ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ក្រៅ​ប្រទេស​សកម្ម​ពេល​អ្នក​ក្នុង​ស្រុក​រង​ការ​គាបសង្កត់


인도 프라야그라지에서 홍수로 불어 난 갠지즈 강에 배가 떠 있다.
인도 프라야그라지에서 홍수로 불어 난 갠지즈 강에 배가 떠 있다.

បាតុកម្ម​​ថ្មីៗ​នេះ ​បាន​កើត​មាន​ឡើង​​នៅ​​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វ៊ីស​​ និង​​​​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ ក្នុង​ខណៈ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​កំពុង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​និង​អូស្ត្រាលី។

កាល​ពី​ថ្ងៃ​ច័ន្ទ​ដើមសប្តាហ៍​នេះ​ ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាន​មក​ជួប​ជុំ​គ្នា​តវ៉ា​នៅ​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វ៊ីសដើម្បី​ទាមទារ​ឱ្យ​អង្គការ​សហប្រជាជាតិ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់។

បាតុកម្ម​ស្រដៀងគ្នា​នេះ​បាន​កើត​មាន​ឡើង​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ ក្នុង​ខណៈ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​កំពុង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​និង​អូស្ត្រាលី។ ពួកគេ​បាន​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​នៅ​ទីនោះ។

បាតុករ​បាន​ស្រែក​ព្រមៗ​គ្នា​ថា៖ «....Hun Sen, Go home! Hun Sen, Go home!‍» ដែល​មាន​ន័យ​ថា​«ហ៊ុន សែន​ត្រឡប់​ទៅ​ប្រទេស​លោក​ឯង​វិញ​ទៅ!‍»

ទាំងនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ក្នុង​ពេល​ដែល​វិបត្តិ​នយោបាយ​បាន​ផ្ទុះ​ជា​ថ្មី​ឡើង​វិញ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក​បុក្ខ​ម្នេញ​គណបក្ស​ប្រឆាំង​ បណ្តាញ​សារព័ត៌មាន​ឯករាជ្យនិង​អង្គការ​សង្គម​ស៊ីវិល។

លោក ​ថៃ មករា ​តំណាង​សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«បងប្អូន​កូនខ្មែរ​ទាំង​អស់​គ្នា​ដែល​បាន​ចេញ​មក​ក្រៅ​ប្រទេស​នេះ​មិនបាន​ភ្លេច​ពី​ទឹកដី​ដែល​ខ្លួន​បាន​កើត​នោះ​ទេ​គឺ​ទោះបីជា​យើង​មកដល់​ទី​នេះ​មាន​ការ​ហូបចុក​ត្រឹមត្រូវ​ មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​ មាន​ការងារ​ធ្វើ​ឡាន​ជិះ​អី​រៀងៗ​ខ្លួន​ ប៉ុន្តែ​យើង​នៅ​តែ​នឹក​ស្រណោះ​ទៅ​ដល់​ប្រទេស​របស់​យើង​ជានិច្ច ​ហើយ​ជាពិសេស​ក្នុង​សម័យ​នេះ​ដែល​ជា​សម័យ​យើង​អាច​មាន​ទំនាក់ទំនង​គ្នា​ទូរស័ព្ទ​ទៅ​ថ្មើ​ម៉ាន​ក៏បាន​ ទំនាក់ទំនង​តាម​បែប​ហ្វេសប៊ុក​ក៏​បាន​គឺ​កាន់តែ​ធ្វើ​ឱ្យ​យើង​មាន​ភាព​ក្តុកក្តួល​ថែមទៀត​ នឹក​អាល័យ​ស្រុក ​នឹក​ប្រជាជន​ខ្លួន​ឯង​ថែម​ទៀត​ផង​នៅ​ពេល​ដែល​ឃើញ​គេ​ធ្វើ​បាប‍»។

តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​កាល​ពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំមុន​ហើយ​បាន​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ច្បាប់​ពន្ធដារ​ជា​លេស​ ដើម្បី​គាប​សង្កត់​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ឱ្យ​បិទទ្វារ​ ក្នុង​នោះ​មាន​កាសែត​ជា​ភាសា​អង់គ្លេស​ The Cambodia Daily និង​វិទ្យុ​អាស៊ីសេរី។

សហគមន៍​ខ្មែរនៅ​អាមេរិក​និង​កាណាដា ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​នៅ​ក្រៅ​ប្រទេស​ បាន​ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​អូតាវ៉ា។ សកម្មជនបាន​ធ្វើ​បាតុកម្ម ​រៀបចំ​ជា​វេទិកា​មហាជន ​និងជួប​ជាមួយ​នឹង​អ្នក​តំណាងរាស្រ្ត​ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​កែប្រែ​ស្ថានការណ៍​មក​ដូច​ដើម​វិញ។

លោក ​សេង សុភ័ណ​ ប្រធាន​គណៈកម្មាធិការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស (The CEROC) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វែនគូវើ ​ប្រទេស​កាណាដា ​ធ្លាប់តែ​បាន​បំផុស​ពលរដ្ឋ​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​និង​ទាមទារ​សិទ្ធិ​បោះឆ្នោត​ ប៉ុន្តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឱ្យ​ទិសដៅ​នៃ​ការ​តស៊ូ​មតិ​មក​ជា​ការ​ទាមទារ​ឱ្យ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យនិង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។ ក្នុង​បណ្តា​សកម្មភាព​មានការ​ធ្វើ​ញត្តិតាម​បណ្តាញ​អ៊ីនធឺណិត​ទាមទារ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សើរើ​ពិនិត្យ​មើល​ការ​អនុវត្ត​នេះ​ឡើង​វិញ​ជាដើម។

លោក​ សេង សុភ័ណ​ បាន​បញ្ជាក់​ថា៖

«អីចឹង​ទេ​ យុទ្ធសាស្រ្ត​របស់​យើង​គឺ​យើង​បត់បែន​ទៅ​រក​ការ​ទាមទារ​ឱ្យ​មាន​ការ​សើរើ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​មាន​ការបោះឆ្នោត​មួយ​ដោយសេរី​និង​យុត្តិធម៌​ត្រឹមត្រូវ មិនមែន​សេរី​យុត្តិធម៌​តាម​បែប​ប្រទេស​រុស្ស៊ី​តាម​បែប​ប្រទេស​ចិន​ទេ។ យើង​អត់​ចង់​បាន​ទេ​ព្រោះ​មិន​មែន​ជា​ការ​បោះឆ្នោត​មួយ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ការ​បោះឆ្នោត​បែប​បក្ស​តែ​មួយ​ឬ​ការបោះឆ្នោត​ដោយ​បក្ស​កុម្មុយនិស្ត»។

លោក ម៉ែន វណ្ណៈ ​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុងឡូវ៉ែល​រដ្ឋ​ម៉ាស្សាឈូសិតតែងតែ​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​ក្នុង​ពេល​កន្លង​មក។

លោក​បញ្ជាក់​ថា៖​

«អ្វី​ដែល​យើង​បាន​ធ្វើ​និង​បន្ត​ធ្វើ​គឺ​យើង​ធ្វើ​ដដែលៗ​គឺ​សុំ​យ៉ាង​ណា​ដល់​ប្រទេស​ដែល​ធ្លាប់​ផ្តល់​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​សុំ​ឱ្យ​គេ​ត្រួតពិនិត្យមើល​ឡើង​វិញ​ថា​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ខ្លះ។ ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ណា លើ​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង។ នេះ​គឺ​ជា​ការងារ​ដែល​យើង​ធ្វើ​ជា​ប្រចាំ​តាំង​ពី​ដើម​មក‍»។

នៅ​ចុង​ខែ​មីនា​នេះ​តំណាង​សហគមន៍​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នឹង​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​រយៈ​ពេល​បី​ថ្ងៃ​ ដើម្បី​ពិភាក្សា​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា​កំពុងជួប​ប្រទះ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ដែល​ក្នុង​នោះ​មាន​វិស័យ​សុខាភិបាល ​អប់រំ​សិក្សាធិការ ​អភិវឌ្ឍន៍​ជនបទ​ ចំណាកស្រុក ​និង​ជន​អន្តោប្រវេសន៍​ជាដើម។

លោក​ ហុង លីម ​អ្នក​តំណាងរាស្រ្ត​អូស្រ្តាលី​ដើមកំណើត​ខ្មែរ​និង​ជា​អ្នក​រៀបចំ«សន្និសីទ​ពិភពលោកសម្រាប់ការ​អភិវឌ្ឍ​នា​ពេល​អនាគត​របស់​កម្ពុជា‍» យល់​ថា ជា​ការ​ប្រមូល​ផ្តុំ​បញ្ញា​ស្មារតី​ខ្មែរ​ដើម្បី​ ​កែប្រែ​លម្អ​បញ្ហា​ប្រឈម​ទាំងនេះ​ដែល​លោក​ចាត់​ទុក​ថា​ជា​«បញ្ហា​ដ៏​តក់​ក្រហល់ជា​បញ្ហា​ប្រឈមមុខ​យ៉ាង​ខ្លាំង»របស់​កម្ពុជា។

លោក​បន្ថែម​ថា៖

«ដូច្នេះ​យើង​ជា​ម្ចាស់​ស្រុក​ យើង​ជាខ្មែរ​ត្រូវ​តែ​ហ៊ាន​ចាត់​ប្រឈមមុខ​យក​បញ្ហា​នេះ​យកមក​គិត​ហើយ​គិត​ហ្នឹង​គិត​ដោះស្រាយ​ទោះ​អ្នកណា​មិន​ដោះស្រាយ​ក៏​ដោយ​ក៏​បញ្ហា​ហ្នឹង​វា​នៅ តែ​ជា​បញ្ហា​ដែល​យើង​នៅ​តែ​ដោះស្រាយ‍»។​ ​

អង្គភាព​ស៊ើបការណ៍​សេដ្ឋកិច្ច​បាន​វាយ​តម្លៃ​ថា​ លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​១២៤​ក្នុង​ចំណោម​១៦៧ប្រទេស​ដោយ​ធ្លាក់​ចុះ​ពី​«រដ្ឋាភិបាល​កូន​កាត់‍»មួយ​មក​ជា​របប​«ដឹកនាំ​ផ្តាច់ការ‍»​ដោយសារ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដៃគូ​ប្រកួត​ដ៏​ធំ​មួយ​របស់​គណបក្ស​កាន់​អំណាច។

អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​បន្ត​សកម្មភាព​នយោបាយ​ក្នុង​ខណៈ​ពេល​ដែល​សហការី​របស់​ពួកគេ​មួយ​ចំនួន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​ធំដុំ​អ្វី​ទេ។

លោក ​គុជ ចាន់លី ​អ្នកវិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡែន​បាន​បញ្ជាក់​ថាភាព​សកម្ម​របស់​សហគមន៍​ខ្មែរនៅ​ក្រៅ​ប្រទេសគឺ​ជា​«ក្តី​សង្ឃឹម​មួយ‍»​ក្នុង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ទទួលរងការគាបសង្កត់​ហើយ​មិន​អាច​ធ្វើសកម្មភាព​បាន​ទូលំទូលាយ។

លោក​បន្ថែមថា៖

«នេះ​ជា​ចម្បាំង​តាម​ផ្លូវ​សន្តិភាព​ តាម​ផ្លូវ​អហិង្សា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចង់​ធ្វើ​នៅ​ក្រៅ​ប្រទេស​នេះ។ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ត្រង់​ថា ​អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ធ្វើ​គេ​នៅ​តែ​ធ្វើ។ គេ​មិន​ស្តាប់​តាម​ការ​សុំ​ តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស‍»។​

លោក​ ចាន់លី​ បន្ថែម​ថា ​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ថ្វី​បើ​គ្មាន​សង្គ្រាម​ប្រដាប់​អាវុធ​មែន​ ប៉ុន្តែ​វា​មាន​ទំហំ​ធំជាង​សង្គ្រាម​ដែល​កើត​មាន​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ប្រទេស​ហើយ​ទាមទារ​ឱ្យ​គ្រប់​ភាគី​ចូលរួម​ដោះស្រាយ​គឺ​មិន​មែន​តែ​សហគមន៍​នៅ​ក្រៅ​ប្រទេស​ទេ។

«ខ្ញុំ​យល់​ឃើញ​ថា​អ្នក​នៅ​ក្នុង​ស្រុក​ក៏​មាន​ប្រយោជន៍​ ពីព្រោះ​ថា​ភ្លើង​ឆេះ​នៅ​ស្រុក​ខ្មែរ​ឯណោះ​ហើយ​បើ​យើង​បាច​ទឹក​ពី​ក្រៅ​ស្រុក​អាមេរិក​ ស្រុក​អូស្ត្រាលី​ អាល្លឺម៉ង់ កាណាដា បារាំង​ វា​អត់​ទៅ​ដល់​ស្រុកខ្មែរ​ទេ។ បើ​សិន​ជា​អ្នកក្រៅ​ចង់​ជួយ​វា​ទាល់តែ​អ្នក​ក្នុង​ស្រុក​ជួយ​ខ្លួន​ឯង​ផង​ហើយ​អ្នក​ក្នុង​ស្រុក​គ្មាន​កម្លាំង​ពលំ គ្មាន​ធនធាន​អ្វី​សព្វ​បែប​យ៉ាង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ក្រៅ​ស្រុក​ឱ្យ​ជួយ​អង្រួន​ទាមទារ​មហាអំណាច​ផ្សេងៗ​ឱ្យ​គេ​ជួយ​ការពារ​អ្នក​នៅ​ក្នុង​ស្រុក​របស់​យើង​ទើប​អ្នក​នៅ​ក្នុង​ស្រុក​ហ្នឹង​ងើប​រួច​ពី​ការ​បាក់ស្បាត​ហើយ​ទាមទារ​យក​សិទ្ធិ​សេរីភាព​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ក្នុង​ការ​ការពារប្រទេស​ជាតិ​របស់​ខ្លួន‍»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ខែ​កក្កដា​ឆ្នាំនេះ។ សហគមន៍​អន្តរជាតិ​បាន​ស្នើសុំ​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​និង​យុត្តិធម៌​ដោយ​ត្រូវ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​និង​ដោះលែង​មេដឹកនាំ​របស់​ពួកគេ​ជាដើម។

លោក ថៃ មករា ​ដែល​ជា​តំណាង​សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប​បាន​បញ្ជាក់​ថា ​ពេលវេលា​កាន់តែ​ខ្លី​ណាស់​ហើយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​តាម​ស្តង់ដា​ដែល​អន្តរជាតិ​អាច​ទទួល​ស្គាល់​បាន​ហើយលោកនឹង​ដឹកនាំ​បាតុកម្ម​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅ​ខែក្រោយ​។

លោកបន្ថែម​ថា៖​

«ឥឡូវនេះ​ពេលវេលា​កាន់តែ​ខើច​ទៅ​ហើយ​សម្រាប់​អាណត្តិ​បោះឆ្នោត​ដែល​នឹង​មកដល់​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​២០១៨​នេះ​ បងប្អូន​ខ្មែរ​យើង​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ដែល​របប​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​នៅ​ប្រទេស​ខ្មែរ។ យើង​នឹង​បន្ត​ដំណើរ​របស់​យើង​ទៀត​ ធ្វើ​បន្ត​ទៀត​រហូត​ទៅដល់​អ្វី​គ្រប់​យ៉ាង​ត្រឡប់​មក​រក​ដើម​វិញ​ហើយ​ប្រទេស​យើង​បាន​ក្លាយ​ជា​ប្រទេស​អ្នក​ប្រកាន់​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពិតប្រាកដ‍»។​

សកម្មជន​មើល​ឃើញ​ថា​ ការ​តស៊ូ​ផ្លូវការ​ទូត​នៅ​ក្រៅ​ប្រទេស​ត្រូវការ​ភាព​អត់​ធ្មត់និង​ចំណាយ​ពេល​វេលា​យូរព្រោះ​ជា​ការ​ទទូច​ស្នើសុំ​ឱ្យ​ប្រទេស​មហាអំណាច​ធ្វើ​តាម​ការ​ចង់​បាន​គឺ​មិនមែន​ជា​ការ​បង្គាប់​បញ្ជា​ទេ។

លោក​ ម៉ែន វណ្ណៈ ​មក​ពី​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​បាន​ផ្តល់​ជា​ឧទាហរណ៍​ថា​ ក្នុង​ពេល​ដែល​សហគមន៍​ក្រៅ​ប្រទេស​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​រំលោភបំពាន​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្តែ​ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ​រដ្ឋាភិបាល​អូស្ត្រាលី​បែរ​ជា​បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​មក​ជួប​ប្រជុំ​កំពូល​នៅ​ទីក្រុង​ស៊ីដនី ​ដោយ​ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែនហើយ​អូស្រ្តាលី​ថែម​ទាំងបាន​សន្យា​ផ្តល់​ថវិកា​ជំនួយ​អភិវឌ្ឍន៍ចំនួន​៦៨​លាន​ដុល្លារ​ទៀត​ផង។

លោក​ ម៉ែន វណ្ណៈ ​បាន​បន្ថែម​ថា៖

«នេះ​ជា​រឿង​មួយ​ដែល​យើង​មើល​ឃើញ​ថា ​សម្ពាធ​ការទូត​របស់​អន្តរជាតិ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​ហើយ​យើង​ទទូច​យ៉ាង​ម៉ឺងម៉ាត់​ថា​ សូមឱ្យ​ពិនិត្យ​ពិចារណា​ឡើង​វិញ​សូម​កុំ​ឱ្យ​បណ្តែត​បណ្តោយ​កុំ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​តែ​ប្រទេស​អន្តរជាតិ​មួយ​ចំនួន​ដែល​ជា​ប្រទេស​ហត្ថលេខី​ហ្នឹង​មិន​អើពើ​ពី​ទង្វើ​របស់​រដ្ឋាភិបាល‍»។​

យ៉ាងណាក៏ដោយ​សម្ពាធ​អន្តរជាតិ​ក៏​មាន​ជាបន្តបន្ទាប់​ផង​ដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​ប្រទេស​ចំនួន​៤៥​ដែល​នាំមុខ​ដោយ​ប្រទេស​ណូវែលហ្សេឡង់​បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​មក​លើ​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល។

ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​បាន​ស្នើ​ឱ្យ​កម្ពុជា​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​លទ្ធផល​ឆ្នោត​ក្នុង​ពេល​កន្លងមក​ហើយ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​កាត់​ផ្តាច់​ឋានៈ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​ទីផ្សារ​ដ៏​ធំ​នៅ​ទីនោះ។

​សហរដ្ឋ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ហើយ​កាលពី​ដើម​ខែ​កុម្ភៈ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ចំនួន​៥នាក់​បាន​ស្នើ​ឡើង​នូវ​សេចក្តី​ព្រាងច្បាប់«ស្តី​ពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជានិងធ្វើ​ឱ្យការ​វិនិយោគត្រឡប់ដូច​ដើម​វិញ‍‍»​ហៅ​កាត់​ថា​ CARI Act ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ជាច្រើន​ដល់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ ​

លោក​ ឌីក ដឺប៊ិន ​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកនិង​ជា​អ្នក​ចូលរួម​ស្នើ​សេចក្តី​ព្រាង​ច្បាប់ ​CARI Act ​បាន​ប្រាប់​ដល់​សមាជិក​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឈីកាហ្កោ​ រដ្ឋ​អ៊ីលីណយ​កាលពី​ពាក់​កណ្តាល​ខែ​មីនាថា​នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាលលោក​ហ៊ុន សែន​ «ប្តូរ​គោល​នយោបាយ‍»។

លោក​បាន​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​មាន​យន្តការ​ច្រើន​ទៀត​ដែល​អាច​ដាក់​សម្ពាធ​លើ​កម្ពុជា​បាន៖

«ប៉ុន្តែ​បើ​មិន​ទទួល​ការ​ឆ្លើយតប​ទៀត​យើង​នឹង​យក​ករណី​នេះ​ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រមូល​ផ្តុំ​ប្រទេស​នៅ​លើ​ពិភពលោក​ឱ្យ​ចូល​រួម​គាំទ្រ​យើង។ ហើយ​ប្រសិន​បើ​នៅតែ​មិន​មាន​ប្រសិទ្ធភាព​គឺ​ឈាន​ទៅដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។ វិធានការ​ទាំងនេះ​ជៀស​ផុត​ពី​សង្គ្រាម​និង​យោធា​ប៉ុន្តែ​នៅ​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា‍»។​

កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ជាតិ​មួយ​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣និង​បង្កើត​បាន​នូវ​រដ្ឋ​ធម្មនុញ្ញ​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ប៉ុន្តែ​ដំណើរ​វិវត្ត​រយៈពេល​២៥ឆ្នាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យដ៏​ក្មេង​ខ្ចី​នេះ​នៅ​តែ​តម្រូវ​ឱ្យ​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​បន្ត​ទាមទារ​មិន​ទាន់​ឈប់​នៅឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG