ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការខក​ចិត្ត​ និង​ការ​ព្រួយ​បារម្ភ​នៅ​ខួប​២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

  • ម៉ែន គឹមសេង

អ្នក​ចូលរួម​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

មាន​ភាគី​ជម្លោះ​ខ្មែរ​ចំនួន​បួន​ដែល​ក្នុង​នោះ​ មាន​ក្រុម​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ក្រុម​រណសិរ្យ​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ក្រុម​ខ្មែរ​ក្រហម​ និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​លើក​បន្តុប​ដោយ​វៀតណាម​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជា​ច្រើន​ឆ្នាំ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​នាំ​ឱ្យ​មាន​ការ​ខកចិត្ត​ និង​ព្រួយបារម្ភ​សម្រាប់​មេដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ដែល​បាន​មក​ជួបជុំគ្នា​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ចុងសប្តាហ៍​នេះ។

រយៈ​ពេល​២៥ឆ្នាំ​ក្រោយ​ពី​ការ​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ពួកគេ​យល់​ថា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដែល​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មិនទាន់​សម្រេច​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។

លោក​យ៉ែម រិទ្ធិពល ​ប្រធាន​អង្គការ​សង្គហប្រយោជន៍​ជាតិ​យើង ​បាន​លើក​ឡើង​ថា​ពលរដ្ឋ​កម្ពុជា​បាន​ទទួល​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដោយ​ដៃ​ទាំងពីរ​នៅពេល​ដែល​វាត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ប៉ុន្តែ ពេល​នេះ​លទ្ធផល​បែរ​ជា​ខុស​ពី​មុន។

លោក​បាន​បន្ថែម​ថា៖

«ផ្ទុយ​ទៅ​វិញ​ ការ​សង្ឃឹម​ និង​ក្តីស្រម៉ៃ​របស់​មហាជន​ខ្មែរ​ដែល​ថា​អ៊ុនតាក់​ និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​ជួយ​ឱ្យ​ខ្មែរ​យើង​មាន​ឯករាជ្យ​ មាន​អធិបតេយ្យ​ភាព​ មាន​បូរណភាព​ទឹក​ដី​ មាន​សិទ្ធិ​សេរីភាព​សព្វ​បែប​យ៉ាង​ហ្នឹង ​ក៏​មិន​បាន​កើត​ជា​រូបរាង​ពិត​ប្រាកដ​ទេ‍»។

អ៊ុនតាក់​ ឬ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​មាន​ភារកិច្ច​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ដំណាក់​កាល​ដំបូង​ ដែល​មាន​ការ​ដក​អាវុធ​ពី​គ្រប់​ភាគីជម្លោះ ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀស​ខ្លួន​ និង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​មួយ​នៅ​ឆ្នាំ​១៩៩៣ ។

លោក ឌី ការ៉េត ​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

អ្នក​ដែល​សហគមន៍​ខ្មែរ​ស្តី​បន្ទោស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​និង​ប្រទេស​វៀតណាម។ ​លោកឌី ការ៉េត ​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«កិច្ច​ព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​ស្តី​ពី​ប្រទេស​កម្ពុជា​ហ្នឹង​ត្រូវ​បាន​រំលោភ​ដោយ​យួន​ហើយ​នឹង​របប​ហ៊ុន សែន​ ដែល​ជា​របប​រណប​យួន។ ខ្ញុំ​មិន​បាច់​រំឭក​ឡើងវិញ​ទេ​នូវ​ការ​រំលោភ​ទាំង​អម្បាលមាណ​ហ្នឹង។ វា​មាន​ការ​រំលោភ​ទៅក្នុង​រឿង​បូរណភាព​ទឹក​ដី​ ការ​រំលោភ​ទៅ​លើ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​សេរីភាព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា​ហ្នឹង ​គឺ​យើង​បាន​ដឹង​ជា​ច្រើន​គ្នា​ណាស់​មក​ហើយ‍»។​

មាន​ភាគី​ជម្លោះ​ខ្មែរ​ចំនួន​បួន​ដែល​ក្នុង​នោះ​ មាន​ក្រុម​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ក្រុម​រណសិរ្យ​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ក្រុម​ខ្មែរ​ក្រហម​ និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​លើក​បន្តុប​ដោយ​វៀតណាម​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជា​ច្រើន​ឆ្នាំ។

ប្រទេស​ចំនួន​១៨ ​រួម​ទាំង​ប្រទេស​មហា​អំណាច​ទាំង​ប្រាំ​ ដែល​មាន​សហរដ្ឋ​អាមេរិក ​អតីត​សហភាព​សូវៀត​ ចិន ​បារាំង ​និង​អង់គ្លេស​ ក៏​បាន​គាំទ្រ​ផងដែរ​ និង​សន្យា​បន្ត​ផ្តល់​ជំនួយ​ជួយ​ស្តារ​ប្រទេស​កម្ពុជា។​

លោក​យ៉ែម រិទ្ធិ​ពល​ នៃ​អង្គការ​សង្គហប្រយោជន៍​ជាតិ​យើង​ បាន​បន្ថែម​ថា៖

«សព្វថ្ងៃ​នេះ​គ្មាន​ទេ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ទាំងអម្បាល​មាណ​ហ្នឹង​អត់​មាន​គោរព​ អត់​មាន​ធ្វើ​តាម​ទេ លើកលែង​តែម្យ៉ាង​គឺ​ទទួល​ជំនួយ​៥០០ ​៦០០ ​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ សុំ​គេ​ទាម​ទារ​ឱ្យ​គេ​ផ្តល់​នៅក្នុង​ក្របខណ្ឌ​ការសន្យា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង»។

រូបភាពឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ជា​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក នៅក្នុង​រថយន្ត​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៅ​ឯ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​បន្ត​កាន់​អំណាច​ជាង​៣០ឆ្នាំ​មកហើយ​ និង​បាន​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ក្រាប​ដៃគូ​ប្រកួត​ប្រជែង​របស់​លោក។ បច្ចុប្បន្ន​នេះ​ មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​២០​នាក់​កំពុង​ជាប់​ពន្ធនាគារ។ មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​ និង​លោកកឹម សុខា​ ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​មាន​រឿង​ក្តីក្តាំ​នៅ​តុលាការ​ផងដែរ ​ដោយ​លោក​សម រង្ស៊ី​ ត្រូវ​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស ​ហើយ​លោក​កឹម សុខា​ សំងំ​លាក់​ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស។

លោក​យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រាប់​ដល់​ក្រុម​អ្នក​ចូលរួម​ស្តាប់​ថា៖​

«ឥឡូវ​យើង​អនុវត្ត​កិច្ចព្រមព្រៀង​មិន​បាន​ត្រឹម​ត្រូវ​យើង​មើល​ទៅ​ថា​មាន​ស្ថិរភាព​ ប៉ុន្តែ នេះ​គ្រាន់តែរូបភាព​ខាងក្រៅ​នៅ​សើរៗ​ខាង​លើ ​ប៉ុន្តែ​ខាងក្នុង​វាកំពុង​តែ​ដូច​ទឹក​ពុះ​អីចឹង។ វា​អាច​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​អស្ថិរភាព​ទៅ​ថ្ងៃ​មុខ‍»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ២០១៨។​ ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ។

លោក​យ័ប គឹមទឹង​ បាន​បន្ថែម​ថា៖

«ឥឡូវ​នេះ​ខ្ញុំ​បារម្ភ​ថា​ គណបក្ស​កាន់​អំណាច​កំពុងតែ​ត្រួតត្រា​ប្រទេស​ខ្មែរ​ដូច​ជា​មិន​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​បាន​ត្រឹម​ត្រូវ​ទេ។​ នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ក្តី​បារម្ភ​ច្រើន ​ព្រោះ​វា​ធ្វើ​ឱ្យ​ប្រទេស​ខ្មែរ​មិន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ‍»។

លោក​ព្រំ សៅរ៍ណូរ៉ា ​ប្រធាន​កិត្តិយស​នៃ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង ចូលរួម​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

លោក​ព្រំ សៅរ៍ណូរ៉ា ​ប្រធាន​កិត្តិយស​នៃ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​បញ្ជាក់​ថា​ ដោយ​ហេតុ​នេះ​ ហើយ​បាន​ជា​ក្រុម​ការងារ​របស់​លោក​ខិតខំ​បញ្ចុះ​បញ្ចូល​ខាង​សភា​តំណាងរាស្រ្ត​ និង​ព្រឹទ្ធសភា​អាមេរិកាំង​ ឱ្យ​ផ្តោត​លើ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

«ស្មារតី​ដើម​របស់​យើង​ គឺ​ថា​ទីមួយ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ​ហើយ​នឹង​ឱ្យ​មាន​សិទ្ធិ​មនុស្ស​ គោរព​សិទ្ធិ​មនុស្ស​រហូត​មក​ដល់​សព្វថ្ងៃ​ចំណោទ​ពីរហ្នឹង​អត់​ទាន់​បាន​ដោះស្រាយ​ទេ‍»។​

សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ស្នើ​ឱ្យ​បង្កើត​នូវ​«ក្រុម​ទាក់​ទង​កម្ពុជា‍»​ដែល​មាន​ប្រទេស​ចំនួន​៦​ ក្នុង​នោះ​មាន​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ដើម្បី​ជួយ​សង្កេត​មើល​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ ​និង​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ណេត ថៃយ័រ ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ និង​ជា​អ្នក​វិភាគ​បាន​ប្រាប់​ដល់​ក្រុម​អ្នក​ចូលរួម​ថា​ លទ្ធភាព​ដែល​ប្រទេស​ម្ចាស់​ជំនួយ​មក​ជួយ​ដូច​កាលពី​ឆ្នាំ​១៩៩១​ គឺ​ហាក់​ដូច​ជា​ការ​គិត​មិន​ប្រាកដ​ប្រជា​ទេ​ ហើយ​អ្នក​ដែល​គួរតែ​ទទួល​ការ​ស្តី​បន្ទោស​ចំពោះ​ការ​ខុស​ឆ្គង​កន្លង​មក​នេះ គឺ​មេដឹកនាំ​របស់​កម្ពុជា​មិន​មែន​បរទេស​ទេ។

លោក Nate Thayer អ្នក​យក​ព័ត៌មាន​ឯករាជ្យ​ ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

«អំពើ​ពុក​រលួយ​បាន​រាលដាល​ក្នុង​ប្រទេស​កម្ពុជា។ អស់​លោក​និយាយ​ពី​ការ​លក់​ប្រទេស​កម្ពុជា​ឬ? និង​ការ​ចូល​ឈ្លានពាន​របស់​វៀតណាម​ និង​ចាប់​យក​ផ្នែកខ្លះ​របស់​កម្ពុជា​មែន​ទេ? នោះ​មិនមែន​វៀតណាម​ទេ។ នោះ​គឺ​កម្ពុជា​ខ្លួនឯង​ ដែល​តម្រង់​ជួរ​គ្នា​ដើម្បី​រក​ផល​ប្រយោជន៍​ច្រក​ហោប៉ៅ​ផ្ទាល់​ខ្លួន ​ដោយ​សារ​តែ​ពួកគេ​មាន​អំណាច​នយោបាយ ​កាំភ្លើង ​និង​លុយកាក់។ ហើយ​ពួកគេ​ប្រើ​ប្រាស់​ដើម្បី​លក់​ប្រទេស​ទៅ​ឱ្យ​ផល​ប្រយោជន៍​បរទេស។ នេះ​គឺជា​អ្វី​ដែល​កំពុង​កើតមាន​ឡើង​នៅ​ប្រទេស​ចិន ប្រទេស​វៀតណាម ​និង​ដោយ​ស្មោះត្រង់​ទៅ​ គឺ​ជា​អ្វី​ដែល​កើត​មាន​ឡើង​ទៅ​លើ​អ្នក​ណា​ក៏ដោយ ដែល​អាច​ទទួល​បាន​ចំណែក​នៃ​នំ​មួយ​ដុំ​នោះ។ នោះ​មិនមែន​ជា​កំហុស​លោក​ហ៊ុន សែន​ទេ។ នោះ​គឺជា​កំហុស​នៃ​មេដឹកនាំ​កម្ពុជា​រាប់​ជំនាន់​មក​នេះ‍»។

ប្រតិបត្តិ​ការ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចំណាយ​ថវិកា​ជិត​ពីរពាន់​លាន​ដុល្លារ​និង​ប្រើប្រាស់​កម្លាំង​យោធា ​ប៉ូលិស​ និង​ស៊ីវិល​ជាង​ពីរម៉ឺននាក់​ មិន​បាន​បង្កើត​បាន​សូម្បី​តែ​ស្ថាប័ន​ប្រជាធិបតេយ្យ​មួយ​ផង។​ នេះ​បើ​តាមការ​យល់​ឃើញ​របស់​លោក​ Nate Thayer។

«ខ្ញុំ​អាច​និយាយ​ថា​ កិច្ចព្រមព្រៀង​នេះ​គ្មាន​អ្វី​ត្រូវ​អបអរ​សាទរ​សោះ។ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​គឺ​ជា​ការ​បរាជ័យ​មួយ។ ទឹកប្រាក់​បី​ពាន់លាន​ដុល្លារ​ដែល​ចំណាយ​ដោយ​សហគមន៍​អន្តរជាតិ​គឺ​ជា​លុយ​ដែល​ចំណាយ​ចោល‍»។

ការ​ជួបប្រជុំ​នេះ​បាន​ទាក់​ទាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​បាន​ចូលរួម​ និង​ស្វែង​យល់​ដឹង​បន្ថែម​ពី​ប្រវត្តិ​នៃ​ប្រទេស​ដើម​កំណើត​របស់​ឱពុកម្តាយ​របស់​ពួកគេ​ផងដែរ។​

កញ្ញា​ទេវី ស៊ីន ​ប្រធាន​និង​ជា​អ្នក​បង្កើត​អង្គការ​ Save Cambodia ចូលរួម​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៦។

កញ្ញា​ទេវី ស៊ីន ​ប្រធាន​និង​ជា​អ្នក​បង្កើត​អង្គការ​ Save Cambodia ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជាលើក​ដំបូង​បាន​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ចូលចិត្ត​ច្រើន ​ពីព្រោះ​ខ្ញុំ​ចូលចិត្ត​ស្តាប់​គំនិត​ខ្មែរ​ផ្សេងៗ​គ្នា។ ចង់​ដឹង​ថា​សព្វថ្ងៃ​ហ្នឹង​ខ្មែរ​កំពុង​តែ​គិត​អ្វី​ ហើយ​កំពុង​មាន​អារម្មណ៍​អ្វី​ ភ័យ​ឬមាន​លំបាក​អ្វី​ខ្លះ‍»។​

បើ​ទោះ​បី​ជា​មាន​ការ​ខកចិត្ត​ក៏​ដោយ ​ក៏​សហគមន៍​ខ្មែរ​នៅ​បន្ត​ទទូច​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ឱ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ព្រោះ​ពួកគេ​យល់​ថា ​នេះ​គឺ​ជា​គន្លឹះ​ពិតប្រាកដ​ក្នុង​ការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​មក​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG