ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី៖ បុគ្គលិក​ឃោសនាការ​ត្រូវ​នាំ​ខ្លួន​ចេញ​មិន​ដែល​វិល​វិញ​ទេ


ភ្នំពេញ៖ សាក្សី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​ការនាំខ្លួន​បុគ្គលិក​ចេញ​ពី​ក្រសួង​ឃោសនាការ​ជា​បន្ត​បន្ទាប់​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្នាក់ដឹកនាំ​កំពូល​រហូត​ដល់​កម្មាភិបាល​ថ្នាក់​ទាប។

អ្នកស្រី ស សៀក ហៅស៊ីម ​អតីត​បុគ្គលិក​ផ្នែក​សិល្បៈ​ក្នុង​ក្រសួង​ឃោសនាការ​ខ្មែរក្រហម​បាន​រៀបរាប់​តាម​ការចោទសួរ​របស់​តំណាង​សហ​ព្រះរាជ​អាជ្ញា​លោក​តារិក អាប់ឌុលហាក់​ (Tarik Abdulhak) ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​ថា​ លោក ហ៊ូ នឹម ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ឃោសនាការ​និង​ប្រពន្ធ​របស់​គាត់​ វ៉ា ឡន ហៅ មិត្ត​ យ៉ាត ​រួមទាំង​អ្នក​អាន​វិទ្យុ​និង​អ្នក​សិល្បៈ​និង​អ្នក​ចម្រៀង​ត្រូវបាន​នាំខ្លួន​ចេញ​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ឆ្នាំ​១៩៧៦។

«មាន​រថយន្ត​មក​យក។ រថយន្ត​ក្រសួង​ខ្លួន​ឯង​ហ្នឹង​បញ្ជូន​ទៅ។ រថយន្ត​ហ្នឹង​ច្រើន​មក​ពី​ក្រសួង​ថ្មី ​មន្ទីរ​យន់ យ៉ាត។ ដូចជា​មក​យក​ប្រពន្ធ​របស់​លោក ហ៊ូ នឹម ​ខ្ញុំ​ឃើញ​រថយន្ត​យោធា​មក​យក​ហ្នឹង»។

សាក្សី​សំខាន់​មួយ​រូប​គឺ​លោក សួង ស៊ីគឿន ​ធ្លាប់​បាន​លើក​ឡើង​ដោយ​ថែមទាំង​មាន​ការសោក​ស្តាយ​ទៀត​ផង​ថា​ លោក ហ៊ូ នឹម ​គឺ​ជា​មេដឹកនាំ​ខ្មែរក្រហម​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម​តែ​បី​នាក់​គត់​ដែល​មាន​ភាព​ស្មោះត្រង់​ពិត​ប្រាកដ។
យោងតាម​ឯកសារ​ជា​ច្រើន​បង្ហាញ​ថា​ លោក ហ៊ូ នឹម ​ត្រូវ​បាន​ចាប់យក​ទៅ​ដាក់​គុក​ទួលស្លែង​ហើយ​បន្ទាប់​មក​ត្រូវ​សម្លាប់​ចោល​ដោយ​ចោទ​ថា​ជា​ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក​ស៊ីអាយអេ។

អ្នកស្រី ស សៀក ​បាន​បញ្ជាក់​ថា ​អ្នក​ដែល​ត្រូវ​យកចេញ​ពី​ក្រសួងនោះ​មិន​ដែល​ឃើញ​ត្រឡប់​មក​វិញ​ឬ​ក៏​ត្រូវ​ដឹង​ថា​ពួកគេ​ទៅ​ធ្វើ​ការ​នៅ​ទីណា​ពិត​ប្រាកដ​នោះ​ទេ។
«ពេល​ដែល​ផ្លាស់​ពួក​ខ្ញុំ​ស្គាល់​ហ្នឹង​ចេញ​ទៅ ​ដោយ​ឥត​ឃើញ​មក​វិញ​មាន​ការព្រួយ​បារម្ភ​ ភ័យព្រួយ​ដែរ។ ឥត​ឃើញ​មក​វិញ ​មិនដឹង​ជា​ទៅ​ធ្វើ​ស្រែ​នៅ​ម្តុំ​ណា»។
បន្ទាប់​មក​សាក្សី​រូប​នេះ​បាន​យំ​ខ្សឹកខ្សួល​ក្នុង​បន្ទប់​សវនាការ​ដែល​ធ្វើ​ឲ្យ​លោក​ចៅក្រម​និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ផ្អាក​ការកាត់ទោស​ដប់​នាទី​មុនពេល​កំណត់។

«គាត់​បាន​ផ្តល់​សក្ខីកម្ម​ល្អ​ណាស់ ​បាន​មួយ​ថ្ងៃ​ហើយ ​ដូច​ជា​មិន​មាន​បញ្ហា​អី​ទេ។ ទើបតែ​សំណួរ​អម្បាញ់ម៉ិញ​នេះ​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​សហការី​របស់​គាត់​ដែល​មាន​ការបាត់ខ្លួន​ជា​បន្ត​បន្ទាប់​ទៀត​ទើប​មាន​ការ​រំជួល​ចិត្ត​នោះ។ អង្គជំនុំ​ជម្រះ​នឹង​ពិនិត្យ​បញ្ហា​នេះ​ជាក់ស្តែង​នៅ​សប្តាហ៍​ក្រោយ»។
ដោយឡែក​មេធាវី​អន្តរជាតិ​របស់​អៀង សារី ​ម៉ាយឃើល ខាណាវ៉ាស (Michael Karnavas) បាន សួរ ដេញ​ដោល​ជាច្រើន​លើ​លោក​សួង ស៊ីគឿន ​សាក្សី​នា​ពេល​ព្រឹក​ពី​ការ​ចូលរួម​របស់​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ ​ក្នុង​ចលនា​តស៊ូ​ជាមួយ​ពួក​ខ្មែរក្រហម​ រួមទាំង​សំណួរ​ដែល​ទាក់ទង​នឹង​អំណាច​របស់​ប៉ុល ពត។

លោក​សួង ស៊ីគឿន ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​ចំពោះ​ការ​ស្លាប់​របស់​ សុន សេន ​អតីត​រដ្ឋមន្រ្តី​ការពារជាតិ​ខ្មែរ​ក្រហម​ដែល​ត្រូវ​ប៉ុល ពត ​បញ្ជា​ឲ្យ​គេ​សម្លាប់​ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧៕
XS
SM
MD
LG