ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​ការ​បោះឆ្នោត​ធ្វើកាន់តែ​ញឹកញាប់​ ពេល​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បាតុកម្មឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតធ្វើកាន់តែញឹកញាប់ ពេលថ្ងៃបោះឆ្នោតជិតមកដល់

នៅពេល​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដែល​កាន់តែ​ខិតជិត​មកដល់ ​នោះ​ ជនជាតិ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បាតុកម្ម​កាន់តែ​ញឹកញាប់​ជាពិសេស​នៅស្ថាន​បេសក​កម្ម​របស់​ជប៉ុន​នៅ​អ.ស.ប.​ទាមទារ​ឲ្យ​ប្រទេស​នេះ​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅថ្ងៃ​ទី២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​បើ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ​

ក្រោយពី​បាន​ចុះហត្ថលេខា​លើញត្តិ​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ក្នុងពេល​តែ​ជាង​មួយខែ​ទៀតនោះ​ ជនជាតិខ្មែរ​ប្រមាណ​៥០០នាក់​បាន​ដង្ហែ​ញត្តិ​របស់​ខ្លួន​ផ្ទួនៗ​ដាក់​នៅស្ថាន​បេសក​កម្ម​ជប៉ុន​ប្រចាំ​នៅ​អ.ស.ប.​ជា​លើក​ទីពីរ​ក្នុង​ខែ​មិថុនា​នេះ។​

បាតុកម្ម​ទាំង​ពីរ​លើក​នៅ​ស្ថាន​បេសក​កម្ម​របស់​ជប៉ុន​នៅ​អ.ស.ប.​នេះ​រៀបចំ​សម្រប​សម្រួលដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ ​បាតុកម្ម​ទាំងពីរ​លើក​នេះ​មាន​ការ​ទាមទារឲ្យ​ជប៉ុន​ឈប់​គាំទ្រ​ការ​បោះឆ្នោតលុះត្រាតែ​មានការ​សម្រប​សម្រួល​ឲ្យមាន​ការ​ចូូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិមាន​ការ​ដោះ​លែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​ដែល​ត្រូវតុលាការ​កំពូល​រំលាយ​កាល​ពីថ្ងៃ​ទី​១៦ខែ ​វិច្ឆិកា​ឆ្នាំ​២០១៧តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ មាន​ការ​ដោះលែង​អ្នកទោស​មន​សិការ​ទាំងអស់ រួមទាំង​អ្នកទោស​នយោបាយ​និង​ សកម្មជន​ដីធ្លី​ហើយ​លុប​ចោល​បម្រាម​មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​

លោកហូ វណ្ណជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

«តវ៉ា​ដើម្បី​កុំ​ឲ្យជប៉ុន​ហ្នឹងគាត់​ទៅ​គាំទ្រ​ការបោះឆ្នោត​ហ្នឹង! កុំ​គាំទ្រ​គ.ជ.ប. ដែល​អត់មានឯករាជ្យ​ហ្នឹង! ​ឲ្យ​ធ្វើដូច​អាមេរិក ​សហភាព​អឺរ៉ុប។ ​អ្នកប្រជា​ធិបតេយ្យ​ទាំងអស់​មិនអាច​ទទួល​យក​ការ​បោះឆ្នោត​បែប​ផ្តាច់ការ ​បែប​កុម្មុយ​និស្ត​ហ្នឹង​បាន​ទេ។​ បើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជាតិ​ចូលរួម​បោះឆ្នោត​វិញ ​សម្រេច​ថ្ងៃស្អែក​ក៏អត់ហួស​ពេល​ដែរ។ ​យើង​អាច​ទៅ​ចូលរួម​បោះឆ្នោត​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យការ​បោះឆ្នោត​នេះមាន​តម្លៃ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌»។​

ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​សំខាន់សម្រាប់​កម្ពុជា។ ​កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​ហិបឆ្នោត​ជាង​១ម៉ឺន​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គិត​ជា​ទឹកប្រាក់​៧​លាន​ដុល្លារ​ ហើយ​បើ​ធ្វើការ​បែងចែក​ ​ហឹបឆ្នោត​នីមួយៗ​មាន​តម្លៃ​ជិត​៧០០​ដុល្លារ។​

អ្នក​ចូល​រួមបាតុកម្ម​និយាយ​ថា ​ទោះជា​ហិប​ឆ្នោត​មាន​តម្លៃ​ថ្លៃ​យ៉ាង​នេះ​ក៏​ដោយក៏ជំនួយ​នេះ​មិន​មាន​តម្លៃ​អ្វីដែរ ​ព្រោះ​មិន​មែន​ជាការ​បោះឆ្នោត​សេរី ​ត្រឹមត្រូវ ​យុត្តិធម៌​និង​មិន​ប្រជា​ធិបតេយ្យ។​

លោក​ជុំ សេរីសុខុម​មក​ពីរ​ដ្ឋ ​North Calorina។

«ថោក​ជាទី​បំផុត​ គ្មាន​ការដែល​អាច​ទទួល​ស្គាល់បាន​គឺ​ថោក ​ព្រោះ​ប្រទេស​ជប៉ុន​ជាឪ បិតា​លទ្ធិ​ប្រជា​ធិបតេយ្យ ​តែស្រាប់តែ​ទៅជួយ​ជនផ្តាច់ការ។​ ទោះបី​កញ្ចប់ឆ្នោត​នោះ​ថ្លៃ​ប៉ុន្មាន​ម៉ឺន ​ប៉ុន្មានសែន​ក៏ដោយ ​គឺវា​គ្មាន​តម្លៃ​សម្រាប់​យើង​ជា​ម្ចាស់​សិទ្ធិ។ ​យើង​ជាម្ចាស់​ប្រទេស​បាទ»។

បាតុកម្ម​ថ្ងៃ​ទី១៦​ខែ​មិថុនា​នេះ​មិនមាន​វត្តមាន​កូនស្រី​របស់​លោក​កឹម សុខា ​ទេ ​ ទោះបីជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម សុខា​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​ញត្តិ​ដាក់​ទៅ​ស្ថានបេសក​កម្ម​ជប៉ុន​ក៏​ដោយ។

លោក​អុ៊ង ឫទ្ធី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​ស.រ.អា.​និយាយ​ថា ​កូនស្រី​លោកកឹម សុខា​មិន​បានចូល​រួម​ក្នុង​បាតុកម្ម​ថ្ងៃទី​១៦​មិថុនា​ ដោយសារ​ជាប់រវល់ ។ លោក​កត់​សម្គាល់​ថា ​នាង​កឹម សម្មាធីតា​បាន​ចូលរួម​ដាក់​ញត្តិ​នៅថ្ងៃទី​១​មិថុនា​ម្តង​ហើយ។​

ការធ្វើ​បាតុកម្ម​ដាក់ញត្តិ​ពីរដង​ដោយឡែក​ពីគ្នានេះ​ត្រូវ​លោកអ៊ុង ឫទ្ធី​បកស្រាយ​ថា ​ ធ្វើ​ឡើង​ឲ្យ​បាន​ច្រើន​ដង​ចំថ្ងៃ​ធ្វើការ​ដែល​មាន​វត្តមាន​មន្ត្រី​ស្ថានទូត​ជប៉ុន​ផង​ និង​ចំ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ផង។​

«មួយ​យើង​ធ្វើពេល​ថ្ងៃធ្វើការ​ដើម្បី​បញ្ជាក់​ឲ្យ​គេដឹង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មិន​សុខចិត្ត ​មិន​គាំទ្រ​នូវអ្វី​ដែល​ប្រទេស​ជប៉ុន​កំពុងតែ​ធ្វើ។ ​ហើយការ​បែក​គ្មាន​ មិន​បែកគ្នា​ទេ​គឺថា ​ក្នុង​ភាព​មួយ​គឺថា ​យើង​ធ្វើម្តង​ហើយ ​ម្តងទៀត​ ហើយ​យើង​ធ្វើ​ម្តង​ទៀត​ ហើយ​រូបភាព​កាន់តែ​ធំជាង​ហ្នឹង​តទៅ​ទៀត»។

ក្នុង​ចំណោម​បាតុករ​ដែល​ភាគ​ច្រើនមក​ពីរដ្ឋ​នានា​ទូទាំង​ស.រ.អា.​និង​មក​ពី​កាណាដា​នោះ​ មាន​អ្នកខ្លះ​មកពី​អឺរ៉ុបជាពិសេសមក​ពី​ប្រទេស​ប៉ារាំង។ ​ក្រៅពីនេះ​ម ាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​តំណាង​អង្គការ​ សមាគមន៍​ខ្មែរ​នៅ​ស.រ.អា.​ ដូចជា​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ។​ តំណាង​ជនរងគ្រោះ​ទំនាស់ដីធ្លី​មកពី​ប្រទេស​កម្ពុជា​ក៏មាន​វត្តមានដែរ​តែមិន​បង្ហាញមុខ​ ​មិន​ថត​រូប​ឬ​មិន​ផ្តល់​បទ​សម្ភាសន៍ ​ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ។​

អ្នកចូល​រួម​និយាយ​ថា​ ការធ្វើបាតុកម្ម​ទាមទារ​នៅក្រៅ​ប្រទេស​នេះ​គឺការ​ចាំបាច់​ខណៈ​រដ្ឋាភិបាលរបស់​លោក​ ហ៊ុន សែន​បិទ​សិទ្ធិ​សេរីភាព​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ក្នុង​ប្រទេស។ ​អ្នកចូលរួម​និយាយ​ថា ​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​មិន​អាច​ធ្វើ​បាតុកម្ម​បាន ​ យ៉ាង​ហោចណាស់​ពួកគាត់​អាច​ពហិកាមិនទៅ​បោះ​ឆ្នោត។​

លោក​អ៊ុំ កន​មកពី​រដ្ឋតិចសាស។

«ខ្មែរនៅ​បរទេស​អត់ចោល​បងប្អូន​នៅស្រុក​ខ្មែរ​ទេបាទ! គឺថា ​យើង​នៅ​ជាប់​ជាមួយ​បង​ប្អូន​នៅស្រុក​ខ្មែរ។ ​ដូច្នេះ​ហើយ ​ខ្ញុំសូម​ឲ្យ​បងប្អូន​នៅ​ស្រុកខ្មែរ​នៅថ្ងៃ​ទី២៩​កក្កដា​២០១៨​ហ្នឹង​សូម​ធ្វើពហិកា​កុំទៅ​បោះឆ្នោត​បាទ។​ដេកផ្ទះ​ឈ្នះឯង ​ដេកផ្ទះ​ស្រួល​ខ្លួន ​ដេកផ្ទះ​ឈ្នះ​ស្អាត ​បាទ»។

សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​លេច​ធ្លោ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏បាន​ចូលរួម​ដែរ ហើយ​ពួកគេ​បារម្ភ​អំពី​សុវត្ថិភាព​របស់​សកម្មជន​ហ្វេសប៊ុក​នៅក្នុង​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ដែល​រឹតបន្តឹង​សេរីភាព​តាម​បណ្តាញ​សង្គម។​

លោក​អ៊ុង ឫទ្ធី ​ដែល​ដឹកនាំ​អ្នក​តំណាង​៦​នាក់​ជួប​មន្ត្រីស្ថាន​បេសក​កម្ម​ជប៉ុន​នៅ​អ.ស.ប.​កាលពី​ថ្ងៃច័ន្ទ​បាន​ឲ្យដឹង​ថា ​មន្ត្រី​ជប៉ុន​បាន​សន្យា​ថា ​នឹង​នាំខ្លឹមសារ​នៃញត្តិ​នេះ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Shinzo Abe ​ ហើយ​មន្ត្រីជប៉ុន​បាន​បញ្ជាក់ថា ​ជប៉ុន​នឹង​មិនគាំទ្រ​ការ​បោះ​ឆ្នោត​ដែល​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។

«ចំណុច​សំខាន់​បំផុត​នោះគឺគេ​បាន​សន្យាថា ​គេ​នឹងពាំនាំ​ការខ្វល់ខ្វាយ​របស់​យើង​ទៅ​ជូន​នាយក​រដ្ឋមន្ត្រី​នៅប្រទេស​ជប៉ុន​ដែល​លោក​កំពុង​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា»។​

ក្រៅពី​បាតុកម្ម​នៅ​ស្ថាន​បេសក​កម្ម​ជប៉ុន​នៅអ.ស.ប. ​ក៏មាន​បាតុកម្ម​នៅសួន​ច្បារជាតិ​ក្នុង​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ផងដែរ ​នៅ​អំឡុង​សប្តាហ៍​កន្លង​មក​នេះ៕

XS
SM
MD
LG