ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យជម្នះ​របស់​លោក ហ៊ុន សែន​ នឹង​កំណត់​ពី​ជោគវាសនា​របស់​កម្ពុជា


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែក្រោយ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​របស់​លោក​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹងទុក និង​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត ដោយ​ឈ្នះ​អាសនៈ​ចំនួន ១២០ ក្នុង​ចំណោម​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ។

វា​ជា​លទ្ធផល​ដែលត្រូវ​បាន​គេ​រំពឹង​ទុក​សម្រាប់​ការ​បោះឆ្នោត​ជាតិ​មួយ​ដែល​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ពិពណ៌នា​ថា «មិន​សេរី និង​យុត្តិធម៌» បន្ទាប់ពី​មាន​ការ​ដក​សិទ្ធិ​ចូលរួម​ពី​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង និង​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​អ្នក​ដែល​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់​ការ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ក៏​បាន​លើក​ឡើង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ចាត់​វិធានការ​នានា​ដើម្បី​រឹតត្បិត​ទិដ្ឋាការ «លើ​បុគ្គល​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ» និង​បាន «ផ្អាក​អនុវត្ត​កម្មវិធី​ផ្តល់​ជំនួយ​បរទេស​មួយ​ចំនួន»ផង​ដែរ។ ប្រទេស​ផ្សេង​ទៀត រួម​ទាំង​អូស្ត្រាលី និង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក៏​បាន​រិះគន់​ដំណើរការ​បោះឆ្នោត​នេះ​ផង​ដែរ។

កូន​ប្រុស​នាយករដ្ឋមន្ត្រីហ៊ុន សែន​ លោក ហ៊ុន ម៉ាណែត កាន់ទង់ជាតិ​បក្ស​នៅពេល​លោក​ចូលរួមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃទី​០១ កក្កដា ឆ្នាំ២០២៣។REUTERS/Cindy Liu
កូន​ប្រុស​នាយករដ្ឋមន្ត្រីហ៊ុន សែន​ លោក ហ៊ុន ម៉ាណែត កាន់ទង់ជាតិ​បក្ស​នៅពេល​លោក​ចូលរួមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃទី​០១ កក្កដា ឆ្នាំ២០២៣។REUTERS/Cindy Liu

ប្រភព​នានា​បាន​ឱ្យ​ដឹង​ថា កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា​ខាង​មុខ នៅ​ពេល​ដែល​រដ្ឋសភា​គ្រោង​នឹង​បើក​អង្គប្រជុំ បន្ទាប់​ពី​លោក ហ៊ុន សែន វ័យ ៧០ ឆ្នាំ​បាន​បញ្ចប់​ការ​មន្ទិល​នានា​អំពីថា​តើ​ពេល​ណា​ដែល​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នោះ។

លោក ហ៊ុន សែន បាន​ប្រាប់​ទូរទស្សន៍ Phoenix TV របស់​ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «ខ្ញុំ​ជឿ​ថា ម៉ាណែត​មាន​លទ្ធភាព​ខ្ពស់​ជាង​ខ្ញុំ។ ខ្ញុំ​ជា​អ្នក​លះបង់​ធំ​ជាង​គេ។ ឥឡូវ​នេះ ខ្ញុំ​កំពុង​អង្គុយ​ក្នុង​អំណាច​ពេញ​ដៃ តែ​មួយ​ខែ​ក្រោយ​ទៀត ខ្ញុំ​អត់​មាន​អំណាច​ចុះ​ហត្ថលេខា​ដូចថ្ងៃ​នេះ​ទេ»។

គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​បាន​ស្តារ​ជំហរ​របស់​ខ្លួន​ឡើង​វិញ និង​បាន​ជួយ​បញ្ចប់​ឋានៈ​ជា​រដ្ឋ​ឯក​បក្ស​របស់​ប្រទេស​នេះ។ ប៉ុន្តែ​ដោយ​មាន​អាសនៈ​ចំនួន​ត្រឹម​តែ ៥ ក្នុង​រដ្ឋសភា គណបក្ស​នេះ​នឹង​មាន​ឥទ្ធិពល​តិចតួច ខណៈ​ដែល​គណបក្ស​តូចៗ​ចំនួន ១៦ ផ្សេង​ទៀត​ប្រហែល​ជា​អាច​ប្រមូល​បាន​សំឡេង​ ១% នៃ​សំឡេង​ឆ្នោត​ទាំងអស់។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ១៩៩៨​ មក វា​គ្រាន់​តែ​ជា​ការ​ផ្តួល​រំលំ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​ ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​តានតឹង។ ដូច្នេះ ការ​បោះឆ្នោត​នេះ​គ្រាន់​តែ​ជា​ការ​ចម្លង​ពី​ការ​បោះឆ្នោត​ចុងក្រោយ​ប៉ុណ្ណោះ។ ខ្ញុំ​ហៅ​វា​ថា​ជា​កិច្ចការ​ដ៏​ស្រួល​បំផុត​មួយ»។

លោក Thayer បាន​ថ្លែង​ថា ជីវិត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទំនាក់ទំនង​ដ៏​តានតឹង​ជាមួយ​ប្រទេស​លោក​ខាង​លិច និង​សហរដ្ឋអាមេរិក មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​ជាមួយ​នឹង​ការ​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត វ័យ ៤៥ ឆ្នាំ​នោះ​ទេ ទោះ​បី​ជា​លោក​មាន​ប្រវត្តិ​សិក្សា​នៅ​ក្រៅ​ប្រទេស​ក្តី។ លោក ហ៊ុន ម៉ាណែត ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង West Point និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ Bristol នៅ​ចក្រភព​អង់គ្លេស។

លោក ហ៊ុន សែន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​ជា​តួអង្គ​សំខាន់​ក្នុង​នយោបាយ​កម្ពុជា ហើយ​បន្ត​ប្រើប្រាស់​ឥទ្ធិពល​របស់​លោក​តាម​រយៈ​តំណែង​ជាន់ខ្ពស់​ក្នុង​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​ថា លោក​ចង់​ឃើញ​ចៅ​ប្រុស​របស់​លោក​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០៣០​ផង​ដែរ។

រដ្ឋមន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រគល់​អំណាច​របស់​ខ្លួន​ទៅ​ឱ្យ​កូន​ប្រុស​របស់​ពួកគេ ដោយ​ធានា​ថា វណ្ណៈ​នយោបាយ​នៅ​កម្ពុជា អភិជន​ជំនួញ​ដែល​កំពុង​កាន់​អំណាច និង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​មិន​មាន​ការ​ផ្លាស់ប្តូរ។

លោក Thayer បាន​ថ្លែង​ថា៖ «ប្រសិនបើ​លោក ហ៊ុន សែន គាំទ្រ​ចិន ៩០% នោះ​លោក ហ៊ុន ម៉ាណែត ប្រហែល​ជាគាំទ្រ ៨៥%»។

លោក Bradley Murg អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) គាំទ្រ​ការ​លើក​ឡើង​របស់​លោក Thayer ។ លោក Murg បាន​ថ្លែង​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​តិចតួច​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បច្ចប្បន្ន​នេះ​ជា​ឧត្តមសេនីយ​ផ្កាយ​បួន និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​ផង​ដែរ។

លោក Bradley Murg បាន​ប្រាប់ VOA ថា៖ «លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ហើយ​ជាមួយ​គ្នា​នេះ នឹង​មាន​ការ​ផ្លាស់ប្តូរ​ជំនាន់​នៃ​ការ​ដឹកនាំ និង​ការ​កែលម្អ​អភិបាលកិច្ច​ដែល​គេ​រំពឹង​ទុក​ នៅ​តាម​ក្រសួង​មួយ​ចំនួន​ដែល​នឹង​មាន​ភាព​វិជ្ជមាន»។

«ទន្ទឹម​នឹង​នេះ បញ្ហា​ប្រឈម និង​កង្វល់​របស់​តួអង្គ​សង្គម​ស៊ីវិល​ផ្សេងៗ មិន​មាន​ហេតុផល​ណា​មួយ​ក្នុង​ការ​រំពឹង​ថា នឹង​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ទេ»។

នោះ​ក៏​មាន​ន័យ​ដែរ​ថា បញ្ហា​ដែល​ចិន​សង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​សមុទ្រ​រាម​នៅ​ឆ្នេរ​សមុទ្រ​ខាង​ត្បូង និង​ការ​ចាប់​ដាក់​ពន្ធនាគារ​សកម្មជន​នយោបាយ​ ដែល​រួម​មាន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព និង​កញ្ញា សេង ធារី ​មេធាវី​ខ្មែរ​អាមេរិកាំង នឹង​នៅ​តែ​ដដែល។

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ ហើយ​នៅ​ថ្ងៃទី១៣ ខែកក្កដា​ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​បាន​រក​ឃើញ​ថា កញ្ញា សេង ធារី ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​ក្បត់​ជាតិ និង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ​សម្រាប់​ការ​បង្ហោះ​ហ្វេសប៊ុក​ចំនួន ២ ត្រូវ​បាន «ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ដោយ​បំពាន​ច្បាប់​អន្តរជាតិ»។

លោក Thayer បាន​ថ្លែង​ថា៖ «មាន​ជនជាតិ​អាមេរិក​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​កូរ៉េ​ខាង​ជើង​ ដោយសារ​ទាហាន​អាមេរិកាំង​ទាំង​នោះ​បាន​ឆ្លង​ព្រំដែន ​ហើយ​ឥឡូវ​ នេះ​ជា​ករណី​នៅ​កម្ពុជា។ វា​នឹង​មិនមែន​ជា​ដំណើរការ​ងាយ​ស្រួល​ទេ​សម្រាប់​កម្ពុជា។ នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ឃុំ​ខ្លួន​ជនជាតិ​អាមេរិកាំង​ដោយ​ខុស​ច្បាប់​នោះ​ទេ»។

ថ្ងៃ​បោះឆ្នោត​បាន​កន្លង​ផុត​ទៅ​ដោយ​ស្ងាត់ស្ងៀម បន្ទាប់​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខ្វះ​ការ​ចូលរួម​ពី​គណបក្ស​ភ្លើង​ទៀន។ អ្នក​និពន្ធ​វ័យ ២៩ ឆ្នាំ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា៖ «វា​មិន​គួរ​ឱ្យ​រំភើប​ដូច​ការ​បោះឆ្នោត​មួយ​ទសវត្សរ៍​មុន​នោះ​ទេ ដែល​យើង​មាន​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​របស់​ពួកគេ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​»។

លោក​បាន​បន្ថែម​ថា៖ «មិន​ថា​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ឬ​ចាស់​នោះ​ទេ វា​នឹង​មិន​មាន​អ្វី​ប្លែក​នោះ​ទេ»។

ស្មៀន​វ័យ ២៧ ឆ្នាំ​ម្នាក់​បាន​ថ្លែង​ថា៖ «មិន​មាន​បញ្ហា​អ្វី​ទេ​នៅ​ការិយាល័យ​បោះឆ្នោត​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​ទទួល​ភារកិច្ច​ដ៏​ក្តៅ​គគុក ដោយ​ភាព​ជា​អ្នក​ដឹកនាំ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ ហើយ​វា​ប្រហែល​ជា​តំណែង​ដែល​មិន​ងាយស្រួល​កាន់​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គាត់​អាច​ធ្វើ​បាន។ វា​អាច​ចំណាយ​ពេល​យូរ​ដើម្បី​ធ្វើ​កិច្ចការ​នោះ»។

សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ ដោយ​ប៉ូលិស និង​បុគ្គលិក​សន្តិសុខ​ចំនួន ១០០.០០០ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ចំ​ពេល​រដ្ឋាភិបាល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ធ្វើ​ពហិការ​ដែល​បំផុស​គំនិត​ដោយ​ក្រុម​ប្រឆាំង និង​ការ​តវ៉ា​តាមរយៈ​សន្លឹក​ឆ្នោត​ដែល​ខូច។

មន្ត្រី​បោះឆ្នោតរាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។
មន្ត្រី​បោះឆ្នោតរាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

គិត​ត្រឹម​ព្រឹក​ថ្ងៃចន្ទ ទី ២៤ ខែ​កក្កដា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន ៤៤០.០០០ បើ​ធៀប​នឹង​ចំនួន ៥៩០.០០០ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​បាន​កើន​ឡើង​ដល់ ៨៤,៥៨% ដែល​ខ្ពស់​ជាង​ចំនួន​អ្នក​ចុះ​ឈ្មោះ​កាលពី​ ៥ ឆ្នាំ​មុន​បន្តិច​ដែល​មាន​ត្រឹមតែ​ ៨៣,២% ប៉ុណ្ណោះ។

អ្នកស្រី Astrid Noren-Nilsson ជា​គ្រូ​បង្រៀន​ជាន់​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អាស៊ី​បូព៌ា និង​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ Lund របស់​ប្រទេស​ស៊ុយអែត។

អ្នកស្រី Noren-Nilsson បាន​ប្រាប់ VOA ថា លោក ហ៊ុន ម៉ាណែត ព្យាយាម​នៅ​ស្ងាត់ស្ងៀម​ពេញ​មួយ​យុទ្ធនាការ​នេះ ហើយ​ឥឡូវ​នេះ​នឹង​ធ្វើ​ការ​ដើម្បី​រក្សា​ការ​បន្ត​អំណាច។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​កំពុង​មាន​ទំនោរ​បន្តិច​ម្តងៗ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ប្រកួតប្រជែង និង​ច្បាប់​ទម្លាប់ និង​ដើរ​ចូល​ទៅ​ក្នុង​គន្លង​ថ្មី​មួយ​ដែល​ត្រៀម​សម្រាប់​អនាគត​ដ៏​ខ្លី​ខាង​មុខ»។

អ្នក​ស្រី​ថ្លែង​ទៀត​ថា៖ «ការ​បោះឆ្នោត​នេះ​គឺ​សំដៅ​លើ​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជំនាន់​នេះ ដោយ​មាន​ការបោះឆ្នោត​ដ៏​មាន​ប្រជាប្រិយភាព​មួយ»៕

កញ្ញា សារុំ ស្រីណាត ចូល​រួម​ចំណែក​ដល់​សេចក្ដីរាយការណ៍​នេះ។

XS
SM
MD
LG