ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សង្ឃឹម​ថា​នឹង​បង្កើន​តួនាទី​ជា​មណ្ឌល​ល្បែង​ក្នុង​តំបន់​ ដោយ​មាន​ច្បាប់​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស


សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)

ពាណិជ្ជកម្ម​កាស៊ីណូ​របស់​កម្ពុជា ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង បាន​កើន​ឡើង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ចុង​ទសវត្សរ៍ ​១៩៩០​ ដោយ​មាន​កាស៊ីណូ​ចំនួន​ ៦៥ ​ដែល​មាន​អាជ្ញាប័ណ្ណ ហើយ​វិស័យ​នេះ​ត្រូវ​គ្រប់គ្រង​ទៅ​ដោយ​ក្រុមហ៊ុន​របស់​ហុងកុង​ ដែល​ចុះ​បញ្ជី​ដូច​ជា សណ្ឋាគារ Naga World និង​មជ្ឈមណ្ឌល​កំសាន្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

កម្ពុជា​កំពុង​ជំរុញ​ទៅ​មុខ​នូវ​ច្បាប់​ថ្មី​ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​បរទេស​ឲ្យ​មក​វិនិយោគ​ទៅ​លើ​វិស័យ​កាស៊ីណូ​និង​ឧស្សាហកម្ម​ល្បែង​ដ៏​រីក​ដុះ​ដាល​នេះ ដើម្បី​លើក​កម្ពស់​រាជាណា​ចក្រ​នេះ​ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ល្បែង​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

សំណើច្បាប់​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុម័ត​ក្រោយ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​ស្នើ​ជា​សេចក្តី​ព្រាង​ច្បាប់​អស់​រយៈ​ពេល៣ឆ្នាំ​មក​ហើយ ហើយ​ច្បាប់​នេះ​នឹង​គ្រប់គ្រង​ឧស្សាហកម្ម​ល្បែង​ដែល​នាពេល​ថ្មីៗ​នេះ​បាន​ផ្តល់​ប្រាក់​ចំណូល​ពន្ធ​ជិត ​៥០លាន​ដុល្លារ។

ក្រុម​មន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ចង់​កំណត់​អាត្រា​ពន្ធ​សម្រាប់​កាស៊ីណូ​ពី​ចន្លោះ ៤ ទៅ​៥ភាគរយ ​ដើម្បី​ឲ្យ​ស្រប​ជាមួយ​នឹង​កាស៊ីណូ​ក្នុង​តំបន់ ​ដូច​ជា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជា​ដើម។

ពាណិជ្ជកម្ម​កាស៊ីណូ​របស់​កម្ពុជា ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង បាន​កើន​ឡើង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ចុង​ទសវត្សរ៍ ​១៩៩០​ ដោយ​មាន​កាស៊ីណូ​ចំនួន​ ៦៥ ​ដែល​មាន​អាជ្ញាប័ណ្ណ ហើយ​វិស័យ​នេះ​ត្រូវ​គ្រប់គ្រង​ទៅ​ដោយ​ក្រុមហ៊ុន​របស់​ហុងកុង​ ដែល​ចុះ​បញ្ជី​ដូច​ជា សណ្ឋាគារ Naga World និង​មជ្ឈមណ្ឌល​កំសាន្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ល្បែង​ស៊ីសង​គឺ​ជា​ពាណិជ្ជកម្ម​មួយ​កំពុង​លូត​លាស់​ខ្លាំង

លោកBen Reichel នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន ​Donaco International ​ដែល​មាន​ស្នាក់​ការ​នៅ​ទីក្រុង ​ស៊ីដនី ​បាន​ថ្លែង​ថា​ នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​តម្រូវ​ការ​សំខាន់​ដើម្បី​ពង្រឹង​ការ​រីក​លូតលាស់​ខ្លាំង​នៅ​ក្នុង​ឧស្សាហកម្ម​ល្បែង។

លោក Reichel បាន​ថ្លែង​ថា៖

«មាន​តម្រូវ​ការ​ជា​ច្រើន​ដែល​មិន​សម​តាម​បំណង​នៅ​ក្នុង​តំបន់​ទាំង​មូល។ ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​ចំនួន​តុ​ល្បែង​ក្នុង​កាស៊ីណូ​ ប្រៀប​ធៀប​ជា​មួយ​នឹង​កន្លែង​ខ្លះ​ដូច​ជា​សហរដ្ឋ​អាមេរិក ​ចំនួន​ដែល​មាន​នោះ​គឺ​មាន​ចំនួន​តិចតួច ​ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខុស​ច្បាប់​ច្រើន​កើត​មាន​ឡើង»។

កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ដាក់​កំហិត​និង​ហាមឃាត់​ទាំង​ស្រុង​ចំពោះ​កាស៊ីណូ​ស្រប​ច្បាប់​ ដូច​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​ពលរដ្ឋ​ថៃ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​ដែល​មាន​ក្នុង​ប្រទេស​របស់​ខ្លួន។

នៅ​ក្រៅ​ក្រុង​ភ្នំពេញ​ដែល​កាស៊ីណូ​ Naga World ​មាន​សិទ្ធិ​ផ្តាច់​មុខ​នោះ ​មាន​បណ្តុំ​កាស៊ីណូ​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្រុង ​ប៉ោយប៉ែត​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ នៅ​ខេត្ត​ព្រះសីហនុ​ដែល​ជា​ក្រុង​កំពង់ផែ ​និង​នៅ​ភាគ​ខាង​កើត​ជាប់​នឹង​ព្រំ​ប្រទល់​ប្រទេស​វៀតណាម។

ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មួយ​ដោយ​ក្រុម​អាជ្ញាធរ​វៀតណាម​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​លេង​ល្បែង​ក្នុង​ស្រុក​អាច​ចូល​លេង​ក្នុង​កាស៊ីណូ​ក្នុង​ប្រទេស​វៀតណាម ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កាស៊ីណូ​ទាំង​នោះ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​កាស៊ីណូ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំ​ប្រទល់​ជាមួយ​នឹង​ប្រទេស​វៀតណាម។

ភ្នាក់ងារ​រៀប​ចំ​ការ​កំសាន្ត

កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ជុំវិញ​ការ​រីកលូតលាស់​នៃ​ពាណិជ្ជកម្ម​កាស៊ីណូ​ជា​ទូទៅ​គឺ​មក​ពី​អ្នក​ធ្វើ​ប្រតិបត្តិការ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ភ្នាក់ងារ​ VIP​ ​រៀប​ចំ​ការ​កំសាន្ត។ តួនាទី​របស់​ភ្នាក់ងារ​ទាំង​នេះ​គឺ​ដើរ​តួ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ អ្នក​ធានា​រ៉ាប់រ៉ង​ចំនួន​នៃ ប្រាក់​ចំណូល ​ដោយ​មាន​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ​ ការ​ដើរ​កំសាន្ត​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​លេង​ល្បែង។

ឥទ្ធិពល​នៃ​ភ្នាក់ងារ​ VIPរៀប​ចំ​ការ​កំសាន្ត​ទាំង​នោះគឺ​ខ្លាំង​ណាស់។​ កាស៊ីណូ​ NagaWorld ​ដែល​ជា​កាស៊ីណូ​ធំ​បំផុត​នៅ​កម្ពុជា​ ថ្មីៗ​នេះ​ត្រូវ​គេ​រាយការណ៍​ថា ​បាន​កើន​ប្រាក់​ចំណូល​ ១៤០ភាគរយ ​គឺ​កើន​ពី ៨,៧១ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៦ ​ដល់ ២១,១ ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១៧ ​នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Naga Corp ​នៃ​ផ្សារហ៊ុន​ហុង​កុង​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ។

ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ NagaWorld គឺ​ជាង​ ៦២៥ ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ពី​ជាង ​២២៥ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦។​ ហើយ​ប្រាក់​ចំណេញ​កើន​ឡើង ៣៩ភាគ​រយ គឺ​កើន​រហូត​ដល់​ទៅ​ជាង ​២៥៥ ​លាន​ដុល្លារ។

អ្នក​លេង​ល្បែង​ជន​ជាតិ​ចិន​គឺ​ជា​គោល​ដៅ​សំខាន់​មួយ

ផល​ប្រយោជន៍​ទៅ​លើ​ទីផ្សារ​កម្ពុជា​ក៏​មក​ពី​ច្បាប់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជន​ជាតិ​ចិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ។​ នៅ​ក្នុង​ឆ្នាំ​២០១៧​ ភ្ញៀវ​ជនជាតិ​ចិន​បាន​កើន​ដល់​ជាង​ ៤០ភាគរយ គឺ​ដល់​ទៅ​ ១លាន២សែន​នាក់ ​ដែល​លើស​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​ ហើយ​ចិន​បាន​ក្លាយ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក Reichel មក​ពី​ក្រុមហ៊ុន​ Donaco ​បាន​ថ្លែង​ថា៖ ​«រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ចំណោម​ប្រភព​ភ្ញៀវ​ទេសចរ​កំពូល​ចំនួន​បី ​ប្រសិន​បើ​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១​នៃ​ប្រភព​ទេសចរ​សម្រាប់​ត​ទៅ​ថ្ងៃ​មុខ​ទៀត»។

នៅ​ក្នុង​អត្ថាធិប្បាយ​ដែល​បាន​ផ្ញើ​តាម​អ៊ីម៉ែល​ទៅ​កាន់​ VOA ​ក្រុម​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Suncity Group ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាកាវ​បាន​ថ្លែង​ថា៖«ក្រុម​អ្នក​លេង​ល្បែង​ជន​ជាតិ​ចិន​នឹង​ក្លាយ​ជា​ក្រុម​សំខាន់​សម្រាប់​ទីផ្សារ ​VIP​ នៅ​ក្នុង​ប្រទេស​កម្ពុជា»។

កម្ពុជា​ក៏​ជា​ជម្រើស​មួយ​ទៀត​ដល់​ក្រុម​អ្នក​លេង​ល្បែង​ជនជាតិ​ចិន​ ក្រៅ​ពី​ទៅ​លេង​នៅ​ទីក្រុង​ម៉ាកាវ​ដែល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ថ្មីៗ​នេះ ​ចំនួន​ភ្ញៀវ​លេង​ល្បែង ​VIP ​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​បង្ក្រាប​របស់​លោក​ប្រធានាធិបតី​ Xi Jinping ​ទៅ​លើ​អំពើ​ពុករលួយ។

តំបន់​លេង​ល្បែង​សំខាន់​មួយ​ទៀត​នៅ​កម្ពុជា

ក្រុង​ប៉ោយប៉ែត ​ដែល​ជា​ច្រក​ព្រំដែន​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ខេត្ត​សៀមរាប​ និង​បាត់ដំបង។ ​រដ្ឋាភិបាល​កម្ពុជា​ចង់​អភិវឌ្ឍ​តំបន់​ប៉ោយប៉ែត​ឲ្យ​កា្លយ​ជា​តំបន់​ឧស្សាហកម្ម​មួយ។

លោក​ Reichel មក​ពី​ក្រុមហ៊ុន​ Donaco ​ដែល​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​កាស៊ីណូ Star Vegas នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ​បាន​ថ្លែង​ថា ​អ្នក​មក​លេង​ល្បែង​ភាគ​ច្រើន​គឺ​មក​ពី​ប្រទេស​ថៃ ​ប៉ុន្តែ​ក៏​មាន​អ្នក​លេង​ល្បែង​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី​ និង​ជន​បរទេស​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖

«វា​ពិត​ជា​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ​ហើយ​ជាមួយ​នឹង​ឧស្សាហកម្ម​កាស៊ីណូ​នៅ​ទី​នោះ​ គេ​អាច​ឆ្លង​ព្រំប្រទល់​ពី​ប្រទេស​ថៃ​ ហើយ​គេ​មិន​ចាំ​បាច់​ប្តូរ​រូបិយប័ណ្ណ​នោះ​ទេ។ ក្រុង​នោះ​ទាំង​មូល​ប្រើប្រាស់​លុយ​បាត ថៃ។ ​ទីនោះ​ប្រៀប​ដូច​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ថៃ​នៅ​លើ​ទឹកដី​កម្ពុជា​អញ្ជឹង»។

ប៉ុន្តែ​អ្នក​ប្រតិបត្តិការ​មួយ​ចំនួន​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។​ ក្រុមហ៊ុន​ Amax International ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខាង​វិស័យ​ល្បែង​ស៊ីសង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាកាវ​ ដែល​មាន​បណ្តាញ​ជាមួយ​នឹង​កម្ពុជា ​បាន​ថ្លែង​ថា​ ជា​ពិសេស​ទីផ្សារ​ VIP ​អាច​មាន​ការ​ប្រែ​ប្រួល​ឆាប់​រហ័ស។

​ពាណិជ្ជកម្ម​ល្បែង​ងាយ​ទទួល​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ​ភាព​មិន​ប្រាកដ​ប្រជា ​និង​កត្តា​នានា​ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍។​ ក្រុមហ៊ុន ​Amax ​បាន​បន្ថែម​ថា ​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ចិន​ «ប្រហែល​អាច​ដាក់​ឬ​សម្រួល​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​ប្តូរ​រូបិយប័ណ្ណ ឬ​សមត្ថភាព​នៃ​ការ​នាំ​ចេញ​រូបិយប័ណ្ណ»៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG