ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កិច្ច​ព្រមព្រៀង​ប៉ារីស​សម្រេច​បាន​ច្រើន​តែ​នៅ​មាន​បញ្ហា​សេស​សល់


រូបឯកសារ៖ លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។

លោក​ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ Hello VOA ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ធានា​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត​ភាព​ និង​បូរណភាព​ទឹក​ដី​ ហើយ​សម្រេច​បាន​តាំង​ពីឆ្នាំ​១៩៩១​មក ​ដោយសារ​តែ​មិន​មាន​បរទេស​ណា​មក​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​ទៀត​ទេ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​នាំ​ឱ្យ​ប្រទេស​កម្ពុជា​រក្សា​បាន​អព្យាក្រឹត​ភាព​ បូរណភាព​ទឹកដី​ ការកសាង​ស្ថាប័ន​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ ប៉ុន្តែ​នៅ​មិនទាន់​ឈាន​ដល់​ការ​កសាង​នីតិរដ្ឋ​មួយ​ត្រឹម​ត្រូវ ​ដែល​ធានា​នូវ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ Hello VOA ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ធានា​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត​ភាព​ និង​បូរណភាព​ទឹក​ដី​ ហើយ​សម្រេច​បាន​តាំង​ពីឆ្នាំ​១៩៩១​មក ​ដោយសារ​តែ​មិន​មាន​បរទេស​ណា​មក​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​ទៀត​ទេ។​

សហគមន៍​អន្តរជាតិ​ក៏​បាន​ជួយ​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់​ពី​ការ​ខ្ទេចខ្ទាំ​ដោយ​សារ​សង្គ្រាម។ លោក សោភក្តិ៍​ យល់​ឃើញ​ថា​ នៅ​លើ​ផ្នែក​នេះ​សហគមន៍​អន្តរជាតិ​បាន​បំពេញ​បាន​ច្រើន​ហើយ​កំពុង​បំពេញ​បន្ត​ទៀត។

លោក​បន្ថែម​ថា៖

«ក្នុងរយៈ​២០ឆ្នាំ​ចុង​ក្រោយ​នេះ​ សហគមន៍​អន្តរជាតិ​បាន​បំពេញ​តួនាទី​ខ្លួនឯង​ដោយ​ផ្ទាល់​ផង​ដែរ ​ហើយ​មាន​អង្គការ​អន្តរជាតិ​ច្រើន​ណាស់​ធ្វើ​រឿង​ទាំងអស់​ហ្នឹង​គ្រប់​វិស័យ​ទាំងអស់។ ហើយ​បាន​ចូលរួម​ជួយ​អង្គការ​សង្គម​ស៊ីវិល​របស់​កម្ពុជា​របស់​យើង​នៅតាម​ថ្នាក់​ជាតិក្តី​នៅ​តាម​ថ្នាក់​ក្រោម​ជាតិ​ក្តី​ ស្រុក​ភូមិឃុំ​យើង​ឃើញ​ថា​២០ឆ្នាំ ​ហ្នឹង​គឺ​ធ្វើ​សន្ធឹក​សន្ធាប់​ណាស់‍»។

សហគមន៍​អន្តរជាតិ​ក៏​ជួយ​ដល់​ការ​រៀបចំ​ផ្នែក​គន្លឹះ​មួយ​ចំនួន​នៃ​ស្ថាប័ន​ជាតិ​ទាំង​ផ្នែក​រូបវ័ន្ត​ និង​ស្មារតី​ដែល​មាន​ការ​ជួយ​ដល់​ការ​ពង្រឹង​រដ្ឋធម្មនុញ្ញ ​តុលាការ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម។

បច្ចុប្បន្ន​នេះ​សហគមន៍​អន្តរជាតិ​មើលឃើញ​ថា​ បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​សព្វថ្ងៃ​គឺ​កំពុង​តែ​ក្លាយ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ។ លោក​សោភក្តិ៍ ​បាន​លើក​ឧទាហរណ៍​ពី​បញ្ហា​ទំនាស់​នយោបាយ​ ដែល​កំពុង​មាន​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ជាដើម។

លោក​បានបន្ថែម​ថា៖

«បើសិន​ជា​ឈ្លោះ​គ្នា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ត្រូវ​ចេះ​អង្គុយ​តុ​ខ្លួនឯង​ចេះ​អង្គុយ​និយាយ​គ្នា​មិនចាំ​បាច់​ឱ្យ​អន្តរជាតិ​មក​លូកដៃ​មកចុះ​ហត្ថលេខា​ឱ្យ​ដូច​មុន​ទេ​...​ហើយ​គួរតែ​អង្គុយ​ជជែកគ្នា​កុំ​ឱ្យ​មាន​ការ​ប្រើ​គុក​ប្រើ​ច្រវ៉ាក់​ឬ​មួយ​ការ​បកស្រាយ​ច្បាប់​ដែល​នាំ​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​‍»។

គណបក្ស​កាន់​អំណាច​តែង​តែ​លើក​ឡើង​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ផុត​សុពលភាព ​ហើយ​ក្រោយពី​ប្រទេស​កម្ពុជា​បាន​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​១៩៩៣។​

ប៉ុន្តែ​លោក សោភក្តិ៍​ យល់​ផ្សេង​ពីនេះ។ លោក​បាន​បញ្ជាក់ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​ស្តាប់​កម្មវិធី​ Hello VOA ​ដែល​បាន​ទូរស័ព្ទ​ចូល​មក​ថា៖

«ការ​ដែល​បង្កើត​រដ្ឋធម្មនុញ្ញ​ គឺ​មិន​ចប់​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ ឬ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទេ​ ផ្ទុយ​ទៅ​វិញ​ត្រូវ​បន្ត​ពង្រឹង​តទៅ​ទៀត‍»។

លោក​បាន​បន្ថែម​ថា ​ជាពិសេស​នៅក្នុង​កាលៈ​ទេសៈ​ដែល​ការ​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​នៅ​មិន​ទាន់​បាន​រឹងមាំ។ ហើយ​បញ្ហា​ប្រឈម​ក្នុងពេល​ខាង​មុខ​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ការ​បង្កើន​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​មក​លើ​រដ្ឋាភិបាល។ ឧទាហរណ៍​ ការ​ធ្វើ​ឃាត​លោក​ កែម ឡី​ ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​គឺ​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​តាម​ស្វែងរក​ឃាតករ​ និង​អ្នក​បញ្ជា​ឃាតករ​យក​មក​កាត់​ទោស​ជាដើម។

លោក​បាន​បន្ថែម​ថា៖

«នៅឆ្នាំ​២០១៣​ប្រជាពលរដ្ឋ​បាន​ឱ្យ​សញ្ញាហើយ​ថា​ធ្វើ​ខុស​បានជា​ធ្លាក់​កៅអី​មកសល់​៦០ជាង​។ ដូច្នេះ​គ្មានអ្វី​ដែល​ច្បាស់​លាស់​ជាង​ចំណុច​អស់​ទាំងហ្នឹង​ទេ ​ហើយ​បើសិន​ជា​មិន​ទទួល​ម៉េច​ហ្នឹង​បាន​ បើ​ប្រជាពលរដ្ឋ​គេ​ទម្លាក់​កៅអី​ដល់​ប៉ុណ្ណឹង​ហើយ​ ហើយ​នៅឆ្នាំ​២០១៧​និង​២០១៨​ហ្នឹង​ត្រូវ​ធ្វើ​ឱ្យ​ស្រួល​ដើម្បី​ធានា​ឱ្យ​បាន​ឡើងវិញ‍»។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ​នៅ​សាលប្រជុំ​ក្លេប៊ែ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដោយ​ភាគី​ទំនាស់​ចំនួន​បួន​ ដើម្បី​បញ្ឈប់​ការ​ច្បាំង​គ្នា។ ការ​ចរចា​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ដែល​លោក​សោភក្តិ៍​ យល់​ថា ​គ្រប់​ភាគី​ទាំងអស់​ និង​ប្រទេស​មហា​អំណាច​ទាំង​៥​មាន​ចំណែក​ស្មើៗ​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG