ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហោ ណាំហុង បដិសេធ​ទទួល​ការ​ខុសត្រូវ​នៅ​មន្ទីរ​សន្តិសុខ​បឹង​ត្របែក


​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា លោក​ហោ​ ណាំហុង
​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា លោក​ហោ​ ណាំហុង
លោក​ហោ​ ណាំហុង ​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា​បាន​ប្រើ​សម្តី​ធ្ងន់ៗ​ក្នុង​ការការពារ​ខ្លួន​ថា រូប​លោក​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​បែបណាមួយ​នៅ​ក្នុង​ជំរុំ​អប់រំ​កែប្រែ​បឹង​ត្របែក​ឬ​គុក​បឹងត្របែក​ក្នុង​របប​ខ្មែរក្រហមនោះ​ទេ។

ប្រតិកម្ម​របស់​ប្រមុខ​ការទូត​ខ្មែរ​ធ្វើ​ឡើង​បន្ទាប់​ពី​សក្សី​សំខាន់​មួយ​រូប​ក្នុង​ការកាត់ទោស​ក្នុង​សំណុំ​រឿង​០០២ គឺ​លោក​រចឹម ទន់ បាន​អះអាង​កាល​ពី​ថ្ងៃចន្ទ និង​ថ្ងៃ​អង្គារ​បន្តបន្ទាប់​គ្នា​ថា លោក ​គាត​ ឈន់​ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​លោក​ ហោ ​ណាំហុង​ រដ្ឋមន្ដ្រី​ការបរទេស​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ជា​កម្មាភិបាល​ជាន់ខ្ពស់នៅ​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​ហើយ​លោក​ហោ ណាំហុង ​ជា​អ្នកទទួលខុស​ត្រូវ​មួយ​រូប​នៅ​គុក​បឹងត្របែក។

នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​ខ្លី​មួយ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ហោ ​ណាំហុង ​មិន​បាន​ច្រាន​ចោល​ចំៗ​ចំពោះ​ការលើកឡើង​នេះ​ទេ​ ក៏ប៉ុន្តែ​ចាត់ទុក​ថា
ជា​ការអកុសល​ដែល​ថា អ្នក​ដែល​បន្ត​ការពារ​កេរដំណែល​នៃ​របប​ខ្មែរក្រហម ស្វែងរក​បង្វែរ​ចំណាប់​អារម្មណ៍​លើ​ពួកគេ​និង​ករណី​របស់​ពួក​គេ​ដោយ​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​នូវ​ភាពចម្រូងចម្រាស់​ជុំវិញ​បុគ្គល​សាធារណៈ​ដូចជា​រូប​លោក​នេះ​ជាដើម។

លោក​ឧបនាយក​រដ្ឋមន្ដ្រី​ហោ ​ណាំហុង​ លើក​ឡើង​ថា​លោក​ក៏​ជា​ជន​រងគ្រោះ​នៅ​បឹងត្របែក​ដែរ។ ​លោក​ បាន​អត្ថាធិប្បាយ​ជាភាសា​អង់គ្លេស​ក្នុង​សម្តី​ដើម​យ៉ាងដូច្នេះ​ថា៖

«ក្នុង​ឋានៈ​ជា​អ្នកទោស​នៅ​ជំរុំ​អប់រំ​កែប្រែ​បឹងត្របែក​មួយ​រូប​ដែល​នៅ​ទីនោះ​ខ្ញុំ​បាន​បាត់បង់​ប្អូន​ស្រី​ពីរ​នាក់​បាត់បង់​ស្វាម៉ី​របស់​ពួក​គាត់​ កូន ​និង​ក្មួយ​ស្រី​ម្នាក់​ក៏ដូចជា​សហការី​ច្រើន​រាប់​មិន​អស់។ ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ការសោកស្តាយ​និង​ការយល់ចិត្ត​សម្រាប់​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ»។
លោក​ឧបនាយក​រដ្ឋមន្ដ្រី​ហោ ​ណាំហុង​
លោក​ កុយ ​គួង ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់​ថា ​លោក​ ហោ​ ណាំហុង​ បាន​ដឹង​ថា ​សាច់ញាតិ​របស់​ខ្លួន​ស្លាប់​ក្នុង​គុក​បឹងត្របែក ​គឺ​នៅ​ផ្នែក​ប៣០​ក្រោយ​ពេល​កងទព័​វៀតណាម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ។

«បឹង​ត្របែក​នេះ​មាន​បែងចែក​ជា​បី​ផ្នែក​មាន​ ប៣០ ​ប៣១ ​និង​ប៣២។ ឈ្មោះ​សាវ៉ន ​ជា​មេ​នៅ​បឹង​ត្របែក​នេះ​ហើយ​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ប៣២ ​ផង​ដែរ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​អ្នកស្រី​នៅ ​សារឹម នៅ​វីអូអេ​ធ្លាប់​ធ្វើ​បទសម្ភាស​ជា​បន្តបន្ទាប់​ដែរ​អំពី​អ្នកទទួលខុសត្រូវ​នៅ​ប​៣២ ​នេះ​ដែល​មាន​ឈ្មោះ​សាវ៉ន​ ជា​អ្នកទទួលខុសត្រូវ។ ចំពោះ​ការលើកឡើង​របស់​សក្សី​ឈ្មោះ​រចឹម ​ទន់ ​នេះ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ​លោក​មិន​បាន​ស្គាល់​សក្សី​នេះ​ទេ»។

នៅ​ក្នុង​ការផ្តល់​សក្ខីកម្ម​កាល​ពី​ដើម​សប្តាហ៍​នេះ​ លោក​រចឹម ​ទន់​ អតីត​អ្នកនាំសារ​របស់​ប៉ុល​ ពត ​និង​អៀង​ សារី និង​ក្រោយ​មក​បាន​ក្លាយជា​ប្រធាន​មន្ទីរ​ប១ ​គឺ​ជា​មន្ទីរ​ពិធីការ​និង​រដ្ឋបាល​របស់​ក្រសួង​ការបរទេស​ខ្មែរក្រហម​បាន​ពិពណ៌នា​ថា ​លោក​គាត ​ឈន់ ​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គឺ​ជា​អ្នក​សរសេរ​សុន្ទរកថា​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​ក្រសួង​ការបរទេស​ រីឯ​លោក​ហោ ​ណាំហុង ​ត្រូវ​បាន​កាត់ចូល​ក្រោម​ចំណុះ​ក្រសួង​ការបរទេស​នៅ​ចុង​ឆ្នាំ ១៩៧៨។

លោក​រចឹម ​ទន់ ​បាន​ផ្តល់​សក្ខីកម្ម​យ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃ​ចន្ទ។

«កាល​ពី​ចុង​ឆ្នាំ​៧៨ ​បាត់​បង់​ទៅ ​និង​បាត់​ឈ្មោះ ​អាវ៉ន​ នៅ​គ្រប់គ្រង​នៅ​បឹង​ត្របែក​ហ្នឹង​បាន​ក្រោយ​មក​មន្ទីរ​៨៧០​ ប្រគល់​ខាង​ប​១ ទៅ​គ្រប់គ្រង។ គ្រប់គ្រង​ពេល​នោះ​គឺ​ថា ​មាន​បង​បញ្ញាជន​ (គឺ)​បង សេង​ អុន​ និង​បង​ហោ ​ណាំហុង​ នៅ​ទីនោះ​ដែរ»។

លោក ​អ៊ែនឌ្រូ អ៊ាន្នូហ្ស៊ី (Andrew ​Iannuzzi) សហ​មេធាវី​អន្តរជាតិ​របស់​នួន​ ជា ​បាន​សួរដេញដោល​សក្សី​រូប​នេះ​ពី​មូលហេតុ​ដែល​ថា ​លោក​ហោ ​ណាំហុង ​និង​លោក​គាត ​ឈន់​ មិន​ចូល​ផ្តល់​សក្ខីកម្ម​តាម​ការ​កោះ​អញ្ជើញ​របស់​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​ ម៉ាស៊ែល ឡេម៉ុនដ (Marcel Lemonde)។ ប៉ុន្តែ​លោក​ចៅក្រម​ និល​ ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សាលាក្ដី​ខ្មែរក្រហម​ចាត់ទុក​ថា ​សំណួរ​នេះ​មិន​ស្ថិត​ក្នុង​សមត្ថភាព​របស់​សក្សី​ដែល​ត្រូវ​ឆ្លើយ​នោះ​ទេ។

លោក​ហោ ​ណាំហុង ​នៅ​ក្នុង​សេចក្ដី​អត្ថាធិប្បាយ​របស់​ខ្លួន​បាន​លើក​ឡើង​ថា

«របប​ខ្មែរក្រហម​គឺ​ជា​សោកនាដកម្ម​ដ៏​ធំ​ដែល​នៅ​តែ​តាមលង​បន្លាច​ប្រជាជន​កម្ពុជា​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ» ហើយ​«ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ឈឺចាប់» ពី​ឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរក្រហម​នៅ​ឡើយ។

លោក ​សង្ឃឹម​ថា​ថ្ងៃណាមួយ​នឹង​មាន​យុត្តិធម៌​ហើយ​កេរដំណែល​ពី​របប​ខ្មែរក្រហមនឹង​មាន​កន្លែង​សមរម្យ​ក្នុង​ធុង​សំរាម​នៃ​ប្រវតិ្តសាស្ដ្រ ​«ដោយ​មិន​មាន​ការការពារ​ឬ​ភាព​ចម្រូងចម្រាស់» ​ឡើយ។ លោក​គាត ​ឈុន មិន​មាន​ប្រតិកម្ម​ទេ​មក​ទល់​នឹង​ពេល​នេះ៕
XS
SM
MD
LG