ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជុំវិញការឱ្យដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
លោក អាន សុខខឿន អ្នកនាំពាក្យរបស់ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងទណ្ឌិតមួយរូប គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តតែប៉ុណ្ណោះ ដែលមិនតំណាងឱ្យអង្គការសហប្រជាជាតិឡើយ។
បើតាមអ្នកនាំពាក្យរូបនោះ អ្នកជំនាញទាំងនោះគ្រាន់តែជាបុគ្គលដែលធ្វើការងារតាមសមត្ថភាពរបស់ខ្លួន ហើយពួកគេមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិឡើយ។
អ្នកនាំពាក្យបញ្ជាក់ថា៖ «បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុនិងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
អ្នកនាំពាក្យបន្ថែមថា៖ «សេចក្តីសន្និដ្ឋានរបស់ក្រុមការងារនេះក៏ពុំមានទម្ងន់អ្វីឡើយ រួមទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ»។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា ក្រោយក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយចាត់ទុកការឃុំខ្លួនកញ្ញា សេង ធារី ធ្វើឡើងដោយបំពានទៅនឹងច្បាប់អន្តរជាតិ និងជាប់ហេតុផលនយោបាយ។
សេចក្តីថ្លែងការណ៍របស់អ្នកជំនាញទាំងនោះបញ្ជាក់ថា៖ «ការឃុំខ្លួន កញ្ញា សេង ធារី គឺស្ថិតនៅក្នុងការបង្ក្រាបជាទ្រង់ទ្រាយទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយការរំលោភលើនីតិវិធីត្រឹមត្រូវតាមច្បាប់ ជាការរៀបចំដើម្បីគំរាមកំហែងកញ្ញាឱ្យស្ងាត់ស្ងៀម»។
កាលពីខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាលោកនឹងមិនដោះលែង កញ្ញា សេង ធារី ឡើយ ដោយសារតែមានអន្តរាគមន៍ពីបរទេស។ លោកបន្ថែមថាជនជាប់ឃុំរូបណាដែលត្រូវបានបរទេសស្នើសុំឱ្យដោះលែង គឺអ្នកជាប់ឃុំនោះនឹងនៅតែបន្តជាប់ក្នុងពន្ធនាគារ។
សហរដ្ឋអាមេរិកបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែងកញ្ញា សេង ធារី។
លោក សំ ចំរើន មេធាវីរបស់កញ្ញា សេង ធារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់បានព័ត៌មានអ្វីពាក់ព័ន្ធនឹងសវនាការលើ កញ្ញា សេង ធារី នៅឡើយទេ ទៅលើបណ្តឹងនៅសាលាឧទ្ធរណ៍។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩៕