រិត។

លោក​ សុខ ផល អគ្គនា​យក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)
លោក​ សុខ ផល អគ្គនា​យក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)

ជន​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​មាន​បី​ប្រភេទ​គឺ​ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់​ដែល​បាន​ចុះ​បញ្ជី​ជំរឿន​ឆ្នាំ​២០០២ ​ជន​បរទេស​កាន់កាប់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ និង​ជនបរទេស​ស្នាក់នៅ​យូរ​គ្មាន​ឯកសារ។

លោក​ សុខ ផល ​បន្ថែម​ថា ​អគ្គ​នាយកដ្ឋានបាន​ស្រាវជ្រាវ​រក​ឃើញ​ជន​អន្តោ​ប្រវេសន៍​នៅ​កម្ពុជាមានជាង​ ១៦ម៉ឺននាក់ ​ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ជាង​៩៩%។ លោក​ថា ជន​អន្តោ​ប្រវេសន៍​ដែលរស់​នៅ​ខុស​ច្បាប់​ភាគ​ច្រើន​ប្រកប​មុខ​របរ​ខុស​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច្នេះអគ្គ​នាយក​ដ្ឋាន​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​មាន​ចំនួន​៦៨​សញ្ជាតិ ​ជាង​១ម៉ឺន​នាក់​ក្នុង​នោះ​ជន​ជាតិវៀតណាម​មាន​ជិត១​ម៉ឺន​នាក់​ចេញ​ពី​កម្ពុជា។ ​

លោក​មាន​ប្រសាសន៍​ថា៖

«ជន​បរទេស​ដែល​ខុស​ច្បាប់​វា​មាន​ផល​ពិបាក​ធំ​ជាង​គេ​ទី១​គឺ​ខុស​ច្បាប់​ហ្នឹង​ហ្មង​ យើង​អត់​ត្រូវការ​រឿង​ខុស​ច្បាប់​ ទី២​គឺថា​មនុស្ស​កាលណា​រស់នៅ​កន្លែង​ណា​គាត់​ត្រូវ​ការ​រស់នៅ​ប្រកប​មុខ​របរ​ហើយ​បើ​ជួន​កាល​ការ​ប្រកប​មុខរបរ​របស់​គាត់​វា​អត់​ត្រូវ​ច្បាប់​ដែរ​ ឧទាហរណ៍​ថា ​ជលផល​គេ​ហាម​នេសាទ​ត្រី​ពង គាត់​ម៉េច​ដឹង គាត់​ជា​ជន​អន្តោ​ប្រវេសន៍ ​គាត់​ម៉េច​យល់​ គាត់​នេសាទ​អាហ្នឹង​ធ្វើ​ឲ្យ​ប៉ះពារ​គ្នា ​អញ្ចឹង​ផល​វិបាក​គឺ​មាន​ច្រើន​យ៉ាង ​ក្នុង​អង្គប្រជុំ​អម្បាញ់​មិញ​នេះ​ គឺ​បាន​ដាក់​ទិសដៅ​ដើម្បី​បន្ត​ធ្វើ​អ្នក​សេស​សល់​ តទៅ​ទៀត​ហើយ​ អីចឹង​ខ្ញុំ​ជឿ​ថា​ការ​បន្ត​ធ្វើ​នេះ​អាច​នឹង​បំពេញ​ឲ្យ​បាន​១០០%»។

លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួនជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)
លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួនជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃ​លើ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កម្ពុជា។ ប៉ុន្តែ​លោក​ថា ​ចំនួន​ជន​អន្តោប្រវេសន៍​ក្នុង​របាយការណ៍​របស់​ក្រសួង​ហាក់​មាន​ចំនួន​តិច​តួច​ពេក។ ​

លោក​បន្ថែម​ថា៖

«ចំនួន​ថា​អន្តោប្រវេសន៍​ខុសច្បាប់​មាន​ប៉ុន្មាន ​ហើយ​អន្តោប្រវេសន៍​សរុប​មាន​ប៉ុន្មាន​ចាំ​បាច់​ត្រូវការ​សិក្សា​ឡើង​វិញ​ព្រោះ​ចំនួន​កាលណា​តិច​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​អត់ជឿ​អត់​មាន​ជំនឿ​ទេ​ព្រោះ​ធម្មតា​ការ​ធ្វើ​ស្ថិតិ​ពី​ជនបរទេស​នេះ​ត្រូវ​មាន​ការ​ស្រាវជ្រាវ​ច្បាស់លាស់​មួយ​ដើម្បី​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ»។

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​វិភាគ​នយោបាយ​ ប្រាប់​ថា លោក​មិន​ជឿ​លើ​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ដែល​រក​ឃើញ​ជន​អន្តោប្រវេសន៍​មាន​តែ​ជាង​១៦​ម៉ឺន​នាក់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖

«យើង​មើល​តាម​របាយការណ៍​នានា​ដូចជា​របាយការណ៍​ CIA​ អាមេរិក​ដាក់​ជន​អន្តោ​ប្រវេសន៍​វៀតណាមប្រហែល​ជា​៧%។ បើ​៧%​ វា​មើល​ទៅ​ប្រហែល​ជា​៧០​ម៉ឺន​នាក់​ខ្ញុំ​មើល​ទៅ​ទិន្នន័យ​ហ្នឹង​គឺ​អាច​លើស​ហ្នឹង​មាន​អ្នក​មក​មុន​មាន​អ្នក​មក​ក្រោយ​ចឹង​មើល​វិភាគ​មែនទែន​ទៅ​ខ្ញុំ​ថា​ប្រហែល​១លាន​ព្រោះ​អ្វី​ទិន្នន័យ​ហ្នឹង​ក៏​សុទ្ធ​អ្នក​ចាស់​និង​អ្នក​មក​ក្រោយ​ក៏​ច្រើន​ណាស់​ដែរ​ ហើយ​ពួក​គាត់​កើត​កូន​បន្តទៅ​ទៀត​អីចឹង​ខ្ញុំ​មើល​ទៅ​ការ​កើន​ឡើង​នៃ​ចំនួន​អន្តោ​ប្រវេសន៍​ហ្នឹងគឺ​មិន​ខុស​ទេ»។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​ត្រួត​ពិនិត្យ​និង​រៀប​ចំជន​អន្តោ​ប្រវេសន៍​ឲ្យ​បាន​ច្បាស់​លាស់​ជៀស​វាង​ការ​គ្រប់​គ្រង​មិន​បាន​ត្រឹមត្រូវ​ធ្វើឲ្យ​ជនអន្តោ​ប្រវេសន៍​ទាំង​នោះ​សម្រេច​ជោគ​វាសនា​កម្ពុជា​។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក មឿន តុលា ​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិ​មនុស្សថា ​ចំនួន​ជន​អន្តោប្រវេសន៍​ដែល​មាន​ចំនួនកើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​គឺដោយសារ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មាន​ភាព​ធូរ​រលុង​ហើយ​លោក​អះអាង​ថា​ការ​កើន​ឡើង​នេះនឹង​ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​ដល់​កម្ពុជា​ប្រសិន​មិន​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ។

លោក មឿន តុលា ​បន្ថែម​ថា៖

«ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​របស់​យើង​មាន​ការធូររលុង​មានន័យ​ថា​ការ​គ្រប់គ្រង​អន្តោ​ប្រវេសន៍​ហ្នឹង​មានការ​ធូរ​រលុង ​ចេះ​តែ​ចេញ​អត្តសញ្ញាណ​បណ្ណ​ទៅ​ឲ្យ​ជនជាតិ​ដទៃ ទៅគាត់​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ​រើស​តំណាង​របស់​ប្រទេស​យើង ​វា​ធ្វើ​ឲ្យ​មេដឹកនាំ​ដែល​ជាប់​ឆ្នោត​ហ្នឹង​វាមិនមែន​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ វា​ទៅ​ជា​ជនជាតិ​ដទៃជា​អ្នក​មក​សម្រេច​ជោគ​វាសនា​ប្រទេស​យើង​ទៅ​វិញ។ ​អាហ្នឹង​ជា​ចំណុច​ដែល​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​»។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ដែរ​ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​វិធានការ​ផ្លូវការ​មួយ​ចំនួន​ទាក់ទង​នឹង​ជន​បរទេស​ដែល​ទទួល​អត្តសញ្ញាណ​បណ្ណ​ខុស​ច្បាប់ ​ដោយ​ព្រមាន​ប្តឹង​ជន​បរទេស​ទាំងនោះ​ទៅ​តុលាការ​ប្រសិន​បើ​ក្រុម​ការងារ​របស់​គណបក្ស​រកឃើញ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​អត្ត​សញ្ញាណបណ្ណ​ទាំង​នោះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​១៩ ​ខែ​សីហា ​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​សុំ​ផ្តល់​នូវ​បញ្ជី​ឈ្មោះ​ជន​បរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​រយៈ​សញ្ជាតូបនីយកម្ម​ត្រឹមត្រូវ​តាម​ច្បាប់។ គណបក្ស​នឹង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ​និង​ចាត់​វិធានការ​ចំពោះ​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​នីតិវិធី​និង​រួម​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ក្នុងការ​ផ្តល់​ឈ្មោះ​ជន​បរទេស​ដែល​ទទួល​បាន​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណបក្ស​ប្រឆាំង​នឹង​ពឹង​មេធាវី​ដើម្បី​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​ជន​បរទេស​ដែល​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់​ យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និង​ទៅ​តុលាការ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG