ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​២៥​ឆ្នាំ​ក្រោយ​ អ្នក​តាមដាន​បារម្ភ​ថា​កម្ពុជា​កាន់​តែ​ឃ្លាត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស


សហគមន៍​អន្តរជាតិ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​ជជែក ​និង​ពិនិត្យ​ឡើង​វិញ​អំពី​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
សហគមន៍​អន្តរជាតិ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​ជជែក ​និង​ពិនិត្យ​ឡើង​វិញ​អំពី​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​តំបន់​ និង​សហគមន៍​អន្តរជាតិ​សម្តែង​ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ចង់​ឲ្យ​កម្ពុជា​ដើរ​ចាក​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។

សហគមន៍​អន្តរជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​ជជែក​គ្នា​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ ដើម្បី​ពិនិត្យ​ឡើង​វិញ​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ សន្និសីទ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ការ​រំឭក​ខួប​២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នេះ​ បាន​កំពុង​ខិត​ជិត​មក​ដល់ ហើយ​ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការ​បារម្ភ​អំពី​ការ​វិវត្តស្ថានភាព​នយោបាយ​ សង្គម និង​សន្តិភាព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​តំបន់​ និង​សហគមន៍​អន្តរជាតិ​សម្តែង​ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ចង់​ឲ្យ​កម្ពុជា​ដើរ​ចាក​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស (Paris Peace Agreement) ​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ភាគី​៤​ ឈប់​បាញ់​គ្នា​ នាំឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​ គឺ​ជា​ស្នា​ព្រះហស្ត​របស់​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម។

សន្និសីទ​អន្តរជាតិ​នេះ​ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​ឡើង​វិញ​ថា ​តើ​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ពិសេស​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ដោយ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​នោះ។

នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​អាយុ​២៥ឆ្នាំ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​មើល​ឃើញ​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ដែល​នៅ​មិន​ទាន់​មាន​ភាពប្រសើរ​ត្រឹមត្រូវ​ និង​ភាព​ចម្រូង​ចម្រាស​នៃ​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ និង​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ការ​សម្តែង​មតិ​ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរការកសាង​សន្តិភាព​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា។​

លោកស្រី ​ចក់​ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) បាន​លើក​អំពី​ក្តី​បារម្ភ​ចំពោះ​ឧបសគ្គ​ចម្បងៗ​ដែល​អាច​នាំ​កម្ពុជា​ឲ្យ​ប្រាស​ចាក​ពី​ការ​គោរព​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស។ ឧបសគ្គ​ទាំង​នោះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ ក៏​ដូច​ជា​សិទ្ធិ​នយោបាយ​ ដែល​មាន​ដូច​ជា​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ជាដើម។

លោកស្រី​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រជាជន​កម្ពុជា​ពុំ​ទាន់​ទទួល​បាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​អនុលោម​ទៅ​តាម​ច្បាប់​សាកល​ស្តី​អំពី​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​រួច​ទៅ​ហើយ​នោះ​ ជា​ពិសេស​គឺ​ប្រាស​ចាក​នឹង​អត្ថន័យ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​តែ​ម្តង។

លោកស្រី ចក់​ សុភាព បញ្ជាក់​ថា៖

«អ្វី​ដែល​ខកខាន​ក្នុង​ការ​បំពេញ​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នេះ​ដែរ ​ពាក់ព័ន្ធ​នឹង​ការ​យាយី​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ។​ ការ​ដែល​បង្កើត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង។ បើ​យើង​មើល​ទៅ​ច្បាប់​នេះ​សំដៅ​ទៅ​លើ​តួអង្គ​សំខាន់​របស់​សង្គម​ស៊ីវិល​ដែល​ដើរ​តួ​សំខាន់​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក ស៊ុន ឆ័យ (ខាងស្តាំ​កណ្តាល) តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ការ​អនុវត្ត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​ក្នុង​កំឡុង​ពេល​២៥ឆ្នាំ ក្រោយ​ការ​សម្រេច​សន្ធិសញ្ញា​សន្តិភាព​មួយ​នេះ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
លោក ស៊ុន ឆ័យ (ខាងស្តាំ​កណ្តាល) តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ការ​អនុវត្ត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​ក្នុង​កំឡុង​ពេល​២៥ឆ្នាំ ក្រោយ​ការ​សម្រេច​សន្ធិសញ្ញា​សន្តិភាព​មួយ​នេះ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

លោក ស៊ុន ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​មាន​វត្តមាន​នៅ​សន្និសីទ​អន្តរជាតិ​ដដែល​នោះ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា បរាជ័យ​មួយ​ក្នុង​ចំណោម​បរាជ័យ​ផ្សេងៗ​ទៀត​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នោះ​គឺ សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា៖​

«២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នេះ កម្មវិធី​នៃ​ការ​សិក្សា​ឡើង​វិញ​នូវ​ភាព​ជោគជ័យ និង​បរាជ័យ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នេះ​បាន​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​អំណាច​ហ្នឹង។ តំណាងរាស្រ្ត​ដែល​មាន​អភ័យ​ឯកសិទ្ធិ ដែល​ធ្លាប់​បំពេញ​ការងារ​ដោយ​មិន​ភ័យ​ខ្លាច​ ឥឡូវ​រង​គ្រោះ​ដោយ​ភ័យខ្លាច។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ឲ្យ​ស្ថាប័ន​រដ្ឋ​រឹងមាំ​ឡើង​ ហើយ​អំណាច​បុគ្គល​ត្រូវ​កាត់​បន្ថយ»។

​ការ​ពិនិត្យ​លើ​ភាព​ជោគជ័យ​ និង​បរាជ័យ​នៃ​ការ​អនុវត្ត​សន្ធិ​សញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស​មក​ទល់​នឹង​ឆ្នាំ​នេះ អ្វី​ដែល​គេ​នៅ​បារម្ភ​ទៀត​នោះ​ គឺ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨​ ខាង​មុខ។

លោកស្រី ចក់ សុភាព បាន​ថ្លែង​ទៀត​ថា​ កន្លង​មក​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា​អំពី​យន្តការ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស។

«យើង​ព្យាយាម​ក្នុង​ការ​ជជែក​ស្វែង​រក​យន្តការ​ណា​មួយ​ដែល​ធានា​ថា ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​ដែល​ឈ្នះ​ឆ្នោត​ក្រៅ​ពី​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន តើ​យើង​អាច​ធានា​នូវ​សន្តិភាព​យ៉ាង​ម៉េច​ ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​យ៉ាង​ម៉េច អញ្ចឹង​យើង​នឹង​អាច​មើល​ឃើញ​នូវ​ដំណោះស្រាយ។ យើង​ចង់​ឲ្យ​គណបក្ស​កាន់​អំណាច​ទាំងអស់​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព»។

រូបថត​ជាច្រើន​ផ្ទាំង​ដែល​រំលឹក​អំពី​អនុ​ស្សា​វរីយ៍​ និង​ភាព​ជោគជ័យ​នៃ​ការ​នាំមក​នូវ​សន្តិភាព​វិញ​របស់​កម្ពុជា​ក្រោយ​ការ​អនុម័ត​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
រូបថត​ជាច្រើន​ផ្ទាំង​ដែល​រំលឹក​អំពី​អនុ​ស្សា​វរីយ៍​ និង​ភាព​ជោគជ័យ​នៃ​ការ​នាំមក​នូវ​សន្តិភាព​វិញ​របស់​កម្ពុជា​ក្រោយ​ការ​អនុម័ត​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

លោក មាស នី អ្នក​វិភាគ​នយោបាយ និង​សង្គម​នៅ​កម្ពុជា​បាន​ បាន​ប្រមើល​មើល​ទៅ​អនាគត​នៃ​សន្តិភាព​របស់​កម្ពុជា​ថា អ្នក​នយោបាយ​គួរ​សម្រាល​ពាក្យ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​ការ​ចង​គំនុំ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ដំណាក់កាល​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។​ លោក​ថា​ យន្តការ​មួយ​ដែល​ប្រសើរ​គឺ​ការ​បង្កើន​ភាព​ទុកចិត្ត​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​នយោបាយ​ ដើម្បី​ធ្វើ​ប្រទេស​ជៀស​ផុត​ពី​ជម្លោះ​នយោបាយ​បែប​បុគ្គល​ ដែល​បាន​យាយី​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មកនេះ។

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖

«អ្នក​នយោបាយ​ខ្លះ​នៅ​យល់​ថា បើ​គាត់​ចាញ់​ឆ្នោត គាត់​ត្រូវ​បាន​គេ​ធ្វើ​បាប​វិញ ព្រោះ​ឥឡូវ​មាន​ម្ខាង​ធ្វើ​បាប​ម្ខាង ដល់​គេ​ឈ្នះ​ឆ្នោត គេ​ធ្វើ​បាប​វិញ។ ប្រពៃណី​ហ្នឹង​គួរ​កាត់​បន្ថយ ហើយ​កុំ​បង្កើត​ពាក្យ​ឲ្យ​មាន​ការ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក។ ផ្តល់​ភាព​កក់​ក្តៅ​ទៅ​វិញ​ទៅ​មក​ទៅ ​១០​ទៅ​១៥​ឆ្នាំ​ទៅ ខ្មែរ​នឹង​រក​ឃើញ​ឯកភាព​ជាតិ​មួយ​វិញ​ហើយ។ តែ​បើ​នៅ​តែ​ដូច​សព្វ​ថ្ងៃ​នេះ​ សង្គម​យើង​នឹង​កើត​ចង​គំនុំ​គ្នា​មិន​ចប់​ទេ»។

អ្នក​វិភាគ​សង្គម​លោក មាស​ នី បញ្ជាក់​បន្ថែម​ថា​ ប្រទេស​កម្ពុជា​មិន​អាច​មើល​រំលង​កិច្ច​ព្រមព្រៀង​នេះ​បាន​នោះ​ឡើយ ព្រោះ​វា​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ធានា​ដល់​ការ​រស់រាន​ឡើង​វិញ​របស់​កម្ពុជា ​ក្រោយ​របប​ខ្មែរ​ក្រហម។

ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ សហគមន៍​អន្តរជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ពិនិត្យ​តាមដាន​ឡើងវិញ​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ការ​ប្រមូល​ផ្តុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​អបអរ និង​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥​នៃ​ជោគជ័យ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ដែល​ស្នើ​សុំ​ប្រារព្ធ​កម្មវិធី​ក្នុង​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៦​នោះ ​គួរ​កំណត់​ចំនួន​អ្នក​ចូលរួម​ដើម្បី​កុំ​ឲ្យ​លើស​កំណត់​តាម​ច្បាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG