ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IMFសម្ដែង​ក្ដី​បារម្ភ​លើ​ឥណទាន​អចលន​ទ្រព្យ​នៅ​កម្ពុជា


រូបឯកសារ៖ លោក Jarkko Turunen (ឆ្វេង) អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយបណ្ណអន្តរជាតិ IMF ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក Jarkko Turunen (ឆ្វេង) អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយបណ្ណអន្តរជាតិ IMF ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ​IMF ​នា​សប្ដាហ៍​នេះ ​បាន​សម្ដែង​ក្ដី​បារម្ភ​របស់​ខ្លួន ​ជុំវិញ​ការ​រីក​ធំ​ឡើង​នៃ​កម្ចី​ឥណ​ទាន ​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ និង​សំណង់​នៅ​ប្រទេស​កម្ពុជា ​ខណៈ​ដែល​ស្ថាប័ន​អន្តរជាតិ​នេះ​នៅ​តែ​បាន​ដាក់​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ក្នុង​អត្រា ​៧.២៥% ​សម្រាប់​ឆ្នាំ​នេះ។​

​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​នៅ​រាជ​ធានី​ភ្នំពេញ ​លោក ​Jarkko​ Turunen ​មន្ត្រី​ជំនាញ​ការ​របស់​IMF​ ដែល​ដឹក​នាំ​ការ​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ ​(Article IV Consultation) ​ជាមួយ​នឹង​អ្នក​តាក់​តែង​គោល​នយោបាយ ​និង​អ្នក​ពាក់ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​យ៉ាង​ដូច្នេះ​ថា៖

​«ឥណទាន​នៅ​តាម​ធនាគារ​ពាណិជ្ជ ​ដែល​ប្រមូល​ផ្ដុំ​កាន់​តែ​ច្រើន​ឡើង​លើ​វិស័យ​អចលន​ទ្រព្យ ​និង​សំណង់ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ក្នុង​រង្វង់​២០%​នៅ​ឆ្នាំ​២០១៨​នេះ»។

​IMF​ មិន​បាន​ផ្ដល់​ទិន្នន័យ​លម្អិត​ទាក់​ទិន​នឹង​ទំហំ​ចំណែក​នៃ​កម្ចី​ទិញ​ផ្ទះ ​និង​សំណង់ ​ទៅ​ក្នុង​ចំណែក​ឥណទាន​សរុប​របស់​កម្ពុជា​នោះ​ទេ ​តែ​លោក ​Jarkko ​Turunen ​បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា៖

​«ក្ដី​បារម្ភ ​ដែល​បង្ក​ឡើង​ដោយ​គុណភាព​នៃ​កម្ចី​ឥណទាន ​ការ​ផ្គត់ផ្គង់​ទុន​ពី​ខាង​ក្រៅ ​ការ​ប្រមូល​ផ្ដុំ​កាន់​តែ​កើន​ច្រើន​ឡើង​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ ​ការ​ផ្ដល់​កម្ចី​ដែល​ស្ថិត​នៅ​ក្រៅ​ការ​ធ្វើ​និយតកម្ម​ (​ឬ​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅលើ​វិស័យ​អ្វី​មួយ) ដោយ​អ្នក​អភិវឌ្ឍ​សំណង់​នានា ​កំណើន​ឥណទាន​ក្នុង​អត្រា​ដ៏​ខ្ពស់ ​និង​ភាព​សំខាន់​ជា​ប្រព័ន្ធ​ចាក់​ឫស​ដែល​កាន់តែ​ធំ​ឡើង​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​បន្ត​បង្ក​ជា​ហានិភ័យ​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ​និង​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស»។

​អ្នក​ជំនាញការ​ IMF ​រូប​នេះ​ បាន​បន្ត​ថា ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​ជា​ធនាគារ​កណ្ដាល ​បាន​បោះ​ជំហាន​មួយ​ចំនួន ​បូក​រួម​ទាំង​ការ​ចាប់​ផ្ដើម​អនុវត្ត ​ការ​កំណត់​មូល​ធន​ទុក​តម្កល់ ​ការ​ធ្វើ​គម្រោង​គ្រប់​គ្រង​លំហូរ​សន្ទនីយ​ភាព (ឬ​ភាព​ងាយ​ទិញ​លក់​នៃ​អចលនទ្រព្យ)​និង​ការ​ផ្លាស់​ប្ដូរ​ដោយអន្លើ​ទៅ​លើ​ដំណើរការផ្ដល់ប្រាក់កម្ចីយ៉ាងណាក្ដី មាន​ការងារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន ​ដើម្បី​ធានា​បន្ត​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ។

​«ដែល​នេះ​រាប់​បញ្ចូល​ទាំង​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៃ​វិធានការ​ដែល​ដាក់​ចេញ​ពី​មុន​មក ​ដោយ​បន្ត​នូវ​វិធានការ​ដ៏​ផ្ចិត​ផ្ចង់​ដែល​មាន​ដៅ​សញ្ញា​ច្បាស់​លាស់ ​ដូច​យ៉ាង​ការ​ថ្លឹង​ថ្លែង​ហានិភ័យ​នៃ​ការ​ផ្ដល់​កម្ចី​ទិញ​ដូរ​អចលន​ទ្រព្យ ​ការ​ណែនាំ​ឱ្យ​ប្រើ​នូវ​ក្រប​ខណ្ឌ​គ្រប់​គ្រង​វិបត្តិ​មួយ ​ដែល​មាន​គម្រោង​ធានា​រ៉ាប់រង​ប្រាក់​បញ្ញើ ​និង​ការ​ធ្វើ​វិសិដ្ឋកម្ម (ឬ​ការ​បង្កើន​ចំណាត់​ថ្នាក់) ជា​បន្ត​លើ​និយតកម្ម ​និង​ការ​ណែនាំ​គ្រប់​គ្រង ​ដែល​រាប់បញ្ចូល​ទាំង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ផង​ដែរ»។

​លោក ​ង៉ែត ​ជូ ​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ​និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ ​បាន​យល់​ស្រប​នឹង​ក្ដី​បារម្ភ​របស់​IMF ​ដោយ​លោក​ថា​ការ​ផ្គត់​ផ្គង់​ហូរ​ហៀរ​ក្នុង​វិស័យ​អចលន​ទ្រព្យ ​អាច​នឹង​ទៅ​ដល់ចំណុច​មួយ​ដែល​បើក​ឱ្យ​មាន​លទ្ធភាព​នៃ​ការ​កើត​មាន​វិបត្តិ​ទៅ​ថ្ងៃ​អនាគត។

​អ្នក​ជំនាញ​រូប​នេះ​ ​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖

​«ទាក់​ទង​នឹង​បញ្ហា​នេះ​វា​មាន​ពីរ​ជា​ទូទៅ ​ច្រើន​តែ​ទាក់​ទង​ទៅ​នឹង​បញ្ហា​និយតកម្ម ​ហើយ​មាន​ន័យ​ថា​ការ​គ្រប់​គ្រង​ខាង​ផ្នែក​ការ​ផ្ដល់​កម្ចី ​ហើយ​និង​ទាក់​ទង​នឹង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​នៅ​ក្នុង​ការ​ចាត់​ចែង​ធន​ធាន​របស់​ខ្លួន ​ហើយ​ជា​ពិសេស ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ហ្នឹង ​ដើម្បី​បង្កើត​ចំណូល​បន្ត​ទៀត ​បាទ!»។​

​លោក ​អ៊ិន ​ចាន់នី ​ប្រធាន​ធនាគារ​អេស៊ីលីដា ​ដែល​ស្ថិត​ក្នុង​លំដាប់​ធនាគារ​ពាណិជ្ជ​ធំៗ​បង្អស់​នៅ​កម្ពុជា ​បាន​និយាយ​ប្រាប់​VOA​ថា លោក​ជឿ​ជាក់​ថា​ការ​ព្យាករណ៍​អំពី​កំណើន​ឥណទាន​ ២០% ​នៅកម្ពុជា​សម្រាប់​ឆ្នាំ​នេះ ​ជា​កំណើន​ធម្មតា​ដែល​ទាប​ជាង​កំណើន​នៅ​ឆ្នាំ​មុនៗ​មួយ​ចំនួន​ ដែល​ធ្លាប់​ហក់​ឡើង​ទៅ​ជិត​ដល់​៣០%។ លោក​សុំ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​IMF​ទាក់​ទិន​នឹង​កម្ចី​អចលន​ទ្រព្យ ​ដ្បិត​ថា​មាន​កង្វះ​តួលេខ​លម្អិត។

រូបឯកសារ៖ លោក អ៊ិន ចាន់នី​ អគ្គនាយក​ធនាគារ​អេស៊ីលីដា​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក អ៊ិន ចាន់នី​ អគ្គនាយក​ធនាគារ​អេស៊ីលីដា​ ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​យ៉ាង​ណា​ក្ដី ​ធនាគារិក​ជើង​ចាស់​រូប​នេះ ​បាន​និយាយ​ថា​លោក​អាច​នៅ​ចង​ចាំ​វិធាន​ការ​បន្ទាន់​មួយ​របស់​ធនាគារ​កណ្ដាល​របស់​កម្ពុជា ​ឆ្លើយ​តប​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល​ឆ្នាំ​២០០៨​ ដែល​បាន​ដាក់​កំហិត​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ ​នៅ​តាម​បណ្ដា​ធនាគារ​ពាណិជ្ជ ​មិន​ឱ្យ​មាន​កម្ចី​អចលន​ទ្រព្យ​កើន​លើស​ចំណែក​១៥%​នៃ​កម្ចី​ឥណទាន​សរុប​របស់​ខ្លួន។​

​«ខាង​ធនាគារ​អេស៊ីលីដា​ គឺ​មិន​ច្រើន​ទេ ​ក្នុង​វិស័យ​អចលន​ទ្រព្យ ​យើង​មាន​តែ​ប្រមាណ​៨%​នៃ​ឥណទាន​សរុប​របស់យើង ​៣២៧៨ ​លាន​ដុល្លារ​អាមេរិក​ មាន​តែ​៨% ​ដែល​៨%​ហ្នឹង​គឺ​ឥណទានសម្រាប់​លំនៅឋាន​ធម្មតា​ មិន​មែន​ជា​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​នោះ​ទេ ​បាទ»!

​បន្ថែម​ពី​លើ​កម្ចី​ឥណទាន​ក្នុង​វិស័យ​អចលន​ទ្រព្យ ​និង​សំណង់​ IMF​ ដ៏​បាន​បញ្ចូល​ក្ដី​បារម្ភ​របស់​ខ្លួន​ទៅ​លើ​ការ​រីក​ទំហំ​ខ្លួន​កាន់​តែ​ធំ​ឡើង​នៃ​បណ្ដា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផង​ដែរ។​

​លោក ​យន់​ សុវណ្ណា ​នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាបាន​ថ្លែង​ថា ​វា​សម​ហេតុ​ផល​ដែល​ថា ​ភាព​សំខាន់​ជា​ប្រព័ន្ធ​របស់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ គួរ​តែ​ត្រូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់។

​លោក​បាន​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

​«តែ​យើង​ទទួល​ស្គាល់​ថា ​ជាមួយ​នឹង​ទ្រព្យ​សរុប​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ចំណែក​ទៅ​ដល់​២០%​នៃ​GDP​ទាំងមូល ពួក​យើង​បាន​រីក​លូត​លាស់​ទៅ​ដល់​តួនាទី​សំខាន់​ជាង​មុន ​និង​តម្រូវចាំ​បាច់​ឱ្យ​មាន​ការ​ពិនិត្យ​យក​ចិត្ត​ទុក​ដាក់​ជាក់​លាក់ ​ទាំង​ពី​សំណាក់​ទស្សន​វិស័យ​អ្នក​ធ្វើ​និយតកម្ម ​និង​ទាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង»។

​លោក ​យន់ ​សុវណ្ណា ​បាន​បន្ត​ថា ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​របស់​លោក ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​នានា​មួយ​ចំនួនក្នុងចំណោម​គ្រឹះ​ស្ថាន​ជា​សមាជិក​របស់​ខ្លួន​ រួម​មាន​ការ​លើក​កម្ពស់​គុណភាព​ឥណទាន ​ការ​បង្កើន​គុណភាព​នៃ​ការ​វាយ​តម្លៃ​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន​ លើក​កម្ពស់​បរិយាកាស​ប្រកួត​ប្រជែង ​និង​ដាក់​ចេញ​វិធានការ​ការពារ​អតិថិជន។

​បណ្ដា​ក្រុម​គ្រួសារ​ជា​ច្រើន ​ជា​ពិសេស​នៅ​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា ​បាន​ទទួល​កម្ចី​ឥណទាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា។

អ្នកស្រី ​ជា ​សិរី ​អគ្គ​នាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​បាន​ឡើយ។

​IMF​ ក៏​បាន​ធ្វើការ​ព្យាករណ៍​ដែរ​ថា ​តួលេខ​អតិផរណា​ប្រចាំ​ឆ្នាំ​២០១៨​របស់កម្ពុជា ​នឹង​ស្ថិត​ក្នុង​អត្រា​២.៥%​ ដែល​ប្រហាក់​ប្រហែល​នៃ​ការ​ព្យាករណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ ដែល​ថា​អត្រា​អតិផរណាកម្ពុជា ​អាច​នឹង​ស្ថិត​ក្នុង​កម្រិត​២.៦%​នៅ​ឆ្នាំ​នេះ។​

​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ​បាន​ទទួល​លំហូរ​នៃ​ការ​វិនិយោគ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ចិន​ដី​គោក ​ក្នុង​អ្វី​ដែល​អ្នក​តាម​ដាន​បាន​មើល​ឃើញ​ថា ​បាន​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ​និង​ក្រុង​ព្រះសីហនុ ​ក្នុង​រយៈពេល​មួយ​រំពេច​ភ្នែក ​ក្នុង​បរិការណ៍​មួយ​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រន្ថើន​អនុវត្ត ​គំនិត​ផ្ដួច​ផ្ដើម​ផ្លូវ​និង​ខ្សែក្រវាត់​ នៅ​ក្នុង​តំបន់។

​លោក ​Jarkko​ Turunen​ អ្នក​ជំនាញការ​របស់​ IMF ​បាន​ស្នើ​ប្រទេស​កម្ពុជា​ឱ្យ​ពិចារណា ​ធ្វើ​កំណែ​ទម្រង់​លើ​យុទ្ធសាស្ត្រ​ប្រមូល​ចំណូល​ពន្ធ ​ដូច​យ៉ាង​ការ​យក​ពន្ធ​ចំពោះ​កាន់​តែ​ច្រើន​ជាង​មុន​លើ​អចលន​ទ្រព្យ ​និង​ពិចារណា​ធ្វើ​ពិពិធ​កម្ម (ឬ​បង្កើន​ប្រភព​នៃ​ការ​វិនិយោគ​ឱ្យ​បាន​ច្រើន​ច្រក) ខណៈ​ដែល​ប្រទេស​មួយ​នេះ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​លើ​ចិន​ដី​គោក​ ជា​ប្រភព​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ទាំង​លើ​ផ្នែក​សាធារណៈ ​និង​ឯកជន។

​យ៉ាង​ណា​ក្ដី ​IMF ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បោះ​ជំហាន​គោល​នយោបាយ​យ៉ាង​ប្រុងប្រយ័ត្ន​ក្នុង​ការ​គ្រប់​គ្រង​បំណុល​រដ្ឋ ​ដោយ​កម្រិត​ឱ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​៣០% ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំ​ឆ្នាំ (GDP) ​តាម​រយៈ​ការ​ពិនិត្យ​ពិច័យ​លទ្ធភាព​សង​ត្រឡប់ ​តែ​ថា​ក៏​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​បំណុល​រដ្ឋ​ឡើង​ដល់​៤០%​នៃ​GDP ​ដែល​ជា​កម្រិត​ប្រកាស​អាសន្ន៕

XS
SM
MD
LG